លោក ហ៊ុន សែន បញ្ជា​​ទៅ​​ស្ថាប័ន​​ពាក់​ព័ន្ធ​​ឱ្យ​កា​ត់​​ឆ្វៀល​​ដី​​ចេញ​ពី​​តំបន់​​ការពារ​​ចែក​​ឱ្យ​ពលរដ្ឋ​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​កា​ត់​ឆ្វៀល​ដីចេញពី​តំបន់​ការពារ ដើម្បី​បែងចែក​ទៅ​ឱ្យប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យផល​យូរឆ្នាំ។

ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី៣ ខែ​កក្ក​ដា​នេះ បាន​ឱ្យដឹង​ថា ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្រ្តី​ពេញអង្គ​នា​ព្រឹក​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​ទៅ​រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឱ្យកាត់​ឆ្វៀល​ដីឱ្យ​ពលរដ្ឋដោយកាត់ចេញ​ពីដី​ដែល​ជា​គម្រប​ព្រៃឈើ ឬជា​តំបន់​ការពារ ឬតំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​កាត់​ឆ្វៀល​ដី​ចេញពី​តំបន់​ការពារ ដើម្បី​ចែក​ទៅ​ពលរដ្ឋ​ធ្វើ​កម្មសិទ្ធិ​នោះ គឺ​អនុវត្ត​សម្រាប់​តែ​ពលរដ្ឋ​ដែល​បាន​ទៅ​រស់នៅ និង​បង្ក​បង្កើន​ផល​លើ​ដី​តំបន់​ការពារ​នោះ​ពី ១០ ទៅ ២០ឆ្នាំ​ប៉ុណ្ណោះ ជាពិសេស​ពលរដ្ឋ​នៅ​ខេត្តកោះកុង និង​ខេត្តព្រះវិហារ​ជាដើម។

សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​រៀបរាប់​ថា៖ «ព្រោះ​កន្លងមក រដ្ឋ​មានតែ​ដី​ក្នុង​ផែនទី​ទេ តាមពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅ​ដ្ឋាន​រស់នៅ​បង្កើតកូន​ចៅ​រាប់​សិប​ឆ្នាំ​មក​ហើយ​នៅ​លើ​ទីតាំង​ដី​ទាំងនោះ។ នេះ​ជា​ការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ។ កុំ​ទុក​ប្រជាពលរដ្ឋ​ឱ្យ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅទៀត»។

លោក ហ៊ុន សែន ក៏​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការងារ​នេះ​ឱ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត រួម​ទាំង​ជំរុញ​ឱ្យមន្ត្រី​ពន្លឿន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឱ្យបាន​ឆាប់​ផង​ដែរ។

បើ​ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យកាត់​ឆ្វៀល​ដី​ចេញពី​តំបន់​ការពារ ដើម្បី​ចែក​ពលរដ្ឋ​ក៏ដោយ លោក​ក៏​ស្នើ​ទៅ​ពលរដ្ឋ​កុំ​ពង្រីក ឬរំលោភ​យក​ដីនៅតំបន់​ការពារ​បន្ថែម​ទៀត​ដែរ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សុំ​មិន​ធ្វើ​អធិប្បាយ​លើ​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបរាប់​លើ​ហ្វេសប៊ុក​នោះ​ឡើយ។

ពលរដ្ឋ ៣នាក់​បងប្អូន​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​ជាប់​បណ្តឹ​ងនៅ​តុលាការ ខណៈ​ឪពុក​របស់​ពួក​គេ​ឈ្មោះ ចេត ប៊ុ​ន អាយុ ៦៥ឆ្នាំ ជាប់ពន្ធ​នា​គារ​ជិត ១ឆ្នាំ ទៅ​តាម​បណ្តឹ​ងរ​បស់​មន្ទីរ​បរិស្ថាន និង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance Cambodia​) ក្រោម​ការ​ចោទ​ថា បាន​កាប់​រុករាន និង​ឈូស​ឆាយ​ចូល​ដី​ព្រៃ​តំបន់ការពារធម្មជាតិ​ទំហំ ០.៣៥ហិ​កតាម​កធ្វើជា​កម្មសិទ្ធិ ស្ថិត​ក្នុង​ភូមិ​តា​ធង ឃុំ​ដងពែង។

កូនលោក ចេត ប៊ុ​ន គឺ ប៊ុ​ន ឆាន និយាយ​ថា គ្រួសារ​របស់​លោក​រង​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង ខណៈ​ដែល​រូបលោក និង​ប្អូនស្រី​ពីរ​នាក់ បាន​ជាប់​បណ្តឹ​ងនៅ​តុលាការ ហើយ​ឪពុក​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយសារតែ​ចូល​កាប់​ឆ្ការព្រៃ​ក្នុង​ភូមិ ដែល​លោក​ថា បាន​ចូលកាន់​កាប់ និង​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ពីឆ្នាំ១៩៩៤។

លោក ប៊ុ​ន ឆាន បាន​ទាមទារ​ទៅ​តុលាការ​ទម្លាក់​ចោល និង​ដោះលែង​ឪពុក​មាន​សេរីភាព​វិញ ហើយ​អាជ្ញាធរ​ផ្តល់​ដី​ជូន​គ្រួសារ​លោក​វិញ។

លោក​បន្ថែម​ថា៖ «ដី​របស់​ឪពុក​ខ្ញុំ​សោះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​គេ​បាន​វាស់វែង​ឱ្យហើយ និង​ត្រៀម​ចេញ​ជា​ប្លង់​ហើយ បែរជា​ចាប់​គាត់​ឃុំ​បែបនេះ វា​អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ​ណាស់។ ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​តុលាការ​ដោះលែង​ឪពុក​ខ្ញុំ​វិញ និង​ផ្តល់​ដី​ឱ្យគ្រួសារ​ខ្ញុំ​វិញ»។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត បាន​គាំទ្រ​ចំពោះ​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អ្នក​សិទ្ធិមនុស្ស​រូប​នេះ ក៏​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​មាន​វិធានការ​ដក​ដី​ចេញពី​អ្នកមាន​លុយ​មានអំណាច និង​ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​រំលោភ​យក​ដីធ្លី​ពល​រដ្ឋ​មក​ប្រ​គល់​ជូន​ពលរដ្ឋ​វិញ​ផង​ដែរ។

លោក វណ្ណ សុផាត ប្រាប់​ថា មាន​ក្រុមហ៊ុន និង​អ្នកមាន​លុយ​មានអំណាច​មួយចំនួន នៅតែ​បន្ត​រំលោភ​បំពាន​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ ដែល​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក​ខ្វះខាត​ដី​ធ្វើ​កសិកម្ម។

លោក វណ្ណ សុផាត បន្ថែម​ថា៖ «សំខាន់​ដី​ប្រជាពលរដ្ឋ​ដែល​គាត់​រស់នៅ​ពីដើម​មក​ហើយ​នេះ សូមកុំ​ឱ្យអាជ្ញាធរ ឬក៏​ក្រុមហ៊ុន ឬឧកញ៉ា​ទៅ​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ ហើយ​បណ្តេញ​គាត់​ចេញពី​លំនៅឋាន​ជាដើម។ ឃើញ​ថ្មី​ៗនេះ តាមរយៈ​សង្គម​ហ្វេសប៊ុក​ ឃើញ​មាន​ឧកញ៉ា ឬអ្នកមាន​សក្តិធំ​មួយចំនួន បាន​ប្រើប្រាស់​មន្ត្រី​សាធារណៈ​ ប៉ូលិ​ស យោធា ប៉េ​អឹម ទៅ​ឈូស​ឆាយ​យក​ដី​ពលរដ្ឋ ដែល​នេះ​ជា​រឿង​មួយ​សោក​ស្តាយ ហើយ​ប្រសិនបើ​សម្តេច​ចាត់​វិធាន​ការ​លើ​រឿង​ហ្នឹង​បាន​ទៀត ប្រជាពលរដ្ឋ​នឹង​គាំទ្រ​សម្តេច​មែនទែន»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា កម្ពុជា​មាន​ព្រៃឈើ ៥០ភាគរយ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស ដែល​ជា​អត្រា​មាន​ព្រៃឈើ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​ថា មកទល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ ដែល​ស្ថិតនៅ​ក្រោម​យុត្តាធិការ​របស់ក្រ​សួង​បរិស្ថាន​រហូតដល់​ប្រមាណ ៤១ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧លាន ២សែន​ហិ​កតា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ