សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​ប្រមូល​កុមារ​ឱ្យ​បាន​ចូល​រៀន​គ្រប់ៗ​គ្នា​

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការសង្គមស៊ីវិលនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ជំរុញឱ្យរដ្ឋាភិបាលមានយន្តការក្នុងការប្រមូលកុមារកម្ពុជាទាំងអស់ឱ្យបានចូលរៀនគ្រប់គ្នាៗ ដើម្បីធានាឱ្យមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍជាតិនៅថ្ងៃខាងមុខ។

ការជំរុញនេះធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវជាខួបទី​​៧២ ទិវា​កុមារអន្តរ​ជាតិ។

បើតាមអង្គការយូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹងថា កុមារអាយុពី៣ទៅ៥ឆ្នាំ ចំនួន​៤៣​ភាគរយ បាន​ចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំកុមារតូច សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។ អង្គការ​នេះបន្តថា នៅកម្ពុជាប្រឈមបញ្ហាមួយចំនួនដែលនាំឱ្យ​កុមារជាច្រើននាក់បោះបង់ចោលការសិក្សា ដូចជា ការរៀនយឺតដោយសារពុំបានត្រៀមខ្លួនឱ្យ​​បានគ្រប់គ្រាន់សម្រាប់ចូលរៀន គុណ​ភាព​ទាបនៃការរៀននិងបង្រៀនដែលកុមារទទួលបាន និងការមករៀនមិនទៀងទាត់ ជាដើម។

សាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កាលពីដើមឆ្នាំ​២០១៩ រដ្ឋមន្រ្តីក្រសួងអប់រំ លោក​ ហង់ជួន ណារ៉ុន បានថ្លែងនៅក្នុងសន្និសីទមួយថា កុមារកម្ពុជា​បានបោះបង់ការសិក្សារចន្លោះពី១៨ទៅ១៩ភាគរយ ខណៈខេត្តចំនួន៣ដែលជាប់ព្រំដែនថៃ កុមារប្រហែល២៣ភាគរយបានបោះបង់ការសិក្សា។

ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បាននិយាយថា រដ្ឋាភិបាលគួរតែមានយន្តការមួយធ្វើយ៉ាងណាឱ្យកុមារគ្រប់រូបទទួលបានឱកាសក្នុងការសិក្សា បើទោះបីជាឪពុកម្ដាយរបស់ពួកគេពុំមានលទ្ធភាពក្នុងការបញ្ជូនកូនទៅរៀនក៏ដោយ។

លោកបន្ថែមថា កុមារមានភាពច្នៃប្រឌិត និងជាផ្នែកមួយក្នុងការចូលរួមលើការសម្រេចចំពោះការអភិវឌ្ឍនៅក្នុងសង្គមផងដែរ។

លោក គិមអេង មានប្រសាសន៍ថា៖ «រដ្ឋត្រូវតែជំរុញហើយនិងអនុវត្តឱ្យបាននូវការចូលរៀនរបស់កុមារគ្រប់គ្នាៗ នៅក្នុងនោះក៏ធ្វើយ៉ាងណាឱ្យកុមារមានសុខភាពល្អនិងការសិក្សាបានល្អប្រសើរទាំងអស់គ្នាដែរ»។

ប្រធានមជ្ឈមណ្ឌលរូបនេះ ឱ្យដឹងទៀតថា ការអភិវឌ្ឍប្រទេសនាពេលអនាគត​នឹងត្រូវពឹងផ្អែក​ខ្លាំងលើកុមារ​នាពេលបច្ចុប្បន្ន ដូច្នេះ រដ្ឋាភិបាលត្រូវតែគាំពារកុមារដែលគ្មានលទ្ធភាពចូលរៀន ការផ្ដល់សម្ភារ​សិក្សា និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។

លោក​និយាយ​ថា៖ «បើសិនជាកុមារទទួលបានការអប់រំ ថ្ងៃក្រោយទៅ ប្រទេសជាតិរបស់យើងអាចនឹងមានការរីកចម្រើន យើងមានធនធានមនុស្សច្រើន អ្នកជំនាញច្រើន មនុស្សមានចំណេះ​ដឹង​ច្រើន ការអភិវឌ្ឍ​លឿន»។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាជុំវិញការប្រឈមរបស់កុមារដែលពាក់ព័ន្ធ ដូចជា ពលកម្មកុមារ​ ការជួញដូរ និងការប្រើប្រាស់អំពើហិង្សាលើកុមារ ជាពិសេសក្នុងបរិបទការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ដើម្បីឱ្យកុមារកម្ពុជាទាំងអស់ទទួលបានការសិក្សា។

លោក​ស្រី​មានប្រសាសន៍ថា៖ «យើងឃើញកន្លងមក ក្រសួងបានខិតខំមួយចំនួនច្រើនហើយ ក្នុងនោះក៏មានអង្គការសង្គមស៊ីវិល ទោះបីមានការប្រឹងប្រែងទាំងអស់ហ្នឹងក៏ដោយ ក៏នៅ​មានការចន្លោះប្រហោង ដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាថា អត្រានៃការបោះបង់ការសិក្សាកុមារនឹងត្រូវបានថមថយ»។

ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា រដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់លើការអប់រំឪពុកម្ដាយក្នុងការចិញ្ចឹមកូន និងពង្រឹងការផ្ដល់សេវាសង្គមទៅដល់គ្រួសារក្រីក្រទាំងនោះ ដើម្បីឱ្យពួកគេមានការយល់ដឹងនិងមានលទ្ធភាពអាចបញ្ជូនកូនទៅរៀនគ្រប់ៗគ្នា។

លើសពីនេះ លោកថា រដ្ឋត្រូវដោះស្រាយករណីសាលារៀនដែលនៅឆ្ងាយនិងពិបាកក្នុងការធ្វើដំណើរ ហើយមានហានិភ័យសម្រាប់កុមារ ប្រសិនបើពុំមានឪពុកម្ដាយជូនទៅនោះ។

លោក​មានប្រសាសន៍ថា៖ «ការពិនិត្យគាំពារផ្នែកសង្គមទៅដល់កុមារ ទីតាំងសាលារៀន ធ្វើយ៉ាងណាឱ្យទីតាំងសាលារៀន ត្រូវធ្វើយ៉ាងណាឱ្យក្មេងៗតូចចូលទៅទទួលការអប់រំ នឹងមិនប្រឈមនឹងហានិភ័យគ្រោះថ្នាក់ផ្សេងៗដល់កុមារ។

ជុំវិញករណីនេះ អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំបានដាក់អាទិភាពមួយសំខាន់ គឺការផ្ដោតលើការចុះឈ្មោះចូលរៀនរបស់កុមារ នៅពេលដែលស្ថានការណ៍អាចចាប់ផ្ដើមចូលរៀននៅតាមសាលាបានវិញ ក្រសួងនឹងផ្ដោតលើវិធានការសុខភាពនិងសុវត្ថិភាពសម្រាប់កុមារក្នុងការទទួលបានការអប់រំ។

លោកមានប្រសាសន៍ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានបន្តឈានទៅមុខមួយជំហានទៀត ដើម្បីសម្រេចបាននូវការអប់រំសម្រាប់ទាំងអស់គ្នា ស្របតាមកំណែទម្រង់វិស័យអប់រំ យោងតាមតម្រូវការអ្នកសិក្សាប្រកបដោយគុណភាព បរិយាបន្ន និងការសិក្សាពេញមួយជីវិត»។

បើតាមរបាយការណ៍ដែលទទួលបានពីអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ឆ្នាំសិក្សា២០១៩-២០២០នេះ ចំនួនកុមារចុះឈ្មោះ​ចូលរៀន​មានជិត៣០០ ០០០នាក់ ក្នុងចំណោមកុមារ៣៥០ ០០០​នាក់​នៅកម្ពុជា។

យោងតាមអង្គការយូនីសេហ្វ ឱ្យដឹងថា នៅកម្ពុជា ចំនួនគ្រូមានសមត្ថភាពមិនគ្រប់គ្រាន់ ហើយគុណភាពនៃបរិស្ថានរៀនសូត្រនៅមានកម្រិតទាប។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​ជាមូលដ្ឋាន ដូចជា បរិក្ខារអនាម័យ និងទឹកស្អាត នៅខ្វះខាតនៅឡើយ ដែលបង្កផលប៉ះពាល់ ជាពិសេសដល់ក្មេងស្រីជំទង់និងកុមារពិការ។

អង្គការដដែលនេះបន្តថា អំពើហិង្សា​ក៏ជាបញ្ហាមួយនៅតាមសាលារៀនផងដែរ ដោយសារតែគ្រូនៅប្រើប្រាស់ការដាក់ទណ្ឌកម្មរាងកាយលើសិស្ស។ ចំណែកកុមារពិការ អង្គការនេះថា ពួកគេ​នៅប្រឈមនឹងការរើសអើង ខណៈឪពុកម្តាយជាច្រើននាក់នៅមិនយល់ពីតម្លៃនៃការអប់រំ ហើយភាគច្រើនពុំមានលទ្ធភាពបញ្ជូនកូនទៅរៀនឡើយ ជាពិសេសនៅតាមតំបន់ជនបទនិងតំបន់ជួបការលំបាក៕


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ