ក្រសួង​យុត្តិធម៌​ថា​ មាន​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​រង​​ខ្លះ​អត់​មក​ធ្វើ​ការ​រហូត​៣​ខែ​ទាំង​មិន​សុំ​ច្បាប់​

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមានលុបឈ្មោះចៅក្រមនិងព្រះរាជអាជ្ញារងមួយចំនួនចេញពីក្រប​ខណ្ឌ​ បើ​ពួកគេនៅតែបន្តឈប់សម្រាករហូតដល់២ទៅ៣ខែដោយគ្មានច្បាប់ទម្លាប់។

ការព្រមាននេះបាន​ធ្វើឡើង​នៅ​ក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់តំណែងប្រធានសាលាឧទ្ធរណ៍ និងប្រធានសាលាដំបូងខេត្ត​ ចំនួន៤ទៀត ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ក្នុងពិធីនោះថា ថ្មីៗនេះ លោកបានទទួលព័ត៌មាន​ថា មាន​ព្រះរាជអាជ្ញារងនិងចៅក្រម​មួយចំនួនមិនបានទៅធ្វើការ២ទៅ៣ខែមក​ហើយ ហើយ​ក៏បាន​មិនបានសុំច្បាប់ទៅតាមវិន័យរដ្ឋបាល​ផងដែរ។

លោកបញ្ជាក់ថា៖ «បើ [ចៅក្រមនិងព្រះរាជអាជ្ញារង​] មិនដែ​ល​ទៅធ្វើការពីរបីខែ សុំអញ្ជើញដើរចេញតែម្តង ហើយខ្ញុំនឹងអនុវត្តនូវមាត្រា៥២ នៃច្បាប់លក្ខន្តិកៈ ហើយសុំប្រធានសាលាដំបូង និ​ង​ព្រះអាជ្ញាអមសាលាដំបូង សូមម៉ឺងម៉ាត់លើបញ្ហាវិន័យនេះឱ្យខ្ញុំ។ ចៅក្រមដែលមិនមកធ្វើការតែ១៥ថ្ងៃ ត្រូវបានគេកាត់បៀវត្សបា​ត់​​​​ទៅហើយ លើកហ្នឹងបើនៅតែបន្តទៀត ត្រូវចាត់ទុកថាបោះបង់ការងារ ពិន័យ ឬត្រូវបណ្តេញចេញពីក្របខណ្ឌ»។

ប៉ុន្តែ​ការថ្លែងរបស់រដ្ឋមន្ត្រីរូបនេះ​មិនបានបញ្ជាក់ថាតើ​​មន្ត្រីតុលាការដែលឈប់គ្មានច្បាប់ទម្លាប់នោះ កំពុងបំពេ​ញ​ការងារនៅសាលាដំបូងខេត្តណាឬតុលាការជាន់ខ្ពស់ណាមួយនោះទេ។

យ៉ាងណា លោក កើត រិទ្ធ បានក្រើនរំឭកមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវហ៊ានបង្ហាញមុខមន្ត្រីដែលអសកម្ម ដើ​ម្បី​​​ធ្វើជាមូលដ្ឋានក្នុងការចាត់វិធានការ ដើម្បី​ពង្រឹងវិន័យស្ថាប័ន ផ្តល់សេវាយុត្តិធម៌មួយនេះ និងកាត់បន្ថ​យការកកស្ទះសំណុំរឿងនៅតុលាការ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព សុំមិនបញ្ជាក់ដែរ ដោយគ្រាន់តែអះអាងថា ករណីនេះមានមន្ត្រីតិចតួចប៉ុណ្ណោះ តែលោកចាត់ទុកការព្រមានចាត់​វិធានការរបស់រដ្ឋមន្ត្រី ជាការជំរុញដល់យន្តការធ្វើកំណែទម្រង់ប្រព័ន្ធ​ច្បាប់។

លោកថា៖ «មិនមានច្រើនទេៗ ប៉ុន្តែគ្រាន់ថា នេះជាផ្នែកមួយក្នុងការពង្រឹងវិន័យការងារក្នុងកំណែទម្រង់មួយ ដើម្បីឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការងារផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលយើងត្រូវតែពង្រឹងចាប់ពីចំណុចតូចៗហ្នឹងឡើងទៅ មិនថាចាំតែករណីហ្នឹងច្រើនធំដុំណាមួយនោះទេ»។

ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ប្រកាសឱ្យប្រើអំឡុងឆ្នាំ២០១៤ មាត្រា៥២ ចែងថា៖ «អវត្តមានឥតច្បាប់ដោ​យពុំមានមូលហេតុលើសពី៣០ថ្ងៃ ហើយចៅក្រមនោះនៅតែមិនត្រឡប់មកបំពេញការងារវិញ ក្រោមការដាក់កំហិតចំនួនពីរដ​ង​នោះ ត្រូវលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌ»។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកសារព្រមាននេះជាសញ្ញាវិជ្ជមានមួយទៀត ក្រោយពីក្រ​សួ​ង​យុត្តិធម៌បានផ្តាស់ប្តូរព្រះរាជអាជ្ញា ចៅក្រម រួមទាំងប្រធានតុលាការជាហូរហែរៀងរាល់ឆ្នាំមកនេះ។ ប៉ុ​ន្តែលោកថា ការតម្រង់ទិសមន្ត្រីតុលាការមួយចំនួនមិនមែនជាការធ្វើកំណែទម្រង់ស្ថាប័នយុត្តិធម៌ទេ ដរាបណាមន្ត្រីគ្រប់គ្រងស្ថាប័ននេះមិនក្លាយជាមន្ត្រីឯករាជ្យនៅឡើយនោះ។

លោកថា៖ «វាទាល់តែធ្វើយ៉ាងម៉េចឱ្យប្រព័ន្ធយុត្តិធម៌ឬប្រព័ន្ធតុលាការនេះជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ហើយធានាបានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ [ពេល]ដែលមានក្តីក្តាំនៅតុលាការហើយ ធ្វើម៉េចឱ្យប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធតុលាការហ្នឹង ទៅជាប្រព័ន្ធឯករាជ្យពិតប្រាកដ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ផ្តល់ជាយោបល់ថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ត្រូវមានឆន្ទៈខ្ពស់ក្នុងការបង្កើតប្រព័ន្ធតាមដានជាប្រចាំទៅលើការងារមន្ត្រី ភ្ជាប់នឹងវិធានការ នោះទើបអាចរកឃើញធនធានមនុស្សដែលធ្វើការដោយសុចរិតភាពនិងទទួលខុសត្រូវបាន។

លោកថា៖ «បើមិនអ៊ីចឹងទេ អ្នកដែលគេចេះ គេចង់ធ្វើការងារជូនសង្គមហ្នឹង គេអត់មានឱកាសទេ ព្រោះយើងអត់មានយន្តការនៃការដំឡើងនិងការដក​ហ្នឹង​ជាប្រចាំ ព្រោះកិច្ចការនេះ ខ្ញុំគិតថា មិនមែនតែក្រសួងយុត្តិធម៌មួយទេ នៅ​មានក្រសួងផ្សេងៗទៀតមានបញ្ហាហ្នឹងដូចគ្នា»។

ទោះយ៉ាងណា នៅក្នុងពិធីនោះ លោក សេង ស៊ីវុត្ថា​ ប្រធានសាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ ដែលចូលកាន់តំណែងថ្មី បានប្តេជ្ញាថា នឹងបន្តបេសកកម្មនេះ ដើម្បីបង្កើនទំនុកចិត្តសាធារណជនលើប្រព័ន្ធយុត្តិធម៌។

លោកថា៖ «ខ្ញុំបាទសូមប្តេជ្ញាចិត្តដូចតទៅនេះ ទី១ បន្តដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញឱ្យ​​​​មានប្រសិទ្ធភាព តម្លាភាព ពង្រឹងនិងពង្រីកឱ្យកាន់តែល្អប្រសើរនូវ​ការផ្តល់សេវាយុត្តិធ​ម៌ជូនប្រជាពលរដ្ឋ ស្របតាមគោលការ​ណ៍​​​​ច្បាប់ ដើម្បីបង្កើន​ទំនុកចិត្ត​សាធារណជនលើប្រព័ន្ធតុលាការ»។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី មានប្រសាសន៍​ថា ការប្តេជ្ញាចិត្តរបស់មន្ត្រី គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ប៉ុន្តែលោកថា បើឆាប់ៗនេះ សកម្មជនបរិស្ថានមួយចំនួន រួមទាំងប្អូនប្រុសរបស់លោក ដែលជាប់ឃុំជាង៨ខែដោយគ្រាន់តែតវ៉ាដោយសន្តិវិធី ត្រូវបានដោះលែងវិញនោះ ទើបជាសញ្ញាលេចឡើងនៃកំណែទម្រង់។

លោកថា៖ «ព្រោះបើមើលពីការចាប់ខ្លួនប្អូនខ្ញុំវិញ វាលើសនីតិវិធីបាត់ទៅហើយ [ជាង៨ខែ] ប៉ុន្តែហេតុអីបានជាចៅក្រមមិនឱ្យគាត់នៅក្រៅឃុំបណ្តោះអាសន្ន ពីព្រោះមិនទាន់កាត់ទោសអ៊ីចឹង។ […] យើងមានតែរង់ចាំមើលទេ បើគាត់ធ្វើខុសពីការប្តេជ្ញាចិត្ត វាមានអីខុសគ្នា! ព្រោះវាជារឿងដដែលៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ