រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំឭកអភិបាលខេត្ត-រាជធានី ឱ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីមូលដ្ឋានដែលគប់គិតគ្នានៅក្នុងដំណើរការកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
រដ្ឋមន្ត្រីមហាផ្ទៃរូបនេះបានក្រើនរំឭកបែបនេះនៅក្នុងសេចក្ដីជូនដំណឹងមួយដែលផ្ញើទៅអភិបាលរាជធានីនិងខេត្តនៅទូទាំងប្រទេសនៅថ្ងៃនេះ។
ក្នុងសេចក្ដីជូនដំណឹងនោះ លោក ស ខេង ណែនាំទៅអាជ្ញាធរខេត្តនិងរាជធានី ឱ្យកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដោយចៀសវាងការគប់គិតគ្នាដើម្បីដាក់បញ្ចូលសមាជិកក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាពលរដ្ឋក្រីក្រនិងរងគ្រោះពិតប្រាកដ។
ជាងនេះទៀត រដ្ឋមន្ត្រីមហាផ្ទៃរូបនេះបានណែនាំឱ្យចាត់វិធានការម៉ឺងម៉ាត់ទៅលើមន្ត្រីឃុំ-សង្កាត់ ដែលអនុវត្តមិនត្រឹមត្រូវនៅក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
លោក ស ខេង បានក្រើនរំឭកបែបនេះ បន្ទាប់ពីរដ្ឋាភិបាលសម្រេចបន្តផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៤ ដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបន្ថែមទៀត នៅចន្លោះពីខែមករា ដល់ខែមីនាឆ្នាំក្រោយនេះ។
បើតាមសេចក្ដីជូនដំណឹងដដែលនោះ រដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រខ្ទង់៧០ម៉ឺនគ្រួសារ ឬប្រហែល២,៨លាននាក់ នៅចន្លោះថ្ងៃទី២៥ ខែមិថុនា ដល់ខែធ្នូឆ្នាំនេះ។
លោក ស ខេង ចាត់ទុកដំណោះស្រាយបែបនេះរបស់រដ្ឋាភិបាលបានទទួលជោគជ័យ ដោយថា កម្មវិធីនយោបាយរបស់រដ្ឋាភិបាលទទួលបានការគាំទ្រនិងការកោតសរសើរពីប្រជាពលរដ្ឋនិងដៃគូអភិវឌ្ឍន៍នានា។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ទៅលើករណីនេះ ដើម្បីធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋក្រីក្រពិតជាទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលមែន។ លោកបន្តថា អាជ្ញាធរខេត្តនឹងណែនាំទៅកាន់អភិបាលស្រុកនិងមេឃុំ ឱ្យធ្វើការងារនេះដោយយកចិត្តទុកដាក់បំផុត និងមិនត្រូវធ្វើអី្វឱ្យខុសឆ្គងពីការណែនាំឡើយ។
លោកថា៖ «ការងារនេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក្នុងពេលនេះមានការលំបាកខ្លះ ដោយសារសភាពការណ៍ជំងឺកូវីដ១៩អញ្ចឹងទៅ»។
បើតាមអភិបាលខេត្តរូបនេះ ចាប់តាំងពីចាប់ផ្ដើមអនុវត្តកម្មវិធីនេះមក ខេត្តនេះមិនដែលមានភាពខុសប្រក្រតីណាមួយដែលបានកើតឡើងឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ថា រដ្ឋាភិបាលបានចំណាយលុយប្រហែលជាង៣០លានដុល្លារក្នុងមួយខែៗ ដើម្បីបើកជូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារកូវីដ១៩។ លោកបន្តថា ក្នុងដំណាក់កាលទី៤ ដែលមានរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១ខាងមុខ រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៣២លានដុល្លារក្នុងមួយខែ។
លោក តូច ចាន់នី បានបន្ថែមថា នាពេលកន្លងមក ក្រសួងធ្លាប់បានរកឃើញមានភាពមិនប្រក្រតីមួយចំនួនតូចលើការកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រដើម្បីទទួលបានបណ្ណសមធម៌នេះ ប៉ុន្តែមិនមានច្រើននោះទេ គឺត្រឹមតែមួយទៅពីរឃុំប៉ុណ្ណោះក្នុងមួយខេត្ត។ តែយ៉ាងណា លោកថា ករណីនេះត្រូវបានដោះស្រាយរួចរាល់ហើយ។
លោក តូច ចាន់នី ថ្លែងថា៖ «ដោយសារតែឃុំខ្លះ គាត់អត់ទាន់យល់ ឃុំខ្លះគាត់អត់ទាន់ច្បាស់អញ្ចឹង គាត់គ្រប់គ្រងអត់ទាន់បាន ហើយម្យ៉ាង គាត់អត់ទាន់យល់ច្បាស់ពីកម្មវិធីហ្នឹង»។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យបន្តការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ជុំទី៤ ចំនួន៣ខែបន្ថែមទៀត ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយនិងរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញបទបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និងប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ដោយត្រូវចៀសវាងនូវការយោគយល់និងគប់គិតគ្នា ដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ឬ អ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រនិងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ។
លោកក៏បានព្រមានចាត់វិធានការណ៍ក្តៅ និងមិនលើកលែង ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថា មានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុងភូមិឬឃុំ-សង្កាត់ណាមួយនោះ៕