មេដឹកនាំហុងកុង ថា​អន្តរាគមន៍យោធាចិនអាចនឹងកើតឡើង​បើ​ស្ថាន​ភាព​បាតុកម្ម​កាន់​តែអាក្រក់​ខ្លាំង

ប្រមុខរដ្ឋាភិបាលហុងកុងលោកស្រី Carrie Lam បានថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងច្បាប់គ្រាអាសន្នដែលហាមពលរដ្ឋពាក់ម៉ាសពេលជួបជុំគ្នាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង)

ប្រមុខរដ្ឋាភិបាល​ហុងកុង បានព្រមាន​ថា​អន្តរាគមន៍យោធារបស់​ចិន​អាចនឹងកើតមាន​ ប្រសិន​បើ​បាតុកម្ម​នៅក្នុងទីក្រុងនេះកាន់​តែអាក្រក់ខ្លាំងជាងនេះ។

ប្រមុខរដ្ឋាភិបាល​ហុងកុងលោកស្រី ​Carrie Lam បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី​៨ ខែតុលា ម្សិលមិញថា បាតុកម្ម​ដែល​អូសបន្លាយរយៈពេល​ជាង៤ខែមកនេះមិនមែនជាចលនាសន្តិភាព​ដើម្បី​ប្រជាធិបតេយ្យទៀតនោះឡើយ តែវាបានប្រែក្លាយ​ជាអំពើហិង្សារួចទៅ​ហើយ។  មេដឹកនាំហុងកុងរូបនេះ បានលើកឡើងបន្តថា​ហុងកុង​នឹងខិតខំដោះស្រាយ​បញ្ហាដោយគ្មាន​ឯង ប៉ុន្តែ​ប្រសិន​បើ​ស្ថានការណ៍កាន់​តែអាក្រក់ខ្លាំង រដ្ឋាភិបាល​មិន​មែន​ជម្រើស​ណាក្រៅតែពីពឹង​ចិន​ដើម្បីរក្សា​សន្តិភាព​ក្នុង​ក្រុងស្វយ័តមូយនេះទេ។ លោកស្រី បាន​បន្ថែម​ថា​ការស្នើ​សុំ​កិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលក្រុងប៉េកាំង​ក៏មាន​ចែងក្នុងរដ្ឋធម្មនុញ្ញហុងកុងដែរ តែលោកស្រីមិនបាន​បញ្ជាក់នោះទេថាតើក្នុងស្ថានភាព​​ធ្ងន់ធ្ងរកម្រិតណាដែល​ចិន​អាចធ្វើ​អន្តរាគមន៍យោធាបាន។

ទោះយ៉ាងណាក៏ដោយ លោកស្រី ​Carrie Lam បាន​អះអាងថា​ហុងកុងត្រូវតែខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កំពុងប្រឈម​ដោយ​ខ្លួន ហើយ​នេះ​ក៏ជាអ្វី​ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​ចង់​ឃើញ​ផងដែរ។

បាតុកម្មក្នុងក្រុងហុងកុង បាន​ចាប់​ផ្តើម​ឡើងនៅខែមិថុនាដោយសារតែ​រដ្ឋាភិបាល​ហុងកុងគ្រោងបង្កើតច្បាប់​បត្យាប័ន​ដែលច្បាប់​នេះចែង​ពី​ការបញ្ជូន​អ្នកទោស​ពីហុងកុងទៅកាត់​ក្តីនៅចិន​ដីគោក។ ក្រុមបាតុករហុងកុង ហៅសេចក្តីព្រាងច្បាប់នេះ ថា​ជាចេតនារបស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ក្នុងការបង្កើនឥទ្ធិពល​របស់​ចិន​លើ​អតីត​ដែនដីដែល​ស្ថិត​ក្រោម​​អាណានិគមអង់គ្លេសមួយនេះ។ លោកស្រី Carrie Lam បាន​ទទួល​យក​សំណើរបស់​ក្រុម​បាតុករដោយ​ប្រកាសលុបចោលច្បាប់ធ្វើបត្យាប័ន​ជាផ្លូវ​ការ​ កាលពីថ្ងៃទី៤ ខែកញ្ញា។

បើ​ទោះបីជាមាន​ការ​យល់ព្រម​ពីមេដឹកនាំ​របស់​ខ្លួន​ក្នុងការបញ្ចប់ច្បាប់​បត្យាប័នយ៉ាងណាក្តី ពលរដ្ឋហុងកុង​នៅតែ​ធ្វើការ​តវ៉ា​ទាមទារឲ្យ​លោកស្រីCarrie Lam ចុះចេញ​ពីដំណែង​ ស៊ើបអង្កេតការប្រើប្រាស់​ហិង្សារបស់សមត្ថកិច្ច​​លើក្រុមបាតុករ ដោះលែងអ្នកដែល​ត្រូវបាន​ចាប់ខ្លួននាពេលកន្លងមក និង​បើកទូលាយ​លំហរប្រជាធិបតេយ្យដោយ​ឈប់ហៅក្រុម​អ្នកតវ៉ាថា​ជាកុបករ។ ការ​តវ៉ា បានបណ្តាល​ឲ្យមានការប៉ះពាល់​ទង្គិចគ្នាជាមួយ​បន្តបន្ទាប់រវាង​សមត្ថកិច្ចនិងក្រុមបាតុករ។

បញ្ហានេះ បានធ្វើឲ្យ​ក្រុម​សមាជិកសភាក្រុងហុងកុងដែល​មាន​និន្នាការគាំទ្រ​រដ្ឋាភិបាល​ក្រុងប៉េកាំងមួយចំនួន​ជំរុញរដ្ឋាភិបាល​របស់ពួកគេ​​បង្កើតច្បាប់​គ្រាអាសន្នដើម្បី​បញ្ចប់​នូវការតវ៉ាដែល​ពួកគេហៅថា​ជាកុបកម្មដ៏ហិង្សា​កាលពីថ្ងៃទី១ ខែតុលាក្នុងពេល​ដែល​ពួកគេចូលរួ​មខួប​ទី៧០នៃការបង្កើតសាធារណរដ្ឋចិន។

ក្រោយការអំពាវនាវមិនបាន​ប៉ុន្មានថ្ងៃផងពោលគឺនៅថ្ងៃទី៤ ខែតុលា មេដឹកនាំហុងកុងបានចេញ​សេចក្តីប្រកាស​ដ៏កម្រមួយដោយ​ហាម​ពលរដ្ឋពាក់​ម៉ាសពេលជួបជុំគ្នាជាសាធារណៈក្រោម​ច្បាប់គ្រាអាសន្ន​។ ច្បាប់នេះនឹង​ដាក់​ទោសទណ្ឌលើ​ពលរដ្ឋណាដែល​ល្មើស ដោយ​ពិន័យជាប្រាក់​ប្រហែល​៣២០០ដុល្លា និងប្រឈមមុខនឹងការជាប់​ពន្ធនាការ​រហូតដល់មួយឆ្នាំ។  នៅ​ពេល​ច្បាប់​នេះដាក់ចេញ​ឲ្យ​អនុវត្តន៍ភ្លាមៗនៅថ្ងៃទី៥ ខែតុលា ពលរដ្ឋហុងកុង​ជាច្រើន​ម៉ឺននាក់បានចេញ​តវ៉ាប្រឆាំង​ ដោយពួកគេថា​ច្បាប់នេះបាន​បើកដៃឲ្យ​ក្រុមសមត្ថកិច្ច​ធ្វើការ​បង្រ្កាបទៅលើពួកគេកាន់​តែខ្លាំងថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ