ក្រុម​​អ្នក​ជំនាញ​ស្នើ​UN​ដាក់​​សម្ពាធ​​ឱ្យ​​ចិន​​គោរព​​សិទ្ធិ​មនុស្ស​​

ប្រធានធិបតីចិន លោក ស៊ី ជីងពីង – លោកស្រី ខារី ឡាំ មេដឹកនាំក្រុងហុងកុង និងនាយក HRW ប្រចាំ​នៅ​ចិន លោកស្រី Sophie Richardson។ (វេបសាយបរទេស)

អ្នកជំនាញ​សិទ្ធិមនុស្ស៥០រូប ស្នើ​ដល់​អង្គការសហប្រជាជាតិ (UN​) ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចិន​ឱ្យ​គោរព​កាតព្វកិច្ច​សិទ្ធិមនុស្ស​ក្នុងនាម​ជារ​ដ្ឋ​សមាជិក​មួយ ដោយសារ​ចិន​តែង​ច្រានចោល​មតិ​រិះគន់​លើ​ការ​បំបិទ​សិទ្ធិមនុស្ស​ដែល​កំពុង​កើនឡើង​គួរ​ឱ្យ​បារម្ភ រួម​ទាំង​បង្ក្រាប​លើ​អ្នករិះគន់​បញ្ហាមេរោគ​​កូ​វីដ១៩ផង​ដែរ។

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ លើកឡើង​ថា ក្រុង​ប៉េកាំង​បាន​បង្កើត​ច្បាប់​សន្តិសុខ​ហុងកុង​ដើម្បី​រឹត​បន្តឹង​សេរីភាព​ពលរដ្ឋ​ក្នុង​ដែនដី​ស្វយ័​តពិសេស​នេះ បាន​បង្ក្រាប​លើ​អ្នក​តវ៉ា និង​ដាក់ទោស​ក្រុម​អ្នកកាសែត បុគ្គលិក​ពេទ្យ និង​ជន​ណា​ហ៊ាន​និយាយ​ពី​បញ្ហា​មេរោគ​កូ​វីដ១៩ជាដើម។ ក្រុម​ជំនាញ​ឯករាជ្យ​ទាំងនេះ​បន្ថែម​ថា យ៉ាងណា រដ្ឋអំណាច​បក្ស​កម្មុ​យនី​ស្តចិន​បដិសេធ​ស្ទើរតែ​ទាំងស្រុង​រាល់​ការរិះគន់​លើ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ក្នុង​ប្រទេស​របស់​ខ្លួន។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃសុក្រ ក្រុម​អ្នកជំនាញ​ដដែល បាន​អំពាវនាវ​ដល់​ភ្នាក់ងារ និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ចាត់វិធានការ​ដាច់ខាត​លើ​ក្រុង​ប៉េកាំង​ឱ្យ​អនុវត្ត​ការគោរព​សិទ្ធិមនុស្ស​តាមច្បាប់​អន្តរជាតិ កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ និង​សិទ្ធិ​នយោបាយ និង​សេចក្តី​ប្រកាស​រួម​ស៊ី​ណូ​-អង់គ្លេស​ឆ្នាំ១៩៨៤។

តាម​ប្រភព​ដដែល ពួក​គេ​ក៏​ស្នើ​ឱ្យ UN លើក​យកបញ្ហា​សិទ្ធិមនុស្ស​នៅ​ចិនជា​បញ្ហា​អាទិភាព​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN លើក​ទី៤៤ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​មិ្ស​លមិញ ដើម្បី​ជំរុញ​ឱ្យ​ប៉េកាំង​ទម្លាក់​ចោល​ច្បាប់​សន្តិសុខ​ហុងកុង និង​បើក​ឱ្យ​ក្រុម​ជំនាញ​ចុះ​វាយតម្លៃ​វិសាលភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ចិន។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃម្សិលមិញ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស HRW ឱ្យ​ដឹង​បន្ថែម​ថា ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីង​ពីង អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកតស៊ូ​នយោបាយ​នៅ​ចិន ត្រូវ​បាន​បាត់ខ្លួន ជាប់ឃុំឃាំង និង​ឋិត​ក្រោម​ការ​តាមដាន។ 

ក្នុង​សេចក្តី​ប្រកាស​នោះ នាយក HRW ប្រចាំ​ទីក្រុង​ហ្សឺណែវ លោក John Fisher លើកឡើង​ថា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស មិន​គួរ​ខ្ជះខ្ជាយ​ឱកាស​ក្នុង​ការ​ចាប់ផ្តើម​ទាមទារ​ឱ្យ​ចិន​ទទួលខុសត្រូវ​លើ​ការរំលោភ​បំពាន​ដែល​កាន់តែ​ធ្ងន់​ធ្ង​រឡើងៗ​របស់​ខ្លួន​នោះ​ទេ។

នាយក HRW ប្រចាំ​នៅ​ចិន លោកស្រី Sophie Richardson បន្ថែម​ថា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ជាច្រើន​នៅ​ចិន ត្រូវ​រង​ពិន័យ​ធ្ងន់ធ្ងរ ដោយ​គ្រាន់តែ​និយាយ​អ្វី​ដែល​ក្រុម​ជំនាញ​សិទ្ធិមនុស្ស​បាន​លើកឡើង។ លោកស្រី​ថា រដ្ឋ​សមាជិក​នានា គួរ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សិទ្ធិមនុស្ស ហើយ​ដាក់​សម្ពាធ​លើ​ក្រុង​ប៉េកាំង ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

យ៉ាងណា​ក្តី ច្បាប់​សន្តិសុខ​ហុងកុង ត្រូវ​បានលោក ស៊ី ជីង​ពីង ចុះហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ហើយ​នៅ​ថ្ងៃម្សិលមិញ នៅចំពោះមុខ​ការរិះគន់​ពី​ប្រទេស​លោកខាងលិច ពិសេស អាមេរិក ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ អំពី​ការ​ព្យាយាម​​ក្តាប់​ដែនដី​ស្វយ័​តហុងកុងពី​ចិនដីគោក។

បើ​តាម​ទូរ​ទស្សន៍ BBC ច្បាប់​ថ្មីនេះ បាន​ផ្តល់​អំណាច​ដល់​រដ្ឋបាល​ចិន​ដី​គោកដាក់ទោស​ជាប់ពន្ធ​នា​គារ​ដល់១ជីវិត ​ចំពោះ​ពលរដ្ឋ​ហុងកុង​ណាដែល​ត្រូវ​បាន​ចាត់ជា​ភេវរ​ករ ឬផ្សំគំនិត​ជាមួយ​កម្លាំង​បរទេស​ដើម្បី​បង្កចលាចល​នៅ​ហុងកុង។

តាម​ប្រភព​ដដែល មេដឹកនាំ​ក្រុង​ហុងកុង លោកស្រី ខា​រី ឡាំ បាន​ថ្លែង​ការពារ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ ដោយ​ថា វា​បាន​បំពេញ​ចន្លោះប្រហោង​មួយ​ក្នុង​ច្បាប់​សន្តិសុខជាតិ​ចិន។

ច្បាប់​សន្តិសុខ​ហុងកុង ចាប់​លេច​រូបរាង​ឡើង​ក្រោយ​អាមេរិក​ផ្តើម​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ចិន បើ​ហ៊ាន​ប្រើ​កម្លាំងទ័ព​បង្រ្កាប​បាតុកម្ម​ទាមទារ​ទម្លាក់​លោកស្រី ខា​រី ឡាំ ចេញពី​តំណែង ក្រោយ​លោកស្រី​ស្នើ​ច្បាប់​បញ្ជូន​ពលរដ្ឋ​ហុងកុង​ទៅកាត់​ទោស​នៅ​ចិន​ដី​គោក។

អាមេរិក​ចោទ​ការ​អន្តរាគមន៍​របស់​ចិន​នៅ​ហុងកុង ថា​ជា​ការរំលោភ​សេចក្តី​ប្រកាស​រួម​រវាង​ចិនដីគោក និង​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ១៩៨៤។ សេចក្តី​ប្រកាស​នោះ កំណត់​កោះ​ហុងកុង​ជា​ដែន​រដ្ឋបាល​ស្វយ័​តពិសេស ដែល​ប្រើ​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដាច់ដោយឡែក​ពី​ចិន​ដី​គោក។

ដោយឡែក ក្រុង​ប៉េកាំង​តែង​ប្រកាស​ចាត់ទុក​បញ្ហា​ហុងកុង​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដែល​គ្មាន​រដ្ឋ​បរទេស​ណា​មាន​សិទ្ធិ​ជ្រៀតជ្រែក ហើយ​ថា ច្បាប់​ថ្មីនេះ គឺ​បង្កើត​ឡើង​ដើម្បី​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​នៅ​ហុងកុង​ប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ