ក្រុម​​សមា​ជិក​សភា​​អាមេរិក​​ជំរុញ​​ទៅ​​រដ្ឋា​ភិបាល​​ឱ្យ​​ដាក់​ទណ្ឌ​កម្ម​​បន្ថែម​​លើ​​កម្ពុជា​​ជុំវិញ​​ការ​​បង្ក្រាប​​ថ្មី​​ៗ​នេះ​

សមត្ថកិច្ច​រារាំង​ស្ត្រី​ម្នាក់​ក្នុងចំណោម​ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​ក្រុម​សមាជិកសភា​អាមេរិក៨រូប ជំរុញ​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិកឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​កម្ពុជា ជា​ការ​ឆ្លើយតបទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ពួក​គេ​មើលឃើញថា កំពុង​ធ្លាក់ចុះ​យ៉ាង​គួរ​ឱ្យ​ព្រួយបារម្ភ។

ក្រុម​សមាជិកសភា​អាមេរិក​ទាំង៨រូប​នោះ បាន​ជំរុញ​បែបនេះ​នៅក្នុង​លិខិត​រួម​មួយដែល​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា។

សមាជិកសភា​អាមេរិក​ទាំង៨រូប​នោះ រួមមាន សមាជិកព្រឹទ្ធសភា៤រូប​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិកសភា​តំណាងរាស្ត្រ៤រូប​ ដែលមក​ពី​គណបក្ស​ប្រជាធិបតេយ្យ ៣រូប និង​មក​ពី​បក្ស​សាធារណរដ្ឋ ១រូប។

ក្នុង​លិខិត​នោះ ក្រុម​សមាជិកសភា​អាមេរិក​ទាំងនោះ​សរសេរ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ត្រូវតែ​ឆ្លើយតប​រួមគ្នា​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ដើម្បី​ផ្ញើ​សារ​ដ៏​ខ្លាំង​មួយ​ទៅ​លោក ហ៊ុន សែន ថា ការ​បង្ក្រាប​របស់​លោក​ទៅលើ​បក្ស​ប្រឆាំង និង​សេរីភាព​បញ្ចេញមតិ គឺ​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ»។

ក្រុម​សមាជិកសភា​អាមេរិក​ទាំងនោះបាន​លើកឡើង​នៅក្នុង​លិខិត​ថា បក្សកាន់អំណាច​អស់​រយៈពេល​ជាង៣៥ឆ្នាំ​មក​ហើយ​នោះ លោក ហ៊ុន សែន មានកំណត់​ត្រា​ដ៏​យូរ​មក​ហើយ​អំពី​ការប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង ការ​តាមដាន និង​អំពើពុករលួយ ដើម្បី​រក្សា​អំណាច។

ក្រុម​សមាជិកសភា​អាមេរិក​ទាំងនោះ ថែមទាំង​បាន​យោង​ទៅលើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) ដែល​និយាយ​ថា គិត​ត្រឹម​ខែតុលា​ឆ្នាំនេះ អ្នកទោស​នយោបាយ៥៥រូប​ហើយ កំពុង​ត្រូវ​បាន​ឃុំខ្លួន​តាមតែ​អំពើ​ចិត្ត បន្ទាប់ពី​ពួក​គេ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិនិង​ជួបជុំ​ដោយសន្តិវិធី។

ក្រុម​សមាជិកសភា​ទាំង៨រូប​នោះ បាន​សរសេរ​ថា៖ «ជាង​នេះ​ទៀត យើង​អំពាវនាវ​ទៅ​លោក ឱ្យ​លោក​ធ្វើការ​ជាមួយ​ក្រសួង​រតនាគារ ដើម្បី​ដាក់ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់ Global Magnitsky ឬក៏​វិធានការ​សមស្រប​ផ្សេងទៀត​ ប្រឆាំង​នឹង​មេដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្សប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​មេដឹកនាំ​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​ផង​ដែរ ដែល​សុទ្ធតែ​ជាប់ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នៃ​ការ​ចាប់ខ្លួន»។

ក្រុម​សមាជិកសភា​អាមេរិក​ទាំងនោះ បាន​ជំរុញ​ឱ្យ​មានទណ្ឌ​កម្ម​បន្ថែម​ទៀត​មក​លើ​កម្ពុជា​បែបនេះ ស្រប​ពេល​គ្នា​នឹង​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ អ្នកស្រី Mary Lawlor ដែល​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស បាន​សម្ដែង​ក្ដី​បារម្ភ​​ចំពោះ​កំណើន​នៃ​ការ​ចាប់ខ្លួន​ជាបន្តបន្ទាប់​នេះ។

អ្នកស្រី Lawlor លើកឡើង​ថា ការ​លើកស្ទួយនិង​ការពារ​សិទ្ធិមនុស្ស​តាមមធ្យោបាយ​សន្តិវិធី មិនមែន​ជា​បទល្មើស​នោះ​ទេ ហើយ​អ្នកស្រី​ថា កម្លាំង​សន្តិសុខ​របស់​អាជ្ញាធរបាន​ប្រើប្រាស់​កម្លាំង​ហួសប្រមាណ ដើម្បី​ហាមឃាត់​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ភាគច្រើន​ជា​ស្ត្រី មិន​ឱ្យ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ជួបជុំ​ដោយសន្តិវិធី។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ បាន​កត់ត្រា​ឃើញថា សកម្មជន សិល្បករ អ្នកការពារ​សិទ្ធិមនុស្ស​រហូតដល់១៩នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ជាបន្តបន្ទាប់​ចាប់ពីចន្លោះ​ចុងខែ​កក្កដា​ដល់​ខែកញ្ញា​កន្លងមក​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ