អង្គការសហប្រជាជាតិលើកឡើងក្នុងរបាយការណ៍មួយថា កម្ពុជាឋិតក្នុងចំណោមប្រទេសអាស៊ានចំនួន៤ ដែលរកឃើញករណីជួញដូរថ្នាំញៀនខុសច្បាប់ច្រើនជាងគេបំផុតក្នុងតំបន់ ខណៈតម្លៃធ្លាក់ចុះកាន់តែទាប តែគុណភាពថ្នាំកាន់តែខ្ពស់។
ក្នុងរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀនឱ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ ត្រូវបានរាយការណ៍ពីការចែកចាយថ្នាំញៀនច្រើនជាងគេបំផុតក្នុងតំបន់ ពីតំបន់ត្រីកោណមាសដែលប្រសព្វរវាងប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ។
តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា លើកឡើងថា នៅឆ្នាំ២០១៩ ក្រុមឈ្មួញបានបញ្ចុះតម្លៃថ្នាំកាន់តែទាប ប៉ុន្តែ រក្សាកម្រិតថ្នាំនៅដដែល និងបង្កើនកាន់តែខ្ពស់ តាមរយៈការបន្ថយថ្លៃដើមផលិត ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។
របាយការណ៍ដែលមានកម្រាស់ជាង១០០ទំព័រនេះ បញ្ជាក់ថា តម្លៃមេតំហ្វេតាមីនប្រភេទគ្រាប់ និងគ្រីស្ទាល់ក្នុងប្រទេសទាំងនោះបានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បើទោះជាថ្នាំដែលរឹបអូសបានកើនឡើងដល់កំណត់ត្រាថ្មីជារៀងរាល់ឆ្នាំក្តី។
តាមការសិក្សាបញ្ជាក់ថា តម្លៃមេតំហ្វេតាមីនលក់រាយនៅកម្ពុជា ក្នុងមួយគ្រាប់បានចុះថ្លៃពីជាង៤ដុល្លារនៅឆ្នាំ២០១១ មកនៅក្រោម២ដុល្លារនៅឆ្នាំ២០១៩ ខណៈនៅថៃ ចុះពីជាង៨ដុល្លារមកនៅ២ដុល្លារកន្លះ នៅមីយ៉ាន់ម៉ាចុះពី៥ដុល្លារមកនៅ២ដុល្លារ និងនៅឡាវចុះពី ២ដុល្លារកន្លះមកនៅ ដុល្លារកន្លះ គិតធៀបក្នុងរយៈពេលដូចគ្នា។
ប្រភពដដែល ក្រោមការធ្វើវិភាគថ្នាំទាំងប្រភេទគ្រាប់ និងគ្រីស្ទាល់ដែលរឹបអូសបាននៅឆ្នាំ២០១៩ ក្នុងប្រទេសថៃ និងប្រទេសមួយចំនួនបានបង្ហាញថា កម្រិតជាតិញៀនត្រូវបានបង្កើនជាមធ្យមដល់៩៤.៩ភាគរយ ខណៈក្នុងរបាយការណ៍ឆ្នាំ២០១១ មាន៩០ភាគរយ។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជាឈានដល់ចំណុចប្រកាសអាសន្នហើយ។ លោកជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ខណៈពន្ធនាគារស្ទើរគ្រប់កន្លែងចង្អៀតណែនដោយសារ ចំនួនអ្នកជាប់ឃុំដោយសារករណីគ្រឿងញៀនច្រើនពេក។
ក្នុងរបាយការណ៍ដែលមានចំណងជើងថា “ថ្នាំញៀនសំយោគនៅអាស៊ីភាគអាគ្នេយ៍ និងអាស៊ីខាងកើត” បានទាញការសន្និដ្ឋានដោយផ្អែកលើទិន្នន័យគុណភាព និងតម្លៃថ្នាំថា បរិមាណថ្នាំញៀនដែលរឹបអូសបាន ទំនងមិនប៉ះពាល់ដល់ទីផ្សារចែកចាយថ្នាំក្នុងតំបន់ ប៉ុន្តែ វាបង្ហាញពីការកើនឡើងនៃអ្នកប្រើប្រាស់។
តាមប្រភពដដែល នៅឆ្នាំ២០១៩ កម្ពុជារឹបអូសថ្នាំមេតំហ្វេតាមីនបាន៣៨៥គីឡូក្រាម និងថ្នាំសម្រើប (Ecstasy) ជាង៣សែន៨ម៉ឺនគ្រាប់ និងចាប់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់ច្រើនជាងពីរដងធៀបនឹងឆ្នាំ២០១៤ ដែលអាជ្ញាធររឹបអូសបានចំនួន២៩គីឡូក្រាម និងជាង១ម៉ឺនគ្រាប់។
ការស្រាវជ្រាវដដែលបានប៉ាន់ប្រមាណថា ទីផ្សារថ្នាំញៀននឹងមិនរងផលប៉ះពាល់ពីវិធានការទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ក្នុងតំបន់នោះទេ ប៉ុន្តែ វាអាចនឹងពង្រីកកាន់តែធំក្នុងរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំខាងមុខ ដោយសារឈ្មួញគ្រឿងញៀនតែងតែឆក់ឱកាសនៅពេលមានវិបត្តិ។
តាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជានៅសប្តាហ៍មុន ក្នងរយៈពេល ៦ខែដើមឆ្នាំ២០២០ សមត្ថកិច្ចរឹបអូសគ្រឿងញៀនចម្រុះបានទម្ងន់ជាង៧៥០គីឡូក្រាម កើនជិត៣០ភាគរយ ធៀបនឹងរយៈពេលដដែលនៅឆ្នាំ២០១៩ ហើយចាប់ខ្លួនឈ្មួញ និងអ្នកប្រើប្រាស់បានជាង ៨ពាន់នាក់ កើនឡើងជាង ២៦ភាគរយ ធៀបនឹងឆ្នាំមុន៕