ក្រុមហ៊ុន ណាហ្គា វើលដ៍​ គ្រោង​កាត់​បុគ្គលិក​ជាង​១៣០០​នាក់​អំឡុង​មាន​វិបត្តិ​​កូវីដ-១៩​

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សហជីពនៅក្រុមហ៊ុន​ ណាហ្គា វើលដ៍ (Naga World) បានឱ្យដឹងថា ក្រុមហ៊ុននេះគ្រោងកាត់ឈ្មោះបុគ្គលិកចេញពីការងារជាង១ ៣០០នាក់ នៅពាក់កណ្តាលខែមេសានេះ ក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈសហជីពចាត់ទុកថា ការគ្រោងកាត់បុគ្គលិកនេះធ្វើឡើង​ដោយបំពានច្បាប់ការងារ។

ប្រធានសហជីពទ្រទ្រង់សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រុមហ៊ុន ណាហ្គា វើលដ៍ បានសម្រេចដោយឯកតោភាគីថា នឹងកាត់ឈ្មោះបុគ្គលិកចេញពីការ​ងារចំនួន១ ៣២៩នាក់ នៅចន្លោះពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២​៣ ខែមេសា ឆ្នាំ២០២១ ដោយក្រុមហ៊ុនគ្រោងនឹងជូនដំណឹងទៅឈ្មោះដែលត្រូវកាត់ម្តងម្នាក់ៗ។

កញ្ញា​បញ្ជាក់ថា ដើមចមដែលក្រុមហ៊ុនកាត់ឈ្មោះបុគ្គលិកចេញ ដោយសារចំណូលធ្លាក់ចុះ និងដើម្បីរក្សាស្ថិរភាពអាជីវកម្ម ព្រមទាំងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាដើម។ ប៉ុន្តែកញ្ញាថា កាលពីឆ្នាំ២០២០ ករណីផ្ទុ្ះកូវីដរហូតមកដល់ខែមេសា ឆ្នាំ២០២១នេះ ភ្ញៀវនៅតែចូលលេង ហើយក្រុមហ៊ុនរកប្រាក់ចំណេញដែរ ប៉ុន្តែគ្រាន់តែចំណេញតិចជាងមុន ពោលមិនខាតនោះទេ។

កញ្ញា ឈឹម ស៊ីថរ យល់ថា ការកាត់បុគ្គលិកពីសំណាក់ក្រុមហ៊ុន ក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ធ្វើឡើង​​ដោយបំពានច្បាប់ និងជាសារមួយ​គំរាម​និងបំបាក់ស្មារតីបុគ្គលិកដែលទាមទារប្រាក់អត្ថប្រយោជន៍ការងារផ្សេងៗជូនកម្មករនិយោជិត ដែលក្រុមហ៊ុនទទួលបានកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០។

កញ្ញាមានប្រសាសន៍ថា៖ «យើងមើលឃើញថា ក្រុមហ៊ុនកំពុងតែមានចេតនាគេចវេះ ហើយចង់បំបាក់ស្មារតីបុគ្គលិក ដោយសារបុគ្គលិកកំពុងតែស្នើសុំទៅក្រុមហ៊ុនឱ្យសងប្រាក់អាទិភាពការងារដែលបានជំពាក់ឆ្នាំ២០២០ និង២០១៩ ប្រាក់លើកទឹកចិត្តរង្វាន់ប្រចាំឆ្នាំ [bonus] ហើយនិងការដំឡើងប្រាក់ខែទៅសមាជិក និងសមត្ថភាពដែលក្រុមហ៊ុនជួយទៅបុគ្គលិកផ្អែកទៅលើប្រាក់ចំណេញដែលក្រុមហ៊ុនទទួលបាននៅក្នុងឆ្នាំ២០២០ហ្នឹង»។

បុគ្គលិក ណាហ្គា វើលដ៍ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើង​ថា​ បើសិនក្រុមហ៊ុនក្ស័យធន ហើយកាត់បុគ្គលិកចេញពីការងារនោះ ពួកគាត់មិនជំទាស់ទេ ប៉ុន្តែ​កាលពីចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ អំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុននោះនៅតែរកប្រាក់ចំណេញពីភ្ញៀវ។

ករណីនេះ បុគ្គលិករូបនោះបញ្ជាក់ថា បើក្រុមហ៊ុនយកហេតុផលកូវីដ-១៩ កាត់បុគ្គលិកចេញពីការងារជាង១ ៣០០នាក់មែន ជារឿងអយុត្តិធម៌ និងធ្វើឱ្យពួកគេជួបបញ្ហាប្រឈមកាន់តែ​ច្រើនក្នុងគ្រួសារផងដែរ។

អ្នកនាងនិយាយថា៖ «បើសិនជានៅក្នុងវិបត្តិកូវីដ ហើយក្រុមហ៊ុនយកលេសបញ្ឈប់បុគ្គលិក វារងផលប៉ះពាល់ធ្ងន់នៅក្នុងក្រុមគ្រួសារនាងខ្ញុំផ្ទាល់ ព្រោះយើងគិតថា បើយើងនៅធ្វើការ យើងនៅមានចំណូល បើយើងបាត់បង់ការងារទៅ គឺបាត់បង់ចំណូលដូចគ្នា»។

បុគ្គលិករូបនេះព្រមានថា បើសិនជាក្រុមហ៊ុននៅតែបន្តកាត់ឈ្មោះពួកគេចេញពីក្រុមហ៊ុន នោះបុគ្គលិកទាំងនោះនឹងធ្វើកូដកម្មតាមអនឡាញ ដើម្បីទាមទាររកយុត្តិធម៌។

អ្នកនាងនិយាយថា៖ «យើងផុសសាររួមទាំងអស់គ្នានៅលើបណ្តាញហ្វេសប៊ុក យើងផ្ញើសារ ឬក៏អ៊ីម៉ែល WhatsApp និយាយទៅអ្វីដែលគាត់មាន យើងធ្វើតាមហ្នឹង ព្រោះក្នុងសម័យវិបត្តិកូវីដ យើងមិនអាចជួបជុំគ្នាបានទេ មានតែយើងប្រើតាមវិធីអនឡាញ ដើម្បីឱ្យក្រុមហ៊ុន ដៃគូក្រុមហ៊ុនដឹងថា បុគ្គលិកមិនព្រមទទួលនូវការបញ្ឈប់ហ្នឹងទេ»។

ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) កញ្ញា ឌី សីហា សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយអះអាងថាជាប់រវល់។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេនៅថ្ងៃនេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា បើក្រុមហ៊ុនបញ្ឈប់កម្មករដោយមិនគោរពតាមច្បាប់ការងារទេ នឹងធ្វើឱ្យមានបញ្ហាប្រឈមកើតមានដល់កម្មករ ជាពិសេសអំឡុងពេលជួបវិបត្តិកូវីដ-១៩។

ករណីនេះ លោកស្នើទៅក្រុមហ៊ុន ណាហ្គា វើលដ៍ រកវិធីដោះស្រាយទូរទាត់សំណងដល់កម្មករឱ្យស្របតាមច្បាប់ការងារ ទើបជាជម្រើសល្អរវាងកម្មករនិយោជិតនិងនិយោជក។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ទីមួយ ត្រូវព្យួរការងារ ឱ្យកម្មករទទួលលុយ ៥០% ឬក៏អាចចរចា ឬអាចបន្ថយតិច​ជាង​ហ្នឹង ហើយនៅ​ពេលច​ប់កូវី​ដ ចាំឱ្យពួកគេចូលធ្វើការវិញ នេះជាជម្រើសល្អបំផុត។ ហើយបើជម្រើសហ្នឹងទៅមិនរួចទេ ឱ្យតែមានការបញ្ឈប់ គួរតែត្រូវបានអនុវត្តទៅតាមច្បាប់ស្តីពីការងារ ក្នុងមាត្រា៩៥ ប្រាក់អត្ថប្រយោជន៍ត្រូវផ្តល់​ឱ្យពួកគាត់ពេញតាមច្បាប់»។

បើតាមមន្ត្រីសហជីពប្រចាំនៅក្រុមហ៊ុន ណាហ្គា វើលដ៍ បុគ្គលិកដែលកំពុងធ្វើការនៅទីនោះមានចំនួនប្រហែលជា៨ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ