សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ចាត់​វិធានការ​ច្បាប់​លើ​​អ្នក​ពាក់​ព័ន្ធ​ករណី​ទិញ​លក់​ដី​តំបន់​ការពារ​នៅ​កំពង់ស្ពឺ​

ចំណុចដៅលើផែនទីដែលជាទីតាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលនឹងត្រូវដកហូតមកជាសម្បត្តិរដ្ឋវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ (ហ្វេសប៊ុក៖ Ministry of Environment)

មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យមានការចាត់វិធានការច្បាប់ចំពោះអ្នកដែលជាប់ពាក់ព័ន្ធនិង​អនុញ្ញាតឱ្យមានការទិញលក់ដី​នៅតំបន់ការពារក្នុងខេត្តកំពង់ស្ពឺ ដោយ​ថា ដើម្បីទប់ស្កាត់ការំលោភបំពានយកដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ជនខិលខូច។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចេញលិខិតមួយបដិសេធរាល់ការចេញលិខិតសម្គាល់ការកាន់កាប់ដីធ្លី ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ដែលខ្លួនបញ្ជាក់ជូនប្រជាពលរដ្ឋនាពេលកន្លងមក។

ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលតាមដានរឿងនេះ បានបង្ហាញការសោកស្តាយចំពោះអាជ្ញាធរឃុំចំបក់ ដែលហ៊ានចេញ​លិខិតសម្គាល់​ការកាន់កាប់ដីធ្លីស្ថិតក្នុងតំបន់ឧទ្យានជាតិជូនពលរដ្ឋនេះ។ លោកថា ករណីនេះជាការគប់គិតគ្នា និងជាទង្វើខុសច្បាប់។

ប្រធានអង្គការរូបនេះបន្តថា ការដែលរដ្ឋបាលឃុំចំបក់ ចេញលិខិតបដិសេធវិញនោះ គឺមិនអាចរួច​ខ្លួន​ឡើយ។ លោកស្នើដល់អាជ្ញាធរថ្នាក់លើ ត្រូវតែ​ចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង និងត្រូវស្វែងរកអ្នកពាក់ព័ន្ធផ្សេង​ទៀតមកផ្តន្ទាទោសតាមច្បាប់​​ផងដែរ។

លោក ជា ហ៊ាន​ បន្ថែមថា៖ «នៅសម័យកូវីដនេះ ជនឆ្លៀតឱកាសបានទន្ទ្រានយកដីព្រៃគ្រប់តំបន់ការពារ មិនមែនមានតែតំបន់ឧទ្យានជាតិគិរីរម្យទេ។ សូម្បីតែដែន​ជម្រកសត្វព្រៃឱរ៉ាល់ តំបន់ជួរភ្នំក្រវាញ ក៏មានការគប់គិតគ្នា ផ្សំគំនិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកមានលុយមានអំណាចមួយចំនួន គាត់បានផ្សំគំនិតគ្នាជាមួយថ្នាក់មូលដ្ឋាន រៀបចំឯកសារទន្ទ្រានយកដីព្រៃនៅតំបន់ទាំងនោះលក់ អញ្ចឹងយើងត្រូវស្រាវជ្រាវអ្នកពាក់​ព័ន្ធ អ្នកលក់ អ្នកទិញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ»

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា ករណីដែលអាជ្ញាធរ​មូលដ្ឋានចេញលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីជូនពលរដ្ឋហើយ ប៉ុន្តែបានចេញលិខិតលុបចោលមិនទទួលស្គាល់វិញនេះ គឺជាការគេចវេះមិ​នទទួលខុសត្រូវ និងបានធ្វើឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានដាក់ការសង្ស័យថា ករណីរដ្ឋបាលឃុំចេញលិខិតសម្គាល់ការកាន់កាប់ដី​ជូនពលរដ្ឋស្ថិតក្នុងតំបន់ការពារនោះ អាចពាក់ព័ន្ធអំពើពុករលួយណាមួយរវាងពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន។

លោកបន្ថែមថា៖ «បើនិយាយពីដីសាធារណៈរបស់រដ្ឋ ឬដីបម្រុងរបស់រដ្ឋដែលហាមឃាត់ហ្នឹង វាគ្មានបុគ្គលណាអាចរស់នៅ ឬក៏កាន់កាប់ធ្វើជាកម្មសិទ្ធិបានទេ ហើយក៏មិនអាចលក់ដូរបានដែរ ហើយប្រសិនបើបុគ្គលណាហ៊ាន​លក់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អ្នកនោះ​ត្រូវ​មាន​ទោសទៀត។ អញ្ចឹងហើយ​សុំឱ្យអាជ្ញាធរ​មូល​ដ្ឋាន​ហ្នឹង មុនគាត់ចុះហត្ថលេខាសុំឱ្យគាត់ពិនិត្យបានច្បាស់លាស់»

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា អាជ្ញាធរខេត្តពុំមានវិធានការអ្វីទៅលើរដ្ឋបាលឃុំចំបក់នោះទេ ដោយលោកថា រដ្ឋបាលឃុំនេះ​បានដឹងកំហុស ហើយបានដកហូតដីនោះ​មកវិញហើយ។

លោកបន្ថែមថា៖ «ពេលដែលចេញលិខិតទៅ គាត់មានកំហុស ដោយសារតែគាត់ពុំបានដឹងទីតាំងដីស្ថិតក្នុងតំបន់ការពារ។ អញ្ចឹងគាត់ចេញលិខិតបដិសេធដូចឃុំគាត់ធ្វើហ្នឹង អាហ្នឹងគាត់រួចខ្លួនហើយ កុំឱ្យតែយើងដឹងកំហុសហើយ អត់កែកំហុស យើងមិនអាចអូសកទាំងអស់មកដាក់គុកកើតទេ»

កាលពីឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មួយ ដោយស្នើបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ហើយក្រោយមក រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញលិខិតមួយស្នើដកហូតលិខិតសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងការទន្ទ្រានកាន់កាប់ដីព្រៃក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈមកវិញដែរ។

គួររំឭកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើចំនួន២៦៦,៣១​ហិកតា ស្ថិតនៅ៩ទីតាំង​ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយពីមានជនខិលខូចមួយចំនួនបានទៅទន្ទ្រាន​យក​ធ្វើជាកម្មសិទ្ធិដោយ​ខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ