មេធាវី​លោក​ កឹម​​ សុខា​ គ្រោង​ដាក់​ពាក្យ​ស្នើ​តុលាការ​​ទម្លាក់​​បទ​ចោទ​កូន​ក្តី​ខ្លួន​

មេធាវីការពារក្ដីឱ្យលោក កឹម សុខា​ គឺលោក ចាន់ ចេន ប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលការពារក្ដីនៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ករណីរឿងលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ី ឆាយ)

សហមេធាវីការពារក្តីឱ្យលោក កឹម​ សុខា ប្រធានអតីត​គណបក្សសង្គ្រោះជាតិ គ្រោង​ដាក់លិខិត​ទៅ​តុលាការ​ ទាម​ទារឱ្យទម្លាក់ចោលបទ​ចោទប្រកាន់លើ​កូនក្តីរបស់ខ្លួន ដោយយល់ថា សំណុំរឿង​ចោទប្រ​កា​ន់នេះជារឿងនយោបាយ។

ស​ហមេធាវីការពារក្តីឱ្យ​លោក កឹម សុខា គឺ​​លោក ចាន់ ចេន មានប្រសាសន៍​នៅថ្ងៃព្រហស្បតិ៍នេះ​ថា គម្រោង​នៃការដាក់ញត្តិទាមទារឱ្យទម្លាក់ចោលបទចោ​​ទ​លើកូនក្តីខ្លួន​​​នេះ ដោយសារ​​ក្រុមមេធាវី​​យល់​ថា តាម​​ច្បាប់​​ជាតិនិង​​អន្តរ​ជាតិ កូនក្តីលោកត្រូវទទួលបានយុត្តិធម៌តា​ម​ការជំនុំជម្រះយ៉ាងឆាប់រហ័ស។ មួយវិញទៀត លោកថា​ កូនក្តីរបស់លោក​​ក៏មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់​ដែរ។

លោ​កថា៖ «ហើយមួយទៀត យើងគិតថា រឿងហ្នឹងវាមិនមែនជាការអនុវត្តច្បាប់ទេ វាជារឿងនយោបាយ! អ៊ីចឹងបើដោះ​ស្រាយតាមផ្លូវបច្ចេកទេស តាមផ្លូវតុលាការ វាអត់អាចធ្វើបានទេ ត្រូវដោះស្រាយតាមផ្លូវនយោបាយ​ [ដាក់ថ្ងៃណា​​ លោកមេធាវី?] ប្រហែលជាអាទិត្យ​ក្រោយៗ»។

លោក កឹម សុខា ត្រូវបានដកសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយ ចាប់ពីថ្ងៃដែលលោកត្រូវបានចាប់ខ្លួនអំឡុងខែកញ្ញា ឆ្នាំ២០​១៧ ក្រោមបទចោទថា «ឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល»

សំណុំរឿងចោទប្រកាន់ដ៏ចម្រូងចម្រាសទៅលើលោក កឹម សុខា បន្តជាប់គាំងនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបើកការជំនុំជម្រះបានជាង៥ខែរួចមក ទោះ​បីមានការស្នើសុំចំនួន​៣លើកពីសំណាក់មេធា​​វី​ការពារក្តី​សុំឱ្យ​សវនាការ​ឡើងវិញក៏ដោយ ខណៈសំណុំរឿងនេះចាប់ផ្តើមបើកសវនាការជំនុំជម្រះពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២០ និងផ្អាកវិញនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលថា កម្ពុជាផ្ទុះរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងដំណើរទស្សន​កិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman មកកាន់កម្ពុជា កាលពីថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២១ លោកស្រីបានទាមទារទៅរដ្ឋាភិបាលឱ្យទម្លាក់ចោលជាបន្ទាន់នូវការចោទប្រកាន់ដែលមានមូលហេតុន​យោបាយដល់សមាជិកគណបក្សប្រឆាំងទាំងអស់ និងបើកលំហប្រជាធិបតេយ្យឡើងវិញមុនការបោះឆ្នោតឆ្នាំ២០២២ និង២​០២៣៕ 


អត្ថបទទាក់ទង

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បើក​លំហ​ប្រជា​ធិប​តេយ្យ​មុន​ការ​បោះឆ្នោត​ ខណៈ​កម្ពុជា​​ស្នើ​​​​​លុប​​​​បំណុល​​​​ចាស់​

ប្រមុខការទូត​​អាមេរិកជំរុញ​​​រដ្ឋាភិបាលកម្ពុជាបើកឡើងវិញនូវលំហប្រជាធិបតេយ្យ នយោ​បាយ និង​សិទ្ធិមនុស្ស មុនការបោះឆ្នោតចូលមកដល់ រីឯ​រដ្ឋាភិបាលកម្ពុជាវិញស្នើ​ឱ្យអាមេរិក​លុប​ចោលបំណុលពីសម័យសង្គ្រាមក្នុងរបប លន់​ណុល សរុបទាំងការទាំងដើមជិត៧០០លាន​​​ដុល្លារ។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ