អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ ស៊ើប​រក​អ្នក​ទន្រ្ទាន​ដី​ដែន​ជម្រក​​សត្វ​​ព្រៃ​​ភ្នំ​​ឱរ៉ាល់​ជាង​២០០​ហិកតា​

ចំណុចដៅលើផែនទីដែលជាទីតាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលនឹងត្រូវដកហូតមកជាសម្បត្តិរដ្ឋវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ (ហ្វេសប៊ុក៖ Ministry of Environment)

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរកអត្តសញ្ញាណអ្នកដែលបានលួចឈូសឆាយ និងទន្ទ្រានរំលោភយកដីរដ្ឋក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ជាង២០០ហិកតា។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ​ថា រដ្ឋបាល​ខេត្ត កាលពីថ្ងៃម្សិលមិញ បានចេញដីកាដកហូតដីព្រៃឈើចំនួន២៦៦,៣១​ហិកតា ស្ថិតនៅ៩ទីតាំង​ផ្សេងៗគ្នាក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។

លោកថា៖ «ដីហ្នឹងជាដីគម្របព្រៃឈើដែលស្ថិតនៅតំបន់ការពារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយជនខិលខូចបានលួចទៅធ្វើការទន្ទ្រានកាន់កាប់ដីហ្នឹងដោយខុសច្បាប់​។ អ៊ីចឹងយើងរកឃើញការចុះទន្ទ្រាន​ដោយខុសច្បាប់ គឺយើងជាអាជ្ញាធរបានដកហូតឡើងមកវិញ​ទុកជាសម្បត្តិរដ្ឋវិញ»។

អភិបាលខេត្តកំពង់ស្ពឺរូបនេះបន្ត​ថា បច្ចុប្បន្ន អាជ្ញាធរក៏កំពុងស៊ើបអង្កេតនិងស្រាវជ្រាវរកជនខិលខូចដែលបានលួចឈូសឆាយនិងទន្ទ្រានរំលោភយកដីព្រៃនោះផងដែរ។

លោកថា៖ «កំពុងរកមុខអ្នកពាក់ព័ន្ធ ដើម្បីប្ដឹងផ្ដល់ទៅតុលាការ។ អាហ្នឹងនីតិវិធី វា​រយៈពេល១០ឆ្នាំ អាជ្ញាយុកាលវា! ​អ៊ីចឹងយើងអាចស្វែងរកជនហ្នឹងរហូត ​មិនដឹងថ្ងៃណាវាជួប​[ឬ]មិនជួប តែរយៈពេល១០ឆ្នាំ។​ តែបើសិនជាអត់មានជនណាមកអះអាងថា ដីហ្នឹងជាដីរបស់ខ្លួនទេ ​វានៅជារបស់រដ្ឋ ប៉ុន្តែបើអះអាងជារបស់ខ្លួន អាហ្នឹងបើនិយាយ​ពីឥរិយាបថនៃការចូលកាន់កាប់ដីព្រៃឈើរបស់រដ្ឋ អ៊ីចឹងប្រឈមនឹង​ការជាប់គុកជាប់ច្រវាក់»។

ទោះយ៉ាងណាក៏ដោយ អភិបាលខេត្តរូបនេះមិនអាចបញ្ជាក់បាននោះទេថា ​សកម្មភាពនៃការកាប់ទន្រ្ទាននោះបានចាប់ផ្តើមតាំងពីពេលណា ដោយលោកថា​ មន្រ្តីអភិរក្សនៅមានចំនួនតិចនៅឡើយបើប្រៀបធៀបនឹងទំហំដីឧទ្យាន។​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួងនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការ ប្រសិនបើជាមានភស្តុតាងគ្រប់គ្រាន់ និងរកឃើញអត្តសញ្ញាណ​ជននោះ។

លោកថា៖ «យើងបានចុះបង្ក្រាប ហើយបានដកហូតវត្ថុតាងមួយចំនួនមានទាំងគ្រឿងចក្រ មានទាំងសម្ភារ​មួយចំនួនដែលប្រើប្រាស់សម្រាប់ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។ ខ្ញុំមិនមានទិន្នន័យច្បាស់ថា ​យើងមានប៉ុន្មានករណីជារួមមកទេតាំងពីនេះមកនោះ ​ប៉ុន្តែខ្ញុំសុំបញ្ជាក់ថា រាល់សំណុំរឿងដែល​ពាក់ព័ន្ធនឹងការ​ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ​គឺយើងបានអនុវត្តច្បាប់ ហើយបានកសាងសំណុំរឿងទៅតុលាការ ​ហើយសំណុំរឿងខ្លះបានជំនុំជម្រះរួច ហើយជនមួយចំនួនបានជាប់ទោស»។ ​

ការឈូសឆាយនិងទន្ទ្រានកាន់កាប់ដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មិនមែនកើតឡើងតែនៅខេត្តកំពង់ស្ពឺឡើយ នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក៏ធ្លាប់មានករណីនេះដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០កន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាឱ្យអភិបាលខេត្តកំពង់ឆ្នាំង ដកហូតដី​ដែលរងការទន្ទ្រាន​កាន់​កាប់​ខុស​ច្បាប់ក្នុង​ដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់ យកមកទុកជាសម្បត្តិរដ្ឋវិញ។

ក្រៅពីបញ្ជា​ឱ្យដកហូត លោក ស ខេង ក៏បានបញ្ជាឱ្យស្រាវជ្រាវនិងចាត់វិធានការច្បាប់ចំពោះ មេខ្លោងដែលបានញុះញង់ឱ្យប្រជាពលរដ្ឋចូលទៅកាប់រានដីព្រៃនិងកាន់កាប់ខុសច្បាប់នៅក្នុងដែន​ជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកមកដាក់ទោសផងដែរ។

អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ស្វាគមន៍​ចំពោះការដកហូតដីមកទុកជាសម្បត្តិ​រដ្ឋ​វិញ ប៉ុន្តែ​លោក​ជំរុញឱ្យអាជ្ញាធរចាប់ខ្លួនអ្នកប្រព្រឹត្តបទ​ល្មើសនិងអ្នកពាក់ព័ន្ធមកដាក់ទោស ទើបអាចទប់ស្កាត់ការឈូសឆាយនិងទន្ទា្រនដីក្នុងដែនជម្រកមានប្រសិទ្ធភាព។

លោកថា៖ «ខ្ញុំស្វាគមន៍ចំពោះការដកហូតដីមកវិញ ប៉ុន្តែ​ខ្ញុំហាក់ដូចជានៅមិនទាន់យល់ដែរ ព្រោះការដកហ្នឹង ឃើញតែដកជារៀងរាល់ឆ្នាំ ហើយដកមិនចេះអស់សោះ។ អត់ឃើញចាប់អ្នកប្រព្រឹត្ត​មកដាក់ទោសសោះ ​ដល់អ៊ីចឹងទៅយើងមើលឃើញថា ធ្វើឱ្យតែល្អមើល»។

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាលពីឆ្នាំ​១៩៩៣ ដោយសម្រេចដាក់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាតំបន់ការពារ ដែលមានផ្ទៃដីទំហំជាង២៥ម៉ឺន​​ហិកតា​ ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ ពោធិ៍​សាត់ និង​កំពង់ឆ្នាំង។ ដែនជម្រកសត្វព្រៃនេះត្រូវបានរដ្ឋាភិបាលដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ