ពលរដ្ឋ​មួយ​ក្រុម​បារម្ភ​ពី​ការ​ចាប់​ខ្លួន​​និង​បាត់បង់​ដី​ធ្លី​ជា​ថ្មី​​ ខណៈ​តុលាការ​ខេត្ត​ឧត្ដរ​មានជ័យ​​កោះ​ហៅ​​ឱ្យ​​​ទៅ​​បំភ្លឺ​

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

​ពលរដ្ឋមួយក្រុម​នៅស្រុកសំរោង ខេត្តឧត្ដរមានជ័យ បារម្ភពីការចាប់ខ្លួននិងបាត់បង់ដីធ្លីជាលើកទី២ ខណៈតុលាការបានចេញដីកាកោះហៅពួកគេជាង១០នាក់ ឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធបញ្ហាជម្លោះដីធ្លីនេះនៅដើមខែក្រោយ។

លោក ម៉ៃ ពេក រស់នៅភូមិត្រពាំងវែង ឃុំកូនក្រៀល ស្រុកសំរោង ប្រាប់​ វីអូឌី​ នៅថ្ងៃព្រហស្បតិ៍​​ថា ដី​ទំហំ១ ១៤៩​ហិកតា របស់ប្រជាពលរដ្ឋ២៩៣គ្រួសារ នៅ​ភូមិចំនួន​៥ ក្នុងឃុំសំរោង និងឃុំកូនក្រៀល ស្រុកសំរោង ចាប់ផ្តើមមានជម្លោះជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ «សានហ៊ាង» កាលពីដើមឆ្នាំ២០២១នេះ ក្រោយពីក្រុមហ៊ុនស្ករអំពៅបានដកចេញទៅវិញ។

លោក​បន្តថា​ កាលពីពេល​ថ្មីៗនេះ សាលាដំបូងខេត្តឧត្ដរមានជ័យបានកោះហៅពលរដ្ឋចំនួន១១នាក់ដែល​ជាប់ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន «សានហ៊ាង» ឱ្យចូលខ្លួនឆ្លើយបំភ្លឺ​ចំពោះមុខ​តុលាការនៅ​ថ្ងៃ​ទី១ និងទី២ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ថា ពួកគេក្លែងបន្លំឯកសាររំលោភយកដីរបស់ក្រុមហ៊ុន។

លោក ម៉ៃ ពេក បន្ត​ថា រូបលោកនិងប្រជាពលរដ្ឋ១០នាក់ផ្សេងទៀតនឹងចូលទៅបំភ្លឺតាមការកោះហៅរបស់​តុលាការ ខណៈពួកគាត់​មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។ លោកបន្ថែម​ថា អ្នក​ភូ​មិ​បានចូល​ទៅអាស្រ័យផលលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៧៩ជាបន្តបន្ទាប់រហូតមក ប៉ុន្តែនៅឆ្នាំ២០០៧ ក្រុមហ៊ុនស្ករអំពៅដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលដើម្បីដាំ​អំពៅនៅ​ខេត្តឧត្ដរមានជ័យ បានរំលោភយក​និងដេញពួកគាត់​មិនឱ្យចូលអាស្រ័យផលលើដីរបស់ខ្លួន ដោយមិនបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋឡើយ។

មើតាមលោក ម៉ៃ ពេក នៅឆ្នាំ២០១៤ ក្រុមហ៊ុនស្ករអំពៅបានក្ស័យធននិងបានដកអាជ្ញាបណ្ណវិញ ហើយថា​ ក្រោយពី​ក្រុមហ៊ុនមួយនេះដកចេញ ប្រជាពលរដ្ឋបានចូលទៅអាស្រ័យផលលើដីរបស់ខ្លួនវិញជាលើកទី២។ ប៉ុន្តែលោកថា អាជ្ញាធរ មិនបានប្រគល់ដីនោះជូនអ្នកភូមិវិញទេ បែរជាប្រគល់ទៅឱ្យក្រុមហ៊ុន សាន ហ៊ាង បន្តអភិវឌ្ឍ​ន៍ ដែលបង្កឱ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះបន្តទៀត។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋខ្ញុំ ពួកគេគាំទ្រខ្ញុំ ឱ្យតែខ្ញុំទៅឡើងឆ្លើយបំភ្លឺ គឺពួកគាត់ទៅដែរ ពីព្រោះគេខ្លាច​ខ្ញុំចាញ់សម្លុតគេ។ គិតទៅ ខ្ញុំបារម្ភដែរ មិនមែនមិនបារម្ភទេ ប៉ុន្តែដំណាក់​កាលនេះ​ហើយ​ បើគេថាចាប់ក៏មិនដឹងធ្វើម៉េច ប៉ុន្តែយើងក៏ត្រូវតស៊ូដែរ បើតស៊ូមិនបានទេ មានតែទ្រាំ»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី រ័ត្ន សុភាព ដែលជាប់បណ្តឹងនៅតុលាការដែរនោះ បាននិយាយថា ករណីតុលាការកោះហៅពួកគាត់ឱ្យឆ្លើយបំភ្លឺនេះ ជា​រឿងអយុត្តិធម៌មួយ ដោយថា ពួកគាត់ត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លីហើយ និងត្រូវបានតុលាការកោះហៅថែមទៀត។

ពលរដ្ឋរូបនេះឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អមដោយកម្លាំងទាហាន​ប្រដាប់ដោយកាំភ្លើង និងសន្តិសុខ​របស់ក្រុមហ៊ុនសានហ៊ាង​ប្រមាណ១០នាក់ បានចុះចាប់ពលរដ្ឋ៤នាក់កំពុងធ្វើរោង​ចាំស្រែទាំងគ្មានដីកា​យកទៅឃុំនៅ​រដ្ឋបាលព្រៃឈើខេត្តនេះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់​រយ​នាក់ចូលទៅរំដោះយកបានមកវិញនៅម៉ោងប្រមាណ៨យប់ថ្ងៃ​ដដែល។

អ្នកស្រី រ័ត្ន សុភាព អះអាងថា ក្នុងប្រតិបត្តិការចុះចាប់ពលរដ្ឋនោះ ក្រុមសមត្ថកិច្ចបានប្រើហិង្សានិងប្រើកាំភ្លើងគំរាមបាញ់ប្រជាពលរដ្ឋមិនឱ្យតវ៉ា មិនឱ្យថតរូប និងបានដក​ហូតទូរសព្ទរបស់ប្រជាពលរដ្ឋអស់៣គ្រឿងថែមទៀត។

អ្នកស្រីបន្ថែមថា៖ «ពលរដ្ឋពួកគាត់ចាប់ហ្នឹង គឺពួកគាត់ទាត់មួយជើងហើយដួល ដួលលុតជង្គង់ហើយ យកជើងទៅជាន់កគាត់​ភ្ជុចនឹងដី ហើយទាញ​ដៃធ្វើស្លាបសេកដាក់គាត់ទៀត។ ហើយអ្នកធ្វើស្រែជិតហ្នឹងឃើញរកមក ពេលរត់មកទាហានយកកាំភ្លើងមកភ្ជង់​​អ្នកថតហ្នឹងមិនឱ្យថត គាត់រត់មកហ្នឹងដើម្បីថត ពី​ព្រោះឃើ​ញ​សកម្មភាពវាហួសពេក។ អ៊ីចឹង​គាត់ធ្វើនេះ វាហួសហេតុពេកមកលើប្រជាពលរដ្ឋ»

នាយរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ លោក អ៊ឹម សៅវរិទ្ធ មានប្រសាសន៍ថា ករណីលោក​បញ្ជាកម្លាំងទៅចាប់​ពលរដ្ឋ៤នាក់​នោះ ដោយសារពួកគេបានរុករានដីរដ្ឋខុសច្បាប់។ លោកក៏​បាន​ច្រាន​ចោល​ចំពោះការ​ចោទ​ប្រកាន់​ដែល​ថា សមត្ថកិច្ចប្រើប្រាស់កាំភ្លើងទៅគំរាមកំហែងប្រជាពលរដ្ឋ។

នៅ​ពេលដែលសួរថាតើរដ្ឋបាលព្រៃឈើជាអ្នកប្តឹងពលរដ្ឋជាង១០នាក់ឬយ៉ាងណានោះ លោក​បាន​បដិសេធ​ឆ្លើយ​តប។

លោកបន្ថែមថា៖ «យើងចាប់ពួកគាត់ ដោយសារមូលហេតុពួកគាត់ទៅទន្ទ្រានយកដីរដ្ឋ។ ទន្ទ្រានយកដីឯកជនរបស់រដ្ឋដែលមានប្លង់រឹង»

អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍ថា ជុំវិញជម្លោះដីធ្លី​រវា​ងក្រុមហ៊ុន​ សាន ហ៊ាង និងប្រជាពលរដ្ឋនេះ លោកបង្កើតគណៈកម្មការមួយចុះស្រាវជ្រាវនិងស៊ើបអង្កេតរកឯកសារពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់។ លោកថា គណៈកម្មការនេះស្រាវជ្រាវបានលទ្ធផលខ្លះហើយ ហើយអាជ្ញាធរគ្រោង​​ប្រជុំសម្រេចនៅពេលខាងមុនឆាប់ៗនេះ។

លោកបន្ថែមថា៖ «ខ្ញុំបានរៀបចំគណៈកម្មការមួយឱ្យចុះពិនិត្យ ថាតើបងប្អូនប្រជាពលរដ្ឋមានអ្វីខ្លះសម្អាង! ហើយខាងក្រុមហ៊ុនគេមានអីសម្អាង សំខាន់តឹក​តាំង​ឬភស្តុ​តាង​អីខ្លះ អាហ្នឹងបានយើងអាចដោះស្រាយបាន»

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុន សាន ហ៊ាង បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងកសិកម្ម បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន «សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក» ធ្វើការឈូសឆាយនិងប្រមូលផលអនុផលព្រៃឈើក្នុងអនុតំបន់២ និងឈូសឆាយផ្ទៃដីទំហំ១ ៥០០ហិកតា ស្ថិតក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ។

មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរបានប្រើប្រាស់កម្លាំងទាហាននិងប្រើប្រាស់អាវុធទៅគំរាមលើប្រជាពលរដ្ឋដែលកំពុងមានសកម្មភាពលើដីដែលពួកគេធ្លាប់បានអាស្រ័យផលយូរឆ្នាំ ដូចការលើកឡើងមែននោះ វាគឺជាទង្វើខុសច្បាស់និងរំលោភសិទ្ធិមនុស្ស។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយជូនពលរដ្ឋតាមសន្តិវិធី ជាជាងប្រើប្រាស់អាវុធទៅគំរាមកំហែងនិងចាប់ពលរដ្ឋដាក់ពន្ធនាគារ​ ដែលធ្វើឱ្យពលរដ្ឋខ្លួនឯងកាន់តែជួបផលលំបាក។

លោកបន្ថែមថា ដីដែលប្រជាពលរដ្ឋចូលទៅអាស្រ័យផលនោះ ជាអតីតដីរបស់ក្រុមហ៊ុន អង្គរ ស៊ូហ្គឺ (Angkor Sugar)។ លោកថា ក្រុមហ៊ុនមួយនេះធ្លាប់ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅខេត្តឧត្ដរមានជ័យ ដើម្បីដាំអំពៅ ប៉ុន្តែបានបញ្ចប់ទៅវិញនៅឆ្នាំ២០១៥។

បើតាមលោក ស្រី ណារ៉េន ក្រោយក្រុមហ៊ុនមួយនេះបញ្ចប់ទៅវិញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ហើយមិនទាន់ទទួលបានសំណង បានចូលទៅអាស្រ័យផលលើដីពួកគេវិញ ដែលបណ្តាលឱ្យមានការចោទប្រកាន់ថា ពលរដ្ឋបានចូលទៅឈូសឆាយដីព្រៃរបស់រដ្ឋខុសច្បាប់។ បញ្ហានេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយជូនពលរដ្ឋជាជាងចាត់វិធានការច្បាប់ទៅលើពួកគាត់។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់បានធ្វើ គាត់បានបង្កបង្កើនផលហើយ អ៊ីចឹង​ឱកាស​ឱ្យពួក​គាត់​បានទទួល​ផល​ហ្នឹងសិនទៅ ហើយធ្វើការដោះស្រាយគ្នាតាមសន្តិវិធីដោយអហិង្សា ហើយអញ្ជើញ​ពួកគាត់មកដោះស្រាយទៅជាការល្អដែរ ពីព្រោះប្រជាពលរដ្ឋហ្នឹងគាត់អត់មានអាវុធអីទៅតតាំងជាមួយអាជ្ញាធរហ្នឹងទេ។ ខ្ញុំគិតថា ការធ្វើអ៊ីចឹង​វាជាការល្អជាង ជាជាងយើងប្រើអំពើហិង្សាទៅលើពួកគាត់ដែលជាទង្វើខុស»

បើតាមលោក ស្រី ណារ៉េន គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សាន ហ៊ាង នេះបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន២ស្រុកនៃខេត្តឧត្ដរមានជ័យ តាមការប៉ាន់ប្រមាណរបស់លោកគឺមានប្រជាពលរដ្ឋខ្ទង់ពាន់គ្រួសារបានរងផលប៉ះពាល់ពីគម្រោងមួយនេះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ