លោក​ សម​ រង្ស៊ី​ ថា​ទោស​ជិត​៥០​ឆ្នាំ​អាច​ជា​កំហុស​មក​ពី​លោក​ជួយ​ការពារ​ជន​រង​គ្រោះ​ប្រឆាំង​​ភាព​អយុត្តិ​ធម៌

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មេដឹកនាំអតីត​គណបក្សប្រឆាំង លោក សម រង្ស៊ី បាននិយាយថា ទោសសរុប៤៧ឆ្នាំដែល​តុ​លាការកម្ពុជាបាន​ចោទប្រកាន់និងផ្តន្ទាទោស​​ទៅលើ​រូប​លោក អា​ច​ជាកំហុសមកពីលោកជួយការពារជនរងគ្រោះរាប់លាននាក់ដែលគ្មានសំឡេងប្រឆាំង​នឹងភាពអយុត្តិធម៌។

ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃអង្គារម្សិលមិញ។ លោកនិយាយថា ២០ឆ្នាំមកនេះ លោកត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៤៧ឆ្នាំ នេះបើតាមការបូកសរុប​សាល​ក្រ​ម​ទាំងអ​ស់ ដែលលោកបានទទួល។

លោក សម រង្ស៊ី និយាយទៀតថា ក្នុងឋានៈជាមេដឹកនាំអតីត​គណបក្សប្រឆាំងនៅកម្ពុជា លោកត្រូវគេទទួលស្គាល់គ្រប់គ្នាថា មិនដែលបៀត​បៀ​នបុគ្គលណាម្នាក់ មិនដែលលួចនរណា សូម្បីតែមួយរៀល រួមទាំងទ្រព្យសម្បត្តិជាតិ។

លោកថា៖ «ទោសកំហុសរបស់ខ្ញុំ គឺគ្រាន់តែបានផ្តល់សំឡេងរបស់ខ្ញុំ ដើម្បីជួយការពារជនរងគ្រោះរាប់លាននាក់ដែលគ្មានសំ​ឡេង ក្នុងការប្រឆាំង​ភាពអយុត្តិធម៌ ដែលមានគ្រប់ទីកន្លែង ក្រោមរបបមួយដ៏ពុករលួយ ផ្តាច់ការ ឃោរឃៅ និងអមនុស្សធម៌»។

ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ បានធ្វើឡើងបន្ទាប់ពីសហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា (IPU) ដែលមានសមាជិក ១៧៤ប្រទេស រិះគន់សាលក្រម ​ចុះថ្ងៃទី១ ខែមី​នា របស់សាលាដំបូងរាជធានីភ្នំពេញ ដែល​សម្រេចផ្តន្ទាទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំ៨រូបទៀត ឱ្យជាប់ពន្ធនាគារម្នាក់ចម្លោះពី២០ទៅ២៥ឆ្នាំ រួមទាំងដកសិទ្ធិធ្វើនយោបាយ ក្រោមការ​ចោទ​​ពីបទ​​ «ឧបឃាត»​​ ឬ «ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាលកម្ពុជា» តាមរយៈផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សហគមន៍អន្តរជាតិតាមរយៈសេចក្តីថ្លែងការណ៍ បានចាត់​ទុក​​ការផ្តន្ទាទោសនោះថា ​ជាការកាត់ទោស​ដ៏គួរឱ្យរន្ធត់ចិត្ត និងធ្វើឡើងដោយមិនមានភស្តុតាង​គួរឱ្យជឿទុកចិត្ត ដែលទាមទារឱ្យរដ្ឋាភិបាល​កម្ពុជាចាប់ផ្តើមដំណើរការផ្សះផ្សា​ជាតិឡើង​វិញ តាមរយៈការ​សន្ទនាស្មោះត្រង់​ដោយ​មានការចូលរួមពីគ្រប់ភាគី។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យ​រដ្ឋា​ភិបា​ល លោ​ក ​ផៃ ស៊ីផាន បាន​ច្រាន​ចោល​កា​រលើ​កឡើងរបស់លោក សម រង្ស៊ី​ ដោយ​ថា សា​​​រនេះ​​គ្មានតម្លៃសម្រាប់រដ្ឋាភិបាលក្នុងការឆ្លើយតបទេ​។

លោកថា៖ «គាត់ [លោក សម រង្ស៊ី] ប្រឆាំង មិនមែនក្នុងន័យនយោបាយទេ។ គាត់ជាឧទ្ទាមអ្នកផ្តួលរំលំ​ធ្វើរដ្ឋប្រហារ មិនគោ​រ​​ពប្រជាធិបតេយ្យ​ គាត់គ្មានតម្លៃសម្រាប់ខ្ញុំឆ្លើយឆ្លង»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោ​ក ជិ​ន ម៉ាលីន ក៏បានច្រានចោលដូចគ្នា និងបាន​ចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា​ជាការព្យាយាមបិទបាំង​កំហុស ដើម្បីគេចចេញពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។

លោកថា៖ «ទម្លាប់របស់គាត់ [សម រង្ស៊ី ] គេដឹងគ្រប់គ្នាអស់ទៅហើយថា [គាត់] ជាអ្នកនយោបាយមួយដែលមិនញញើត​ទៅនឹងការបំ​ពា​ន​ច្បាប់នៅកម្ពុជាទេ សូម្បីតែព្រះមហាក្សត្រក៏ខ្លួនហ៊ានប្រមាថដោយចំហ​ផងដែរនោះ»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មានប្រសាសន៍ថា សារនយោបាយ​របស់​គណបក្សទាំងពីរ បង្ហាញពីការប្រ​កួ​តអំណាចនៅកម្ពុជា បន្តដើរលើទម្រង់យកគ្នាជាសត្រូវ ដែល​ទ​ម្រង់នេះនឹងជំរុញឱ្យជម្លោះ​នយោបាយកាន់តែអូសបន្លាយទៅមុខទៀត។

លោកថា៖ «បើសិនជារដ្ឋាភិបាលនិងបក្សកាន់អំណាចមើលឃើញថា មានតែការប្រើប្រាស់ការកៀបសង្កត់ ដើម្បីទប់ស្កាត់កុំឱ្យមានចលនានិងចលនាកើតឡើងរបស់អ្នកគាំទ្ររបស់អតីតគណបក្សសង្គ្រោះជាតិនេះ វានឹងឃើញមានការចាប់ចងក្នុងទម្រង់នៃអំពើហិង្សាខ្លះកើតឡើងនៅពេលប៉ុន្មានខែខាងមុខនេះ»។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបានរំលាយចេញពីឆាកនយោបាយក្រោមសាលដីកាតុលាការកំពូល កាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដែលមុនការរំលាយ អតីតគណបក្សប្រឆាំងនេះ ទទួល​បាន​សំឡេងឆ្នោត​ជាង៣លានសំឡេង ស្មើនឹង​ជាង៤៣ភាគរយ មាន​អាសនៈ​ឃុំ​-សង្កាត់​ចំនួន៥ ០០៧ និង​តំណែង​ប្រធាន​ក្រុមប្រឹក្សាចំនួន៤៨៩​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ