បទ​​យក​ការណ៍​៖​ គ្រូ​ប​ឋម​សិ​ក្សា​នៅ​​មណ្ឌល​គិរី​​បង្រៀន​​សិស្ស​​ជា​​ក្រុម​​មិន​​លើស​​ពី​១០​នាក់​​អំឡុង​​កូ​វីដ​១៩​

អ្នកគ្រូ ស សុ​និ​ត ជា​គ្រូបង្រៀនថ្នាក់​ទី៤ នៅ​សាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតអំឡុងពេលបង្រៀនសិស្សនៅគេហដ្ឋានផ្ទាល់ អំពីស្ថានភាពនៃការបង្រៀននិងផលលំបាកនានាក្នុងបរិបទកូវីដ១៩ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

​សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​បិទ​ទាំងស្រុង​កាលពី​ខែមីនា​កន្លងទៅ ដើម្បី​ទប់​ស្កាត់កុំឱ្យ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ បើ​ទោះបីជា​សាលា​ត្រូវ​បាន​បិទ​ក៏​ពិតមែន តែ​ការអប់រំ​នៅតែ​មានដំណើរ​ការ​ជា​ធម្មតា ដោយ​ក្រសួង​បាន​បង្កើត​ការសិក្សាតាម​ប្រព័ន្ធAPP និង​អន​ឡាញ ក្នុង​គោលបំណង​ឱ្យ​សិស្ស​សិក្សា​ពី​ចម្ងាយ។

ប៉ុន្តែ​សិស្ស​មួយចំនួន​នៅ​ខេត្តមណ្ឌលគិរី​ មានការ​ពិបាក​ក្នុង​ការសិក្សា​ ព្រោះ​ឪពុក​ម្តាយ​មិន​មានលទ្ធភាព​ទិញ​ទូរសព្ទ​ទំនើប ខណៈ​ឪពុក​ម្តាយ​ខ្លះទៀត​ចំណេះដឹង​ក្នុង​ការប្រើ​បច្ចេកវិទ្យា​នៅ​មានកម្រិត។ ម្យ៉ាងវិញទៀត​ សេ​វា​អ៊ិ​នធឺ​ណិ​តនៅ​តំបន់​នោះ​ក៏​មាន​ភាព​រអាក់រអួល ហើយ​គ្រួសារ​របស់​សិស្ស​មួយចំនួន​ក៏​មិន​មាន​ទូរទស្សន៍​សម្រាប់​ប្រើប្រាស់​ផង​ដែរ។ 

ដោយសារតែ​បញ្ហា​ទាំងនេះ ទើប​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​នៅ​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​ប្តូរ​វិធី​សាស្រ្ត​ថ្មី​ក្នុង​ការ​បង្រៀន​សិស្សរបស់​ខ្លួន​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ ពួក​គេ​នៅតែ​អាច​ក្រេបជញ្ជក់​យកចំណេះ​វិជ្ជា​ បើ​ទោះណាជា​សាលា​ត្រូវ​បាន​បិទ​ដោយសារ​កូ​វីដ១៩យ៉ាងណា​ក្តី។ លោកគ្រូ-អ្នកគ្រូ នៅក្នុង​ខេត្ត​នេះ ​បាន​ប្រមែប្រមូល​សិស្ស​មក​រៀន​ជុំគ្នា ដែល​ក្នុង​មួយ​ក្រុម​មិន​ឱ្យ​មាន​សិស្ស​លើស​ពី១០នាក់​នោះ​ទេ។ 

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

អ្នកគ្រូ ស សុ​និ​ត ជា​គ្រូបង្រៀនថ្នាក់​ទី៤ នៅ​សាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី បាន​និយាយ​ថា ​ក្នុងចំណោម​សិស្ស៣០នាក់​របស់​អ្នកគ្រូ មានតែ១០នាក់​ទេ​ដែល​មាន​ទូរទស្សន៍។ អ្នកគ្រូ​ថា ​គាត់​ក៏​ធ្លាប់​បង្រៀន​សិស្ស​តាម​ទូរទស្សន៍​ដែរ​ប៉ុន្តែ​គាត់​ថា​ កម្មវិធី​ពេល​ខ្លះ​ដដែល​ៗ ហើយ​ពេលខ្លះ​ការ​បង្រៀន​លឿន​ជាង​អ្នកគ្រូ​បង្រៀន។

អ្នកគ្រូ ស សុ​និ​ត ដែល​មានបទពិសោធន៍​បង្រៀន​ជាង១១ឆ្នាំ​ បាន​បន្ត​ថា គាត់​បាន​ប្តូរ​ការ​បង្រៀន​ពី​ទូរទស្សន៍​មក​រៀន​ជា​ក្រុម​វិញ ដោយ​លើកឡើង​ថា​ ការ​បង្រៀន​តាម​ទូរទស្សន៍​មានផល​វិបាក ហើយ​សិស្ស​ខ្លះ​តាមមិនទាន់។ 

អ្នក​គ្រូ​បាន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅពេល​សិស្សរបស់​គាត់​កំពុង​មើល​មេរៀន​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​គណិត​ សិស្ស​រៀន​ទាន់ ​ព្រោះ​រៀន​មួយ​ម៉ោង​ដូចគ្នា ​តែបើ​ភាសាខ្មែរ ពេលខ្លះ​រៀន​លឿន ហើយ​មានតែ​សិស្ស​ពូកែ​ដែល​រៀន​ទាន់។»

តាំងតែពី​ផ្ទុះ​កូ​វីដ១៩ឡើង​មក អ្នកគ្រូ​ថា​ ការ​បង្រៀន​មិនបាន​ច្រើន​ម៉ោងនិង​ច្រើនមុខ​វិជ្ជា​ដូច​កាល​បង្រៀន​នៅក្នុង​ម៉ោង​រដ្ឋ​ទេ ដោយ​បង្រៀន​បានតែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​ចែក​សិស្ស​ជា២ក្រុម ដោយ​ក្នុង​មួយ​ក្រុម​មិន​លើស​ពី១០នាក់។ 

ក្នុងចំណោម​សិស្ស៣០នាក់​របស់​អ្នកគ្រូ​ ជនជាតិ​ភាគ​តិច​ពូន​ងមាន​ចំនួន២៦នាក់ ហើយ​ពួក​គេ​ភាគច្រើន​ទៅ​ចម្ការ​ជាមួយ​ឪពុក​ម្តាយ​ ដោយ​មិនបាន​មក​រៀនសូត្រ​ក្នុង​អំឡុង​ពេល​កូ​វីដ១៩ទេ។

អ្នកគ្រូ​បន្ត​ថា​ អ្នកគ្រូ​ធ្លាប់​ចុះទៅ​ផ្ទះ​ពួក​គាត់​ជា​ញឹកញាប់​ដែរ ជួនកាល​ទាក់ទង​ទៅ តាម​ទៅ​សួរ​ថែមទៀត ក៏ប៉ុន្តែអាណាព្យាបាល​របស់​សិស្ស​ថា ​ពួក​គាត់​ទៅ​ចម្ការ​បាត់​អស់ហើយ ​ដោយ​បន្ត​ប្រាប់​អ្នកគ្រូ​ថា ពួក​គាត់​ទៅ​ចម្ការ១អាទិត្យ​ជាង​ទើប​ត្រឡប់​មក​ម្តង បើដូច្នេះ​ត្រូវ​យកកូន​ទៅតាម​ដែរ។ 

ការ​បង្រៀន​របស់​អ្នកគ្រូ​តែងតែ​ជួប​ផលវិបាក​ច្រើន ដោយពេល​ខ្លះ​ពួក​គាត់​ខ្វះ​កន្លែង​អង្គុយ ហើយក៏​ខុសគ្នា​ច្រើន​រវាង​ការ​បង្រៀន​ក្នុង​ថ្នាក់និង​រៀន​ក្រៅ​ថ្នាក់ ​ព្រោះ​ក្នុង​ថ្នាក់​ងាយស្រួល​ជាង។

អ្នកគ្រូ​ថ្លែង​ដូច្នេះ​ថា៖ «ពី​ដំបូង​សិស្ស​តិច ​ខ្ញុំ​ឱ្យ​អង្គុយ​ឃ្លាតពី​គ្នា ប៉ុន្តែ​ឥលូវ​សិស្ស​មក​ច្រើន ​ពេលខ្លះ​គឺវា​អង្គុយ​ចឹង​ ហើយ​មុន​ចូលរៀន​ខ្ញុំ​ឱ្យ​លាងដៃ​នឹង​សាប៊ូដែរ។ ឥលូវ​អត់មាន​អាល់កុល​ផង មានតែ​សាប៊ូ​លាងដៃ អង្គការ​ឱ្យ តែ​ទើប​ឱ្យ​បាន​មួយ​រយៈ​ក្រោយ​ទេ ​នៅពេល​អស់​ទៅ ​ខាង​អង្គការ​អត់​បាន​ជួយ​ទៀត​ទេ​ ព្រោះអី​គាត់​អស់​លុយ​ចឹង​ហ្អាស។»

លោក ទួន សារិ​ន នាយក​សាលាបឋមសិក្សា ស្រែ​ក្លេង តាំងពី​ឆ្នាំ២០០៨ បាន​កត់សម្គាល់​ឃើញថា ការសិក្សា​ក្នុង​សម័យ​កូ​វី​ដនេះ​ សាលាបានឱ្យ​គ្រូបង្រៀន​តាម​បែបផែន​ស្របតាម​ស្តង់ដារ​របស់ក្រ​សួង​អប់រំ ដោយ​ឱ្យ​គាត់​បង្រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច ទូរទស្សន៍ ហ្វេសប៊ុក តេ​លេ​ក្រាម ជាដើម ហើយ​ជម្រើស​ចុងក្រោយ ​ពេល​គាត់​គ្មាន​លទ្ធភាព​មើលតាម​ប្រព័ន្ធ​អ៊ិ​នធឺ​ណិត គឺ​ស្នើ​ឱ្យ​គាត់​ចង​ជា​បណ្តុំដោយកំណត់​មិន​ឱ្យ​លើស​ពី​មួយ​ក្រុម១០នាក់។ 

កំពុង​រៀបចំ​ការិយាល័យ​សិក្សា​ក្នុង​ទីចាត់ការ​សាលា​ស្រែ​ក្លេង លោក ទួន សារិ​ន ថ្លែង​ថា៖ «ការ​ចង​ជា​បណ្តុំគឺ​ធ្វើឡើង​នៅ​ទីតាំង​ផ្ទះ​លោកគ្រូ​អ្នកគ្រូ​ណា​ដែល​នៅ​ជិត និង​នៅ​ទីតាំង​ដែល​សុំ​គេ​បាន ដូចជា ​ផ្ទះ​សិស្សឬក៏​ផ្ទះ​អ្នកណាមួយ​ដែល​អាច​មាន​កន្លែង​គួរសម​សម្រាប់​ឱ្យ​សិស្ស​សិក្សា។»

នាយក​សាលា​បឋមសិក្សា​ស្រែ​ក្លេ​ងរូ​បនេះ បាន​លើកឡើង​បន្ត​ទៀត​ថា ​ការសិក្សា​របស់​សិស្ស​នៅពេល​នេះ​មានកម្រិត​នៅឡើយ ដូច្នេះ​ការសិក្សា​មានការ​យឺតយ៉ាវ​ជាង​ក្រសួង ប៉ុន្តែ​សាលា​ព្យាយាម​ឱ្យ​គ្រូនិង​សិស្ស​សិក្សា​មើលតាម​ភាព​ជាក់ស្តែង។

លោកនាយក​ពោល​ថា៖ «បើ​គិត​មើលទៅ ​សម័យ​យើង​វា​ទំនើប​ដែរ​ហើយ ​ប៉ុន្តែឥលូវដោយសារ​បញ្ហា​ប្រឈម​រឿង​ជីវភាព គាត់​មិន​មានលទ្ធភាព​ដាក់​បាន​គ្រប់គ្រាន់​ទេ ​បើសិនជា​ឪពុក​ម្តាយ​ធូរ​ធា​រ យើង​អាច!​ តែ​សម្រាប់​ម៉ែឪ​គាត់​ខ្វះខាត​គឺ​គាត់​ពិបាក​ដែរ​ បើ​មើលទៅ​មាន​តាម​ប្រព័ន្ធ​ហ្នឹង​គឺ​យើង​បានតែ៤០ភាគរយ​ទេ តែ​យើង​មា​នប​ណ្តុំ បើ​គាត់​អត់មាន​ហើយ​ ជម្រើស​ចុងក្រោយ​បំផុតគឺ​មា​នប​ណ្តុំ​ហ្នឹងហើយ។»

នាយក​សាលា​ស្រែ​ក្លេង​បាន​បញ្ជាក់​ទៀត​ថា សិស្ស​ចាប់ពី​ថ្នាក់​ទី៥ឡើង​អាច​មាន​សមត្ថភាព​ប្រើប្រាស់​ទូរសព្ទ​ឬមើល​ទូរទស្សន៍​រៀនសូត្រ​ដោយខ្លួនឯង ក៏ប៉ុន្តែ​សម្រាប់​សិស្ស​ថ្នាក់ទាប​ជាង​នេះ​ពិបាក​ក្នុង​ការ​រៀន​តាម​អន​ឡាញ​ដោយខ្លួនឯង​ដោយសារ​ពួក​គេ​នៅ​តូច​ពេក ហើយ​ឪពុក​ម្តាយ​របស់​ពួក​គេ​ក៏​មិនសូវ​យល់​ពី​របៀប​ប្រើប្រាស់ ម្យ៉ាង​វិញ​ទៀ​តអ៊ិ​នធឺ​ណិ​តក៏​ដើរ​យឺត​ទៀត។ លោក​បាន​បន្ថែម​ថា ដូច្នេះ​បើ​សិស្ស​មានលទ្ធភាព​រៀន​តាម​អន​ឡាញ​ អាច​មាន​ប្រហែល​ពី៣០ទៅ៤០ ភាគរយ​ប៉ុណ្ណោះ។

ដោយឡែក​ លោក​ថា​ សម្រាប់​ទូរទស្សន៍​វិញ​ សិស្ស​ត្រឹម២០ភាគរយ​ប៉ុណ្ណោះ​ដែល​មានលទ្ធភាព​មើល​ការ​បង្រៀន ព្រោះ​គ្រួសារ​សិស្ស​ភាព​ច្រើន​មិន​មាន​ថាស​ផ្កាយ​រណប​ឌី​ធី​វី​សម្រាប់​មើល​ទូរទស្សន៍។

តាមលោក ទួន សារិ​ន សាលាបឋមសិក្សា​ស្រែ​ក្លេង​មាន​សិស្ស​កំពុង​សិក្សា​ចំនួន៧៦៦នាក់ ក្នុង​នោះ​មាន២៦ថ្នាក់ ដោយ​ចាប់ពី​ថ្នា​ក់​មតេ្តយ្យ​ដល់ថ្នាក់​ទី៦។ 

ម៉ោង​ប្រមាណ​ជាជាង១០ព្រឹក សិស្ស​ប្រមាណ​ជា៧ទៅ៨នាក់​បាន​ដើរចេញ​ពី​ផ្ទះ​លក់​ចាប់ហួយ​របស់​គ្រូបង្រៀន​ម្នាក់ទៀត​ដែល​បង្រៀន​នៅ​សាលាបឋមសិក្សា​ស្រែ​ក្លេង​ដែរ។ ខុសពី​ថ្នាក់​របស់​អ្នកគ្រូ ស សុនិ​ត ដែល​មិន​មាន​អាល់កុល ហើយ​សិស្ស​ត្រូវ​ទៅ​លាងដៃ​នឹង​សាប៊ូ​មុននឹង​ចូលរៀន ប៉ុន្តែ​នៅ​ទីនេះ​ដប​អាល់កុល​ត្រូវ​បាន​ដាក់​នៅ​លើ​ទូរ​មួយ ​សម្រាប់​ឱ្យ​សិស្ស​លាង​សម្អាត​ដៃ​មុន​ចាប់ផ្តើម​រៀន។ នេះ​ជា​ផ្ទះ​របស់​លោក ធូ ម៉ា​ច ដែល​មក​បង្រៀន​នៅ​សាលាបឋមសិក្សា​ស្រែ​ក្លេង តាំងពីឆ្នាំ២០០៣។ 

លោក ធូ​ ម៉ា​ច ដែល​មាន​វ័យ៣៩ឆ្នាំ បាន​សម្តែង​ការ​ខ្វល់ខ្វាយ​ពី​ការសិក្សា​របស់​សិស្ស ខណៈ​ពេល​ដែល​ថ្នាក់​បង្រៀន​របស់​លោកក្នុង​ម៉ោង​រដ្ឋ​មាន​សិស្ស​ចំនួន៤០នាក់ ក៏ប៉ុន្តែ​នៅពេល​ដែល​មាន​កូ​វីដ១៩ សិស្ស​បាន​មក​រៀន​នៅផ្ទះ​លោកគ្រូ​បាន​ត្រឹមតែ១០នាក់​ប៉ុណ្ណោះ ។ 

ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​សាលា​នេះ លោកគ្រូ​បាន​ចុះ​ផ្ទាល់​ទៅកាន់​ផ្ទះ​សិស្ស​ដោយ​ប្រាប់​ដល់​អាណាព្យាបាលនិង​សិស្ស​ពី​ការសិក្សា​តាមរយៈ​ការ​មើល​ទូរទស្សន៍និង​មើល​កម្មវិធី​សិក្សា​របស់ក្រ​សួង​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម។ ប៉ុន្តែ​លោក​យល់ថា​ ការសិក្សា​បែបនេះ​ក៏​មិន​មានប្រសិទ្ធភាព​នោះ​ឡើយ ​ព្រោះ​សិស្ស​មិន​មានលទ្ធភាព​រៀន​តាម​អន​ឡាញនិង​ទូរទស្សន៍។

លោក​បាន​បន្តថា ​លោក​បាន​ជិះ​ទៅផ្ទះ​សិស្ស​ ប្រាប់​ឪពុក​ម្តាយ​ពួក​គេ ក៏ដូចជា​ហៅ​សិស្ស​មក​រៀន​ជា​ក្រុ​មតូចៗ​នៅផ្ទះ​របស់​លោកគ្រូ​ផ្ទាល់ ប៉ុន្តែ​លោក​ថា​ សិស្ស​ដែល​មិនបាន​មក​រៀន​ភាគច្រើន​គឺ​ទៅ​ចម្ការ​ជាមួយ​ឪពុក​ម្តាយ។ លោក​បានឱ្យ​ដឹង​ថា ​ក្នុងចំណោម​សិស្ស៤០នាក់របស់​លោក​មានតែ១០នាក់​ប៉ុណ្ណោះដែល​មាន​សមត្ថភាព​ប្រើប្រាស់​ទូរសព្ទ។

លោក ធូ ម៉ា​ច ដែលជាគ្រូ​បង្រៀន​នៅ​សាលាបឋមសិក្សា​ស្រែ​ក្លេង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតពីស្ថានភាពបង្រៀននិងផលលំបាកនានាក្នុងសម័យកូវីដ១៩ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

សំឡេងសើ​ចតិចៗ​អំឡុង​ពេល​ធ្វើ​បទសម្ភាសន៍​ លោកគ្រូ​និយាយ​ថា៖ «ខ្ញុំ​ហៅ​សិស្ស​មក​រៀន​យូរហើយ​តាំងពី​ចប់​ចូលឆ្នាំ​ខ្មែរ​មក​ម៉្លេះ។ ពី​ដំបូង​បាន​តិចណាស់ ហើយ​ខ្ញុំ​ដើរតាម​ភូមិ​យូរ​ទៅ​ក៏​ប្រមូល​បាន​ប៉ុ​ណ្ណឹងទៅ។ វា​លំបាក​ច្រើន​ដែរ​ លំបាក​ទី១ យើង​ដើរទៅ​ប្រាប់​សិស្ស​ ទៅ​មិន​ជួប ទៅ​ព្រឹក​ថ្ងៃ​មិន​ជួប ទៅ​ជួប​អ្ន​កដដែល​ៗ។ ហើយ​សំណូមពរ​ឱ្យ​បាន​ចូល​ឆាប់​ៗ[ចូលសិក្សាតាមសាលា]ល្អ​ដែរ បើ​ចឹង​[រៀនតាមផ្ទះ]ពិបាក​ដែរ»។

អ្នកស្រី ភី ឃឺត អាយុ៣៩ឆ្នាំ ជា​ម្តាយ​មានកូន៥នាក់ បាន​និយាយ​ថា ក្នុងចំណោម​កូន​ទាំង​ប្រាំ​នាក់​របស់​គាត់ គឺ​មានតែកូនស្រី​អាយុ១៥ឆ្នាំ​ម្នាក់ ​រៀន​ថ្នាក់​ទី៦ និង​កូន​អាយុ៤ឆ្នាំ រៀន​ថ្នាក់​មត្តេយ្យ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បានការ​សិក្សា ដោយឡែក​កូ​នបងៗ​ទាំង​បី​ផ្សេងទៀត​ពុំ​ទទួល​បានការ​សិក្សា​នោះ​ទេ។ 

ស្ត្រីជា​ម្តាយ​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ពេល​រៀន​នៅ​សាលា កូន​អ្នកស្រី​ទទួល​បាន​ចំណេះដឹង​ច្រើនជាង​នៅផ្ទះ ហើយ​ជាទូទៅ​បើ​មិន​មាន​វិបត្តិ​នៃ​ជំងឺកូ​វីដ១៩នេះ​ទេ កូន​អ្នកស្រី​ទៅរៀន​នៅ​សាលា​ជា​រៀងរាល់ថ្ងៃ​ ដោយ​ឈប់​សម្រាកតែ​ថ្ងៃអាទិត្យ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ កូន​របស់​អ្នកស្រី​បាន​ត្រឹមតែ​រៀន​តាម​ផ្ទះ​អ្នកជិតខាង​បាន​តិចតួច ដែល​មួយ​អាទិត្យ​រៀន​បានតែ​បី​ថ្ងៃ​ប៉ុណ្ណោះ។

អ្នកស្រី ភី ឃឺត មាន​ប្រសា​សន៍​ថា៖ «មិនដឹង​ចេះ មិនដឹង​អត់​ចេះ​ទេ! ចេះតែ​ជំរុញឱ្យ​វា​ទៅ បើ​គ្រូ​មក ​គ្រាន់​ជំរុញបាន​ម្តង​ពីរ​ដង ​ចេះ​ខ្លះ កុំឱ្យ​ភ្លេច​មែនទែន បើ​គ្រូ​អត់​នាំ ​មិនដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ ហើយ​ខ្ញុំ​អត់​ចេះអក្សរ​មួយម៉ាត់​ទេ​ ខ្ញុំ!»

អ្នកស្រី បន្ត​ថា៖ «នៅផ្ទះ​រៀន​មួយ​ម៉ោង​ពីរ​ម៉ោង ​អត់​ទៀង​ទេ រៀន​នៅ​សាលា​ម៉ោង៧ដល់ម៉ោង១១បាន​ទៅផ្ទះ។»

ក្រោម​ភ្លៀង​រលឹម​ស្រិច​ៗ ម៉ោង​ប្រមាណ​ជា៣រសៀល ​ក្នុង​ភូមិពូ​តាំង នៃ​ក្រុង​សែនមនោរម្យ មាន​កុមារ​ជនជាតិភាគតិច​ជាច្រើនកំពុង​រត់​លេង​យ៉ាង​សប្បាយរីករាយជាមួយ​មិត្តភក្តិ​របស់​ពួក​គេ​នៅ​ខាងមុខ​ផ្ទះ ក្នុង​នោះ​ផង​ដែរ​កុមារា​ជនជាតិភាគតិច​អាយុ១៣ឆ្នាំ​ម្នាក់ បាន​ប្រាប់​ពី​ភាព​ខ្វះចន្លោះ​ពី​ការសិក្សា​របស់​ខ្លួន​ថា ខ្លួន​មិនសូវ​បាន​ទៅរៀន​នៅ​ឯផ្ទះ​គ្រូ​ទេ យូរ​ៗទៅ​ម្តង ព្រោះ​ឆ្ងាយ​ពី​ផ្ទះ​ខ្លួន។

កុមារា ហុង ឈីក ជា​សិស្ស​រៀន​ថ្នាក់​ទី៦ នៃ​សាលារៀន​បឋមសិក្សា​ពូ​តាំង បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​នៃ​ការ​បិទ​សាលារៀន​នេះ ខ្លួន​ពុំ​បាន​រៀន​តាម​ប្រព័ន្ធ​ឌីជី​ថលឬអ៊ិ​នធឺ​ណិត​អ្វី​ឡើយ ផ្ទុយទៅវិញ ការសិក្សា​ទាំងស្រុង​របស់​ខ្លួន​ត្រូវលើ​កទៅរៀន​ផ្ទាល់​នៅផ្ទះ​របស់​គ្រូបង្រៀន​ដែល​រស់នៅ​ក្នុង​ភូមិ​ជាមួយ​ទៅវិញ។

កុមារា ឈីក បាន​និយាយ​ថា ខ្លួន​មិនសូវ​ចាប់បាន​ច្រើន​នោះ​ទេ ដោយសារតែ​ពេលវេលា​រៀន​មាន​រយៈពេល​ខ្លី​ពេក។ 

នៅ​ម៉ោង៩កន្លះ​ព្រឹក ​ក្នុង​ភូមិ​ពូ​តាំង​ លោកគ្រូ​ម្នាក់​កំពុង​បង្រៀន​មុខវិជ្ជា​ភាសាខ្មែរ​ សិស្ស​តែ​ពីរ​នាក់​គត់ ​ដោយសារតែ​មាន​ភ្លៀង​ខ្លាំង​កាលពី​យប់ ​ទើប​បណ្តាល​ឱ្យ​សិស្សរបស់​គ្រូ​មិនបាន​មក​រៀន។

លោកគ្រូ ទាន់ ហឹក អាយុ៣០ឆ្នាំដែល​ត្រូវជា​គ្រូ​បន្ទុក​ថ្នាក់​ទី៥ នៃ​សាលាបឋមសិក្សា​ពូ​តាំង ​​រយៈពេល៦ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជាទូទៅ​នៅក្នុង​ថ្នាក់រៀន​របស់​លោកគ្រូ​មាន​សិស្ស​សរុប​ចំនួន៣៣នាក់ ហើយ​ភាគច្រើន​គឺ​ជន​ជា​តិ​ពូន​ង ក៏ប៉ុន្តែ​ដើម្បី​បង្ការ​ការពារ​នូវ​ជំងឺឆ្លង​កូ​វីដ១៩ ការ​បង្រៀន​របស់​លោក​បាន​លើក​ទៅរៀន​នៅ​តាម​ផ្ទះ ហើយ​បែង​ចែក​ជា​ក្រុ​មតូចៗ​វិញ ដែល​ក្នុង​មួយ​ក្រុម​មានកូន​សិស្ស​ចំនួន​ប្រមាណ​ជាង១០នាក់។

ដោយឡែក ​សម្រាប់​ការ​កែប្រែ​ទីកន្លែង​សិក្សា​បែ​បថ្មី​នេះ ចំនួន​សិស្ស​ដែល​មក​រៀន​ក៏​មិន​មាន​សភាព​ដូចមុន​នោះ​ដែរ។

លោកគ្រូ ទាន់ ហឹក មាន​ប្រសា​សន៍ថា៖ «និយាយរួម ​បើ​មក​តាម​ផ្ទះ វា​ថា​វា​អត់​មក​ទេ ទាល់តែ​រៀន​នៅ​សាលា ​បាន​ទៅរៀន។ ក្នុង​ហេតុផល​នេះ​ ខ្ញុំ​ក៏​ពិបាក​បកស្រាយ ខ្ញុំ​ក៏បាន​អប់រំ​ទៅ​ឪពុក​ម្តាយ​ដែរ​ថា ឥ​លូ​វយើង​មិនមែន​ចាំតែ​ផ្ទះឬសាលា​នោះ​ទេ ព្រោះ​រៀន​នៅផ្ទះ​ក៏​ដូច​រៀន​នៅ​សាលា​ដែរ អ៊ីចឹង​ដោយសារ​បញ្ហា​មេរោគ​ច្រើន ​យើង​មិន​អាច​នៅ​ជុំគ្នា​បានទេ អ៊ីចឹង​ពន្យល់​ប្រាប់​ហើយ​ពួក​វា​ដូច​ខ្មាសវា​ម៉េច អត់​យល់​អីចឹង​ហ្អាស»។ 

ក្រៅពី​នេះ សម្រាប់​កម្មវិធី​សិក្សាដែល​ក្រសួង​អប់រំ​បាន​ដាក់ចេញ​ឱ្យ​ប្រើប្រាស់ ដើម្បី​ជា​ជំនួយ​ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​នោះ លោកគ្រូបាន​លើកឡើង​ថា មេរៀន​ដែល​ដាក់​បង្ហាញ​តាម​ទូរ​ទស្សន៍និង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ផ្សេង​ៗទាំងអស់ គឺ​អត់​ដូច​គោល​កា​រណ៍​បង្រៀន​របស់​គាត់​នោះ​ឡើយ។

លោកគ្រូបាន​ពន្យល់​ថា៖ «ឪពុក​ម្តាយ​ខ្លះ​មាន​ទូរសព្ទ​ប្រើ​មែន ខ្ញុំ​រាល់ថ្ងៃ​ក៏មានដែរ ប្រើ​អា​កម្មវិធី Cambodia school អីហ្នឹង​មែន តែ​ពេល​បើក​មើល គេ​បង្រៀន​ទៅ ​វា​អត់ដូច​គោល​កា​រណ៍​យើង​បង្រៀន វា​ខុស មើលទៅ​វា​ដដែល​ៗ។»

លោកគ្រូបន្ត​ទៀត​ថា៖ «ចង់​ចុច​ទៅមុខ​ទៀត​វា​អត់​កើត ត្រង់​ចំនុច​ហ្នឹងខ្ញុំ​អត់​ចេះ​ហ្មង ជួនកាល​វា​ខុស​ទំព័រ​បង្រៀន​យើង ឧទាហ​ណ៍ក្នុង​នេះ​ទំព័រ​ទី១៥ ជួនកាល​អត់មាន​ទំព័រ​ទី១៥ហ្នឹង​ផង ចឹង​សិស្ស​ក៏​មើល​អត់​យល់​ដែរ»។ 

ចំណែកកម្មវិធី​បង្រៀន​តាម​ប្រព័ន្ធ​សិក្សា​អន​ឡាញ​វិញ លោកគ្រូក៏បាន​បញ្ជាក់​ដែរ​ថា បើ​ទោះជា​មានការ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​សិក្សា​បែប​ថ្មីនេះ​ក៏​ពិតមែន ប៉ុន្តែ​ការ​ពន្យល់​មេរៀន​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ការ​ពន្យល់​ផ្ទាល់​នៅ​ខាងក្រៅ។

លោកមាន​ប្រសា​សន៍ថា៖ «វា​អត់​ទាន់​កម្មវិធី​សិក្សា​នោះ​ទេ ឧទាហរណ៍​ថា ថ្ងៃនេះ​យើង​បង្រៀន​ទី១០ អ៊ីចឹង​ដល់ពេល​ក្នុង​ហ្នឹង ខ្ញុំ​បើក​មើលទៅ​លើក​ទៅ១៥ ១៦អ៊ីចឹង អ៊ីចឹង​វា​អត់​ត្រូវ ខ្ញុំ​អត់​យល់ ខ្ញុំ​ចង់ឱ្យ​បាន​ម៉េច​តាម​ទំព័រ​បង្រៀន តែ​អត់​បាន។»

ចំពោះ​សេវា​ទូរសព្ទ​នៅក្នុង​ភូមិ​ពូ​តាំង​នេះ លោក​ ទាន់ ហឹក បានប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​ដែល​លោកគ្រូ​បង្រៀន ​គឺ​ពុំ​មាន​សេវាគ្រប់គ្រាន់​នោះ​ឡើយ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​បង្រៀន​តាម​អន​ឡា​ញនេះ​មិន​ដំណើរការ​រលូន​នោះ​ទេ។

នាយិកា​សាលាបឋមសិក្សា​ពូ​តាំង ស្ថិតនៅ​ភូមិ​ពូ​តាំង ឃុំ​រមនា ស្រុក​សែនមនោរម្យ អ្នកស្រី លឹម សូ​នី​តា ដែល​មាន​បទ​ពិសោធ​ន៍១៥ឆ្នាំ បាន​និយាយ​ថា ការ​រៀន​របស់​សិស្ស​ក្នុង​សម័យ​កូ​វី​ដនេះ គឺ​លោកគ្រូ​អ្នកគ្រូ​ផ្ទាល់ជា​អ្នក​ចុះ​បង្រៀន ធ្វើការ​ណែនាំ និង​ចុះ​ពិនិត្យកិច្ចការ​ដល់​ពួក​គាត់​នៅ​តាម​ផ្ទះ។ សម្រាប់​កិច្ចការ​ផ្ទះដែល​ដាក់​ឱ្យ​សិស្ស គឺ​ប្រព្រឹត្ត​ឡើងជា​រៀងរាល់ថ្ងៃ​ចន្ទ១សប្តាហ៍​ម្តងនិង​ប្រមូល​មកវិញ​ថ្ងៃសៅរ៍ដើម្បី​ដាក់​ពិន្ទុ​ប្រចាំខែ។ 

អ្នកគ្រូ​មានប្រសាសន៍​ថា៖ «និយាយរួម​ បើ​យើង​បង្រៀន​នៅ​សាលា​វា​ល្អ​ បើ​បង្រៀន​នៅ​តាម​ផ្ទះ​វា​មិនបាន១០០ភាគរយ​ទេ សិស្ស​ខ្លះ ភាគតិច​ឪពុក​ម្តាយ​មាន​ទូរសព្ទ​ឱ្យ​កូន​មើល ភាគច្រើន​គាត់​អត់មាន​លុយ​បញ្ចូល​ដែរ ហើយ​កន្លែង​ខ្លះ​គ្មាន​សេវា ភាគ​ខ្លះ​ទូរទស្សន៍​បាន​មើល​ខ្លះ​អត់​ខ្លះ អ្នកខ្លះ​ទូរ​ទស្សន៍​ខូច​ អ៊ីចឹង​អត់​យក​ទៅ​ធ្វើ​ទេ ភា​គច្រើន​ចឹង។»

អ្នកគ្រូ​បន្ត​ថា៖ «ថ្នាក់​ទី១ ទី២ [និងទី]៣ ពិបាក​ណាស់ ពេល​គ្រូ​ចុះ​តាម​ផ្ទះ ​មិនដែល​ឃើញ​ទេ ទៅដេក​នៅ​ចម្ការ ថ្នាក់​ធំមិន​សូវ​អី​ប៉ុន្មាន​ទេ ភាគច្រើន​បាត់២ទៅ៣នាក់​ទេ។ និយាយរួម​ ឪពុក​ម្តាយ​អត់​សូវ​ជំរុញ​កូន​ទេ គាត់​អត់​សូវ​ខ្វាយខ្វល់​ពី​កូន​ ថា​ការអប់រំមាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​កូន អនាគត​យ៉ាងម៉េច ​គាត់​អត់​ខ្វល់​ទេ សិស្ស​ទីនេះ​ភាគច្រើន​មិនបាន​រៀន​ឆ្លង​ទៅរៀន​ថ្នាក់​ទី៧ទេ។»

លោក ទឹម សង្វាត ប្រធាន​មន្ទី​រអប់រំ ​យុវជន និងកីឡា ​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា​ អំឡុង​ពេល​បង្រៀន​សិស្ស​ជា​បណ្តុំ​តាម​ផ្ទះ មន្ទីរ​បាន​ជួយ​ចុះ​ពិនិត្យ​ពី​ផលវិបាក​របស់​គ្រូបង្រៀន​តាម​តំបន់​ផង​ដែរ។ 

លោក​បញ្ជាក់​ថា បន្ទាប់ពី​ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​សាលា​នៅ​ទីរួមខេត្ត​មណ្ឌលគិរី​បើក​ដំណើរការ​ឡើងវិញ​ មន្ទីរអប់រំ​ខេត្ត​បាន​ត្រៀម​វិធានការណ៍​ការពារ​រួចរាល់​ហើយ​តាម​គោលការណ៍​ណែនាំ​របស់ក្រ​សួង​អប់រំនិង​ក្រសួងសុខាភិបាល។

លោក អង់ គីម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ជ្រើសរើស​វិធី​បង្រៀន​តាមមធ្យោបាយ​ឌីជីថលអន​ឡា​ញក្នុង​សម័យ​កូ​វីដ១៩នេះ ​ជា​រឿង​មួយ​ប្រសើរ ប៉ុន្តែ​លោក​ថា ​ប្រសិទ្ធ​ភាពរបស់​វា​នឹង​អាច​កើតមានឡើង​ទៅ​បាន ​គឺ​លុះត្រា​ណា​ក្រសួង​អប់រំ​ធ្វើការ​តាមដាន​អំពី​ការអនុវត្ត​​ការ​បង្រៀន​របស់​គ្រូ​ឱ្យ​បាន​ដិតដល់។

លោក គីម​អេង បន្ត​ថា បើ​ក្រសួង​មិន​មាន​មធ្យោបាយ​ក្នុង​ការ​ត្រួតពិនិត្យ​តាមដាន​លទ្ធភាព​ក្នុង​ការជំរុញ​សា​លា​មួយ​ៗឱ្យ​រៀបចំ​ការ​បង្រៀន​តាម​អន​ឡាញ​ទេ ប្រាកដជា​លទ្ធភាព​មិន​មាន​ទេ។លោក​ថា បើ​អាច​ដំណើរការ​ឡើង​ទៅ​បាន​ លុះត្រាតែ​ក្រសួង​បង្រៀន​គ្រូ ហើយ​ក្រ​សួ​ងណែនាំ​ឱ្យ​នាយក​សាលា​គិត​ពី​ធនធាន​ដែល​មានស្រាប់​ក្នុង​សាលា ​ដើម្បី​បណ្តុះបណ្តាលចែករំលែក​បន្តគ្នា​ក្នុង​ការប្រើ​ប្រាស់និង​បង្រៀន។

លោក​ថ្លែង​ថា៖ «ការ​បង្រៀន​ផ្ទល់​ប្រសើរ​ជាង​បង្រៀន​តាម​អន​ឡាញ ហើយ​បើ​គាត់​គ្រប់គ្រង​ការ​រក្សា​គម្លាត​បាន ​ខ្ញុំ​ថា​គ្មាន​បញ្ហា​ទេ។ ហើយ​បើ​គ្រូ​មានលទ្ធភាព​ក្នុង​ការ​រក្សា​គម្លាតនិង​គាត់​ប្រុងប្រយ័ត្ន​ជានិច្ច​ កុំឱ្យ​គាត់​មើលស្រាល​ទៅលើ​ស្ថានភាព​នៃ​កូ​វីដ១៩ គឺ​ហ្នឹង​ល្អជា​តាម​អន​ឡាញ។»

ទោះ​យ៉ាងណាក៏ដោយ សិស្ស​នៅ​ទីរួមខេត្ត​មណ្ឌលគិរីនិង​ទីរួមខេត្ត​បី​ផ្សេងទៀត​រួមមាន​ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី នឹង​ត្រូវ​បាន​ចូលរៀន​ជា​ធម្មតា​វិញ ក្រោយ​ក្រសួង​អប់រំ​ប្រកាស​កាលពី​ថ្ងៃទី២៦ ខែសីហា​សប្តាហ៍​មុន​ ដោយ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ​ដែល​មាន​សិស្ស​ថ្នាក់​ទី៩និង​ទី១២ និង​គ្រឹះស្ថានសិក្សា​រដ្ឋ​គ្រប់​កម្រិត​នៅក្នុង​ទីរួមខេត្ត​ទាំងបួនបើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី៧ ខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី​ក្រសួង​បាន​ចុះ​វាយតម្លៃ​ត្រួតពិនិត្យ​រួចរាល់​ថា ​ខេត្ត​ទាំង៤មានកម្រិត​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដទាប​បំផុត​៕


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ