លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ដើម្បីការពារប្រយោជន៍ពលរដ្ឋកម្ពុជា១៦លាននាក់ ត្រូវបន្តអនុវត្តបទបញ្ជា «ចេញ១ វាយ១» ទប់ស្កាត់បណ្តាញបញ្ជាពីក្រៅប្រទេសដែលលោកហៅថា «ក្រុមឧក្រិដ្ឋជន»។
លោក ហ៊ុន សែន ថ្លែងបែបនេះធ្វើឡើងក្នុងពិធីមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃពុធនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយក្នុងពិធីនោះថា បច្ចុប្បន្ន អ្នកនយោបាយមួយក្រុមនៅក្រៅប្រទេស បានផ្តល់លុយឱ្យបណ្តាញពួកគេធ្វើសកម្មភាពនៅក្រុងប្រទេស ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់លោក។ លោកថា ទង្វើនេះធ្វើឱ្យមនុស្សមួយចំនួនកំពុងជាប់ទោសនិងមួយចំនួនទៀតកំពុងរត់គេចខ្លួន។
លោក ហ៊ុន សែន រំឭកដែរថា បទបញ្ជាចេញ១វាយ១ ត្រូវបន្តធ្វើ ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការពារប្រជាពលរដ្ឋខ្មែរ១៦លាននាក់។
លោកថា៖ «ខ្ញុំបានបញ្ជាក់ហើយ ចេញ១វាយ១ ចេញ២វាយ២។ អ្នកឯងចង់ថាអីថាទៅ តែដើម្បីការពារប្រជាជនដ៏កម្សត់មួយនេះដែលមានប្រជាជន១៦លាននាក់ ខ្ញុំត្រូវមានភារកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សន្តិសុខសង្គម»។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និយាយថា គណបក្សប្រឆាំងមួយនេះ ទទួលបានសំឡេងឆ្នោតជិតពាក់កណ្តាលប្រទេស ប្រហាក់ប្រហែលនឹងបក្សកាន់អំណាចដែរអំឡុងឆ្នាំ២០១៧ មុនបក្សនេះត្រូវបានតុលាការកំពូលសម្រេចរំលាយចោល។
លោកនិយាយទៀតថា វិធានការទាំងឡាយណាមិនផ្តល់យុត្តិធម៌ឱ្យគណបក្សសង្គ្រោះជាតិ វាមិនមានន័យថា មេបក្សកាន់អំណាចកំពុងធ្វើអ្វីៗដើម្បីពលរដ្ឋខ្មែរ១៦លាននាក់នោះទេ។
លោក មាជ សុវណ្ណារ៉ា ប្រាប់ថា៖ «យើងរំលាយគេដោយអយុត្តិធម៌ យកអំណាចតុលាការជាចំណាប់ខ្មាំងដែលជាសម្ពាធនយោបាយរបស់បក្សកាន់អំណាចហ្នឹង យកមកធ្វើជាឡប់ឡែ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ចាប់មេបក្សគេដាក់គុកទៅទៀត ហើយយើងថាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ១៦លានយ៉ាងម៉េង? លោក ហ៊ុន សែន អះអាងបែបនេះ គឺលោក ហ៊ុន សែន ខ្លាចអស់អំណាចទេ»។
អង្គការលីកាដូដែលឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយក្នុងរបាយការណ៍ចុះថ្ងៃទី២២ ខែកញ្ញាថា អ្នកការពារសិទ្ធិមនុស្ស សកម្មជន និងសិល្បករចំនួន១៩នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីខែកក្កដា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងជួបជុំគ្នាដោយសន្តិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកទាំងនោះ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោស ដែលរងការចោទថាបាន «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្នុងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាដែលដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បាននិយាយថា ១ឆ្នាំចុងក្រោយនេះ ការបង្ក្រាបខាងនយោបាយកាន់តែខ្លាំងឡើងបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ស្ថាប័នតំណាង UN មួយនេះ និយាយទៀតថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន១៤០នាក់ដែរ ដែលជាប់ទាក់ទងជាមួយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។
របាយការណ៍នោះសរសេរថា សំណុំរឿងចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពីបទ «ក្បត់ជាតិ» ត្រូវបានគេជឿជាក់ថា «ជាហេតុផលនយោបាយ និងជាផ្នែកមួយនៃលំនាំដ៏ធំមួយនៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ ដែលតម្រង់ទៅលើគូប្រជែងនយោបាយនិងអ្នករិះគន់រដ្ឋាភិបាល»។
អ្នកវិភាគបញ្ហាសង្គមដែលមានមូលដ្ឋាននៅក្រៅប្រទេស គឺលោក គឹម សុខ និយាយថា សារគំរាមរបស់មេដឹកនាំបក្សកាន់អំណាចនេះ ជាការបារម្ភពីការងើបឡើងនៃរលកប្រជាធិបតេយ្យនិងសម្ពាធអន្តរជាតិ ក្នុងគោលដៅដើម្បីពង្រឹងអំណាច មិនមែនដើម្បីការពារប្រយោជន៍ជាតិដូចការអះអាងទេ ព្រោះស្ថានការណ៍នយោបាយមិនទាន់ស្តារឡើងវិញនៅឡើយ។
លោក គឹម សុខ ប្រាប់ថា៖ «ម្យ៉ាងទៀត ច្រកផ្លូវធំៗជាមួយចិនសម្រាប់ប្រមូលលុយចិញ្ចឹមអំណាច ក៏ដូចជាដល់ដំណើររកកល់គាំង ចំពេលដែលអាមេរិកកាំងនិងសហភាពអឺរ៉ុបបន្តដាក់ទណ្ឌកម្មចំប្រយោជន៍មេដឹកនាំធំៗរបស់លោក ហ៊ុន សែន។ កាលណាវិបត្តិអត់លុយមកដល់ហើយ ប្រផ្នូលអាក្រក់ៗក៏វាចាប់លេចឡើងដែរ ជាពិសេសវិបត្តិផ្ទៃក្នុង»។
ប៉ុន្តែលោកថា ល្បែងនយោបាយដែលមេបក្សកាន់អំណាចកំពុងលេងនេះ មិនមានផលចំណេញដល់ពលរដ្ឋ១៦លាននាក់ដូចការអះអាងទេ តែថា វានឹងជំរុញឱ្យកម្ពុជាជួបវិបត្តិសង្គម បើគ្មានអ្វីប្រែប្រួល៕