សមាគម​៣​ទទូច​ជា​ថ្មី​​ស្នើ​អឺរ៉ុប​ពន្យារ​ពេល​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រ និងអ្នកជំនួញធំៗនៅកម្ពុជា ស្នើ​អឺរ៉ុបជាថ្មីទៀតពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដើ​ម្បីជួយសង្គ្រោះការងាររបស់ប្រជាពលរដ្ឋដែលកំពុងបាត់បង់ដោយសារឥទ្ធិពលធ្ងន់ធ្ងរពីមេរោគឆ្លងរាតត្បាតកូវីដ១​៩។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានចេញលិខិតរួមគ្នាមួយ ស្នើទៅអឺរ៉ុបពន្យារពេលដក EBA ដោយសារវិបត្តិកូវីដ១៩ កំពុងប៉ះទង្គិចធ្ងន់ធ្ងរដល់រោងចក្រផលិតទំនិញ ដំណើរ សម្លៀក បំពាក់ និងស្បែកជើង រួមទាំងកម្មករធ្វើការនៅតាមរោងចក្រទាំងនោះ។

ចាប់តាំងពីសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយមក សមាគមទាំងនេះបានដាក់សំណើជាបន្តបន្ទាប់ ដើម្បីស្នើឱ្យអឺរ៉ុបលុបចោលការសម្រេចវិញ ព្រោះថា ការដាក់ទណ្ឌកម្មនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ខ្មែររាប់លាននាក់។

ក្នុងលិខិតចុះថ្ងៃទី០២ ខែមិថុនា សមាគមទាំង ៣ លើកឡើងបន្ថែមថា រោងចក្រនៅកម្ពុជាប្រមាណ ២៥០ដែលផលិតទំនិញទាំងនោះ បានបង្ខំចិត្តផ្អាកប្រតិបត្តិការទាំងស្រុង ខណៈរោងចក្រភាគច្រើនផ្សេងទៀត កំពុងកាត់បន្ថយចង្វាក់ផលិតកម្ម ដោយ​សា​រការធ្លាក់ចុះការបញ្ជាទិញ។

លិខិតដដែលលើកឡើងទៀតថា កម្មករជាង ១៣ម៉ឺននាក់ក្នុងវិស័យទាំងនេះ ដែលភាគច្រើនជាស្រ្តីបានបាត់បង់ការងារ ហើយតួលេខនេះ នឹងកើនឡើងខ្លាំងនៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ ។

អគ្គលេខាធិការសមាគមស្បែកជើងកម្ពុជា លោក បិន កែវ លើកឡើងក្នុងលិខិតថា ដំណើរការលក់ទំនិញ ស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជា នៅត្រីមាសទី ២ខាងមុខ នឹងធ្លាក់ចុះពី ៥០ ទៅ ៦០ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ហើយការលក់ នឹងកើនវិញតិចតួចនៅមុនឆ្នាំ២០២១។

លោក បិន កែវ សរសេរបន្ថែមថា៖ «គ្រួសារកម្ពុជារាប់សែនកំពុងស្ថិតក្នុងហានិភ័យនៃភាពបាត់បង់ការងារ ហើយពលរដ្ឋកម្ពុជារាប់លាននាក់ អាចនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រជាថ្មី ប្រសិនបើគ្មានដំណោះស្រាយណាមួយទេនោះ»

គណៈកម្មការអឺរ៉ុប គ្រោងនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា លើផលិតផលសម្លៀកបំ​ពាក់ ២០ភាគរយ ស្បែកជើង ៣០ភាគរយ និងសម្ភារធ្វើដំណើរគ្រប់មុខ ចាប់ពីខែសីហាខាងមុខ។

លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រការ់ដេរនៅកម្ពុជា (GMAC) លើកឡើងថា ការសម្រេចនេះនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់វិស័យរោងចក្រទាំងនោះ បន្ថែមពីលើផលប៉ះពាល់ពីវិបត្តិជំងឺឆ្លង។

លោក វ៉ាន់ ស៊ូអៀង ព្រមានក្នុងលិខិតដដែលថា៖ «ប្រសិនការដក [EBA] ដំណើរការទៅមុខទៀត ការបញ្ជាទិញ និងការងារ នឹងត្រូវបាត់បង់ច្រើនឡើងថែមទៀត ឬនឹងមិនត្រឡប់មកវិញ។ សហភាពអឺរ៉ុប មិនត្រូវព្រងើយចំពោះស្ថានភាពចុះដុនដាបនេះ និងផលប៉ះពាល់ធ្ងន់ធ្ងរពីការដកប្រយោជន៍ EBA [ពីកម្ពុជា] ក្នុងខែសីហា ខណៈការខូចខាតមិនធ្លាប់មាន ដោយសារមេរោគឆ្លងកំពុងធ្លាក់មកលើវិស័យរបស់យើងនៅឡើយ»

នៅថ្ងៃទី​១២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបបាន​សម្រេចដកហូត​ផ្នែក​ខ្លះនៃប្រព័​ន្ធ​អនុគ្រោះ​ពន្ធ EBA ជាបណ្តោះអាសន្នពីកម្ពុជា ក្រោ​មហេតុផលថា ​កម្ពុជាបាន​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែល​ផ្ទុយពី​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ករណីសមាគម​ស្នើទៅសហភាពអឺរ៉ុបពន្យាពេលដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជានោះ វាល្អមួយ ប៉ុន្តែ លោកក៏ស្នើទៅសមាគមទាំងនោះ ដាក់សំណើរទៅរដ្ឋាភិបាលកម្ពុជាឱ្យគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុបផងដែរ។

លោក មឿន តុលា បន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាគោរពតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប គឺប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយដែលសហភាពអឺរ៉ុបត្រៀមដកនោះ អាចនឹងត្រូវ​ពិចារណា​ផ្តល់ឱ្យ​កម្ពុជាវិញ។

ប៉ុន្តែ លោកមិនសង្ឃឹមថា សហភាពអឺរ៉ុបលើកលែងការដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយនោះ​ពីកម្ពុជាទេ ដោយថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាចាប់ខ្លួនសកម្មជនបក្សប្រឆាំង ការគំរាមកំហែងសកម្មជនបរិស្ថាន និងការរំលោភសិទ្ធិផ្សេងៗរបស់ប្រជាពលរដ្ឋជាដើម។

លោក មឿន តុលា បន្ថែមថា៖ «លក្ខខណ្ឌដែលគេតម្រូវហ្នឹង គឺរឿងធ្វើឱ្យប្រសើរឡើងនូវបញ្ហាសិទ្ធិកម្មករ សិទ្ធិមនុស្ស សិទ្ធិដីធ្លីក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យហ្នឹងឯង។ អ៊ីចឹងសមាគមទាំងអស់ហ្នឹងកុំស្នើសុំទៅតែសហគមន៍អឺរ៉ុប គួរស្នើ និងជំរុញលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា លោកធ្វើការពិចារណាដោះស្រាយអនុសាសន៍របស់សហគមអឺរ៉ុបដែលផ្តល់កន្លងមក។ បើសិនជាដោះរឿងហ្នឹងបាន ខ្ញុំគិតថា អា២០ភាគរយហ្នឹងវាអាចនៅត្រឹមហ្នឹងឬក៏គេអាចដកវិញ។»

លោក មឿន តុលា បន្តថា បច្ចុប្បន្ន កម្ពុជាមានបញ្ហាធំៗចំនួន៣ ដែលរដ្ឋាភិបាលត្រូវដោះស្រាយ គឺបញ្ហាការរីករាលដាលជំងឺកូវីដ១៩ បញ្ហាអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងបញ្ហាលាងលុយកក្វក់។ នៅថ្ងៃទី​១២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបបាន​សម្រេចដកហូត​ផ្នែក​ខ្លះនៃប្រព័​ន្ធ​អនុគ្រោះ​ពន្ធ EBA ជាបណ្តោះអាសន្នពីកម្ពុជា ក្រោ​មហេតុផលថា ​កម្ពុជាបាន​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែល​ផ្ទុយពី​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕

រាយការណ៍​បន្ថែម​ដោយ​លោក ឃុត សុគុណ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ