បទ​​យក​ការណ៍​៖​ ពលរដ្ឋ​​ក្រី​ក្រ​មួយ​ចំនួន​​ស្នើ​សុំ​​ឱ្យ​​រដ្ឋា​ភិបាល​​គិត​គូរ​​ពី​ការ​​ផ្ដល់​​សេវា​​សុខភាព​

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀតដែលរដ្ឋាភិបាលធ្លាប់ប្រកាសពីការគិតគូរ និងជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ និងជាការឆ្លើយតបចំពោះការរិះគន់លើវិស័យនេះកន្លងមកផងដែរ។

យ៉ាងណា ពលរដ្ឋ​កម្ពុជាមួយចំនួន​នៅតែបង្ហាញក្តី​បារម្ភពីសេវាសុខភាពនិងការព្យាបាលជំងឺពេលឈឺថ្កាត់ម្តងៗ ទាំងគុណភាពនិងការចំណាយ។ រីឯអ្នកក្រដែល​គ្មានលទ្ធភាព​ក្នុងការ​ព្យាបាល រឹតតែព្រួយបារម្ភថែមទៀត ដោយសារតែមិនមានទាំងបណ្ណសមធម៌ឬបណ្ណក្រី​ក្រ និងថែមទាំងគ្មាន​ថវិកាគ្រប់គ្រាន់សម្រាប់ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋជាដើម។  ​

វ័យ៥២ឆ្នាំ អ្នកស្រី លឹម ហេន មានសមាជិកគ្រួសារបីនាក់នៅក្នុងបន្ទុក។ អ្នកស្រីរស់នៅក្នុងភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកស្រីមានជំងឺដុំក ឬ ជំងឺពកក វិវត្តប៉ះពាល់​ដល់ភ្នែក និងមានបញ្ហាបេះដូង ដែលត្រូវឡើងមកពិនិត្យសុខភាពជា​រៀងរាល់ខែនៅឯមន្ទីពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

ស្ត្រីរូបនេះមានជំងឺប្រចាំ​កាយនេះរយៈពេល៣ឆ្នាំមកហើយ ហើយ​ដោយ​សារ​ជំងឺ​និង​ថ្លៃ​​ព្យា​បាល​នៅ​មន្ទី​រពេទ្យត្រូវចំណាយអស់ច្រើន អ្នកស្រីបានបង្ខំចិត្តលក់ដីស្រែរបស់​ខ្លួនអស់ចាប់​​តាំង​ពី​ធ្លាក់​ខ្លួន​ឈឺ​លើកដំបូងមកម៉្លេះ។

ក្នុង​ជីវភាពលំបាក ហើយ​មាន​ជំងឺ​ថែម​ទៀតបែបនេះ អ្នកស្រីបាន​ត្រឹម​ធ្វើ​ការងារ​ស៊ី​ឈ្នួល​គេ​បន្តិច​បន្ដួចនៅក្នុងភូមិ ដូចជា លាងចាន ច្រូត​កាត់ ដាំបន្លែឱ្យគេប៉ុណ្ណោះ ​ដើម្បី​រកចំណូលជួយ​ដល់​គ្រួសារ ខណៈ​ប្តីរបស់អ្នកស្រីគឺ​ជា​អ្នកនេសាទនៅបឹងក្បែរផ្ទះ។ រីឯកូនស្រីអាយុ១៦ឆ្នាំ ធ្វើការជាអ្នកលាងចាងឱ្យគេនៅឯទីរួមខេត្តកំពង់ចាម។

ថ្លៃចំណាយអស់ច្រើន ពេលត្រូវទៅមន្ទីរពេទ្យម្តងៗ រួមទាំង​ថ្លៃសោហ៊ុយ​ឡានទៅមក ថ្លៃពិនិត្យផ្សេងៗត្រូវចំណាយប្រមាណ១០ម៉ឺនរៀល ព្រមទាំង​​ថ្លៃទិញ​ថ្នាំពេទ្យផ្សេងទៀត ​ដែល​ជា​ទូទៅអ្នកស្រីទិញនៅម្តុំផ្សារតាប៉ាង សម្រាប់លេបរយៈ​ពេល១ខែ។

អ្នកស្រី​មានប្រសាសន៍ទាំងអួលដើមកថា៖ «ទៅពេទ្យម្តងៗអស់ជាង៩០ ០០០[រៀល] ថ្លៃសំបុត្រចូល១៥ ០០០រៀល ថ្លៃពិនិត្យឧបកណ៍អេកូ២៥ ០០០រៀលទៀត ថ្លៃជួសឈាម៤០ ០០០រៀលទៀត។ អ្នកគ្រូគិតមើលទៅ ខ្ញុំគ្មានលទ្ធភាពទៅទៀតទេ! ខ្ញុំស្តាយកូនទេ ខ្ញុំចាស់ចំណាស់ប៉ុណ្ណេះហើយ ខ្ញុំស្តាយកូនខ្ញុំទេ កុំអីខ្ញុំដេកងាប់ហើយ»។

អ្នកស្រីបន្តថា គាត់ធ្លាប់​បានស្នើសុំបណ្ណក្រីក្រច្រើនដងហើយ តែត្រូវបានអាជ្ញា​ធរ​បដិសេធ ក្រោមហេតុផលថា អ្នកស្រីមិនគ្រប់តាមលក្ខខណ្ឌគេតម្រូវ។

អ្នក​ស្រី​បន្ត​ថា៖ «គេថាយើងមានផ្ទះដេក [ចំណែក]គេក្រីក្រ គេឱ្យ​តែអ្នកគ្មានសោះ ខ្ញុំមានផ្ទះដេក តែផ្ទះ​ខ្ញុំ​ទ្រេត​អស់​ហើយ របូតក្បឿងរបូតអីអស់ហើយ ផ្ទះហ្នឹងនោះ! រួចកូនខ្ញុំមិនដឹងមានអីនៅទេ អត់ពីខ្ញុំទៅ [ស្លាប់]។ អ្នកគ្រូអើយ! រសាត់អណ្តែតហើយ។ […] ខែកញ្ញា [២០២០] ​ថ្ងៃ១៣ ខ្ញុំទៅពេទ្យអង្គឌួង ខ្ញុំទៅសុំគេធ្វើសំបុត្របញ្ជាក់ពីភូមិឃុំឱ្យ​ហើយ ទៅដល់លោកគ្រូពេទ្យអង្គឌួង គាត់​អត់​ទទួលទេ គាត់ថា បង លឹម ហេន អើយ! ខ្ញុំអត់ទទួលបងឯងទេ ព្រោះអីបងអត់មានបណ្ណក្រីក្រពិតប្រាកដ។ អានេះបញ្ជាក់ចេញពីភូមិឃុំទេ អាហ្នឹងធ្វើសំបុត្របញ្ជាក់ទេ គេដេញឱ្យ​​ខ្ញុំយកសំបុត្រហ្នឹងទុកវិញទៅ រួចខ្ញុំអត់មានលុយ ខ្ញុំមកវិញទទេមក»។

ដូចគ្នានេះដែរ ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង ខណ្ខទួលគោក រាជធានីភ្នំពេញ ដោយសុំមិនបញ្ចេញឈ្មោះពេញ អ្នកស្រី ឆេង ជាស្ត្រីមេផ្ទះ មានកូន៣នាក់ក្នុងបន្ទុក។ អ្នកស្រីមានប្រសាសន៍ថា គាត់និងសាច់ញាតិ រួមជាមួយជន​ក្រីក្រដទៃទៀត គ្មានបណ្ណសមធម៌ឬបណ្ណក្រីក្រ និងបណ្ណ ប.ស.ស ​សម្រាប់​ចូលមន្ទីរពេទ្យទេ ដូច្នេះ ពួកគាត់​​​ត្រូវចំណាយថវិកា​​ភ្លាមៗ រាល់ពេលចូលពិនិត្យឬព្យាបាលជំងឺនៅមន្ទីរពេទ្យ​ម្តងៗ។

អ្នកស្រីរៀបរាប់ថា ស្វាមីគាត់ធ្លាប់គ្រុនពោះវៀន ចូលពេទ្យឯកជនចំណាយអស់ថវិការាប់រយដុល្លារ។ ចំណែកឪពុក​របស់​អ្នកស្រី​មាន​ជំងឺរ៉ាំរ៉ៃ ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ រយៈពេលជិតមួយឆ្នាំចុងក្រោយ ចំណាយថវិកាអស់ជិត១០ ០០០ដុល្លារ។

អ្នកស្រីថ្លែងថា៖ «អស់ច្រើនដែរ ទៅម្តងរាប់រយៗ [ដុល្លារអាមេរិក] ១ខែជាង ទៅម្តង ជិត១ពាន់ [ដុល្លារ] ដែរ! អាហ្នឹងទៅដេកតែ២ថ្ងៃ១យប់ អស់ជិតមួយពាន់ [ដុល្លារ] ដែរ។ អាហ្នឹងមានលុយ បើគ្មានលុយ គេមិនមើលទេ គេមើលដែរ ប៉ុន្តែទុកក្រោយគេ។ ពេទ្យរដ្ឋបង់លុយមុនទៀត មិនមែនពេទ្យឯកជន [ពេលឈឺ]ចូលទៅ គេធ្វើហើយអស់ ដល់ថ្ងៃចេញបានគិតលុយ។ ពេទ្យរដ្ឋចូលទៅបង់លុយមុន បង់លុយហើយស្អែកឡើងដល់ថ្ងៃបង់លុយ មកយករាល់ថ្ងៃ ពិបាកណាស់ កុំឈឺ»។

ទាក់ទិនបញ្ហាសេវាកម្មសុខាភិបាលនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ធ្លាប់មានប្រសាសន៍​តាមប្រព័ន្ធតេឡេក្រាម កាលពីចុងឆ្នាំ២០២០ថា សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនៅ​ក្នុង​ប្រទេ​សកម្ពុជា កាន់តែ​មានភាព​ល្អប្រសើរ​ឡើងទៅតាមកម្រិតនិងតាមទីកន្លែង ហើយភាពពេញចិត្តសេវាក៏កាន់តែកើនឡើង ដែលធ្វើឱ្យ​​មន្ទីរពេទ្យរដ្ឋកន្លែងខ្លះមាន​អ្នកជំងឺ​មកទទួល​សេវា​ច្រើន​។

លោក​ស្រី​បញ្ជាក់​ថា បណ្ណ ប.ស.ស ប្រើសម្រាប់កម្មករនិងមន្ត្រីរាជការស៊ីវិល ចំណែកបណ្ណក្រីក្រប្រើ​សម្រាប់​ជនក្រីក្រនៅមន្ទីរពេទ្យរដ្ឋ​ជា​អ្នក​ចេញ​ថ្លៃ។ លោកស្រីបន្ថែមថា បើពលរដ្ឋ​មិនមានបណ្ណក្រីក្រ អាចជម្រាបទៅមន្ទីរពេទ្យដែលមានគណៈកម្មការឬក្រុមការងារនៅទីនោះ អាចវាយតម្លៃនិងផ្តល់ការលើកលែងបង់ថ្លៃបាន។    

ទោះជាយ៉ាងនេះក្តី នៅមានប្រជាជនខ្មែរមួយចំនួនទៀត ទោះបីជាមិនមែនជាអ្នកក្រីក្រ តែមិនទុកចិត្តលើសេវាពេទ្យស្រុកខ្មែរនៅឡើយទេ ហើយក៏បានសម្រេចចិត្តទៅព្យាបាលជំងឺនៅបរទេស បើទោះបីជាត្រូវចំណាយអស់ច្រើនជាងការព្យាបាលនៅក្នុងស្រុកក្តី។  

ជាមន្រ្តីរាជការចូលនិវត្តន៍មួយរូបរស់នៅរាជធានីភ្នំពេញ ដែលបដិសេធមិនផ្តល់ឈ្មោះពេញ លោក ទី ​មានប្រសាសន៍ថា កាលពីជាង២ឆ្នាំមុន លោកប្រថុយទៅវះកាត់ជំងឺកៀបសរសៃ​និងសន្លាក់ នៅប្រទេសវៀតណាម ដែលបានពិនិត្យនិងសម្រាកព្យាបាលជំងឺនៅទីនោះចំនួន១៩ថ្ងៃ ដោយមានសាច់ញាតិទៅជាមួយបីនាក់។

លោកបន្តថា មុនពេលមានកូវីដ-១៩ ជារៀងរាល់ខែ លោកត្រូវទៅបើកថ្នាំនិងពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលមានសាខានៅរាជធានីភ្នំពេញ។ លោកត្រូវចំណាយប្រាក់អស់១០០ដុល្លារ ឬជាង១០០ដុល្លារ រៀងរាល់ខែ។ លោកមានបណ្ណ ប.ស.ស ដែរ តែពេទ្យនោះគេមិនទាន់ទទួល ត្រូវគិតលុយទាំងអស់។

លោកថ្លែងថា៖ «ចុះយើងដឹងហើយ ពេទ្យស្រុកខ្មែរយើងចេះតែនេះ ឮគេថាវៀតណាមល្អ វាស្រួលអី យើងចេះតែទៅតាមគេ។ [ …] ចុះយើងធ្លាប់នៅនេះហើយ តាំងពីប៉ុន្មានឆ្នាំហើយ ជាប់ហ្នឹង ជាប់រហូត គ្រូពេទ្យមើលចេះតែជាប់ជាមួយគ្រូពេទ្យហ្នឹងរហូតទៅណា»។

ទាក់ទងករណីនេះ​ នាយកប្រតិបត្តិនៃអង្គការ ខាណា លោក ជួប សុខចំរើន ទទួល​ស្គាល់​ថា សេវាសុខាភិបាលសាធារណៈនៅ​កម្ពុជា មាន​ការ​រីកចម្រើនគួរ​ឱ្យ​កត់​សម្គាល់។ ទោះ​ជា​យ៉ាង​ណា​ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​ពិនិត្យ​វាយ​តម្លៃលើ​​ស្ថានភាព​ជីវភាព​ពលរដ្ឋ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើអ្នក​ជំងឺ​និង​ការ​ព្យាបាល​ជា​ចម្បង។

លោក​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសទទួលសេវាសុខភាពតាមធនធាន​របស់ខ្លួន​ ប៉ុន្តែ​រដ្ឋមាន​កាតព្វកិច្ច​ក្នុងកា​រ​ធានាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ដល់ពលរដ្ឋគ្រប់រូបដែលត្រូវការសេវាថែទាំសុខភាពនិងដោយ​មិនទុក​នរណា​ចោលឡើយ​​។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មានប្រភេទជំងឺជាច្រើនដែលប្រជាពលរដ្ឋយើងកំពុងប្រឈមមុខនៅពេលបច្ចុប្បន្ន ហើយក៏មានប្រភេទជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺបេះដូង សរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរុំារ៉ៃ និងជំងឺទឹកនោមផ្អែម។ល។ ជាកត្តាចម្បងមួយនៃការស្លាប់និងពិការភាពដែលជាការគំរាមកំហែងដ៏ធំចំពោះ​ការអភិវឌ្ឍ​​សេដ្ឋកិច្ចនិងសង្គមខ្មែរ ដោយសារផលវិបាកនូវរបៀបរស់នៅ និងបរិស្ថានកំពុ​ង​ប្រែប្រួល»។

​ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ លោក ផៃ ស៊ីផាន ​មានប្រសាសន៍កាលពីថ្ងៃទី១៨ ខែឧសភា ថា ប្រជាពលរដ្ឋដែលក្រីក្រអាចស្នើសុំធ្វើបណ្ណក្រីក្រតាមដំណាក់កាល «ក្រីក្រ១» «ក្រីក្រ២» ​របស់ខ្លួន និងស្នើសុំជំនួយពីអាជ្ញាធរមូលដ្ឋានដែលនៅតាមមណ្ឌលសុខភាពរបស់ខ្លួនរស់នៅ បើអត់លទ្ធភាព ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋ លោកត្រូវតែតាមដានពីគោលនយោបាយរបស់រដ្ឋាភិបាល ហើយប្រជាពលរដ្ឋអាចមានសិទ្ធិតវ៉ាបាន ប្រសិន​បើខ្លួនពិតជាក្រីក្រ បានស្នើសុំហើយ នៅតែមិនអាចបានទទួលបានតាមភាពជាក់ស្តែងនូវគោលការណ៍ដែលបានកំណត់»។

យោងតាមរបាយការណ៍ គ្របដណ្តប់សេវាសុខភាព ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គមឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ដាក់ចេញនូវគម្រោងជំនួយសង្គម។ គម្រោងទាំងនោះ រួមមាន ការផ្ទរសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ កុមារតូចៗ អាហារូបករណ៍សម្រាប់កុមារមកពីគ្រួសារក្រីក្រ និងប្រាក់ឧបត្ថម្ភដល់ជនពិការ ជាដើម។

ក្រៅពីនោះ នៅមានសេវាគាំពារដូចជា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងការផ្តល់បណ្ណសមធម៌ឬបណ្ណក្រីក្រ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃ និងផ្តល់ថវិកាមួយចំនួនសម្រាប់ថ្លៃធ្វើដំណើរ ថ្លៃអាហារ ក្នុងពេលសម្រាកព្យាបាលទៀតផង។

​ទោះបីជាយ៉ាងនេះក្តី អ្នកស្រី លឹម ហេន នៅតែអំពាវនាវឱ្យ​រដ្ឋគិត​គូរ​​ពី​ការ​ផ្ដល់​បណ្ណ​ក្រី​ក្រ​ដល់​ពលរដ្ឋ ដោយ​ថា ​ស្ថានភាព​គាត់​ពេល​នេះគឺ​បាត់​បង់​ទ្រព្យ​​សម្បត្តិនិងប្រាក់ចំណូល​ស្ទើរ​អស់​ហើយ​ ដោយ​សារ​ជំងឺកូវីដ-១៩ ខណៈបណ្ណសមធម៌នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រួសារអ្នកស្រី ពិសេសខ្លួន​អ្នកស្រីផ្ទាល់ដែលអាចបន្តជីវិតទៅមុខទៀត តាមរយៈការទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។

អ្នកស្រីថ្លែងថា៖ «សូមឱ្យ​ជួយមើលពួកខ្ញុំផង បើមិនជួយខ្ញុំទេ ខ្ញុំងាប់ចោលកូនស្រីមួយគ្រាប់ហ្នឹងហើយ ខ្ញុំដើរយំពេញពេទ្យ។ អ្នកគ្រូ ធឿន ​ហ្នឹង ​គាត់​សើចខ្ញុំ។ គាត់អង្វរខ្ញុំកុំយំអី គេក៏កើតអាហ្នឹងដែរ រួចគេមានកូន ខ្ញុំកូនមួយគ្រាប់ជាតិហ្នឹង អ្នកគ្រូអើយ សង្ស័យងាប់ចោលកូនខ្ញុំ។ បើលោកគ្រូថា បើវះ ដេកលើគ្រែមួយជីវិត ខ្ញុំយំហ៊ូៗ ខ្ញុំដើរចេញមក»៕

អត្ថបទទាក់ទង

ស ខេង សួរសុខទុក្ខពលរដ្ឋនៅបាត់ដំបង
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ sarkheng.com

លោក​ ស​ ខេង​ ក្រើន​​រំឭក​​ឱ្យ​​ចាត់​វិធានការ​​ម៉ឺងម៉ាត់​​លើ​​មន្ត្រី​​មូលដ្ឋាន​​គប់គិត​​គ្នា​​ក្នុង​​ដំណើរ​ការ​​កំណត់​​អត្ត​សញ្ញាណ​​ពលរដ្ឋ​​ក្រីក្រ​​

បុរស​ម្នាក់​កំពុង​ឈរ​មើល​ការ​ប្រារព្ធ​ទិវា​មនុស្សចាស់​កម្ពុជា ឆ្នាំ២០២០ នៅកន្លែង​ជួបជុំ​មួយ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី២៧ ខែតុលា ដោយ​អាវ​របស់​គាត់​មាន បោះពុម្ព​អក្សរ​ធំ​ថា «មនុស្សចាស់​គួរ​ទទួល​បាន​សេវា​សុខភាព​ឥតគិតថ្លៃ»។ (ហ៊ុន សិរី​វឌ្ឍន៍​)

សមាគម​​មនុស្ស​ចាស់​​ចង់​ឱ្យ​​រដ្ឋ​​ផ្ដល់​​បណ្ណ​​សមធម៌​​ដល់​​ពលរដ្ឋ​​គ្រប់​រូប​​នៅ​ពេល​​ឈាន​​ចូល​​ដល់​​វ័យ​៦០​ឆ្នាំ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ