ប្រជា​សហ​គមន៍​ថា​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន​ បើ​ទោះ​មាន​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​ឆ្លង​ខេត្ត​

ឈើដែលកាប់ចេញពីតំបន់ព្រៃឡង់​ក្នុងខេត្តកំពង់ធំ ត្រូវបានដឹកតាមគោយន្តចេញពីតំបន់ព្រៃឡង់យកទៅឱ្យឈ្មួញ កាលពីដើមខែមិថុនា ឆ្នាំ២០២០។ (បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ)

ប្រជាសហគមន៍ និងបណ្តាញព្រៃឡង់ អះអាងថា បទល្មើសព្រៃឈើនៅតែបន្តកើតមាន ខណៈដែលរដ្ឋាភិបាល ប្រកាសបិទមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយ​ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

នៅថ្ងៃដដែលនេះ គណនីហ្វេសប៊ុកមួយឈ្មោះ​ អូន កញ្ញា បានផ្សព្វផ្សាយជាវីដេអូឃ្លីប​រយៈពេល​ជាង២នាទី អំពី​សកម្មភាព​ម៉ូតូប្រហែល១០គ្រឿង កំពុងដឹកឈើហុបចេញពីព្រៃ។ ម្ចាស់ហ្វេសប៊ុកមួយនេះបានសសេរថា ក្រុមឈ្មួញបានដឹកចេញ​ពី​តំបន់​ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី ឆ្លង​កាត់ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងទៅប្រទេសវៀតណាម តាមច្រក ដេ១៦ (D16)។

បណ្តាញសហគមន៍​ព្រៃឡង់ ខេត្តក្រចេះ លោក សូ ខន និយាយថា បើទោះបីជារដ្ឋាភិបាលប្រកាសផ្អាកមិនឱ្យប្រជាពលរដ្ឋធ្វើ​ដំណើរចេញពីខេត្តមួយទៅខេត្តមួយក៏ដោយ ប៉ុន្តែសម្រាប់បទល្មើសព្រៃឈើដែល​ដឹកចេញ​ពីតំបន់ការពារមួយចំនួននៅតែបន្តកើតមាន ជាពិសេសតំបន់ព្រៃឡង់ ដោយពុំមានការទប់ស្កាត់​ពីអាជ្ញាធរឡើយ។

លោក សូ ខន ឱ្យដឹងថា ជនល្មើសបានប្រើប្រាស់គោយន្តនិងម៉ូតូទៅដឹកឈើជាហូរ​ហែចេញពីតំបន់ព្រៃឡង់ចូលទៅក្នុងភូមិ ដើម្បីឱ្យរថយន្តដឹកចេញបន្ត និងខ្លះទៀតដឹកចេញពីតំបន់ព្រៃឡង់ឆ្លងទៅខេត្តកំពង់ចាម ដោយ​គ្មានការទ​ប់​ស្កាត់ឬបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធណាឡើយ។

លោកបន្ថែមថា៖ «ឡានម៉ូតូដែលដឹកឈើទាំងយប់ទាំងថ្ងៃ ដឹកចេញបានរហូត គ្មានឃើញអាជ្ញាធរណាហាមឃាត់ផង។ ប៉ុន្តែបើមនុស្ស ប្រជាពលរដ្ឋធម្មតា ឆ្លងកាត់ទៅនេះទៅនោះ គេពិនិត្យតឹងតែងណាស់។ បើពលរដ្ឋមកពីភ្នំពេញ ចូលភូមិគេមិនឱ្យចូលទេ តែបើដឹកឈើ ចេញបាន។ ប៉ូលិសនៅតែយកលុយពីបទល្មើសហ្នឹង បានគេចេញចូលបាន។ តែគេយកប៉ុន្មាន ខ្ញុំមិនច្បាស់ទេ»។

បណ្តាញសហគមន៍​ព្រៃឡង់ខេត្តកំពង់ធំ លោក សុខ ប្លោក និយាយថា ខណៈដែល​រដ្ឋាភិបាលកំពុងមមាញឹកជាមួយ​ការងារប្រឆាំងជំងឺកូវីដ-១៩នោះ ជនល្មើសក៏សកម្មក្នុងការកាប់និងដឹកឈើចេញពីតំបន់ព្រៃឡង់ផងដែរ។

លោកបន្ថែមថា៖ «គេរឹតត្បិតមិនឱ្យយើងទៅនេះទៅនោះមែន ប៉ុន្តែពួកបទល្មើសធ្វើសកម្មភាពដឹកឈើចេញពីព្រៃឡង់ មកភូមិ មកស្រុក ដូចជាអត់មានថយចុះផង វាដឹករាល់តែថ្ងៃ ដឹកធម្មតា។ បើតាមខ្ញុំចូលព្រៃឡង់កាលពីថ្ងៃទី៧ ខែមេសាថ្មីៗនេះ ឃើញថា ក្នុងតំបន់ព្រៃឡង់មិនត្រឹមតែមានបទល្មើសកាប់ឈើទេ​ មានទាំងបទល្មើសកាប់ចម្ការក្នុងតំបន់ការពារមួយនេះថែមទៀត»

មិនសូវខុសគ្នានេះដែរ បណ្តាញព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់វីអូឌីថា តាមអ្វីដែលលោកឃ្លាំមើល គឺមួយថ្ងៃៗមានឡានសាំយ៉ុងប្រហែល៣ទៅ៤គ្រឿង បានដឹកឈើចេញពីភូមិយកទៅលក់បន្តនៅតាមគោលដៅ។

លោកបន្ថែមថា៖ «បទល្មើសៗ នៅតែបទល្មើសដដែល នៅក្នុងព្រៃគ្មានជំងឺកូវីដ-១៩ទេ។ បញ្ហាជំងឺកូវីដនេះដូចទុកឱកាសឱ្យមានបទល្មើសព្រៃឈើអញ្ចឹង។ ជនល្មើសដឹកឈើមកដល់ទីស្នាក់ការបរិស្ថាន ឱ្យលុយគេទៅ ខ្លួនឱ្យលុយគេមុនហើយ គេដឹកស្រួលធម្មតាទៅ។ អត់ឃើញមន្ត្រីណាចុះហាមឃាត់អីផង»

បណ្តាញសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រឿន តុលា ឱ្យដឹងថា សកម្មភាពកាប់និងដឹកឈើចេញពីតំបន់ការពារមួយក្នុងខេត្តមណ្ឌលគិរី នៅតែបន្តកើតមាន ដោយពុំមានការទប់ស្កាត់តឹងរ៉ឹងពីអាជ្ញាធរពាក់ព័ន្ធឡើយ។ លោកដាក់ការសង្ស័យថា បញ្ហានេះអាចជាប់ពាក់ព័ន្ធអំពើពុករលួយរវាងជនល្មើសនិងអាជ្ញាធរ។

លោកបន្ថែមថា៖ «នេះបទល្មើសព្រៃឈើ អត់ថយទេ! និយាយឱ្យចំទៅ គេបិទតែប្រជាពលរដ្ឋចេញចូល ដើម្បីការពារជំងឺកូវីដទេ ប៉ុន្តែសម្រាប់បទល្មើសហាក់មិនមានហាមឃាត់ទេ គឺគេបើក។ ខ្ញុំឆ្ងល់! ហើយខ្ញុំក៏ធ្លាប់សួរគេដែរ ពាក់ព័ន្ធបញ្ហានេះ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានទេ នៅថ្ងៃនេះ។ ប៉ុន្តែយ៉ាងណា លោក នេត្រ ភក្រ្តា ធ្លាប់ប្រាប់វីអូឌីថា បទល្មើសព្រៃឈើដែលកំពុងកើតមាន គឺស្ថិតក្នុងលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ។

ប្រធាន​រដ្ឋបាលខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ មានប្រសាសន៍ថា អាជ្ញាធរខេត្តបានអនុវត្តនិងមានវិធានការច្បាប់តឹងរ៉ឹងចំពោះការកាប់និងដឹកឈើឆ្លងខេត្ត ប៉ុន្តែយ៉ាងណា លោកទទួលស្គាល់​ថា បទល្មើសព្រៃឈើនេះមិនអាចទប់ស្កាត់បានមួយរយភាគរយនោះទេ។

លោកបញ្ជាក់ថា៖ ​«យើងអាជ្ញាធរខេត្ត មិនអនុញ្ញាតឱ្យមានការដឹកឈើឆ្លងទៅខេត្តនេះខេត្តនោះបានទេ ហើយ​សព្វថ្ងៃនេះ អាជ្ញាធរខេត្តយើងបានធ្វើការងារនេះយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមដែរ។ ប៉ុន្តែដូចបងដឹងស្រាប់ហើយ ករណីដឹកឈើឬបទល្មើសព្រៃឈើសព្វថ្ងៃនេះ គឺជាការលួចធ្វើ អញ្ចឹងពាក្យលួចនេះ យើងពិបាកទប់ស្កាត់ឱ្យបានមួយរយ​ភាគរយ​ណាស់»

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ស្នើជាថ្មីដល់ក្រសួងបរិស្ថាន បញ្ឈប់ការរឹតត្បិតសេរីភាពទៅលើ​​​សហគមន៍មូលដ្ឋាន សកម្មជន និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចុះល្បាតនៅតំបន់ការពារ ក្រោយ​ពីសមាគមនេះបានរកឃើញបទល្មើស​ព្រៃឈើ និងកាប់ឆ្ការព្រៃក្នុងតំបន់ការពារជាបន្តបន្ទាប់។

សមាគមមួយនេះក៏បានស្នើឱ្យក្រសួងធ្វើកំណែទម្រង់ ដោយ​បើកចំហឱ្យមានការចូលរួមការពារព្រៃឈើពីគ្រប់ភាគីពាក់ព័ន្ធឱ្យបានពេញលេញ ហើយត្រូវធ្វើការត្រួតពិនិត្យដោយចុះធ្វើអធិការកិច្ចចំពោះមន្រ្តីថ្នាក់ក្រោមដែលកំពុងបម្រើការងារនៅតាមតំបន់ការពារផ្សេងៗ ដើម្បីធានាពីការទប់ស្កាត់​បទល្មើសព្រៃឈើមានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ