វិភាគ៖ គណ​បក្ស​ប្រជាជន​​ឈាន​​ដល់​​ចំណុច​កំពូល​​នៃ​​សង្វៀន​​ប្រកួត​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ស្វាគមន៍​មន្ត្រី និង​សមាជិក​បក្ស​ប្រជាជន ក្នុង​ថ្ងៃខួប​លើក​ទី៤១ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា ១៩៧៩ – ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

គណបក្សប្រជាជន​កម្ពុជា​ ហាក់​ឈាន​ដល់​ចំណុចកំពូល​ដាច់​តែឯង​នៅក្នុង​សង្វៀន​ប្រកួត ក្រោយពេល​ដែល​ក្តោប​យក​អាសនៈ​ទាំងអស់​ចំនួន ១២៥ ក្នុង​អាណត្តិ​ទី៦ ហើយ​មេ​បក្ស​នេះ​ប្រកាស​ត្រៀម​ដឹកនាំ​ប្រទេស​ពី ៥០ទៅ ១០០ឆ្នាំ​ទៀត។

នៅក្នុង​ឱកាស​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​នៅក្នុង​ខេត្តកណ្តាល កាលពី​ថ្ងៃទី២២ ខែមិថុនា ​ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​គូប្រជែង​នយោបាយ​របស់​លោក​ថា ការរៀបចំ​ស្នាក់​ការ​កណ្តាល​នៅ​ភ្នំពេញ និងស្នាក់​ការ​សាខានៅ​តាម​ខេ​ត្ត​ផ្សេង​ៗទ្រង់ទ្រាយ​ធំ​នោះ គឺ​បង្ហាញ​ពី​គោលបំណង​ត្រៀមខ្លួន​គ្រប់គ្រង​ប្រទេស​ក្នុងរយៈពេល​វែងឆ្ងាយ។

លោក ​ហ៊ុន សែន មានប្រសាសន៍​ថា៖ «អ្នកឯង​សម្លឹង​មើល Headquarter របស់​គណបក្សប្រជាជន មើល​ស្នាក់​ការ​កណ្តាល​របស់​គណបក្សប្រជាជន តាំងពី​ស្នាក់​កណ្តាល​ដល់​ស្នាក់​ខេត្ត ធ្វើ​មិនមែន​សម្រាប់ ២ឆ្នាំ ៣ឆ្នាំ​ទេ ធ្វើ​សម្រាប់ ៥០ឆ្នាំ ១០០ឆ្នាំទៅ​មុខ ​អ្នកឯង​ត្រូវ​ចាំ។ គេ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស មិនមែន​សំដៅដឹកនាំ​កញ្ឆក់​កណ្តៀ​តដូច​ពួក​អ្នកឯង​ទេ»។

វិមាន​ស្នាក់​ការ​កណ្តាល​របស់​គណបក្សប្រជាជន​កម្ពុជា​ ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈ​ធំ​ស្កឹមស្កៃ មិន​មាន​បក្ស​ផ្សេង​ណា​មាន​ស្នាក់​ការ​ធំ​ដូច​ឡើយ។ ស្នាក់​ការ​កណ្តាល​ថ្មី​របស់​គណបក្សប្រជាជន​ដែល​ចំណាយ​លុយ​សាងសង់​អស់​ជាង ៣០លាន​ដុល្លារ​នោះ ត្រូវ​បាន​ធ្វើពិធីសូត្រ​មន្តដើម្បី​ចូល​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៨ ខែមិថុនា ​ឆ្នាំ២០២០។ 

បើ​ទោះជា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រៀបចំខ្លួន​ត្រៀម​ឱ្យ​គណបក្ស​របស់​លោក​ឈ្នះ​ការប្រកួត​ប្រជែង​ដឹកនាំ​ប្រទេស​ពី ៥០ទៅ ១០០ឆ្នាំ​ទៀត​ក៏ដោយ ប៉ុន្តែ​ នេះ​គ្រាន់តែ​ជា​ផែនការ ឬ សេចក្តី​ប្រាថ្នា ហើយ​បានសម្រេច​ឬអត់​នោះ​គឺ​អាស្រ័យ​លើ​សមត្ថភាព​ដោះស្រាយ​បញ្ហា​ចំពោះមុខ។

ក្នុងចំណោម​បញ្ហា​ចំពោះមុខ​ជាច្រើន​នោះ​គឺ បញ្ហា​ចម្បង​មួយចំនួន​ដែល​មិន​អាច​មើល​រំលង​បាន​ដូចជា បញ្ហាផ្ទៃក្នុង​បក្ស បញ្ហា​បក្ស​ផ្សេង​ប្រកួតប្រជែង ឥទ្ធិពល​មេរោគ​កូ​រ៉ូ​ណា ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បញ្ហា​សេដ្ឋកិច្ច​ជាតិ បញ្ហា​ជីវភាព និង​បំណុល​របស់​ពលរដ្ឋ​ជាដើម។

បើ​ទោះជា​ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​អះអាង​បន្តបន្ទាប់​ថា ផ្ទៃក្នុង​បក្ស​នេះ​រឹងមាំ​ល្អ​ក៏ដោយ ប៉ុន្តែ​ ជា​ធម្មជាតិ​ពិត ​នៅក្នុង​គ្រួសារ​តូច​ ឬធំ មិនមែន​មានតែ​សំឡេង​សើច​សប្បាយ ​ឬស្នាមញញឹម​រហូត​នោះ​ទេ គឺ​តែងតែមាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា​ចៀស​មិន​ផុត ដូចគ្នា​ទៅនឹងដើមឈើ​តូច​ ឬធំ​ តែងតែមាន​មែក​ពុក គឺ​ឈឺ​ធំ​មែក​ពុកធំ ឈើ​តូច​មែក​ពុកតូច។

នៅ​វេទិកាសាធារណៈ​នានា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត ទោះ​មិនទាន់​ក្លាហាន​ដូច​លោកនាយក​រដ្ឋមន្ត្រី ដែល​ហ៊ាន​ប្រកាស​គាំទ្រ​កូន​ខ្លួនឯង​ប្រកួតប្រជែង​យក​តំណែង​នាយក​រ​ដ្ឋ​មន្ត្រី​ក៏ដោយ ប៉ុន្តែ​ ក្នុងចិត្ត​របស់​ពួក​គេ​ក៏អាច​ចង់ឱ្យ​កូន​កាន់​តំណែង​នេះ​ដែរ។

នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ផលិតករ​ជនជាតិ​អាមេរិក​កាលពី​ខែកញ្ញា ឆ្នាំ២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ពី​ក្តី​កង្វល់​នៅពេល​លោក​ឈប់​ដឹកនាំ ថា​តើ​អ្នកណា​ដឹកនាំ​ និងមាន​អ្វី​កើតឡើង​។

បញ្ហា​ប្រព័ន្ធ​អនុគ្រោះ EBA ដែល​អឺរ៉ុប​នឹង​ចាប់ផ្តើម​កាត់ចេញ ២០ភាគរយ​ នៅ​ថ្ងៃទី១២ ខែសីហាខាងមុខនេះ កំពុង​ក្លាយជា​ក្តី​កង្វល់​ធំ​មួយ​របស់​អ្នក​វិនិយោគ​នៅ​កម្ពុជា។ 

កាលពី​ថ្ងៃទី២ ខែមិថុនា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) សមាគម​ស្បែកជើង​កម្ពុជា (CFA​) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​ចេញ​លិខិត​រួមគ្នា​មួយ ស្នើ​ទៅ​អឺរ៉ុប​ពន្យារពេល​ដក EBA ដោយសារ​វិបត្តិ​កូ​វីដ១៩ កំពុង​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ដល់​រោងចក្រ​ផលិត​ទំនិញ។ ក្រុម​អ្នកជំនួញ​ទាំងនេះ​ ព្រមាន​ថា បើ​អឺរ៉ុប​នៅតែ​ដាក់ទណ្ឌកម្ម​តាម​ការ​គ្រោងទុក​នោះ នឹង​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋខ្មែរ​រាប់​លាន​នាក់​ កាន់តែ​ប៉ះពាល់​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត។

ក្តី​កង្វល់​របស់​សមាគម​អ្នកជំនួញ​ទាំងនេះ មិនទាន់​មានការ​ឆ្លើយតប​យ៉ាង​ណាពី​អឺរ៉ុប​នៅឡើយ​ទេ ខណៈ​ថ្ងៃកំណត់ចាប់ផ្តើម​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ភាគរយ​ កាន់តែ​ខិត​ជិត​មកដល់។

សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ក់ថា បញ្ហា​នានា​ដែល​កំពុង​កើតឡើង​ លោក​ថា អាច​គ្រប់គ្រង​បាន​ទាំងអស់។ លោក​ថ្លែង​នៅ​ថ្ងៃទី២២ ខែមិថុនា​ ថា លោក​នៅតែ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី ដោយ​ថា ទាំង​នៅក្នុង​បក្ស​របស់​លោក និងអ្នកនយោបាយ​ក្រុម​ផ្សេង​ដែល​ចង់​ប្រជែង​នោះ ​មិនទាន់​អាចយ​កឈ្នះ​រូបលោក​បាន​នៅឡើយ។

លោក ហ៊ុន សែន លើកឡើង​ថា៖ «អញ​នៅ​ធ្វើ​! ឥលូវ​អ្នកណា​មាន​សមត្ថភាព​មក​ជំនួស​ ហ៊ុន សែន​? និយាយ​ឱ្យ​ពិត​ ចេញមុខ​មក។ តួអង្គ​នៅក្នុង​គណបក្សប្រជាជន​ អត់មាន​អ្នកណា​ទេ មានតែ​ពួក​អ្នកឯង​ទេចង់​ធ្វើ។ ប៉ុន្តែ ​អ្នកឯង​ប្រហែលជា​ចាំជាតិ​ក្រោយ នៅពេល​ដែល​មាន​វត្តមាន ហ៊ុន សែន ​នៅ​ទីនេះ គណបក្សប្រជាជន​មាន​វត្តមាន​នៅ​ទីនេះ អ្នកឯង​ចាំជាតិ​ក្រោយ»។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្លាយជា​មេដឹកនាំ​ជាន់ខ្ពស់​រយៈពេល ៤១ឆ្នាំ គិត​ចាប់ពី​ឆ្នាំ១៩៧៩ ក្រោយ​ខ្មែរក្រហម​ដួល​រលំ ហើយ​លោក​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​បាន ៣៥ឆ្នាំ គិត​ចាប់ពី​ឆ្នាំ១៩៨៥មក។ ចំណែក​គណបក្សប្រជាជន​កម្ពុជា​ដែល​បង្កើត​តាំងពី​ថ្ងៃទី២៨ ខែមិថុនា ​ឆ្នាំ១៩៥១មក មាន​អាយុកាល ៦៩ឆ្នាំ​ហើយ គិត​ត្រឹម​ថ្ងៃទី២៨ ខែមិថុនា ​ឆ្នាំ២០២០។

នៅក្នុង​លិខិត​រំឭក​ខួប ៦៩ឆ្នាំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សរសេរ​ថា គណបក្សប្រជាជន​កម្ពុជា​ប្រកាន់​ភ្ជាប់​គោលបំណងប្រមូល​អ្នកស្នេហាជាតិ ប្រឆាំង​ការឈ្លានពាន និង​កសាងជាតិ។

លិខិត​សរសេរ​ថា៖ «ប្រមូល​កម្លាំង​គ្រប់​ជាតិ​កម្ពុជាដែល​មាន​ឧត្តមគតិ​ស្នេហាជាតិ​មាតុភូមិ ស្រ​ឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ ជីវភាព ដើមកំណើត​ជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​ដើម្បី​រំដោះជាតិឱ្យ​រួចផុត​ពី​ការឈ្លានពាន ត្រួតត្រា ជិះជាន់​គ្រប់បែបយ៉ាង ការពារ​សមិទ្ធផល​សង្គមជាតិ និង​កសាង​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ​ អព្យាក្រឹត និងវឌ្ឍ​នភាព»។

អ្នក​ទស្សនវិជ្ជា និង​អ្នកនិពន្ធ​បែប​តស៊ូ​មតិ​ជនជាតិ​អង់គ្លេស​ លោកស្រី Mary Wollstonecraft (១៧៥៩–១៧៩៧​) លើកឡើង​ថា៖ «រាល់​គោលនយោបាយ​ល្អ​ទាំងអស់ នឹង​បានផល​មក​អាក្រក់​មិន​អាច​ពណ៌នា​បាន បើសិនជា​អ្នក​អនុវត្តន៍​ធ្វើឡើង​ដោយ​ជ្រុលនិយម​ពេក»។

លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ២០១៣ គឺ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ជាង ៣លាន ២សែន​សំឡេង ​(៣ ២៣៥៦៩៦​) ចំណែក​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជាង ២លាន ៩សែន​សំឡេង ​(២ ៩៤៥ ១៧៥​)។

ចំណែក ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី៤ ឆ្នាំ២០១៧ គណបក្សប្រជាជន​កម្ពុជា​ ទទួលបានជាង ៣លាន ៥សែនសំឡេង ​(៣ ៥៤០ ០៥៦​) ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​ជាង ៣លាន ៥ម៉ឺន​សំឡេង ​(៣ ០៥៦ ២៨៤​)។

សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង​ចេះតែ​កើនឡើង​ប្រដេញ​គ្នា​ជាមួយ​បក្ស​កាន់អំណាច បង្ហាញថា ពលរដ្ឋ​ដែល​ចង់បាន​មេដឹកនាំ​ថ្មី​ក្រៅពី​បក្ស​ប្រជាជន​កម្ពុជា​ក៏​កើនឡើង​ដែរ។ ដូច្នេះ​ បើសិនជា បំណង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចង់ឱ្យ​បក្ស​លោក​ដឹកនាំ​ប្រទេស​ពី ៥០ទៅ ១០០ឆ្នាំ​ទៀត តាម​​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និងយុត្តិធម៌​មែន ​គឺ​ត្រូវ​ធ្វើការងារ​បន្ថែម​ទៀត ដោយ​ស្តាប់​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ហើយ​យក​ទៅ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​សំឡេង​គាំទ្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ