យុវជន​មួយ​ចំនួន​បារម្ភ​ថាអនុក្រឹត​​ច្រក​ទ្វារ​​អ៊ី​ន​ធឺ​ណិត​​ជាតិ​ ​អាច​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​សេរីភាព​​បញ្ចេញ​មតិ​ខ្លួន​

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

យុវជនមួយចំនួន​បាន​បង្ហាញក្តីបារម្ភក្រោយ​ពីរដ្ឋាភិបាល​បង្កើតអនុក្រឹត្យ​ ស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» កាលពីពេល​​​​ថ្មីៗនេះ ដែលពួកគេយល់ថា អាចធ្វើឱ្យ​ប៉ះពាល់​ដល់សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​យុវ​ជន​​​ដែល​និយម​បញ្ចេញមតិនៅលើបណ្តាញសង្គម។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​អនុក្រឹត្យ​​ស្ដីពី​«ការ​​បង្កើត​ច្រក​ទ្វារ​អ៊ីន​ធឺ​ណិត​​​ជាតិ​» ដើម្បី​បង្កើន​ប្រសិទ្ធភាពនៃការប្រមូល​ចំណូលជាតិ ​ទប់ស្កាត់ការលួចតភ្ជាប់​បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត និងបទល្មើសផ្សេងៗតាមប្រព័ន្ធអនឡាញ ជាដើម។

អនុក្រឹត្យ​នេះក៏បាន​​តម្រូវ​ឱ្យមាន​ការ​ផ្តល់​របាយ​ការណ៍​ពី​អ្នក​ផ្គត់ផ្គង់​អ៊ីនធឺណិត​ដល់​រដ្ឋាភិបាល និង​ផ្តល់​ការ​សហការ​ក្នុង​ការ​ចូលរួម​បង្រ្កាប​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិនិង​សណ្តាប់ធ្នាប់សង្គម ជាដើម។ តែយ៉ាងណា អនុក្រឹត្យនេះក៏បានបង្កជាក្តីបារម្ភថ្មីមួយទៀតសម្រាប់អង្គការសង្គមស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​យុវជនដែលនិយ​ម​បញ្ចេញមតិ​នៅលើបណ្តាញសង្គម​ផង​ដែរ។​

និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា យ៉ឹង ស្រីនីម បានប្រាប់ វីអូឌី ថា អនុក្រឹត្យ​​ថ្មី​នេះ ​អាច​នឹង​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​​របស់​ពលរដ្ឋ​​លើ​អ៊ីន​ធឺ​ណិត ដោយ​សារតែ​អ្វី​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​នេះមាន​ភាព​ទូលាយ​ពេក ​ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ការ​ល្មើស​គ្រប់ពេល ​ប្រសិន​ជា​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​។

កញ្ញាថា៖ «ព្រោះវា​ទូលាយ​ពេក ដោយសារ​តែវាទៅលើសណ្តាប់ធ្នាប់​សាធារណៈ​ ហើយ​និង​ប៉ះពាល់​ទៅ​ដល់​សន្តិសុខជាតិអីជាដើម។ អញ្ចឹងបានថា​ បញ្ហាទាំងអស់​ហ្នឹង​ បើសិន​ជា​យើង​ធ្វើការបញ្ចេញ​មតិ​អី​មួយ ​វា​អាចថា អាជ្ញាធរគាត់ធ្វើការបកស្រាយនូវជ្រុងណាមួយក៏បានដែរ»។

ជានិស្សិតផ្នែកច្បាប់ នៃ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច លោក ឡុង សំណាង បាន​ប្រាប់ វីអូឌី ថា​ ប្រសិនជា​អនុក្រឹត្យ​នេះ​ធ្វើឡើងក្នុងគោលបំណង​​ដើម្បីសន្តិសុខ​ជាតិពិត​មែន វា​​ជារឿង​ល្អ​មួយ។​ ប៉ុន្តែសម្រាប់លោក យល់​ថា អនុក្រឹត្យ​​នេះ​ហាក់​បី​មាន​ចេតនា​ក្នុង​ការរឹតត្បិត​ការ​បញ្ចេញ​មតិ​របស់​​ពលរដ្ឋ​ច្រើន​ជាង​។

លោកបន្តថា៖ «សម្រាប់ខ្ញុំ វានឹងប៉ះពាល់ហើយ ដោយសារអីនេះគឺជាច្បាប់មួយដែលគេយកទៅគ្រប់គ្រង​ទាំង​អស់ អញ្ចឹងរាល់បញ្ហាទាំងបញ្ចេញមតិផ្សេងៗអីហ្នឹង វានឹមានការរឹតត្បិតហើយ»។

និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា លោក ឡាយ ថុល ​យល់ឃើញថា កន្លងមក រដ្ឋាភិបាល​បង្កើតច្បាប់​អ្វីមួយគឺដើម្បីទប់ស្កាត់​ផលប៉ះពាល់ដល់​ផលប្រយោជន៍​របស់រដ្ឋាភិបាល ហើយ​ច្បាប់ទាំងនេះ ភាគច្រើន​ហាក់​មិនបាន​​បង្ហាញ​ពីឆន្ទៈ​របស់​យុវជនឬ​ប្រជាពលរដ្ឋទូទៅ​នោះទេ។

លោកបន្ថែមថា៖ «ដោយសារគាត់អត់រាប់បញ្ចូលបុគ្គលទូទៅ ដូចជា តំណាងសហគមន៍ តំណាងយុវជន និយាយទៅ! ភាគីពាក់ព័ន្ធផ្សេងៗគឺភាគតិចណាស់ដែលពាក់ព័ន្ធនឹងការពិគ្រោះយោបល់។ ដូច្នេះ ​ទោះ​ច្បាប់​ហ្នឹង​យ៉ាងណាយ៉ាងណី វាអត់ស្តែងពីឆន្ទៈប្រជាពលរដ្ឋ អញ្ចឹងកាលណាអត់ស្តែងពីឆន្ទៈ​ប្រជា​ពលរដ្ឋ ​​វាអត់​មានតម្លៃអីទេ»។

លោកបន្តថា កាលណាច្បាប់មិនមែនកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ច្បាប់នោះ​នឹង​មិនអាចបម្រើ​​ផល​​​ប្រយោជន៍ និងមិនអាច​អនុវត្តបាន​សម្រាប់ពលរដ្ឋទូទៅ​នោះ​ទេ គឺបម្រើតែផលប្រយោជន៍មនុស្ស​មួយក្រុមតែប៉ុណ្ណោះ។​

លោកយល់ថា អនុក្រឹត្យ​ស្តីពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» នេះ នឹង​ធ្វើ​ឱ្យ​មានការ​​​​រឹតត្បិតសិទ្ធិសេរីភាពរបស់​ប្រជាពលរដ្ឋ​​​ក្នុងការ​បញ្ចេញមតិ​នៅលើ​បណ្តាញសង្គម។

លោកថា៖ «អញ្ចឹងរដ្ឋាភិបាលចង់ធ្វើម៉េចក្តោបក្តាប់ គំរាមកំហែងសិទ្ធិសេរីភាព ការបញ្ចេញមតិ»។

តែយ៉ាងណា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បាន​បញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃទី១៩ ខែកុម្ភៈ​ថា​ ការរៀបចំអនុក្រឹត្យ​នេះធ្វើឡើង​ដោយ​បើកចំហនិងមានការពិគ្រោះយោបល់​ជាមួយ​អ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និង​ស្ថាប័ន​ពាក់​ព័ន្ធជាច្រើនទៀត។

ក្រសួងបន្តថា អនុក្រឹត្យ​ថ្មី​នេះមិន​បាន​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ចាប់​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់ និង​ការរឹត​ត្បិត​​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​នោះ​ទេ។ លើ​ស​ពី​នេះ ​ក្រសួង​កំពុង​រៀប​ចំ​ច្បាប់​ស្ដី​ពី​ការ​ការពារ​ទិន្នន័យ​ឯកជនថែម​ទៀត​ផង។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​​បញ្ជាក់ថា៖ «ការ​ចោទ​ប្រកាន់​អំពី​ការ​បង្កើត​ច្រក​ទ្វារ​​អ៊ីន​ធឺ​ណិត​ជាតិ​​នេះ គឺ​គ្មាន​មូល​ដ្ឋាន​ [តែ]មាន​ចរិត​នយោបាយ ផ្ទុយ​នឹង​ការ​ពិត​ ហើយ​ខុស​ពី​គោល​បំណង​ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ»។

សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ លោក ស៊ុន គីម បានគាំទ្រចំពោះការបង្កើតច្បាប់​សម្រាប់​​គ្រប់​គ្រង​​​​ច្រ​ក​​ចេញ​ចូល​នៃ​អ៊ិន​ធឺណិត​​នេះ ប៉ុន្តែលោក​ថា​ រដ្ឋាភិបាល​គួរតែ​មាន​ការសិក្សា​ជាមួយ​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់​ មុន​នឹង​ចេញអនុក្រឹត្យ​កំណត់​បែប​នេះ។

លោកបន្តថា៖ «អាចមាន! តែត្រូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ហើយច្បាប់នេះ​ជាច្បាប់ដែល​​ឆ្លងកាត់ការពិនិត្យ ការពិចារណា ការពិភាក្សាគ្រប់យ៉ាង ដើម្បីឱ្យវាមានភាពសុក្រឹតមួយ […] ករណី​​នៅ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក សព្វថ្ងៃ រដ្ឋាភិបាលក៏នៅតែ​ស្តាប់ការនិយាយទូរសព្ទនៃ​ប្រជាជន​របស់​គាត់​។ ហើយបន្ថែមពីនេះទៅទៀត គាត់ត្រូវតែគ្រប់​គ្រងទៅប្រព័ន្ធដែល Amazon ឬក៏ Apple គ្រប់ប្រព័ន្ធ​​ទាំង​អស់​​របស់​ Telecom របស់សហរដ្ឋអាមេរិក ត្រូវតែ​ផ្តល់ទៅឱ្យរដ្ឋាភិបាល ​ក្នុងករណី​ដែលមាន​រឿង​ករណី​អ្វីមួយកើត​ឡើង រដ្ឋាភិបាលអាចធ្វើការស្នើសុំបាន»។

លោក ស៊ុន គីម ក៏បានជំរុញ​​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ភាព​ស្មោះ​ត្រង់​និង​តម្លាភាព​ចំពោះ​ពល​រដ្ឋ ​​ក្នុង​ការ​អនុ​​វត្ត​អនុក្រឹត្យ​នេះ​ ដោយ​ថា ​ដើម្បី​ជាប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

លោកថា៖ «ប៉ុន្តែអ្វីដែលជាបញ្ហា រដ្ឋាភិបាលគាត់ត្រូវតែច្បាស់លាស់ជាមួយប្រជាជន ត្រូវតែមានតម្លាភាព​ជាមួយ​ប្រជាជន […] រដ្ឋាភិបាលត្រូវតែមានគំនិតច្បាប់មួយ គឺមិនឱ្យធ្លាយ​ចេញនូវព័ត៌មានឯកជន ហើយគាត់​អត់អាចយកអានេះទៅជាបញ្ហា ដើម្បីគំរាមកំហែងឬក៏ទៅធ្វើបាបនរណាម្នាក់ដែរ»។

ក្រោយ​ការប្រកាសឱ្យអនុវត្តអនុក្រឹត្យ​ស្តីពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» បានមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការ​សង្គម​ស៊ីវិល​ជាតិនិង​អន្តរជាតិ​ រួមជាមួយសហគមន៍ប្រជាពលរដ្ឋចំនួន៤៦​​ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយ​​អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោល​អនុក្រឹត្យ​ថ្មីនេះ ដោយអះអាងថា បាន​បំពានសិទ្ធិអ្នកប្រើអ៊ីនធឺណិត។​

អង្គការនិងសហគមន៍ទាំងនោះបានចាត់ទុកថា អនុក្រឹត្យនេះបានបំពានកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដោយ​បំពាន​មកលើ​សិទ្ធិ​តាម​បណ្តាញ​អ៊ី​ន​ធឺណិ​តនិង​ក្រៅ​ប្រព័ន្ធ​អ៊ី​ន​ធឺណិ​ត​នៅ​កម្ពុជា ជាពិសេស​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ទទួលបាន​ព័ត៌មាន​ និង​សិទ្ធិ​ឯកជន​ភាព​ ជាដើម។

យោង​តាម​ទិន្នន័យ​ពី​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​​គិត​ត្រឹម​​ឆ្នាំ​​២០២០​ ពលរដ្ឋ​កម្ពុជាមាន​គណនី​ប្រើប្រាស់​​អ៊ិនធឺ​ណិត​ចំនួន ២០ ៣៤០​ ៤៨០ គណនី (២០លាន​ ៣សែន ​៤ម៉ឺន ៤៨០​គណនី) ដែល​បាន​កើន​ឡើង​ជាង ​៤ ០០០ ០០០ ​គណនី​ លើ​ស​ឆ្នាំ​២០១៩ ខណៈ​ចំនួន​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ិន​ធឺ​ណិត​មាន​ចំនួន​៥៣​​ក្រុម​ហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ