មន្ត្រីតុលាការខេត្តពោធិ៍សាត់ អះអាងថា ពលរដ្ឋ២នាក់នៅខេត្តកំពង់ឆ្នាំង ដែលត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីនៅស្រុកក្រគរ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោក សឹង សារិត ហៅ តេវ អាយុ៦០ឆ្នាំ រស់នៅភូមិសន្លង់ និងលោក ពឹម ចិត្រា រស់នៅភូមិក្បាលដំរី ដែលភូមិទាំងពីរស្ថិតនៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចខេត្តពោធិ៍សាត់ជាបន្តបន្ទាប់កាលពីថ្ងៃអង្គារនិងថ្ងៃពុធក្នុងសប្ដាហ៍នេះ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ លោក កូយ កាន់យ៉ា ប្រាប់វីអូឌីនៅថ្ងៃនេះថា ពលរដ្ឋទាំង២នាក់នេះត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយថា បានកៀរគរអ្នកភូមិផ្សេងទៀតឱ្យរំលោភយកដីរបស់រដ្ឋ។
លោក កូយ កាន់យ៉ា ប្រាប់ថា៖ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និយាយទៅគាត់កៀរគរឱ្យប្រជាពលរដ្ឋទៅប្រព្រឹត្តបទល្មើស ទៅយកដី»។
អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ ដែលទទួលបន្ទុកដីធ្លី ប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា សមត្ថកិច្ចចាប់ពលរដ្ឋទាំង២នាក់នោះ ហើយកំពុងត្រៀមចាប់ខ្លួនពលរដ្ឋផ្សេងទៀត បន្ទាប់ពីពួកគេបានចូលទៅរុករានដីព្រៃច្រើនលើសលុបពេកក្នុងខេត្តពោធិ៍សាត់ និងបានដឹកនាំពលរដ្ឋត្រៀមតវ៉ាបិទផ្លូវជាតិលេខ៥ថែមទៀត។
អភិបាលរងខេត្តរូបនេះ បញ្ជាក់ថា អាជ្ញាធរខេត្តពោធិ៍សាត់រឹបអូសយកដីពលរដ្ឋកំពង់ឆ្នាំងចំពោះតែពលរដ្ឋណារុញដីថ្មីនិងច្រើនហិកតា ហើយមិនបានរស់នៅអចិន្ត្រៃយ៍ប៉ុណ្ណោះ។
លោក ចេង ឡៃ បញ្ជាក់ថា អាជ្ញាធរខេត្តបានដកដីពីពលរដ្ឋកំពង់ឆ្នាំងនិងដីក្រុមហ៊ុន ភាពីម៉ិច ទំហំជាង៥ពាន់ហិកតា ដើម្បីទុកបែងចែកដីសង្គមកិច្ចទៅឱ្យពលរដ្ឋខេត្តពោធិ៍សាត់នៅឃុំអន្សាចំបក់ ជាង៣ពាន់គ្រួសារ ទៅតាម សជណ របស់រដ្ឋាភិបាលដែលបានចេញកាលពីឆ្នាំ២០១០។
អ្នកភូមិម្នាក់ទៀតអាយុ៤៩ឆ្នាំ បានឱ្យដឹងថា លោកមិនហ៊ានចូលធ្វើកសិកម្មលើដីធ្លីនិងរស់នៅលើតំបន់ដែលអាជ្ញាធរខេត្តពោធិ៍សាត់ចាត់ទុកជាកម្មសិទ្ធិរបស់រដ្ឋទៀតនោះឡើយ បន្ទាប់ពីលោកដឹងថា ឈ្មោះលោកក៏ស្ថិតនៅក្រោមការតាមចាប់ខ្លួនពីសមត្ថកិច្ចខេត្តពោធិ៍សាត់ផងដែរនោះ។
បុរសជាអ្នកភូមិរូបនេះ ដែលបានប្រាប់ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះដោយបារម្ភខ្លាចការចាប់ខ្លួនរូបលោកនោះ បានស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ផ្តល់ដីជូនប្រជាពលរដ្ឋនិងប្រាប់ទៅអាជ្ញាធរមូលដ្ឋានឈប់ធ្វើទុក្ខបុកម្នេញលើពួកគេបន្តទៀត។
អ្នកភូមិលាក់អត្តសញ្ញាណនិយាយថា៖ «ស្នើទៅរាជរដ្ឋាភិបាលជួយដោះស្រាយរឿងដីធ្លីជូនប្រជាពលរដ្ឋ ព្រោះតំបន់ខ្ញុំកាន់កាប់យូរណាស់ហើយ ហើយ[សមត្ថកិច្ច]តាមចាប់ខ្ញុំ ហើយខ្ញុំអត់អាចទៅនិយាយជាមួយគាត់[សមត្ថកិច្ច]កើត គ្រាន់តែគេឃើញ ចាប់[ខ្លួនខ្ញុំ]បាត់ហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាកាលពីដើមខែកក្កដានេះ ឱ្យស្ថាប័នពាក់ព័ន្ធកាត់ឆ្វៀលដីរដ្ឋជូនពលរដ្ឋដែលបានរស់នៅនិងអាស្រ័យផលលើដីនោះអស់រយៈពេលយូរឆ្នាំមកហើយ ដោយលោកកុំឱ្យប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច អត់ឃ្លាន និងធ្វើចំណាកស្រុក។
នៅពេលសួរពីការអនុវត្តតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ អះអាងថា អាជ្ញាធរខេត្តនេះកំពុងតែអនុវត្តតាមហើយនៅក្នុងករណីនេះ ហើយលោកថា អាជ្ញាធរខេត្តនេះបានចាត់វិធានការទៅលើបុគ្គលមួយចំនួនដែលមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។
លោក ចេង ឡៃ ប្រាប់ថា៖ «មិនថាអ្នកកំពង់ឆ្នាំង មិនថាអ្នកស្រុកណាទេ ឱ្យតែរស់នៅអាស្រ័យផលលើដីពិតប្រាកដ មានផ្ទះ មានសម្បែង កាត់ជូនតាមគោលនយោបាយដែលយើងធ្លាប់ធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងខេត្តពោធិ៍សាត់ […] យើងអនុវត្តតាមគោលនយោបាយរដ្ឋាភិបាលហើយ តែមានពលរដ្ឋខ្លះទន្រ្ទានយកថ្មីទៅ»។
នាយករងអង្គការលីកាដូ លោក អំ សំអាត ដែលទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស មានប្រសាសន៍ថា សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលមានជម្លោះប្រកបដោយតម្លាភាព យុត្តិធម៌ ជាជាងចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារ ដែលអាចនាំឱ្យមានបញ្ហាប្រឈមនានាកើតឡើងនៅថ្ងៃខាងមុខ។
លោក អំ សំអាត ប្រាប់ថា៖ «កាលណាដែលយើងមិនបានគិតអំពីឫសគល់នៃបញ្ហាក្នុងការដោះស្រាយរឿងទំនាស់ដីធ្លីទេ ហើយយើងអាចប្រើប្រាស់តាមប្រព័ន្ធផ្លូវច្បាប់ឬក៏តុលាការ រឿងហ្នឹងវាមិនចប់ទេ ហើយវាអាចនឹងរីករាលដាលបន្តទៀត ដូចជាករណីកន្លងមកដែលយើងធ្លាប់ឃើញអ៊ីចឹង វាមិនមែនជាបញ្ហាដំណោះស្រាយទេ»៕