សហជីព​ណាហ្គាវើលដ៍​ធ្វើ​យុទ្ធនា​ការ​ប្រមូល​ស្នាម​មេ​ដៃ​ប្តឹង​ក្រុម​ហ៊ុន​ចំពោះ​ការ​កាត់​បុគ្គលិក​

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សហជីពណាហ្គាវើលដ៍ បានធ្វើយុទ្ធនាការប្រមូលស្នាមម្រាមដៃ ដើម្បីដាក់ពាក្យប្តឹងទៅក្រសួងការ​ងារទាមទារឱ្យក្រុមហ៊ុនប​ញ្ឈ​ប់​​ការកាត់បុគ្គលិក រួមទាំងថ្នាក់ដឹកនាំសហជីព ចំនួនជាង១ពាន់នាក់។

ក្រុមហ៊ុន ណាហ្គាវើលដ៍ បានចាប់ដំណើរការបញ្ឈប់បុគ្គលិក​ចំនួន១ ៣២៩នាក់ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដោយគ្រោ​ងប្រើពេលពី៥ទៅ៦សប្តាហ៍ បន្ទាប់ពីប្រកាសកាលពី​ខែមេសា ក្រោមហេតុផលដើម្បីរក្សាស្ថិរ​ភាពអាជីវកម្មដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។ 

អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈុន សុខា លើកឡើងថា ស​ហជីពកំពុងប្រមូលស្នាមមេដៃពីបុគ្គលិក-កម្មករ និងសមាជិកនៅក្នុងរាជធានីនិងតាមបណ្តាខេត្ត។ អ្នកស្រីថា ពួកគេប្រមូលបា​នស្នាមមេដៃសរុបប្រមាណ១ ៥០០នា​ក់ គិតមកទល់ព្រឹកថ្ងៃទី៣ ខែមិថុនា។ 

អ្នកស្រីបន្ថែមថា៖ «នៅមានបុគ្គលិក​សមាជិកគាត់មួយចំនួនដែរ ដែលគាត់ស្នើសុំឱ្យលើកថ្ងៃ ដោយសារតែពួកគាត់នៅតាមខេ​ត្ត គាត់មកអត់ទាន់កើត ហើយអ្នកខ្លះគាត់ផ្ញើឯកសារតាមឡានតាក់ស៊ី តាមឡានក្រុងអី ក៏អត់ទាន់មកដល់ដែរ។ អ៊ីចឹងវាអាចមា​នការពន្យារពេល»។  

ប្រភពដដែលថ្លែងទៀតថា ការសម្រេចរបស់ក្រុមហ៊ុនល្បែងស៊ីសងនិងសណ្ឋាគារដែលមានថៅកែជាជនបរទេសនេះ​ ធ្វើឡើ​ង​ដោយមិនបានឆ្លងកាត់ការធ្វើអធិការកិច្ចការងារ ដែលផ្ទុយនឹងច្បាប់ការងារជាធរមានរបស់កម្ពុជា និងថា បើការរំលោភបំពាននេះមិនត្រូវបានដោះស្រាយ​ដោយយុត្តិធម៌ នោះផ​​លប៉ះពាល់នឹងមានទំហំធំ។

អ្នកស្រី ឈុន សុខា បន្តថា៖ «ក្រុមហ៊ុនមានទឹកប្រាក់ហើយ ប៉ុន្តែបុគ្គលិកក៏មានអំណាចរបស់បុគ្គលិកដែរ គឺយើងមានអំណាចសាមគ្គី អ៊ីចឹងខ្ញុំជឿជាក់លើភាពសាមគ្គីដែលមិនអាចមានទឹកប្រាក់ឯណា​យកមកបំបែកបានទេ។ អ៊ីចឹងយើងជឿជាក់លើកម្លាំងសាមគ្គី ហើយយើងសង្ឃឹមថា យើងនឹងទទួលបានជោគជ័យផងដែរ»។

បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ផ្នែករៀបចំបន្ទប់មួយរូប លោក ប៊ុត មករា លើកឡើងថា លោកបាន​ផ្តល់ស្នាមមេដៃរួចហើ​យ កាលពីថ្ងៃពុធ ដើម្បីចូលរួមគាំទ្រញតិ្តរបស់សហជីពប្តឹងទាមទារទៅក្រសួងការងារ។ លោកថា លោកត្រូវក្រុមហ៊ុនហៅឱ្យទទួលកញ្ចប់សំ​​ណ​ងបញ្ចប់កិច្ចសន្យាការងារ ប៉ុន្តែលោ​កបដិសេធនិងសម្រេចរក្សាជំហរតវ៉ាជាមួយសហជីពរហូតដល់ដំណាក់កាលចុងក្រោយ។

លោក ប៊ុត មករា និយាយថា៖ «ហេតុផលសំខាន់គឺពួកខ្ញុំអត់ចង់។ និយាយទៅ ទម្លាក់ឈ្មោះមកហ្នឹង ភាគច្រើនគឺផ្តាច់សហជីពចោលតែម្តង ទាំងមេ ទាំងកូនក្រុម គឺទម្លាក់អស់ហើយ។ អ៊ីចឹងបើពួកខ្ញុំអត់ទាមទារចំណុចហ្នឹង [បញ្ឈប់ការកាត់បុគ្គលិក]​ ឱ្យបានទេ ទៅមុខទៅ នៅណាហ្គាវើលដ៍នឹងលែងមានសហជីពទៀតហើយ»

បុគ្គលិកផ្នែកចែកបៀរម្នាក់នៅណាហ្គាវើលដ៍ទី២ អ្នកស្រី ហៃ សុភាព ប្រាប់មកខាង វីអូឌី ថា ទោះអ្នកស្រីមិនមានឈ្មោះក្នុងបញ្ជីកាត់បុគ្គលិក ក៏អ្នកស្រីបានចូលរួមផ្តល់ស្នាមមេដៃ ដើម្បីដាក់ពាក្យបណ្ដឹងទៅខាងក្រសួងការងារឱ្យជួយរកដំណោះស្រា​យឱ្យបុគ្គលិកដទៃទៀតនិងក្រុមសហជីពដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ដែរ។ 

អ្នកស្រីបន្តទៀតថា៖ «ខ្ញុំសង្ឃឹមថា យុទ្ធនាការដែលខ្ញុំដាក់ទៅខាងក្រសួងការងារ នឹងជំរុញឱ្យខាងក្រុមហ៊ុនគិតសារឡើងវិញពីការកាត់បុគ្គលិក»

បុគ្គលិកផ្នែកសណ្ឋាគារម្នាក់នៅក្រុមហ៊ុន ណាហ្គាវើលដ៍ អ្នកនាង អ៊ី សុខឆេង លើកឡើងថា គាត់​មិនទាន់សម្រេចចិត្តថានឹងចូលរួមផ្តិតមេដៃនៅឡើយ ដោយសារគាត់បានត្រឡប់មកស្រុក​កំណើតនៅខេត្តកំពង់ចាម ហើយមិនទាន់ដឹងច្បាស់ពីការដាក់ញតិ្តទាមទាររបស់ខាងសហជីពនៅឡើយ។ 

អ្នកនាង អ៊ី សុខឆេង​ និយាយថា៖ «ហ្នឹងហើយ! ចាំមើលពួកម៉ាកខ្ញុំមក ខ្ញុំសួររឿងហ្នឹង ព្រោះខ្ញុំអត់សូវច្បាស់ដែរ ដោយថាយើងអត់មានឈ្មោះកាត់បុគ្គលិក អ៊ីចឹងយើងអាចទៅជួយផ្តិតឬក៏អីអត់»។

អ្នកនាងបន្ថែមថា៖ «បើសិនជាថាយើងអត់មានបញ្ហាអី យើងផ្តិត យើងជួយ ខ្ញុំនឹងទៅផ្តិតទៅអីអ៊ីចឹង»។

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានប្រតិបត្តិបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លោក Mike Ngai បានទេនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើក​ឡើងថ្មីៗនេះថា ជាទូទៅ ក្រុមហ៊ុនមិនអាចបញ្ឈប់មេដឹកនាំសហជីពបានទេ ដរាបណាពួកគេមិនមានកំហុសធ្ងន់ ឬខុសទៅនឹងបទបញ្ជាផ្ទៃក្នុង ឬស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងណាមួយរបស់ក្រុមហ៊ុន។

បើតាមប្រភពពីអនុប្រធានសហជី​ព ក្រៅពីប្តឹងឱ្យក្រុមហ៊ុន ណាហ្គា ទម្លាក់ចោលការបញ្ឈប់បុគ្គលិកជាបន្ទាន់ ពួកគេក៏ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់​​ការបំផិតបំភ័យបុគ្គលិកតាមរយៈការកោះហៅឱ្យទៅជួបជាមួយថ្នាក់ដឹកនាំ​របស់ក្រុមហ៊ុន អនុ​ញ្ញាតឱ្យបុគ្គលិកដែលមិនស្ម័គ្រចិត្តលាឈប់អាចចូលធ្វើការឡើងវិញ។​

ក្រៅពីនេះ ពួកគេក៏ទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់ដំ​ណា​ច់បញ្ចប់កិច្ចស​ន្យាការងារឱ្យសមស្របតាមលក្ខខណ្ឌច្បាប់ និងរៀបចំលក្ខខណ្ឌសុវត្ថិភាពបង្ការជំងឺកូវីដ-១៩ នៅកន្លែងធ្វើកា​រតាមវិធានសុខាភិបាល នៅពេលក្រុមហ៊ុនបើកទ្វារឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ