ពលរដ្ឋ​​ខេត្ត​​ព្រះ​សីហនុ​​រក​​អន្តរា​គមន៍​​ពី​​ក្រសួង​​យុត្តិធម៌​​ជួយ​​ដោះ​ស្រាយ​​វិវាទ​​ដីធ្លី​​ជាមួយ​​ក្រុមហ៊ុន​​

ទិដ្ឋភាពនៅតំបន់ពលរដ្ឋរស់នៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពល​រដ្ឋ៣នាក់ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ពលរដ្ឋ២៥៨គ្រួសារ នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង​ខេត្ត​នេះ។

ក្នុង​លិខិត​មួយ​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តំណាង​ពលរដ្ឋ​បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​មោឃភាព​ដីកាសម្រេច​ចាត់ចែង​បណ្តោះអាសន្ន​លើ​ដី​កំពុង​មាន​ជម្លោះ រវាង​ប្រជាពលរដ្ឋ​២៥៨គ្រួសារ និង​ក្រុម​ហ៊ុន ​ហ្វូ​ហាយ។

កាលពី​ខែកញ្ញា ឆ្នាំ២០២០ ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក កោ វណ្ឌី បាន​ចេញដីកា​សម្រេច​ចាត់ចែង​បណ្តោះអាសន្ន​លើ​ដី​ទំហំ ២០០,១២ហិ​កតា នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​មិន​ឱ្យ​ពលរដ្ឋ​ណា​ធ្វើសកម្មភាព​នានាឬទិញ​លក់​លើ​ដី​នោះ​ឡើយ ដោយ​រង់ចាំ​ការ​ដោះស្រាយ​សិន។

លោក ឌួង ស៊ី​បុ​ណ្ណ​ថុល អះអាង​ជា​តំណាង​ឱ្យ​ពលរដ្ឋ២៥៨គ្រួសារ ប្រាប់​ វី​អូ​ឌី កា​លពី​ថ្ងៃពុធ​ថា ក្នុងចំណោម​ដី​ទំហំ​ជាង២០០ហិ​កតា​នោះ មាន​ដី​ជាង៣៥ហិ​កតា របស់​ពលរដ្ឋ​២៥៨​គ្រួសារ។

លោក​បន្ត​ថា តុលាការ​ចេញដីកាហាម​មិន​ឱ្យ​ពលរដ្ឋ​ធ្វើសកម្មភាព​លើ​ដី​នោះ ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​អាច​ធ្វើសកម្មភាព​បានដោយ​ពុំ​មាន​វិធានការ​អ្វី​ឡើយ ហើយ​ក្រុមហ៊ុន​មួយ​នេះក៏​កំពុង​គំរាមកំហែង​ពលរដ្ឋ​ឱ្យ​លក់​ដី​ក្នុង​តម្លៃថោក​ឱ្យ​ខ្លួន​ផង​ដែរ។ 

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិតថា ​រឿង​នេះ វា​ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ​មួយដែល​រៀបចំ​ដោយ​អ្នកមាន​ជំនាញ​មាន​វិជ្ជាជីវៈ ដោយ​ពួក​គេ​បាន​កែប្រែ​ពី​រឿង​ខុសច្បាប់​ឱ្យទៅ​ជា​រឿង​ត្រូវ​ច្បាប់​វិញ។ អ៊ីចឹង​អ្វី​ដែល​ពួក​ខ្ញុំ​សំណូមពរ​ទៅ​ក្រសួង​យុត្តិធម៌ គឺ​សុំ​ឱ្យ​មោឃភាព​ដីកា​ចាត់ចែង​បណ្តោះអាសន្ន​របស់​ចៅក្រម​ហ្នឹង​តែម្តង»។

ពលរដ្ឋ​ម្នាក់ទៀត លោក ឈៀវ ពណ្ណា​រិទ្ធ និយាយ​ថា គ្រួសារ​លោក​កំពុង​រស់នៅនិង​អាស្រ័យផល​លើ​ដី​ដែល​មាន​ទទឹង​ទំហំ១៥ម៉ែត្រនិង​បណ្តោយ៣០ម៉ែត្រ ដោយមាន​ដាំដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ។

លោក​អះអាង​ថា គ្រួសារ​លោក ក៏​ដូចជា​ប្រជាពលរដ្ឋ​ផ្សេងទៀត បាន​ចូល​រស់នៅនិង​អាស្រ័យ​លើ​ដី​នោះតាំងពី​ឆ្នាំ១៩៩៥ ជាបន្តបន្ទាប់​រហូត​មក ប៉ុន្តែ​នៅ​ឆ្នាំ២០២០ បែរជា​ក្រុម​ហ៊ុន ​ហ្វូ​ហាយ អះអាង​ថា ដី​តំបន់​នោះ​ជា​របស់​ខ្លួន​ទៅវិញ។

លោក​បន្ថែម​ថា៖ «តែ​អត់​ដី យើង​អត់​កន្លែង​រស់នៅ អត់​ដី​បង្កបង្កើនផល មិនដឹងជា​ទៅ​រស់នៅ​ណា បើ​យើង​មាន​ដី​តែ​ប៉ុណ្ណឹង​ទេ! អ៊ីចឹង​ហើយ​បាន​យើង​ខិតខំ​ដាក់​លិខិត​សុំ​ទៅ​អាជ្ញាធរ​ឱ្យ​គេ​ជួយ​ដោះស្រាយ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា លោក​មិនទាន់​ឃើញ​លិខិត​របស់​ពលរដ្ឋ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា តាម​នីតិវិធី​ច្បាប់ ខាង​ក្រសួង​យុត្តិធម៌​ពុំ​មានសមត្ថកិច្ច​ទៅ​មោឃភាព​លើ​សេចក្តី​សម្រេច​របស់​តុលាការ​នោះ​ទេ។ 

លោក​បន្ថែម​ថា៖ «តាម​នីតិវិធី​ច្បាប់ ក្រសួង​យុត្តិធម៌មិន​មានសមត្ថកិច្ច​ណា​ទៅ​អន្តរាគមន៍ឬក៏​មោឃភាព​ការសម្រេច​របស់​តុលាការ​បានទេ។ បើ​យើង​មិន​ពេញចិត្ត​នឹង​សេចក្តី​សម្រេច​របស់​តុលាការ យើង​ត្រូវ​ធ្វើការ​ប្តឹង​ទាស់ឬប្តឹង​បន្ត​តាម​នីតិវិធី​របស់​តុលាការ​ដែល​មាន​ជាធរមាន»។

កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​កាត់​ដី​ជាង២៥ហិ​កតា ពី​គម្រប​ព្រៃឈើ​ឆ្នាំ២០០២ ប្រគល់​ឱ្យ​ក្រុមហ៊ុន​ ហ្វូ​ហាយ ​ធ្វើជា​កម្មសិទ្ធិ

វី​អូ​ឌី មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ​ឆ្លើយតប​ពី​ភាគី​ក្រុម​ហ៊ុន ​ហ្វូ​ហាយ បានទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រធាន​គណៈកម្មការ​សហគមន៍​រងគ្រោះ​ដីធ្លី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៅ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក យូរ វាសនា មានប្រសាសន៍​ថា វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ ពុំ​មានការ​ថយ​ចុះ និង​ពុំ​មានការ​ដោះស្រាយ​ណាមួយ​បាន​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ​នៅឡើយ ជាពិសេស​នៅ​តំបន់​គម្រប​ព្រៃឈើ​ឆ្នាំ២០០២។

លោក​បន្ថែម​ថា៖ «ពេល ​[អាជ្ញាធរ​] ទៅ មិនមានការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ជាក់ស្តែង​ទេ ហាក់ដូចជា​ងាក​ទៅ​រក​អ្នកមាន​លុយ​មានអំណាច។ តួយ៉ាង​ បណ្ណ​កម្ម​សិទ្ធ​ិទាំងអស់ដែល​កើតឡើង​ពីឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០០២ គឺ​ស្ថិតនៅ​ក្នុង​គម្រប​ព្រៃឈើ​ឆ្នាំ២០០២។ តើ​មន្ត្រីរបស់ក្រ​សួង​រៀបចំ​ដែនដី ​បង្កើត​ឡើង​ដូចម្តេច​? ហើយ​អ្នក​ដែល​រងគ្រោះ​ពិតប្រាកដ គឺ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ជាក់ស្តែង ហើយ​អ្នក​មិន​រស់នៅ​ជាក់ស្តែង​ តែ​គាត់​មាន​លុយ​មានអំណាច ​គាត់​ធ្វើ​ប្លង់​បាន។ ចំណែក​ពលរដ្ឋ​រស់នៅ​ជាក់ស្តែង​ បែរ​ជា​ចោទ​គាត់​ថា រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​ទៅវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ