សង្គ​ម​ស៊ី​វិល​​បារម្ភ​ថា​ឥទ្ធិពល​នយោ​បាយ​នឹង​ធ្វើ​ឱ្យ​ការ​ជំរុញ​​ប្រសិ​ទ្ធ​ភាព​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​ជួប​បញ្ហា​

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ក្រុមអង្គការសង្គមស៊ីវិល​សាទរចំពោះ​​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែល​បានក្រើនរំឭកដល់​មន្ត្រីតុលាការឱ្យ​ពន្លឿនការកាត់សេចក្តី​ដោយយុ​ត្តិធម៌និង​​មិនពុករលួយ តែពួកគេបារម្ភថា ការជំរុញនេះនឹងមិនជោគជ័យ បើក្រសួងនេះ​មិនអាច​ទប់ស្កាត់ការជ្រៀតជ្រែកឥទ្ធិពលន​យោបាយបា​នទេនោះ។

រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងមួយចំនួន ដែលធ្វើឡើងនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានក្រើនរំឭកមន្ត្រីពាក់ព័ន្ធ ត្រូវ​ម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមបរិបទនៃកំណែទម្រង់​ថ្មី ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា ការក្រើនរំឭករបស់រដ្ឋមន្ត្រីនេះ ជារឿងសំខាន់បំផុត ព្រោះបានជំរុញដល់ការធានា​យុត្តិធម៌សង្គម។

ប៉ុន្តែលោកថា ការជំរុញនេះទទួលបានជោគជ័យទាល់តែក្រសួងត្រូវធ្វើយ៉ាងណាឱ្យចៅក្រមឬព្រះរាជអាជ្ញាអនុវត្ត​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ លក្ខន្តិកៈ និងឆន្ទានុសិទ្ធិរបស់ខ្លួនបានដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ និង​ធានាអំពីភាពស្មើ​គ្នាចំពោះមុខច្បាប់និងយុត្តិធម៌សង្គម។

លោកថា៖ «ពីព្រោះទាល់តែចៅក្រមមួយៗ គាត់មានភាពឯករាជ្យ ឯករាជ្យក្នុងការសម្រេច អ៊ីចឹងមិនត្រូវពាក់ព័ន្ធរឿងអំពើពុករលួ​យ ​​រឿងនយោបាយ រឿងបក្ខពួកនិយម ឬក៏អីផ្សេងៗទេ ទាល់តែជម្រះចោលទាំងអស់ បានអាចធ្វើទៅបាន»។

មន្ត្រីសង្គមស៊ីវិល​រូប​នេះគូសបញ្ជាក់ទៀត​ថា អំពើពុករលួយនិងបក្ខពួកនិយមក្នុងវិស័យយុត្តិធម៌ ជាសត្រូវ​ដ៏ធំរារាំងដល់​ការស្វែងរកយុត្តិធម៌ និងបង្កការកកស្ទះសំណុំរឿងនៅតុលាការ។ តែយ៉ាងណា លោកថា វិស័យយុត្តិធម៌នៅកម្ពុជានឹងប្រសើរជា​ងមុន បើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានការប្តេជ្ញាចិត្តខ្ពស់លើយន្តការធ្វើកំណែទម្រង់នេះ។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទរឿង បានសាទរ​ចំពោះការលើកឡើង​របស់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែល​ប្រកាសពីការប្តេជ្ញាលើកកម្ពស់​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា​ឡើងវិញនេះ។

ក៏ប៉ុន្តែលោកថា ការ​ប្តេជ្ញាចិត្តនេះបានជោគជ័យទាល់តែ​ក្រសួង​បង្កើតយន្តការត្រួតពិនិត្យ​ការជំនុំជម្រះក្តី បង្កើត​ឱ្យ​មាន​យន្តការ​ចូលរួមផ្តល់​មតិយោបល់​ត្រឡប់​ពីប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងទប់ស្កាត់ឥទ្ធិពលនយោ​បាយកុំ​ឱ្យ​ជ្រៀតជ្រែក​ចូលប្រព័ន្ធតុលាការផងដែរ ។

លោកថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរបាយការណ៍អ្នកដែលសិក្សាស្រាវជ្រាវសន្ទស្សន៍យុត្តិធម៌នៅស្រុកខ្មែរយើងហ្នឹង គឺឥទ្ធិពលនយោបាយហ្នឹងបានលូកដៃជ្រៅក្នុងប្រព័ន្ធយុត្តិធម៌​នៅស្រុកខ្មែរយើង។ ហេតុនេះហើយ ការរក្សានូវឯករាជ្យភាពរបស់អ្នកធ្វើការនៅក្នុងវិស័យយុត្តិធម៌និងស្ថាប័នយុត្តិធម៌នេះ គឺជារឿងចាំបាច់សម្រាប់កម្ពុជា ដើម្បីធានាឱ្យបានថា ការប្រកាសជាឱឡារិករបស់រដ្ឋមន្ត្រីហ្នឹងអាចក្លាយជាការពិតបាន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនអាចទាក់ទងបាន។

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា គ្មានច្បាប់ណាបង្គាប់ឱ្យ​​ចៅក្រមត្រូវ​រងឥទ្ធិពលពីអ្នកនយោបាយទេ ហើយថា បុគ្គលដែលវៀរចាកអំពីក្រមសីលធម៌ ក៏ដូចជាផ្លូវច្បាប់ គឺបុគ្គល​នោះ​​ជាអ្នកទទួលខុសត្រូវដោយ​ខ្លួនឯង។

លោកបន្ត​ថា អ្វីដែលរដ្ឋមន្ត្រីក្រើនរំឭក គឺជា​ការ​ពង្រឹងបន្ថែមនូវអ្វីដែលមន្ត្រី​​ក្នុងវិស័យ​យុត្តិធម៌​បានខិតខំក្នុងការពង្រឹង​ជំនឿទុ​កចិត្ត​របស់ប្រជាពលរដ្ឋ ហើយថា វិធានការនេះនឹងត្រូវធ្វើឡើងចំពោះបុគ្គលដែលនៅតែបំពាន។

លោកថា៖ «ដោយឡែក សម្រាប់បុគ្គលដែលមិនទាន់មានស្មារតីភ្ញាក់រឭកទេ អាហ្នឹងការអនុវត្តផ្លូវច្បាប់នឹងប្រកាន់យកហើយ។ ចំ​​ពោះ​​​បុគ្គលដែលគ្មានការភ្ញាក់រឭក ឬនៅតែបន្តអនុវត្តខុសអំពីក្រមសីលធម៌​វិជ្ជាជីវៈរបស់ខ្លួន អាហ្នឹងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រ​ម ក៏​​ដូចជាក្រសួងយុត្តិធម៌ តាមរយៈអធិការកិច្ច នឹងធ្វើការទៅតាមអ្វីដែលជាបទដ្ឋាននៃច្បាប់»។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលធ្លាប់ជាប់ពន្ធនាគារ បានគាំទ្រប្រសាសន៍រដ្ឋមន្ត្រី​នេះ​ដែរ ដោ​​យថា បច្ចុប្បន្ននេះ តំណាងកម្មករនិងមេដឹកនាំសហជីពជាច្រើនកំពុងជាប់បណ្តឹងនៅតុលាការ រួមទាំង​សំណុំរឿងរបស់​លោកជាង៦ឆ្នាំមកហើ​យ ​មិនត្រូវបានទម្លាក់ចោលទេ បើទោះបីអ្នកទាំងនោះ​គ្រាន់តែធ្វើសកម្មភាពលើកកម្ពស់សិទ្ធិការងារក៏ដោយ។

លោកថា៖ «ចាំមើលប្រធានសហជីពទាំងអស់ហ្នឹងទទួលបានយុត្តិធម៌ រួមទាំងខ្ញុំផងដែរ​ ទទួលបានយុត្តិធម៌! អាហ្នឹងបានយើងជឿជាក់ថា ការលើកឡើងរបស់គាត់ពិតជាមានប្រសិទ្ធភាព បានយើងជឿជាក់! ប៉ុន្តែបើរឿងអយុត្តិធម៌រាប់សែនរាប់ម៉ឺនរឿងនៅតែទទួលរងអយុត្តិធម៌ទៀត វាជារឿងដដែលៗ ជាពិសេសរឿងដីធ្លីហ្នឹង ខ្ញុំឃើញម្ចាស់ដីត្រូវបានគេចាប់ដាក់ពន្ធនាគារ រីឯអ្នករំលោភដីគេ ដូចឧកញ៉ាអីហ្នឹង ​គ្មានឃើញគេចាប់ផង»។

អង្គការតម្លាភាពអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បាន​ចេញផ្សាយរបាយការណ៍​វាយតម្លៃមួយ​ថា កម្ពុជានៅមានអំពើពុករលួយ​ខ្ពស់នៅឡើយ បើធៀបនឹងប្រទេសជាសមាជិកអាស៊ាន។

បើតាម​អង្គការអន្តរជាតិមួយ​នេះ សន្ទស្សន៍ចំណាត់ថ្នាក់នេះធ្វើឡើងលើបណ្តាប្រទេសនិងដែនដីសរុបចំនួន១៨០ ផ្អែកលើការយល់ឃើញរបស់អ្នកឯកទេសនិងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យ​សាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០ទៅ១០០ ដែល០ពិន្ទុ មានន័យថា ពុករលួយខ្លាំង ហើយ១០០ពិន្ទុ គឺស្អាតស្អំខ្លាំង។

របាយការណ៍ដដែលបន្តថា លទ្ធផលរបស់ប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងមួយចំនួន រួមមាន កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអំពើពុករលួយក្នុងវិស័យឯកជន កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការពង្រឹងការកៀរគរ​ធនធាន ការជំរុញឱ្យមានរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក និងលើកកម្ពស់សេវាសាធារណៈ ជាពិសេសការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។

ប៉ុន្តែភាពមិនទាន់ប្រសើរ អង្គការនេះ​ថា កម្ពុជា​​នៅ​​ខ្វះការផ្លាស់ប្ដូរទស្សនៈយល់ឃើញជារួម​​របស់​អ្នក​ជំនាញនិង​ធុរ​ជន កំណែទម្រង់រចនាសម្ព័ន្ធ​ជុំវិញបញ្ហាអំពើពុករលួយទ្រង់ទ្រាយធំ អំពើពុករលួយផ្នែកនយោបាយ និងការពង្រឹងនីតិរដ្ឋជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ