អ្នក​​វិភាគ​បញ្ហា​សង្គម​​ ​បារម្ភ​​ពី​​ផល​​ប៉ះពាល់​​នៃ​​បំណុល​​របស់​​ពលរដ្ឋ​​ទៅ​​លើ​​ស្ថិរភាព​​សង្គម​

ទិដ្ឋភាពនៅពីមុខធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

អ្នក​វិភាគបញ្ហាសង្គម​ ​លើក​ឡើង​ពី​ក្ដី​បារម្ភ​នៃ​បំណុល​របស់​ពលរដ្ឋ​ទៅ​លើ​​ស្ថិរភាព​សង្គម ដោយ​ថា​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​មួយ​គ្រួសារ​ ជា​មធ្យម​ត្រូវ​បង់​​យ៉ាង​ហោច​ជាង​៣០០ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ធនាគារ ខណៈ​ចំណូល​ពលរដ្ឋ​ម្នាក់​មាន​ជាង​១ពាន់​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

ក្នុង​របាយការណ៍​របស់​ធនាគារ​ជាតិ​ឆ្នាំ២០១៨ ចេញ​ផ្សាយ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ខ្ចី​ប្រាក់​​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១៨ ​មាន​ជិត៤លាននាក់ ដែល​មាន​ចំនួន​ទឹក​ប្រាក់​កម្ចី​សរុប​ប្រមាណ ៣ម៉ឺនលានដុល្លារអាមេរិក។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក យ៉ង ប៉ាក់ បាន​លើក​ឡើង​ថា ​ទំហំ​បំណុល​របស់​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ហាក់​កើន​ឡើង​យ៉ាង​គំហុក​ពី​ឆ្នាំ​២០១៥​មក ដោយ​លោក​បញ្ហា​ពី​​ក្ដី​បារម្ភ​ថា​ វា​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវភាព​របស់​ពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​ផ្ដើម​លក់​ដី ធ្វើ​ចំណាក​ស្រុក​ និង​បញ្ហា​អ​សន្តិសុខ​សង្គម​ក៏​កើត​មាន​​ផង​ដែរ។

លោក​ថា៖ «ប៉ុន្តែ​ មិន​មែន​គ្រប់​អំពើ​ប្លន់​ទាំង​អស់​សុទ្ធ​តែ​មក​ពី​បំណុល​ទេ​ សុំ​បញ្ជាក់​ឲ្យ​ច្បាស់ តែ ​Trend របស់​សង្គម​ជា​ទូទៅ​គឺ​អ៊ីចឹង​! ឲ្យ​តែ​សម្ពោធ​នៃ​ហិរញ្ញវត្ថុ​រុញ​ច្រាន​កាន់​តែ​ខ្លាំង ​គឺ​វា​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​គិត​ចេញ​រឿង​ផ្សេងៗ​ ដើម្បី​ដោះ​បំណុល​ហ្នឹង​ហើយ។»

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ​កញ្ញា លី ស្រីស្រស់ មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​បំណុល​កើន​ឡើង​ ប្រាកដ​ណាស់​អ្នក​ជំពាក់​នឹង​រក​មធ្យោបាយ​ថ្មី​ដើម្បី​ដោះ​បំណុល​ទាំង​នោះ​។

កញ្ញា​ស្រី​ស្រស់៖ «ខ្ញុំ​ក៏​មើល​ឃើញ​ថា ​បញ្ហា​ចំណាក​ស្រុក​ក៏​ជា​បញ្ហា​ចម្បង​ផង​ដែរ ចំពោះ​បញ្ហា​សន្តិសុខ​ ដូច​ជា ​បញ្ហា​ប្លន់ ឬ​ក៏​លួច​អី​ជា​ដើម​ គ្រាន់​តែ​ខ្ញុំ​មិន​មាន​ទិន្នន័យ​បង្ហាញ​ទេ​អំពី​ចំនួន​ទិន្នន័យ​រវាង​កំណើន​នៃ​បំណុល​ ឬ​ក៏​អត្រា​ចំនួន​ឆក់​ប្លន់​ហ្នឹង​វា​ឡើង​កម្រិត​ណា​ ប៉ុន្តែ​ ខ្ញុំ​ក៏​គិត​ថា​ អាច​នឹង​មាន​ទំនាក់ទំនង​នឹង​គ្នា​ផង​ដែរ។»

ក្នុង​ការ​ស្រាវជ្រាវ​របស់​វេទិកា​អនាគត​ចេញ​កាល​ពី​ខែ​មករា ​ដើម​ឆ្នាំ​នេះ​ ដែល​មាន​ចំណង​ជើង «អន្ទាក់​បំណុល» បាន​ឲ្យ​ដឹង​ថា​ បំណុល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ ខណៈ​ចំណូល​ពី​ការ​ធ្វើ​ចំណាក​ស្រុក​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​លុប​បំណុល​របស់​ខ្លួន​បាន​នោះ​ទេ មាន​តែ​រុញ​ឲ្យ​ពលរដ្ឋ​ជាប់​បំណុល​កាន់​តែ​ច្រើន​ទៀត​ផង​។

ក្នុង​ការ​ស្រាវជ្រាវ​នោះ​លើក​ឡើង​ថា៖ «ការ​ផ្ញើ​ប្រាក់​ពី​ក្រៅ​ប្រទេស​លើក​ទឹកចិត្ត​គ្រួសារ​អន្តោ​ប្រវេសន៍​ ខ្ចី​លុយ​កាន់​តែ​ច្រើន​។  តិច​បំផុត​៦​ភាគរយ​ នៃ​លុយ​ដែល​បាន​ផ្ញើ​មក ​គឺ​សម្រាប់​សង​បំណុល។»

​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កញ្ញា លី ស្រីស្រស់ បង្ហាញ​ក្ដី​បារម្ភ​ថា ​បើ​សិន​ជា​និន្នាការ​នេះ​នៅ​តែ​បន្ត​នោះ ​វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​បំណុល​កាន់​តែ​ពិបាក​ដោះ​ស្រាយ​ផង​ដែរ។

កញ្ញាថា៖ «ទៅ​ខ្ចី​បំណុល​ដោយ​ពឹង​លើ​កូន នៅ​ពេល​ដែល​កូន​មាន​បញ្ហា ​អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​លំបាក។ ចំណុច​នេះ​ គឺ​ជា​ចំណុច​ដែល​សំខាន់ ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​គោលនយោបាយ​ដែល​ទាក់ទង​នឹង​បំណុល​របស់​ធនាគារ​ចំពោះ​ពលរដ្ឋ​។» ​

VOD មិន​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់​នៃ​ធនាគារ​ជាតិ​ដើម្បី​បកស្រាយ​បាន​នោះ​ទេ។

តែ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៨ របស់​ធនាគារ​ជាតិ​ បាន​​ការពារ​ការ​ខ្ចី​លុយ​របស់​ពលរដ្ឋ​ថា​ វា​មិន​ត្រឹម​តែ​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​បាន​នោះ​ទេ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ផង​ដែរ។

ក្នុង​របាយការណ៍​នោះ​សរសេរ​ថា៖ «ឥណទាន​ ជា​ប្រភព​ទុន​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ សម្រាប់​បង្កើត ​និង​ពង្រីក​អាជីវកម្ម ដែល​ជា​កត្តា​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​កាត់​បន្ថយ​ភាព​ក្រីក្រ។»

ទោះ​ជា​យ៉ាង​ណា ​សម្រាប់​លោក ​យ៉ង់ ប៉ាក់ ​ជំរុញ​ឲ្យ​រដ្ឋ​ដោះស្រាយ​បញ្ហា​បំណុលពលរដ្ឋ​​នេះ​ឲ្យ​បាន​លឿន​ ដោយ​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​ច្បាស់លាស់​ពី​បំណុល​ និង​បង្កើន​ចំណូល​ពលរដ្ឋ​ក្នុង​ស្រុក​តាម​រយៈ​ការ​ជំរុញ​វិស័យ​កសិកម្ម ពង្រីក​ទីផ្សារ​នាំ​ទំនិញ ពង្រឹង​គុណភាព​ផលិត ជា​ពិសេស​រដ្ឋ​គួរ​តែ​សុខ​ចិត្ត​ចំណាយ​ខាត​ខ្លះ​ ដើម្បី​ចំណេញ​សេដ្ឋកិច្ច​មក​វិញ​។

លោក​ថា៖ «ខ្ញុំ​ឧទាហរណ៍​ ដូច​នៅ​វៀតណាម​ដែល​គ្រាន់​តែ​ថ្មី​ៗ​នេះ ​វៀតណាម​ទម្លាក់​ពន្ធ​នាំ​ចូល​ឡាន​មក​សូន្យ​ភាគរយ​ភ្លាម ​ចំណូល​របស់​វៀតណាម​ឡើង​៧០០ភាគរយ អ៊ីចឹង! ​ដូច​គ្នា​ដែរ ​ប្រសិន​យើង​ទម្លាក់​ថ្លៃ​ភ្លើង​ឲ្យ​កាន់​តែ​ទាប​ តែ​ខ្ញុំ​មិន​និយាយ​ទូទៅ​ទេ​ ខ្ញុំ​និយាយ​តែ​រោងម៉ាស៊ីន ឬ​ក៏​រោងចក្រ ដូចជា​ រោង​ម៉ាស៊ីន​កិនស្រូវ ​ឬ​រោងចក្រ​កាត់ដេរ ឬ​អី​ហ្នឹង​ រោងចក្រ​ផ្សេងៗ គឺ​យើង​នឹង​អាច​បង្កើន​ចរន្ត​សេដ្ឋកិច្ច​របស់​យើង​កាន់​តែ​ខ្លាំង ដែល​នៅ​ពេល​នោះ​ហើយ​សេដ្ឋកិច្ច​របស់​យើង​នឹង​ខ្លាំង​ហើយ​នៅ​ពេល​ហ្នឹង​៕»​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ