សមត្ថ​កិច្ច​​ធ្វើ​តេស្ត​រក​​កូវីដ-១៩​លើ​មនុស្ស​៤៥​នាក់​ ក្រោយ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​គ្រឿង​ញៀន

នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២១​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ឆ្មក់​ចូល​បង្ក្រាបនិងឆែកឆេរនៅចំណុច​ខុន​ដូ​មួយ​កន្លែង ​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួនជនបរទេស​និង​ជនជាតិ​ខ្មែរ​៤៥​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​ល្មើស​វិធាន​ក្រសួងសុខាភិបាល​​ ដោយមានទាំងសម្ភារនិងគ្រឿងញៀនមួយចំនួនផង។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

​សមត្ថកិច្ចរាជធានីភ្នំពេញ អះអាងថា កំពុងធ្វើតេស្តសុខភាពរកមេរោគកូវីដ-១៩លើមនុស្សចំនួន៤៥នាក់ ក្រោយឃាត់ខ្លួនពួកគេទាំងនេះពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

អ្នកនាំពាក្យស្នងការដ្ឋាន​ន​គរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កម្លាំងសមត្ថកិច្ច កាលពី​ម៉ោង១២យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានចុះបង្រ្កាប​ទីតាំងខុនដូមួយកន្លែង ស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ពាក់ព័ន្ធនឹងករណីជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន។

លោកបន្តថា ការបង្រ្កាបនេះ សមត្ថកិច្ចបាន​ឃាត់ខ្លួនមនុស្សចំនួន៦០នាក់ ប៉ុន្តែបានដោះលែងទៅវិញចំនួន១៥នាក់ ក្រោយពីរកឃើញថា ពួកគេទាំងនោះ​មិនជាប់ពាក់ព័ន្ធ។

ដោយឡែក មនុស្ស៤៥​នាក់ផ្សេងទៀត លោកថា បច្ចុប្បន្ន ក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកទាំងនោះទៅធ្វើតេស្តរកមេរោគកូវីដ-១៩ មុននឹងធ្វើតេស្តរកសារធាតុញៀន ដើម្បីបន្តនីតិវិធីបន្ថែមទៀត។

លោកបានគូសបញ្ជាក់​ថា៖ «ជាក់ស្ដែង យើងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធ៤៥នាក់ ​​ក្រៅពីហ្នឹងជាកម្មករនិងចុងភៅអីផ្សេងទៀត​។ ឥលូវសមត្ថកិច្ចយើងកំពុងធ្វើការបន្ថែមទៀត ថាតើអ្នកណា​ជាម្ចាស់ទីតាំង អ្នកណាជា​​មេការ ហើយឥលូវយើងមិនទាន់ធ្វើអីកើតទេ ដោយសារយើងរង់ចាំ​ក្រុមគ្រូពេទ្យគាត់ធ្វើសំណាកសិន​។ ទី២ ត្រូវឆែកមើលសារធាតុញៀនពេលធ្វើការងារហ្នឹងរួច បានយើងបន្តនីតិវិធីសួរនាំបន្តទៀត»។

លោក សាន សុខសីហា បន្តថា ក្នុងចំណោមមនុស្សទាំង៤៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ គឺមានជនជាតិ​​ខ្មែរចំនួន១០នាក់ ហើយក្រៅពីនោះជាជនជាតិចិននិងវៀតណាមជាដើម។ លោកបន្តថា បច្ចុប្បន្ន មនុស្សទាំង៤៥​នាក់កំពុងស្ថិតនៅស្ន​ងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ ដោយសមត្ថកិច្ចមិនទាន់ធ្វើតេស្តរកសារធាតុញៀន និងធ្វើការសាកសួរនៅឡើយ ដោយសារការធ្វើតេស្តរកមេរោគកូវីដ-១៩នៅមិនទាន់ដឹងលទ្ធផល។

កាលពីថ្ងៃទី​១៦ ខែឧសភានេះ សមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានចាប់និងបញ្ជូនខ្លួនជនជាតិចិនចំនួន២នាក់ទៅតុលាការ​ ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន​ជាង៧០គីឡូក្រាមផងដែរ​។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភចំពោះការចរាចរគ្រឿងញៀន ដោយលោកថា បើមិនស្រុះគ្នាធ្វើទេ ថ្ងៃណាមួយគ្រឿងញៀននឹងត្រួតត្រាកម្ពុជា។ ការបង្ហាញក្ដីបារម្ភនេះ ក្រោយពីលោក​ទទួលបានរបាយការណ៍ថា ក្នុងមួយថ្ងៃ មានខេត្តចំនួន៦ទៅ១០ខេត្ត បានរកឃើញនូវករណីបទល្មើសគ្រឿងញៀនចន្លោះពីមួយទៅពីរករណី។

អង្គការសហប្រជាជាតិ ​លើកឡើង​ក្នុង​របាយការណ៍​មួយ​កាលពី​ខែឧសភា ឆ្នាំ២០២០​ ថា​កម្ពុជា​ឋិត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ចំនួន៤ដែល​រក​ឃើញមាន​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ច្រើនជាង​គេ​បំផុត​ក្នុង​តំបន់ ខណៈ​តម្លៃ​ធ្លាក់ចុះ​កាន់តែ​ទាប តែ​គុណភាព​ថ្នាំ​កាន់តែ​ខ្ពស់​៕

អត្ថបទទាក់ទង

សមត្ថ​កិច្ច​បញ្ជូន​​ជន​ជាតិ​ចិន​២​នាក់​ទៅ​តុលា​ការ​ពាក់ព័ន្ធ​សំណុំ​រឿង​គ្រឿង​ញៀន​ជាង​​៧០​គីឡូ​ក្រាម​

អាជ្ញាធរជំនាញបានសម្រេចបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនចំនួនជាង៧០គីឡូក្រាម ទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ដើម្បីចាត់វិធានការច្បាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ