សភា​អឺរ៉ុប​ស្នើ​ដាក់​ទណ្ឌកម្ម​​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដោយ​ចោទ​ថា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ (លីកាដូ)

សភាសហភាពអឺរ៉ុប (EU) បានជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបពិនិត្យមើលលទ្ធភាពដាក់ទណ្ឌកម្មលើមេដឹកនាំនិងថ្នាក់ដឹកនាំកងកម្លាំងសន្តិសុខកម្ពុជា ដែលក្រុមសមាជិកសភាសហភាពអឺរ៉ុបថា អ្នកទាំងនោះ​បានចូលរួមក្នុងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

នាថ្ងៃទី១១ ខែមីនាម្សិលមិញ សភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយដោយសំឡេង៦១០លើ៦៩០សំឡេង ពាក់ព័ន្ធនឹងការកាត់ទោសដែលមានទ្រង់ទ្រាយធំលើ​អតីតមន្រ្តីសកម្មជនសង្គ្រោះជាតិ និង​មន្រ្តីសង្គមស៊ីវិល។

ក្នុងសេចក្តីសម្រេចដែលមានកម្រាស់៦ទំព័រនោះ សភាអឺរ៉ុបបាន​ដាក់ចេញនូវសំណើនិងសេចក្តីសម្រេចចំនួន២៥ចំណុច សម្រាប់រដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សា និង​គណៈកម្មការអឺរ៉ុប។​

ចំណុចទី២២ នៃសេចក្តីសម្រេចនោះ សភាសហភាពអឺរ៉ុបលើកឡើងថា​ ការដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំកម្ពុជាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការដាក់បម្រាមហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិឬ​ផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ គួរតែត្រូវបានធ្វើឡើងឱ្យលឿនជាងនេះ។ ទោះយ៉ាងណាក៏ដោយ សភាដែលមានសមាជិកមកពី២៥ប្រទេសនេះ នៅតែជំរុញឱ្យក្រុមប្រឹក្សា​អឺរ៉ុបដាក់ចេញនូវទណ្ឌកម្ម​តឹងរ៉ឹងប្រឆាំងមេដឹកនយោបាយនិងសន្តិសុខ ដែល​ទទួលខុសត្រូវក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយ និងការបង្រ្កាបជាបន្តបន្ទាប់ ដោយថា ការដាក់ទណ្ឌកម្ម​ទាំងនោះអាចធ្វើឡើងទៅបានតាមរយៈ​ច្បាប់​ទណ្ឌកម្មជាសកលរបស់អឺរ៉ុបចំពោះបុគ្គលដែលរំលោភសិទ្ធិមនុស្ស (EU global human right Sanctions regime)។

សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវជាថ្មីឱ្យអាជ្ញាធរ​កម្ពុជាដោះលែងដោយគ្មានការពន្យារពេល និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើសកម្មជននយោបាយចំនួន១៣០នាក់ ដែលត្រូវបានចាប់ឃុំខ្លួននិងចោទប្រកាន់ដោយគ្រាន់តែការប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលមាន។

សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការគំរាម​កំហែង និងការចោទប្រកាន់ដោយមូលហេតុនយោបាយទៅ​លើសមាជិកអតីត​គណបក្សប្រឆាំង  សមាជិកសហជីព អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនសង្គម​ស៊ីវិល ព្រមទាំងអំពាវនាវឱ្យ​កងសន្តិសុខចៀសវាងការប្រើប្រាស់អំពើហិង្សាទៅលើពលរដ្ឋដែលធ្វើបាតុកម្ម​ដោយសន្តិវិធី។

ម្យ៉ាងវិញទៀត សេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបនេះ ក៏ស្នើ​ឱ្យ​អាជ្ញាធរកម្ពុជាលុបចោលជាបន្ទាន់និងដោយឥតលក្ខខណ្ឌ នូវសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក អ៊ូ ចាន់ឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សូមួរ៉ា និងលោក នុត រំដួល ដែលតុលាការទើបកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី២០ទៅ២៥ឆ្នាំ កាលពីថ្ងៃទី១ ខែមីនានេះ។

ក្រៅពីនោះ សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា លុបចោលច្បាប់ទាំងអស់ដែលប៉ះពាល់ដល់សិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពី​សហជីព ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសេចក្តីព្រាងច្បាប់និងអនុក្រឹត្យថ្មីចុងក្រោយនេះស្ដីពី«ច្រកទ្វារអ៊ីនធឺណិតជាតិ» ជាដើម។

ញត្តិរបស់សភាសហភាពអឺរ៉ុបនេះ ក៏បានបង្គាប់បញ្ជាទៅអំណាចប្រតិបត្តិរបស់ខ្លួន តួយ៉ាងដូចជា គណៈកម្មការអឺរ៉ុប ឱ្យបន្តតាមដានដោយយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងអនុ​គ្រោះ​ពាណិជ្ជកម្ម (EBA) ក្រោយពីសេចក្តីសម្រេចមួយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ និងបានអំពាវនាវឱ្យប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ព្យួររាល់ជំនួយជាហិរញ្ញវត្ថុទាំងអស់មកឱ្យរដ្ឋាភិបាលកម្ពុជា ហើយបង្វែរជំនួយទាំងអស់នោះទៅឱ្យអង្គការសង្គមស៊ីវិល និងអតីត​គណបក្សប្រឆាំងជំនួសវិញ។

បន្ថែមលើនេះ សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យរដ្ឋជាសមាជិកអឺរ៉ុបទាំងអស់លុបចោល​ការចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលធ្វើនៅរាជធានីភ្នំពេញ ដែលត្រូវបានលើកពេលទៅធ្វើនៅចុងឆ្នាំ២០២១នោះ ប្រសិនបើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ត្រូវបានស្តារឡើងវិញទេនោះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនទាន់អត្ថាធិប្បាយលើញត្តិនេះនៅឡើយទេ ព្រោះវាលឿនពេកសម្រាប់លោក។

ប៉ុន្តែយ៉ាងណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ បានអះអាងថា ការអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលូកដៃចូលក្នុងកិច្ចការតុលាការ គឺរដ្ឋាភិបាលមិនអាចធ្វើបានទេ។

លោកមានប្រសាសន៍ដូច្នេះថា៖ «ចំពោះការអំពាវនាវហ្នឹង វាគ្រាន់តែជាការអំពាវនាវ ប៉ុន្តែអ្វីដែលកម្ពុជាធ្វើ ដែលជានីតិរដ្ឋមួយ គឺយើងត្រូវគោរពតុលាការ ព្រោះតុលាការជាស្ថាប័នឯករាជ្យ។ ការចោទប្រកាន់ គឺតុលាការជាអ្នករំលាយគណបក្សហ្នឹងតើ! អាហ្នឹងជាអំណាចផ្តាច់មុខរបស់តុលាការ រដ្ឋាភិបាលធ្វើអ្វីអត់កើតទេ អាហ្នឹង»

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ​ដោយសារតែ​មានការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​និងមាន​លក្ខណៈ​ជាប្រព័ន្ធទាក់ទង​នឹង​បញ្ហាសិទ្ធិមនុស្ស​ដែលបាន​កើតឡើង​នៅកម្ពុជា ចាប់តាំងពីក្រោយការរំលាយ​គណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧មក។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បានមើលឃើញថា ការអនុម័តញត្តិនេះគឺជាដំណើរនៃការឆ្ពោះទៅរកការដាក់ទណ្ឌកម្មជាថ្មីមកលើរដ្ឋាភិបាលកម្ពុជាដែលអាចកើតមានឡើងនៅក្នុងឆ្នាំនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនមានការបង្ហាញថា ខ្លួនបានធ្វើការកែលម្អស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាទេនោះ។

បើតាមសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ ទណ្ឌកម្មលើកនេះអាចជាទណ្ឌកម្ម​លើ​បុគ្គលនីមួយៗដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំគិតថា យន្តការនៃការដាក់ទណ្ឌកម្មហ្នឹងវាអាចកើតមាន។ ខ្ញុំគិតថា ទណ្ឌកម្មអាចជាឥស្សរជននយោបាយ បុគ្គលនយោបាយហ្នឹងច្រើនជាងទណ្ឌកម្មបែបលក្ខណៈប្រទេស ដូចដែលសហភាពអឺរ៉ុបបានអនុវត្តកន្លងមក ២០ភាគរយហ្នឹង។ ខ្ញុំគិតថាប្រហែលជានៅដដែលទេ ប៉ុន្តែយន្តការនៃការដកថែមទៀតហ្នឹង វាមិនទាន់កើតឡើងភ្លាមៗ​ទេ វាត្រូវការឆ្លងកាត់ ឬការកើតមានការដាក់ទណ្ឌកម្មលើឥស្សរជនឬអ្នកនយោបាយលក្ខណៈបុគ្គលច្រើនជាង»

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនអាចទាក់ទងសុំការឆ្លើយតបបន្ថែមបានទេនៅរសៀលថ្ងៃសុក្រនេះ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបលម្អៀងទៅរកអតីត​គណបក្សប្រឆាំង។

លោកមានប្រសាសន៍ថា៖ «យើងអត់មានបារម្ភទេ ក៏ប៉ុន្តែយើងក៏មិនចង់ឱ្យកើតរឿងហ្នឹងឡើងទេ ពីព្រោះថា ការដាក់កន្លងទៅ គឺគាត់ចេះតែចោទថា លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ មានការរំលោភសិទ្ធិមនុស្ស ក៏ប៉ុន្តែលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ រំលោភសិទ្ធិមនុស្សនោះយ៉ាងណា គឺដោយសារអតីតគណបក្សប្រឆាំងគ្នាគាត់ហ្នឹងដែលត្រូវរំលាយចោលដោយច្បាប់របស់កម្ពុជាហ្នឹង។ គាត់ទៅកាន់ជើង ហើយបើកាន់ជើងអញ្ចឹង អាហ្នឹងកម្ពុជាអនុវត្តច្បាប់កម្ពុជា មិនមែនយកច្បាប់អឺរ៉ុបមកអនុវត្តទេ។ ហើយគាត់ហ្នឹងក៏ជាប្រទេសនៅក្រៅ នៅអឺរ៉ុបឯណោះ ចង់មកធ្វើអាណានិគមអីមកលើកម្ពុជា? អាហ្នឹងវាអត់មានទេ! ហើយសម័យនេះហើយ អត់មានធ្វើអញ្ចឹងកើតទេ»

សភាសហភាពអឺរ៉ុប នឹងបញ្ជូនសេចក្តីសម្រេចនេះទៅគ្រប់រចនាសម្ព័ន្ធដឹកនាំរបស់សហភាពអឺរ៉ុប រួមទាំងភាគី​ពាក់ព័ន្ធដែលក្នុងនោះក៏មានបញ្ជូនមកកាន់រដ្ឋសភាកម្ពុជាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ សភាសហភាពអឺរ៉ុបនេះនៅតែមិនភ្លេចក្នុងការអំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាដំណើរការផ្សះផ្សាជាតិឡើងវិញ តាមរយៈការជជែកគ្នាជាមួយនឹងអតីតគណបក្សប្រឆាំង និងសង្គមស៊ីវិល ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ