សមត្ថ​កិច្ច​បញ្ជូន​​ជន​ជាតិ​ចិន​២​នាក់​ទៅ​តុលា​ការ​ពាក់ព័ន្ធ​សំណុំ​រឿង​គ្រឿង​ញៀន​ជាង​​៧០​គីឡូ​ក្រាម​

បុរសជនជាតិចិន២នាក់ រួមនឹងគ្រឿងញៀនទម្ងន់៧០គីឡូក្រាមដែលបម្រុងជួញដូរចេញពីឡាវ ឆ្លងកាត់កម្ពុជា ទៅលក់នៅវៀតណាមបន្ត ត្រូវបានបង្ក្រាបនិងរឹបអូសបាន នាដើមខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Anti-Drug Department)

អាជ្ញាធរជំនាញបានសម្រេចបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនចំនួនជាង៧០គីឡូក្រាម ទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ដើម្បីចាត់វិធានការច្បាប់។

អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃទី១៦ ខែឧសភានេះថា សមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ​ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុនីរ័ត្ន បាន​បង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀនឆ្លងដែននៅក្រុងភ្នំពេញ។

លោកបន្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញចាប់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ រួមមាន ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ អមដោយវត្ថុតាងគ្រឿងញៀនសរុបជាង៧០គីឡូក្រាម ដែលមានទំហំទឹកប្រាក់ប្រហែលជាង១លានដុល្លារអាមេរិក។

វត្ថុតាងទាំងនោះ លោកថាមានដូចជា សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ជាង៥២គីឡូក្រាម (៥២គីឡូក្រាម និង ៧៦៨,៥០ក្រាម) ហេរ៉ូអ៊ីន ចំនួន៤៩ដុំ ស្មើនឹងទម្ងន់ជាង១៧គីឡូក្រាម (១៧គីឡូក្រាម និង២៩២,៥៩ក្រាម) មេតំហ្វេតាមីន (ICE) ជាង១១ក្រាម (១១,៧៩ក្រាម) និងភស្តុតាងមួយចំនួនទៀត ខណៈគ្រឿងញៀនទាំងនេះមានប្រភពពីប្រទេសឡាវ ដែលគ្រោងនាំចេញទៅកាន់ប្រទេសវៀតណាម។

គ្រឿងញៀនទម្ងន់សរុបជាង៧០គីឡូក្រាមត្រូវបានរឹបអូសពីសំណាក់ជនជាតិចិន២នាក់ដែលមានបំណងជួយដូរឆ្លងកាត់កម្ពុជាទៅលក់នៅវៀតណាម នាដើមខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Anti-Drug Department)

លោកមានប្រសាសន៍ថា៖ «យើងចោទគាត់ពីបទជួញដូរ និងរក្សាសារធាតុញៀនដោយខុសច្បាប់។ គាត់យកមកពីឡាវ ឆ្លងកាត់កម្ពុជា ត្រៀមយកទៅជួញដូរទៅវៀតណាម ប៉ុន្តែយើងដឹងមុន យើងឃាត់ខ្លួន ហើយរឹបអូសបានវត្ថុតាងគ្រឿងញៀនប្រហែល៧០គីឡូក្រាម ប៉ុន្តែក្រុមការងារជំនាញបានបញ្ជូនពួកគេទាំង២នាក់ទៅតុលាការហើយ»។

លោក ម៉ក់ ជីតូ បន្ថែមថា ​សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាឬអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសច្បាប់​។

វីអូឌី មិនអាចសុំការបំភ្លឺពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញដែលជាអ្នកដឹកនាំការងារបង្ក្រាបនេះបានទេ នៅថ្ងៃអាទិត្យនេះ។

ប្រធានសមាគម​សង្គ្រោះជនរងគ្រោះ​ដោយគ្រឿងញៀនកម្ពុជា ហៅកាត់ថា DARAC លោក មាស សុវណ្ណ លើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលជាមេខ្លោងធំៗបន្ថែមទៀត ហើយត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយមិនប្រកាន់បក្ខពួក ទើបទប់ស្កាត់ការជួញដូរឬចែកចាយគ្រឿងញៀននៅកម្ពុជាកាន់តែមានប្រសិទ្ធភាពខ្ពស់។ ​

លោកមានប្រសាសន៍ថា៖ «ជាយោបល់ខ្ញុំ ត្រូវអនុវត្តច្បាប់ឱ្យតឹងរ៉ឹង ហើយស្រាវជ្រាវរកដៃគូពាក់ព័ន្ធ។ បើយើងចាប់តែប៉ុណ្ណឹង ហើយមិនស្រាវជ្រាវរកមេខ្លោងធំៗបន្តទេ វានៅដៃជើងទៀត ចេះតែមានការជួញដូរទៀតហើយ។ បើយើងស្រាវជ្រាវរកដៃគូវា គឺអាចទប់ស្កាត់បានខ្លះៗ ជោគជ័យរបស់យើងកាន់តែមានសង្ឃឹមច្រើន»។

អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ អះអាងថា សម្រាប់ឆ្នាំ២០២០ កម្ពុជាបង្ក្រាបបានគ្រឿងញៀនប្រហែល​៣តោន។ ដោយឡែក សម្រាប់ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី១៦ ខែឧសភានេះ លោកថា កម្ពុជាបង្ក្រាបគ្រឿងញៀនបានប្រហែល​ជិត១តោន ហើយចំនួននេះ​មានការថយចុះប្រហែលជា៣០ភាគរយ បើបៀបធៀបនឹងឆ្នាំមុន។

អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិ​ទ្ធ ថ្លែងកាលពីចុងឆ្នាំមុន​ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២០ អ្នក​ជាប់ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ត្រូវ​បានចាប់​ឃាត់ខ្លួន​កើនឡើង​ដល់​ជិត២ម៉ឺ​នាក់ (១៩ ៣៩៤នាក់​) គឺ​កើនឡើង​ប្រហែល២០ភាគរយ បើ​ធៀបធៀប​នឹង​ឆ្នាំមុន ​ក្នុងរយៈពេល​ដូចគ្នា។ លោក​ថា ការ​កើនឡើង​នេះ​មក​ពី​តម្រូវការ​ប្រើប្រាស់​របស់​យុវជន​មានការ​កើនឡើង។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ក្កៅ​​ បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ សង្គម​ និង​ជីវភាព​ប្រជាពលរដ្ឋ។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​នៅក្នុង​តំបន់សហការ​គ្នា​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ឱ្យ​មានប្រសិទ្ធភាពបន្ថែមទៀត។

អង្គការសហប្រជាជាតិ​លើកឡើង​ក្នុង​របាយការណ៍​មួយ​កាលពី​ខែឧសភា ឆ្នាំ២០២០ ថា​កម្ពុជា​ឋិត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ចំនួន៤ ដែល​រក​ឃើញមាន​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ច្រើនជាង​គេ​បំផុត​ក្នុង​តំបន់ ខណៈ​តម្លៃ​ធ្លាក់ចុះ​កាន់តែ​ទាប តែ​គុណភាព​ថ្នាំ​កាន់តែ​ខ្ពស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ