មេធាវី​ការពារ​ក្តី​លោក រ៉ុង​ ឈុន​ ទាមទារ​ឱ្យ​​តុលាការ​ពន្លឿន​សវនាការ​ឱ្យ​បាន​ឆាប់​

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានស្នើទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ​​ ​ពន្លឿនសវនាការ​​សំណុំ​រឿង​​ប្រធានសហជីពមួយនេះឱ្យ​បានឆាប់​រហ័ស ខណៈ​សំណុំ​រឿង​នេះបានអូស​បន្លាយ​រយៈ​ពេល​ជិត១ឆ្នាំមកហើយ។

ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់កាលពីចុងខែកក្កដា ឆ្នាំ២០២០ និងត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្ក​ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សង្គម» ក្រោយ​ពេលលោក​​បាន​អត្ថាធិប្បាយនិង​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​ដីធ្លី​​របស់​ពលរដ្ឋ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធបញ្ហាព្រំដែនរវាង​កម្ពុជា-វៀតណាម។

លោក សំ សុគង់ សហមេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅថ្ងៃ​ចន្ទ​នេះ​ថា សវនាការ​លើ​អង្គ​សេចក្តី សម្រាប់​សំណុំ​​រឿងពាក់ព័ន្ធបញ្ហា​​ព្រំ​ដែនកម្ពុជា-វៀតណាមនៅពេលនេះ ត្រូវ​បាន​តុលាការ​ដំណើរ​ការដល់ដំណាក់កាល សួរ​​សា​ក្សី​ជំនាញ​នៃ​កិច្ច​ការ​ព្រំដែន​ហើយ។

លោកបន្ត​​ថា តាមពិត តុលាការបានកំណត់​ថ្ងៃជំនុំ​ជម្រះ​បន្ត​​រួចហើយ ប៉ុន្តែដោយ​សារបញ្ហា​ជំងឺ​​កូវីដ-១៩​ បានធ្វើឱ្យសំណុំរឿងនេះ​ត្រូវបន្តពន្យារពេលរហូតមកដល់ពេល​បច្ចុប្បន្ន។ តែបើទោះ​ជា​បែបណា មេធាវីរូបនេះអះអាងថា ក្នុងនាមជាមេធាវីការពារក្តី មិនចង់បានការ​​អូស​បន្លាយទាំង​សវនា​ការ​លើអង្គ​​សេចក្តី និងការឃុំ​ខ្លួន​​យូរថ្ងៃបែប​នេះឡើយ។

លោក សំ សុគង់ បន្តថា៖ «ស្នើសុំតុលាការហ្នឹងពន្លឿនក្នុងការកំណត់កម្មវិធីសវនាការ ធ្វើយ៉ាងម៉េចឱ្យបានឆាប់ ដោយសារឃុំខ្លួនរបស់លោកគ្រូ រ៉ុង ឈុន ក៏ដូចជាអ្នកពាក់ព័ន្ធនៅក្នុងរឿងហ្នឹងដែរ គឺមានរយៈពេលយូរហើយ អាចនឹងហួសពេលកំណត់»។

ច្បាប់ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន មាត្រា១ ចែងថា ទោះស្ថិតក្នុងករណីណាក៏ដោយ ការឃុំខ្លួន​​បណ្តោះអាសន្ននេះមិន​ឱ្យ​លើស​ពី៤ខែឡើយ។ ប៉ុន្តែការសម្រេច​របស់​ចៅក្រមដែលមានមូល​ហេតុ​​ច្បាស់​លាស់ រយៈពេលនេះ​អាចបន្តដល់៦ខែបាន ប្រសិនបើមានការចាំបាច់ក្នុងការ​ស៊ើប​អង្កេត។

ទាក់ទងការឃុំខ្លួននេះ លោក សំ សុគង់ អះ​អាង​ថា គិតពីថ្ងៃចាប់ខ្លួនកូនក្តីរបស់​លោក​រហូត​មកដល់ពេលនេះ មានរយៈពេលប្រមាណ១០ខែមកហើយ ដែលចំនួននេះអាច​​​លើស​​ពីនីតិវិធីដូចមានកំណត់​ក្នុង​ច្បាប់​​។

អ្នកនាំពាក្យសាលាដំបូងរាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់​យ៉ាងខ្លីថា លោកចៅក្រម លិ សុខា មិនទាន់បានកំណត់ថ្ងៃជំនុំជម្រះក្តី​ឡើងវិញលើសំណុំរឿងនេះនៅឡើយ​ទេ។

​លោកបន្ថែមថា ពេលវេលាជាក់លាក់ គ្រប់ភាគីក្នុងសំណុំរឿងត្រូវរង់ចាំសេចក្តីជូន​ដំណឹង​​ជាថ្មី អំពី​​សវនាការលើអង្គសេចក្តីបន្ត។

លោក អ៊ី រិន្ទ បន្តថា៖ «ចាំខ្ញុំបានកម្មវិធី ចាំខ្ញុំប្រាប់ទៅវិញ។ លោកចៅក្រមកំពុងតែពិនិត្យដើម្បីដាក់កម្មវិធីជម្រះ»។

ចំណែកលោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន លើកឡើងថា នៅពេលនេះ សុខភាពពូរបស់លោក គឺមិន​មានបញ្ហាអ្វីទេ។

លោកបន្តថា ដោយសារវិ​បត្តិកូវីដ-១៩នេះ ខាង​ពន្ធ​​នាគារបា​ន​រឹតបន្តឹង​ការសួរ​សុខ​ទុក្ខ​មួយ​​រយៈ​ពេលធំមកហើយ​ដែរ។ ​លោក​​បន្ថែមថា នៅ​ពេលបម្រាមនេះត្រូវបានបើក​ទូលាយឡើងវិញ លោកនឹងបន្តទៅ​សួរសុខ​ទុក្ខលោក រ៉ុង ឈុន ​ជាថ្មី​ទៀត​។     

លោក រ៉ុង វិជ្ជា បន្តថា៖ «សុខភាពគាត់រឹងមាំធម្មតា គ្រាន់តែថ្នាំគាត់មួយចំនួនចាំបាច់ គាត់តម្រូវឱ្យខ្ញុំទិញនិងផ្ញើជូនគាត់ដែរ។ ថ្នាំដែលចាំបាច់ គឺជាថ្នាំលើសឈាម»។

នាយករងអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ (Licadho) លោក អំ សំអាត ចាត់ទុកថា ការឃុំខ្លួនលើសនីតិវិធីនេះ ថា​មិន​​​​​​ត្រឹមតែ​ប៉ះពាល់ដល់​សិទ្ធិជាមូលដ្ឋាន​របស់​ជនត្រូវ​ចោទប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានេះ​ថែមទាំង​រំលោភ​​ទៅ​នឹងក្រមនីតិវិធី​ព្រហ្មទណ្ឌ​ផងដែរ។

លោកបន្តថា ដើម្បីអាចផ្តល់ភាពយុត្តិធម៌បាន​ ​ជនត្រូវចោទមាន​សិទ្ធិតវ៉ាប្រឆាំងការ​ឃុំខ្លួនលើសនីតិវិធី ហើយមេធាវីការពារក្តី គួរពិនិត្យឱ្យហ្មត់ចត់ដើម្បីធានា​ថា​ កូន​ក្តី​របស់​ខ្លួន​​នឹងមិនត្រូវរងគ្រោះបន្ថែមពីការអនុវត្តគោលការណ៍ច្បាប់នេះទេ។

បើតាមលោក អំ សំអាត យល់ឃើញថា បញ្ហានេះមិន​គួរ​ឱ្យកើតមានឡើងនោះឡើយ​សម្រាប់​លោក រ៉ុង ឈុន ខណៈដែល​​សំណុំរឿង​ផ្សេងទៀតនៅអាច​​ដំ​ណើរ​ការបានក្នុងគ្រាវិបត្តិកូវីដ-១៩​​នេះ។

លោក​ថា៖ «យើងយល់កាលៈទេសៈថាកូវីដ-១៩ដែលរីករាលដាលក្នុងសហគមន៍នេះ ក៏យើងឃើញរឿងមួយចំនួន តុលាការនៅតែដំណើរការដែរ បាទ»៕

កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌ៖ «ចំណែកលោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន លើកឡើងថា នៅពេលនេះ សុខភាពពូរបស់លោក គឺមិន​មានបញ្ហាអ្វីទេ ក្រៅពីមានជំងឺ​​លើ​ស​​ឈាមដែលជាជំងឺប្រចាំកាយរប​ស់គាត់។» ខ្លឹមសារដែលត្រឹមត្រូវគឺ «ចំណែកលោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន លើកឡើងថា នៅពេលនេះ សុខភាពពូរបស់លោក គឺមិន​មានបញ្ហាអ្វីទេ។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ