ពលរដ្ឋ​​​១០​​នាក់​​នៅ​ឧត្ដរ​មាន​ជ័យ​​កំពុង​រក​មេធាវី​ជួយ​ការពារ​ក្តី​ ខណៈ​តុ​លាការ​​កោះ​​ហៅ​​​ឱ្យ​បំភ្លឺ​​រឿង​​ដី​​ធ្លី

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋមានជម្លោះដីធ្លី១០នាក់នៅខេត្តឧត្ដរមានជ័យ កំពុងស្វែងរកមេធាវីឱ្យជួយការពារក្តីរឿងជម្លោះដីធ្លី និងត្រៀមស្នើ​សុំ​​ពន្យា​រពេល​ចូល​បំភ្លឺ​នៅ​ចំពោះមុខតុលាការ ប្រសិនបើពួកគេរកមេធាវីមិនបាន។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្ដរមានជ័យ លោក យិន វិសិដ្ឋ បានចេញដីកាលើកទី៣ បង្គាប់ឱ្យពលរដ្ឋមួយក្រុមទៀតមានគ្នា១០នាក់ រួម​មាន លោក ប្រម រី, លោក ឡាត ភូត, លោក ឡា ខន, លោក ឡុញ សុភាព, ឡោក ឆោម រ៉ា, លោក ឡា ដាង និងពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់កូវក្រៀល ចូល​ទៅបំភ្លឺ​​នៅថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​សួរ​ពី​ដំណើរ​រឿង «កាប់​រាន​ដី​ព្រៃ ឈូសឆាយ​ដី​ព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» កាលពីជាង៥ខែមុន ស្ថិតនៅភូមិតាម៉ាន សង្កាត់​កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ក្នុងដីកាដដែលនេះ តុលាការ​ក៏បានដាក់​ឱ្យ​ពលរដ្ឋទាំង១០នាក់នោះស្ថិតនៅ​ក្រោមការត្រួតពិនិត្យពីបទ «កាប់​រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ដោយគ្មានច្បាប់អនុញ្ញាតផងដែរ។

លោក ឡាត ភួត រស់នៅភូមិតាម៉ាន សង្កាត់កូនក្រៀល ប្រាប់ ​វីអូឌី​ នៅថ្ងៃអង្គារ​​​នេះ​ថា ពួកគាត់ទាំង១០នាក់នោះបានពិភាក្សាគ្នា និងត្រៀមលិខិតរួចហើយ ដើម្បីដាក់ទៅសាលាដំបូងខេត្តឧត្ដរមានជ័យ សុំពន្យារពេលចូលបំភ្លឺ ប្រសិនពួកគាត់រកមេធាវីមកការពារក្តីមិនបាន។

ពលរដ្ឋរូបនេះបន្តថា ករណីចោទប្រកាន់ពួកគាត់​ថា កាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់នោះ ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ ដោយថា ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកថា ដីស្រែនិងដីចម្ការ គឺគ្រួសារលោកបានចូលទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៩ រហូតមកទល់បច្ចុប្បន្ននេះ។

លោកបន្ថែមថា៖ «យើងបានមេធាវី យើងមានភាពកក់ក្តៅ។ ពេលដែលយើងឡើងទៅជួបចៅក្រមគាត់សួរ​អី យើងឆ្លើយជាក់ស្តែងថា ដីហ្នឹងយើងធ្លាប់អាស្រ័យផលយូរណាស់មកហើយ។ យើងឆ្លើយតាមដំណើររឿងហ្នឹងទៅ។ ពួកខ្ញុំបានចូលអាស្រ័យផលយូរហើយ ពួកខ្ញុំមិនបានបំពានដូចការចោទប្រកាន់ទេ។ រឿង​គាត់ចោទ​ថា ពួកខ្ញុំបំពាន​ដីរដ្ឋនោះ គឺគាត់ចោទខុស»

លោក ព្រាន វី មានដីទំហំ២ហិកតាសម្រាប់ដាំដំឡូងមី និងធ្វើស្រែ ដែលកំពុងជាប់បណ្តឹងនៅតុលាការដែរនោះ បានស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ និង​កុំចាត់ការលើបណ្តឹងប្រឆាំងពួកគាត់ ព្រមទាំង​ស្នើដល់​អាជ្ញាធរ​ចុះវាស់វែងដីធ្លីនោះនិងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ហើយបញ្ឈប់ការគំរាមកំហែង​ចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារបន្តទៀត។

ពលរដ្ឋរូបនេះបន្តថា រូបលោកនិងពលរដ្ឋផ្សេងទៀតកំពុងព្រួយបារម្ភពីការចាប់ខ្លួននិងការ​បាត់បង់ដីធ្លីគ្មានអ្វីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។

លោកបន្ថែមថា៖ «រាល់​ថ្ងៃនេះ ខ្ញុំកំពុងតែបារម្ភណាស់ យើងមិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកា​ន់របស់​គេទេ ប៉ុន្តែក្នុងដីកាគេចោទយើងថា ប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ទៀត។ អាជ្ញាធរ​គួរតែមានដំណោះស្រាយ ដោយវាស់វែងដី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ​បានអាស្រ័យផលរួចហើយហ្នឹងទៅ។ សព្វថ្ងៃ ចេញទៅរកស៊ី​នៅ​ណារួច​? ដោយ​សារ​តែ​កូវីដ មានតែដីស្រែចម្ការតិចតួចហ្នឹង ហើយធ្វើអាស្រ័យផលដើម្បីចិញ្ចឹមជីវិត។ ចុះបើដីនោះយកគេយកអស់ទៀត តើពួកយើងបានអីចិញ្ចឹមជីវិត»

បើតាមលោក ព្រាន វី ដីដែលពួកគាត់កំពុងអាស្រ័យផល និងរងការចោទប្រកាន់ថាបានកាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់នោះ គឺកំពុងមានជម្លោះជាមួយក្រុមហ៊ុន សាន ហ៊ាង ដែលទើបទទួលបានសិទ្ធិវិនិយោគកាលពីដើមឆ្នាំ២០២១នេះដែរ។

ក្នុងដីកាកោះ តុលាការបានព្រមានពីការចេញដីកាឱ្យនាំខ្លួនផងដែរ ប្រសិនបើពលរដ្ឋទាំង១០នាក់នោះព្យាយាមគេចវេះមិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅ។

អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍ថា រឿងពលរដ្ឋជាប់បណ្តឹងនៅតុលាការពាក់ព័ន្ធរុករានដីព្រៃដោយខុសច្បាប់ឬយ៉ាងណានោះ ជាសមត្ថកិច្ចរបស់តុលាការ ដែល​អាជ្ញាធរខេត្តមិនអាចលូកដៃបានឡើយ។

ចំពោះបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន សានហ៊ាង វិញ អភិបាលខេត្តរូបនេះប្រាប់ វីអូឌី កាលពីថ្ងៃទី២៧ ខែសីហានេះថា​ លោកបានបង្កើតគណៈកម្មការមួយចុះស្រាវជ្រាវនិងស៊ើបអង្កេតរកឯកសារពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់។

មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន បានឱ្យដឹងថា ពលរដ្ឋ​ទាំង​១០នាក់ បានមកពឹងពាក់រកមេធាវីពី​ខាងសមាគមអាដហុក​ឱ្យជួយការពារក្តីដល់ពួកគេ។ លោក​ថា លោកកំពុងរៀបដាក់សំណើសុំមេធាវី​ទៅថ្នាក់ដឹកនាំសមាគមហើយ ដោយលោកមិនទាន់អាចឆ្លើយតបថាយ៉ាងណានៅឡើយទេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយដីធ្លីជូនពលរដ្ឋតាមសន្តិវិធី ជាជាងការគំរាមកំហែងនិងប្តឹងពលរដ្ឋទៅតុលាការ​ ដែលធ្វើឱ្យពលរដ្ឋកាន់តែជួបផលលំបាក។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់បានធ្វើ គាត់បានបង្កបង្កើនផលហើយ អ៊ីចឹង​ផ្តល់ឱកាស​ឱ្យពួក​គាត់​បានទទួល​ផល​ហ្នឹងសិនទៅ។ ហើយធ្វើការដោះស្រាយគ្នាតាមសន្តិវិធីដោយអហិង្សា ហើយអញ្ជើញ​ពួកគាត់មកដោះស្រាយទៅជាការល្អ»

កាលពីថ្ងៃទី២៧ ខែសីហានេះ ពលរដ្ឋមួយក្រុមទៀត​នៅក្នុងឃុំចំនួន២ នៃក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានបារម្ភពីការចាប់ខ្លួននិងបាត់បង់ដីធ្លីជាលើកទី២ ខណៈតុលាការបានចេញដីកាកោះហៅពួកគេ១១នាក់ឱ្យឆ្លើយបំភ្លឺ ក្រោមការចោទប្រកាន់ថា បានក្លែងឯកសារសាធារណៈរំលោភយកដីធ្លីរបស់ក្រុមហ៊ុន សានហ៊ាង ប៉ុន្តែត្រូវបានពលរដ្ឋច្រានចោលការចោទប្រកាន់នេះ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងកសិកម្ម បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន «សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក» ធ្វើការឈូសឆាយ និងប្រមូលផលអនុផលព្រៃឈើក្នុងអនុតំបន់២ និងឈូសឆាយផ្ទៃដីទំហំ១ ៥០០ហិកតា ស្ថិតក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ។

មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស្រី ណារ៉េន ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សាន ហ៊ាង នេះបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន២ស្រុកនៃខេត្តឧត្ដរមានជ័យ តាមការប៉ាន់ប្រមាណរបស់លោក គឺមានប្រជាពលរដ្ឋខ្ទង់ពាន់គ្រួសារបានរងផលប៉ះពាល់ពីគម្រោងមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ