CYN​ រក​ឃើញ​បទ​ល្មើស​ព្រៃឈើ​១០០​ករណី​នៅ​ព្រៃ​ព្រះ​រការ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​

ព្រៃឈើដែលរងការកាប់បំផ្លាញពីជនមិនស្គាល់មុខ កើតឡើងនៅដែនជម្រកសត្វព្រៃព្រះរការ នាពាក់កណ្ដាលខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Cambodian Youth Network – CYN)

សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ស្នើជាថ្មីដល់ក្រសួងបរិស្ថាន បញ្ឈប់ការរឹតត្បិតសេរីភាពទៅលើ​​​សហគមន៍មូលដ្ឋាន សកម្មជន និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចុះល្បាតនៅតំបន់ការពារ ក្រោយ​ពីសមាគមនេះបានរកឃើញបទល្មើស​ព្រៃឈើ និងកាប់ឆ្ការព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិចំនួន១០០​ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុង​ខេត្តព្រះវិហារ ។

សេចក្តីប្រកាសព័ត៌មាន​របស់​សមាគមបណ្តាញយុវជនកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១​​​នេះ បានលើកឡើងថា នៅចន្លោះពីថ្ងៃទី១៩ ដល់ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ២០២១នេះ ក្រុមអ្នកការ​ពារ​ព្រៃឈើ បានប្រមូលភស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្ថិត​ក្នុង​​ស្រុកចំនួន៣ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ ដោយ​បាន​រក​​ឃើញមានករណីបទល្មើសព្រៃឈើដល់ទៅ១០០ករណី។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ​បទល្មើសដែលបានកើតឡើងក្នុងរយៈចម្ងាយអង្កេតប្រវែង៥៥គីឡូម៉ែត្រនោះ ក្រុម​អ្នកការពារព្រៃឈើ បាន​រកឃើញបទល្មើសកាប់បំផ្លាញដើមឈើដែលភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃ ដែលមានទំហំមុខកាត់ចាប់ពី៤៥សង់ទីម៉ែត្រ រហូតដល់១,៣៥ម៉ែត្រ ក្នុងតំបន់ព្រៃស្រោង និងពាក់កណ្តាលព្រៃស្រោង។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំ ជាដើម។ ហើយព្រមទាំងមានការដុតនិងឆ្ការផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់»។

សមាគមនេះក៏បាន​បង្ហាញពីក្តីបារម្ភចំពោះការបាត់បង់ព្រៃឈើដែលជាប្រភេទឈើកម្រទាំងនោះ បើសិនជារដ្ឋាភិបាលពុំមានការទប់ស្កាត់ឱ្យ​មាន​ប្រសិទ្ធភាពទេនោះ។

សេចក្ដីប្រកាសព័ត៌មានរបស់សមាគមបណ្តាញយុវជនកម្ពុជា បន្តថា៖ «ការកាប់ឆ្ការព្រៃដោយខុសច្បាប់ដែលបង្កផលប៉ះពាល់ដល់ជម្រកសត្វព្រៃ ជាពិសេសការបាត់បង់ប្រភេទដើមឈើផ្តល់ជ័រច្បោះ និងការដកហូតអនុផលព្រៃឈើដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន នឹងអាចឈានទៅរកវិនាសកម្មបាត់បង់ទាំងស្រុងនូវដែនជម្រកសត្វព្រៃព្រះរការនាពេលអនាគត»

ជាថ្មីម្តងទៀត សមាគមនេះបានស្នើ​ក្រសួងបរិស្ថាន​បញ្ឈប់​ការរឹតត្បិតសិទ្ធិសេរីភាព និងបើកចំហ​សម្រាប់​សហគមន៍មូលដ្ឋាន សកម្មជនអ្នកស្រឡាញ់ព្រៃឈើ សមាគមអង្គការសង្គមស៊ីវិល និងសាធារណជន បានចូលរួម​កិច្ចការ​ល្បាត ការពារ អភិរក្ស និងថែរក្សាព្រៃឈើ ស្របតាមបញ្ញត្តិស្តីពីសិទ្ធិ​និងករណីយកិច្ចរបស់ពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់​ស្តីពីតំបន់ការពារធម្មជាតិ។

មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍បន្ថែមលើសេចក្តីប្រកាសព័ត៌មានថា ករណីរកឃើញការកាប់បំផ្លាញព្រៃឈើនេះមានលក្ខណៈគួរឱ្យបារម្ភខ្លាំង ដោយសារតែបទល្មើសទាំងនេះបានកើតឡើងដល់ទៅ១០០ករណី។

លោកក៏បាន​បង្ហាញការសោកស្តាយដែលកន្លងមកនេះ ប្រជាពលរដ្ឋ​សហគមន៍ សកម្មជន​ព្រៃឈើ​ និង​សង្គម​ស៊ីវិល​មួយ​ចំនួ​នត្រូវ​ហាម​ឃាត់​មិន​ឱ្យចូល​ល្បាត ស្របពេ​ល​ដែល​បទល្មើស​ព្រៃឈើនៅតែបន្តកើតឡើងដដែល។

លោកបន្តថា៖ «ការរកឃើញនេះស្របពេលដែលសកម្មភាពរបស់សហគមន៍មូលដ្ឋាន ក្រុមអ្នកការពារព្រៃឈើហ្នឹង​ ត្រូវបានគេរឹតត្បិត ដូច្នេះខ្ញុំគិតថា​ វាជារឿងមួយដែលគួរឱ្យសោកស្ដាយជាទីបំផុត។ យើងអាចមើលឃើញបានថា ការរឹតត្បិតអ្នកការពារព្រៃឈើនិងសហគមន៍ មិនមែនជាដំណោះស្រាយល្អ ហើយក្រសួងបរិស្ថានក៏មិនអាចរ៉ាប់​រងការងារព្រៃឈើបានដែរ»។

លោក ម៉ាឡា ស្នើឱ្យក្រសួងបរិស្ថាន ត្រូវធ្វើការកំណែទម្រង់ដោយ​បើកចំហឱ្យមានការចូលរួមការពារព្រៃឈើពីគ្រប់ភាគីពាក់ព័ន្ធឱ្យបានពេញលេញ ហើយត្រូវធ្វើការត្រួតពិនិត្យដោយចុះធ្វើអធិការកិច្ចចំពោះមន្រ្តីថ្នាក់ក្រោមដែលកំពុងបម្រើការងារនៅតាមតំបន់ការពារផ្សេងៗ ដើម្បីទប់ស្កាត់​បទល្មើសព្រៃឈើឱ្យ​មានប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានបដិសេធឆ្លើយតបចំពោះរបាយការណ៍រកឃើញរបស់​សមាគមបណ្តាញយុវជនកម្ពុជា។

លោកថា៖ «ក្រសួងបរិស្ថានយើងមិនឆ្លើយតបទៅនឹងរបាយការណ៍របស់ភាគីទី៣ ដែលមិនមែនជាដៃគូ​នៃកិច្ចសហប្រតិបត្តិការស្របច្បាប់ជាមួយនឹងក្រសួងបរិស្ថានទេ»។

តែយ៉ាងណា អ្នកនាំពាក្យ​រូបនេះធ្លាប់បានបញ្ជាក់ថ្មីៗនេះថា បទល្មើសព្រៃឈើដែលកំពុងកើតមានគឺស្ថិតក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយក្រសួងស្វាគមន៍ចំពោះការចូលរួមការពារព្រៃឈើ ប៉ុន្តែក្រុមដែលចូលរួមត្រូវតែមានចុះបញ្ជីការស្របតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ