អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បើក​លំហ​ប្រជា​ធិប​តេយ្យ​មុន​ការ​បោះឆ្នោត​ ខណៈ​កម្ពុជា​​ស្នើ​​​​​លុប​​​​បំណុល​​​​ចាស់​

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

ប្រមុខការទូត​​អាមេរិកជំរុញ​​​រដ្ឋាភិបាលកម្ពុជាបើកឡើងវិញនូវលំហប្រជាធិបតេយ្យ នយោ​បាយ និង​សិទ្ធិមនុស្ស មុនការបោះឆ្នោតចូលមកដល់ រីឯ​រដ្ឋាភិបាលកម្ពុជាវិញស្នើ​ឱ្យអាមេរិក​លុប​ចោលបំណុលពីសម័យសង្គ្រាមក្នុងរបប លន់​ណុល សរុបទាំងការទាំងដើមជិត៧០០លាន​​​ដុល្លារ។ 

ការស្នើទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងប្រមុខរដ្ឋាភិបាល​​កម្ពុជានេះ ធ្វើឡើង​អំឡុងពេល​ជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ។

ក្រោយបិទបញ្ចប់ជំនួប ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានថា តំណាងរបស់ខ្លួនគឺលោកស្រី​ Wendy Sherman​ បាន​រំឭករដ្ឋាភិបាល​កម្ពុជាពីតួនាទីដ៏​សំខាន់​របស់សហរដ្ឋអាមេរិក ដែលបានជួយសម្រុះស​ម្រួល​ឱ្យ​​មានកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបាន​បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ប​ន្ថែ​មពីនេះ អាមេរិកសង្កត់ធ្ងន់សំខាន់​លើបញ្ហាសិទ្ធិមនុស្សនិង​ការ​ការពារ​សេរីភាព​ជា​មូលដ្ឋាន ដែល​អាមេរិកចាត់ទុកថា ជាកត្តាចាំបាច់សម្រាប់ទំនាក់ទំនងទ្វេភាគី និងទាមទារឱ្យរដ្ឋាភិបាល​កម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនផ្នែកសិទ្ធិមនុស្សជាអន្តរជាតិនិងនៅក្នុងប្រទេស ដោយ​​រួម​ទាំង​ការប្តេជ្ញាចិត្ត​ដូចមានចែង​នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ «អំពាវនាវឱ្យអាជ្ញាធរ [កម្ពុជា] ទម្លាក់ចោលជាបន្ទាន់នូវ​ការ​ចោទ​ប្រកាន់​ដែល​មាន​ហេ​តុ​​​ផល​នយោបាយ​ ប្រឆាំង​​នឹងសមាជិកនៃគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជននានា [ខណៈអតីតមេដឹកនាំគណប​ក្ស​សង្គ្រោះជាតិ លោក កឹម សុខា កំពុងជាប់បណ្តឹងនៅតុលាការនៅឡើយ]»។

ក្រៅពីនេះ ភាគីអាមេរិកក៏បាន​ទទូចផងដែរឱ្យរដ្ឋាភិបាលកម្ពុជាបើកឡើងវិញនូវលំហនយោបាយនិងលំហ​ស​ម្រាប់​ពលរដ្ឋ​ធ្វើ​សកម្ម​ភា​ពនៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ 

ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា តាម​រយៈជំនួបនេះ ភាគីកម្ពុជាបានផ្តាំ​ស្នើ​ទៅ​ប្រធានាធិបតីអាមេរិក លោក Joe Biden ពិនិត្យ​ពិចារណាដោះ​ស្រាយបំណុលដែលកម្ពុជាជំពាក់​សហរដ្ឋអាមេរិក តាមវិធីទ្វេភាគីតាមជម្រើសដែលអាចធ្វើទៅបាន។

បើតាមនាយករដ្ឋមន្ត្រីកម្ពុជា វិធីដោះស្រាយបំណុលនោះ ទី១ អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុល​នេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ទី២ សងបំណុលតាមកម្មវិធីដែលមានការប្រាក់​មិនលើសពី១ភាគរយ និងទី៣ បំណុលដែលកម្ពុជាជំពាក់​សហរដ្ឋអាមេរិក គឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។ 

លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះក៏បានស្នើ​សហរដ្ឋអាមេរិកឱ្យពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ នៅពេលពួកគេប្រព្រឹត្តកំហុសអ្វីមួយ។

ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា យល់​ឃើញថា ជំនួបនេះជាការស្វែង​យល់ពីគ្នាទៅវិញទៅមក ដើម្បីឈានទៅរកការដោះស្រាយវិបត្តិនយោបាយដែលបានជាប់គាំងច្រើនឆ្នាំមកនេះ។

ប៉ុន្តែលោក​ថា ទៅថ្ងៃអនាគត ស្ថានភាពសិទ្ធិមនុស្សនឹងមិនប្រសើរ​ឡើងទេ បើបក្សកាន់អំណាចមិនបានត្រៀមខ្លួនប្រកួតជាមួយអតីតដៃគូ ដោយឈរលើប្រព័ន្ធបោះឆ្នោតមួយដែល​មានលក្ខណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញទេនោះ។

លោកបន្ត​ថា៖ «ខ្ញុំគិតថា អ្វីដែលជារឿងសំខាន់ គឺឆន្ទៈរបស់រដ្ឋាភិបាល ពិសេសគណបក្សកាន់អំណាចបច្ចុប្បន្នទេ ថាតើលោកមានឆន្ទៈដោះស្រាយវិបត្តិនយោបាយ បញ្ហាវិបត្តិសិទ្ធិមនុស្ស បញ្ហាវិបត្តិសេដ្ឋកិច្ច​នៅកម្ពុជាយើងហ្នឹងឬក៏អត់! ពីព្រោះថា កូនសោរ​នៅលើគណបក្សកាន់អំណាច​ទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម​ សុវណ្ណរ៉ា កត់សម្គាល់ថា ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា​ជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនេះ ជាសញ្ញាវិជ្ជមាន បើរដ្ឋាភិបាលទទួលយកលក្ខខណ្ឌរបស់​អាមេរិក ដោយបើកឡើងវិញនូវលំហប្រជាធិបតេយ្យ។

ប៉ុន្តែលោកបារម្ភថា ការទាមទារឱ្យលុបចោលបំណុលសម័យសង្គ្រាមនឹងមិនជោគជ័យ បើកម្ពុជាមិនបានបង្ហាញជំហរជាក់លាក់អាចឱ្យអាមេរិកជឿទុកចិត្តបាន នូវនយោបាយអព្យាក្រឹត្យរបស់ខ្លួន រួមទាំងមិនបានធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យដំណើរការទៅបាន ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ។

លោកថា៖ «បើសិនជាមិនឆ្លើយតបទៅនឹងយន្តការហ្នឹងច្បាស់ទេ សហរដ្ឋអាមេរិកអាចមានចរន្តផ្សេងទៀត ដែលសភាអាមេរិកបានស្នើច្បាប់ពីរដងមកហើយ។ ខ្ញុំគិតថា យន្តការនេះវាអាចកើតឡើងទៀត ដែលបានជាប់គាំងនៅព្រឹទ្ធសភា តែឥលូវព្រឹទ្ធសភា [អាមេរិក] នៅសហរដ្ឋអាមេរិក ​វាមានសំឡេងស្មើគ្នា ហើយការសម្រេចទៅលើអនុប្រធានាធិបតីខាងប្រជាធិបតេយ្យ ហើយចំណុចហ្នឹងមួយជាបញ្ហាប្រឈមធំដែលយើងអាចមើលឃើញថា ប្រជាធិបតេយ្យសម័យលោក ចូ បៃឌិន នេះអាចរីកលូតលាស់ជាងលោក​ ដូណាល់ ត្រាំ»។

យ៉ាងណា ក្រៅពីជួបជាមួយក្រុមមេដឹកនាំបក្សកាន់អំណាច អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក៏បានជួប​តំណាង​អង្គការសង្គ​​ម​ស៊ីវិល រួមទាំងអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា​ ដោយជំនួបនោះ លោកស្រីថា ដើ​ម្បីពិភាក្សាលើបញ្ហាដ៏មាន​សារៈ​សំខាន់ក្នុងការ​​ធានា​ឱ្យប្រទេស​កម្ពុជាមាន​អនាគត​មួយ​ដែល​មាន​សន្តិភាព​ វិបុលភាព អធិបតេយ្យ​ភាព និងលទ្ធិប្រ​ជាធិបតេយ្យ៕   


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ