រដ្ឋ​សភា​​កម្ពុជា​​ចាត់​ទុក​​ការ​ជំរុញ​​ឱ្យ​​ដាក់​ទណ្ឌ​កម្ម​​បន្ថែម​​លើ​​កម្ពុជា​​ថា​ ជា​​ការ​ចោទ​ប្រកាន់​​ផ្ទុយ​ពី​​​ការ​ពិត​

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​លោក ហេង សំ​រិន ប្រធាន​រដ្ឋសភា ដោយមាន​វត្តមាន​សមាជិក​-សមាជិកា​រដ្ឋសភា ចំនួន១១៦រូប។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)

​រដ្ឋសភា​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​សមាជិកសភា​អាមេរិក​ដែល​ជំរុញ​ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​មក​លើ​កម្ពុជា ដោយ​ចាត់ទុក​សេចក្ដីសម្រេច​របស់​ពួក​គេ​ថា ត្រូវ​បាន​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយនិង​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា។

សមាជិកសភានិង​ព្រឹទ្ធសភា​អាមេរិក៨រូប​ កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​នេះ បាន​សរសេរ​លិខិត​រួមគ្នា ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ​យ៍ ប៉ុ​មប៉េ​អូ (Mike Pompeo​) និង​រដ្ឋបាល​ជិត​ផុត​អាណត្តិ​របស់​ប្រធានាធិបតី លោក ដូ​ណាល់ ត្រាំ ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​កម្ពុជា ជា​ការ​ឆ្លើយតបទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ពួក​គេ​មើលឃើញ​ថា កំពុង​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ។​

ពួកគេ​និយាយ​ក្នុង​លិខិត​នោះ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ត្រូវតែ​ឆ្លើយតប​រួមគ្នា​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ដើម្បី​ផ្ញើ​សារ​ដ៏​ខ្លាំង​មួយ​ទៅ​លោក ហ៊ុន សែន ថា ការ​បង្ក្រាប​របស់​លោក​ទៅលើ​បក្ស​ប្រឆាំង និង​សេរីភាព​បញ្ចេញមតិ គឺ​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ»។

ប៉ុន្តែសភា​កម្ពុជា​ឆ្លើយតប​តាម​សេចក្តី​ថ្លែងការណ៍​ថ្ងៃម្សិលមិញ បាន​ចាត់ទុក​ការ​ស្នើ​នេះ​ថា ជា​ទង្វើ​ខុសឆ្គង មានខ្លឹមសារ​ចោទ​ប្រកាន់​ផ្ទុយពី​ការពិត លម្អៀង មាន​ស្តង់ដារ​ពីរ អយុត្តិធម៌​ចំពោះ​រដ្ឋាភិបាល​កម្ពុជាដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ស្ថាប័ន​អនុម័ត​ច្បាប់​មួយ​នេះនិយាយ​ទៀត​ថា ការ​កាន់អំណាច៣៥ឆ្នាំ​របស់​លោក ហ៊ុន សែន កើត​ចេញពី​ការ​ឈ្នះ​ឆ្នោត មាន​ពលរដ្ឋ​គាំទ្រ​ច្រើនលើស​លុប រួម​ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៨ផង​ដែរ។

ការបោះឆ្នោត​ឆ្នាំ២០១៨ មិន​មាន​វត្តមាន​គណ​បក្ស​សង្ក្រោះ​ជាតិ​ចូលរួម​ទេ ព្រោះ​បក្ស​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​មុន​ការបោះឆ្នោត​ចូល​មកដល់។ ចំណែក​មេដឹកនាំ​បក្ស​នេះ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន ចោទ​ថា ​បាន​ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល បន្ទាប់ពី​គណបក្ស​នេះ​ដណ្តើម​បាន​អាសនៈ​ឃុំ​-សង្កាត់ ចំនួន៥ ០០៧ ជិត​ទាន់​បក្ស​កាន់អំណាច​ អំឡុង​នៃ​ការបោះឆ្នោត​ឆ្នាំ២០១៧។

រដ្ឋសភា​បាន​គូសបញ្ជាក់​ថា៖ «ការ​រំលាយ​គណបក្ស​ប្រឆាំង និង​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​នេះ​មាន សម រង្ស៊ី និង កឹម សុខា ត្រូវ​បាន​អនុវត្ត​ចំពោះ​សកម្មភាព​ឃុបឃិត​គ្នា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា ដែល​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ត្រូវ​ផ្តន្ទា​ទោស​តាមច្បាប់​កម្ពុជា ហើយក៏​មិន​ខុសពី​ច្បាប់​ដទៃ​ជាច្រើន​របស់​ពិភពលោក​ឡើយ»។

សភា​និយាយ​ទៀត​ថា ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​ដែល​ថា «ចេញ​មួយ ​វាយ​មួយ» ជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​មេដឹកនាំ​ក្នុង​​ការ​ប្រឆាំង​នឹង​កា​របង្កអន្តរាយ​ដល់​សណ្តាប់​ធ្នាប់​សង្គម សន្តិភាព ស្ថិរភាព និង​សន្តិសុខ ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង មានប្រសាសន៍​បន្ថែម​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ​មិន​មែនមានន័យថា ជា​ការ​ព្រួយបារម្ភ​ទៅលើ​វិធាន​ការដាក់ទណ្ឌកម្ម​ណាមួយ​ពី​សហរដ្ឋអាមេរិក​នោះទេ តែ​លោក​ថា សភា​ចង់ឱ្យ​មេដឹកនាំ​អាមេរិក​មើលឃើញ​ការពិត​នៅ​កម្ពុជា​ដែល​ថា រដ្ឋាភិបាល​កំពុង​លើកកម្ពស់​យន្តការ​ប្រជាធិបតេយ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ។

លោក ឡេង ប៉េង​ឡុង ប្រាប់​ថា៖ «ទី១ យើង​ចង់ឱ្យ​គាត់​យល់​ពី​ការពិត ​ហើយ​ការពិត​ហ្នឹង​ទៀត​គឺ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ​អត់មាន​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ សេរីភាព​បញ្ចេញមតិ ​ឬក៏​ធ្វើអ្វី​ខុសពី​លទ្ធិប្រជាធិបតេយ្យ​ទេ។ ហើយ​អ្វី​ដែល​យើង​ធ្វើ [ចាប់​ឃុំខ្លួន និង​រំលាយ​គណបក្ស​ប្រឆាំង​] ហ្នឹង ​គឺ​ការពារ​នូវ​ផលប្រយោជន៍​ជាតិនិង​សន្តិ​សុខជាតិ​តែ​ប៉ុណ្ណឹង​ឯង»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា និយាយ​ថា ជា​ប្រទេស​ដែល​អាច​ធានា​យន្តការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​បាន ​ដូច​សហរដ្ឋអាមេរិក​ជាដើម វា​ទាល់តែ​ក្បាលម៉ាស៊ីន​សភាឬព្រឹទ្ធសភាមាន​សំឡេង​ប្រហាក់​ប្រហែលគ្នា មិនមែន​សភា​ឯក​បក្សឬបក្ស​តែមួយ​ដូច​បច្ចុប្បន្ន​នោះ​ទេ។

មួយវិញទៀត លោក​ថា ការប្រើ​ច្បាប់​ក្រោម​ឥទ្ធិពល​នយោបាយ​ទៅ​កម្ចាត់​ដៃគូ​ប្រកួត​ដែល​មាន​អ្នកគាំទ្រ​ជាង​ពាក់កណ្តាល​ប្រទេស​ឱ្យចេញពី​ឆាកនយោបាយ​ដូច​បច្ចុប្បន្ន លោក​ថា ជា​ការជំរុញ​ឱ្យ​បែកបាក់​ជាតិ មិនមែន​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ទេ។

លោក មាជ សុវណ្ណារ៉ា ប្រាប់​ថា៖ «រឿង​ដែល​ថា​ទប់ស្កាត់​ដើម្បី​កុំឱ្យ​ប្រទេស​វឹកវរ​ធ្វើ​ឱ្យ​មានការ​ផ្តួល​រំលំ​រដ្ឋាភិបាល​អីហ្នឹង ជា​លេស​របស់​អ្នកដឹកនាំ ​[…] ដើម្បី​រក្សា​អំណាច អាហ្នឹង​គេ​ហៅថា​ការដឹកនាំ​ប្រទេស​ទៅ​រក​សង្គម​ផ្តាច់​កា​រ ស​ង្គ​មបែប​ចង្អុល​ដោយ​អ្នកដឹកនាំ ធ្វើ​ឱ្យ​ប្រទេសជាតិ​មិនទៅ​មុខ​ទេ»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន កំពុង​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ ដែល​លោក​លើកយក​ឧទាហរណ៍​ការដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ២០ភាគរយ​ពី​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​មិន​ទទួលយក​ការ​ទាមទារ​ឱ្យ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើងវិញ​នេះ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះនិយាយ​ថា ខ្លួន​មានការ​បារម្ភ​ថា​ កម្ពុជា​អាច​នឹង​បាត់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម GSP របស់​សហរដ្ឋអាមេរិក​មួយទៀត ដែល​ជាទី​ផ្សារ​ធំ​ទីពីរ​បន្ទាប់ពី​សហភាព​អឺរ៉ុប បើស​ភា​មិន​ជំរុញ​ឱ្យ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស។ លោក​ថា បញ្ហា​នេះ ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ទៅលើ​ការ​ធ្វើ​កំណែទម្រង់ ​ដើម្បី​រក្សា​ប្រយោជន៍ជាតិ។

លោក អំ សំអាត ប្រាប់​ថា៖ «ខ្ញុំ​គិតថា យើង ​[រដ្ឋាភិបាល​] គួរតែ​ងាកមើល​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យនិង​ការគោរព​សិទ្ធិមនុស្ស​ហ្នឹង ត្រូវតែ​មើល​មកវិញ​ថា យើង​នៅ​ខ្វះខាត​អី​ដែល​ត្រូវ​កែ​លម្អ​ ដើម្បី​ឱ្យ​មានផល​ចំណេញ ជាជាង​ដែល​យើង​បដិសេធ​ទៅ ​ធ្វើ​ឱ្យ​យើង​ខាតបង់​ប្រយោជន៍​ទៅវិញ​នោះ»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់ VOD កាលពី​ថ្ងៃពុធ​ថា សហរដ្ឋអាមេរិក​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ ទាំង​សក្តា​នុ​ពល​សេដ្ឋកិច្ចនិង​ការទូត​លើ​ឆាក​អន្តរជាតិ។

លោក ឯម សុវណ្ណរ៉ា ប្រាប់​ថា៖ «ការ​នាំ​ទំនិញ បើ​យើង​មើល​ឆ្នាំ២០២០នេះ ការ​នាំទៅ​សហរដ្ឋអាមេរិក​កើនឡើង​រហូតដល់៦ពាន់​លាន​ដុល្លារ។ បើ​តាម​ការ​សម្ភាស​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ដាក់​សម្ពាធ​បង្កក​ទ្រព្យសម្បត្តិ​ឥស្សរជន​នយោបាយ​លើស​កល​លោក​ខ្លាំង​ជាង​សហភាព​អឺរ៉ុប»។

អ្នកជំនាញ​នយោបាយ​រូប​នេះនិយាយ​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ប្រឈម​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​នៃ​រដ្ឋបាល​លោក ចូ បៃ​ឌិន ដែល​ទើបនឹង​ឈ្នះ​ឆ្នោត បើ​ស្ថានភាព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ