អាមេរិក និង​ចិន​​គំរាម​​ដាក់​ទណ្ឌកម្ម​​ទិដ្ឋាការ​​ទៅ​វិញ​ទៅ​មក​​ជុំវិញ​​បញ្ហា​​ហុងកុង​​

លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

អាមេរិក និង​ចិន​ព្រមាន​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្រ្តី​រដ្ឋការ​គ្នា​ទៅវិញទៅមក ជុំវិញ​បញ្ហា​សិទ្ធិ​សេរីភាព​នៅ​កោះ​ហុងកុង ខណៈ​អ្នកជំនាញ​ព្រមាន​ថា ភាព​តានតឹង​រវាង​មហាអំណាច​ទាំង២ដែល​កំពុង​កើនឡើង​នេះ អាច​បង្ក​ជា​សង្រ្គាម​ត្រជាក់​ថ្មីដែល​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល។

ចិន​បាន​ប្រកាស​ថា​ នឹង​រឹត​បន្តឹង​ទិដ្ឋ​ការ​ពលរដ្ឋ​អាមេរិក​ចូល​ប្រទេស​ខ្លួន​នៅ​ថ្ងៃម្សិលមិញ ក្រោយ​អាមេរិក​ព្រមាន​មិន​ឱ្យ​មន្ត្រី​ចិន​ទាំង​ចាស់ និង​ថ្មី​ជាន់ទឹក​ដី​អាមេរិក នៅ​ថ្ងៃទី២៦ ខែមិថុនា ក្រោយ​ក្រុង​ប៉េកាំង​អនុម័ត​ច្បាប់​សន្តិសុខ​ហុងកុង​ថ្មី ឆ្លើយតប​នឹង​ច្បាប់​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ហុងកុង​របស់​អាមេរិក ដែល​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​នៅ​សប្តាហ៍​មុន។

ប្រមុខ​ការទូត​អាមេរិក លោក Michael Pompeo ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃម្សិលមិញ​ថា ការ​ឆ្លើយតប​របស់​ចិន​ចំពោះ​វិធានការ​ទណ្ឌកម្ម​ទិដ្ឋាការ​របស់​អាមេរិក បាន​បង្ហាញថា ក្រុង​ប៉េកាំង​មិន​គោរព​តាម​សេចក្តី​ប្រកាស​រួម​ឆ្នាំ១៩៨៤ ដែល​ដាក់​កោះ​ហុងកុង​ជា​ដែនដី​រដ្ឋបាល​ពិសេស។ 

លោក Pompeo ថ្លែង​ថា៖ «បើ​ចិន​ចង់​ស្តារ​ទំនុកចិត្ត​ពី​ពលរដ្ឋ​ក្រុង​ហុងកុង និង​សហគមន៍​អន្តរជាតិ​ឡើងវិញ ចិន​គួរតែ​គោរព​សន្យា​ដែល​បាន​ធ្វើ​ចំពោះ​ពលរដ្ឋ​ហុង​ហុង និង​ចក្រភព​អង់គ្លេស​ក្នុង​សេចក្តី​ថ្លែង​ការ​រួម​ស៊ី​ណូ​-អង់គ្លេស​ឆ្នាំ១៩៨៤ ដែល​បាន​រក្សាទុក​នៅ​អង្គការសហប្រជាជាតិ»។

បើ​តាម​ក្រសួង​ការ​បរទេសអាមេរិក ការ​រឹត​បន្តឹង​ទិដ្ឋ​ការ​មន្រ្តី​ចិន​នេះ ធ្វើឡើង​ស្របតាម​ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ ដែល​ថ្លែង​កាលពី​ខែមុន ព្រមាន​ចាត់វិធានការ​លើ​រដ្ឋាភិបាល​បក្ស​កម្មុ​យនី​ស្តចិន ចំពោះ​ការបង្កើត​ច្បាប់​ដកហូត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ហុងកុង ដែល​ឋិត​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ត្រាំ ថ្លែង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៣០ ខែឧសភា​ ថា ចិន​បាន​ក្បត់​សន្យា​ប្រើប្រាស់​រូបមន្ត​ “ប្រទេស​មួយ ប្រព័ន្ធ​ពីរ​” លើ​ដែនដី​ហុងកុង ដោយ​ត្រលប់​ទៅជា ​”ប្រទេស​មួយ ប្រព័ន្ធ​មួយ​” ហើយ​លោក​ថា​ «នេះ​គឺជា​សោកនាដកម្ម​ [នៃ​សិទ្ធិ​សេរីភាព​] របស់​ប្រជាជន​ហុងកុង ប្រជាជន​ចិន និង​ប្រជា​ជន​នៅ​លើ​ពិភពលោក​ទាំងមូល»

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian លើកឡើង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃម្សិលមិញ​ថា ចិន​តែងតែ​អនុវត្ត​រូបមន្ត​ “ប្រទេស​មួយប្រព័ន្ធ​ពីរ” ហើយ​ថា ចិន​ប្តេជ្ញា​ការពារ​សន្តិសុខ​ហុងកុង និង​បូរណភាពទឹកដី​ចិន ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ពីរ​ដ្ឋ​បរទេស។

លោក Zhao ថ្លែង​បន្ថែម​ថា៖ «សហរដ្ឋអាមេរិក​ព្យាយាម​រារាំង​ច្បាប់​ [សន្តិសុខ​ហុងកុង​] របស់​ចិន​ សម្រាប់​ការ​ការពារ​សន្តិសុខជាតិ​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដោយ​ការ​ដាក់​សម្ពាធ​លើ​ចិន​តាមរយៈ​ទណ្ឌ​កម្ម​ផ្សេង​ៗ ប៉ុន្តែ វា​នឹង​មិន​ទទួលជោគជ័យ​ឡើយ»។

ព្រឹទ្ធសភា​អាមេរិក នៅ​សប្តាហ៍​មុន បាន​អនុម័ត​ច្បាប់ Hong Kong Autonomy Act ដែល​នឹង​បើកផ្លូវ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន​អាច​ចាត់វិធានការ​លើ​រដ្ឋអំណាច​ក្រុង​ប៉េកាំង​ចំពោះ​ការ​ដកហូត​សិទ្ធិពល​រដ្ឋ​ហុងកុង បន្ទាប់ពី​លោក ត្រាំ ព្រមាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល អង្គភាព និង​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​ចិន។

ជា​ការ​តបត ចិន​ធ្វើការ​កែ​ច្បាប់​សន្តិសុខ​ហុងកុង ដើម្បី​ផ្តល់​អំណាច​ថ្មី​ដល់​ក្រុង​ប៉េកាំង​គ្រប់គ្រង​ហុងកុង។ ច្បាប់​ថ្មី​នោះ ត្រូវ​រង​ការរិះគន់​ពី​ប្រទេស​លោកខាងលិច ពិសេស​អង់គ្លេស​ថា បង្កើត​ឡើង​ដើម្បី​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​កាត់បន្ថយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ហុងកុង

ការ​ប្រឈមមុខ​គ្នា​ថ្មីនេះ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា ជាស​ញ្ញាណ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំង២ដែល​នឹងអាច​វិ​វដ្ត​​ទៅជា​សង្គ្រាម​ត្រជាក់​បែប​ថ្មី

អ្នកជំនាញ​សន្តិសុខ​សកល លោក Alan Dupont លើកឡើង​ថា អាមេរិក និង​ចិន​កំពុង​រុញច្រាន​ពិភពលោក​ចូលក្នុង​ភ្លើង​សង្រ្គាម​ត្រជាក់​ថ្មី ខុសពី​សង្គ្រាម​ត្រជាក់​ក្រោយ​ចប់​សង្រ្គាម​លោក​លើក​ទី២ ដែល​ផ្តើម​ចេញពី​ការ​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ​រវាង​អាមេរិក និង​សហភាពសូវៀត។

ក្នុង​សម្រង់​សម្តី​លើ​សារព័ត៌មាន CNBC ចុះផ្សាយ​នៅ​ថ្ងៃសុក្រ លោក Dupont បន្ថែម​ថា សង្គ្រាម​ត្រជាក់​ថ្មីនេះ នឹង​អាក្រក់​ជាង​មុន ដោយសារ​វា​ផ្តើម​ចេញពី​ការ​ប្រជែង​គ្នា​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច ដែល​នឹង​ប៉ះទង្គិច​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​របស់​ពិភពលោក។

ទំនាក់ទំនង​អាមេរិក និង​ចិន​បាន​ចាប់ផ្តើម​ល្អក់កករ​ខ្លាំង​ឡើង​ៗមិនធ្លាប់​មាន​រាប់​ទសវត្ស​រ៍ ចាប់តាំងពី​លោក ត្រាំ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ២០១៧ ដោយ​ប្រទេស​ទាំងពីរ បាន​បង្កើន​ពន្ធ​លើ​ទំនិញ​នាំចូល​រវាង​គ្នា​ជាបន្តបន្ទាប់​ចាប់ពី​ឆ្នាំ២០១៨ រហូត​ក្លាយជា​សង្រ្គាម​ពាណិជ្ជកម្ម

ភាព​តានតឹង​បាន​កើនឡើង​កាន់តែ​អាក្រក់ ចាប់តាំងពី​អាមេរិក និង​អឺរ៉ុប រង​ការ​រាតត្បាត​ពី​មេរោគ​ផ្លូវដង្ហើម​ថ្មី​មាន​ប្រភព​ចម្លង​ចេញពី​ប្រទេស​ចិន ហើយ​អាមេរិក​ព្រមាន​ថា នឹង​ចាត់វិធានការ​លើ​ក្រុង​ប៉េកាំង​បើ​ខ្លួន​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា មេរោគ​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធ​ក្រុង​វូហាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ