រដ្ឋាភិបាល កាត់​ដី​គម្រប​ព្រៃឈើ​២០០២​នៅខេត្ត​​ព្រះសីហនុ ជូន​មន្ត្រី​និង​ឧកញ៉ា​មួយចំនួន​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទី​ក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​នរា និង​ពី​កោះ​នរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សម្រេចកាត់​ផ្ទៃដីជាង ១៤០​​ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅខេត្តព្រះសីហនុ ឱ្យ​កូនមន្ត្រីជាន់ខ្ពស់ ឧកញ៉ា និង​ឈ្មួញដី​​មួយចំនួន ធ្វើជាកម្ម​សិទ្ធិ​ ខណៈ​មន្ត្រីបញ្ជាក់ថា អ្នក​ទាំងនោះ ពិតជាបានកាន់កាប់ដីជាក់ស្តែងនៅតំបន់​នោះយូរ​ឆ្នាំហើយ​។

យោងតាម​អនុក្រឹត្យ ចុះថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​​កាត់ដីទំហំជាង ៧៦ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ​២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់​ឱ្យទៅប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក កើត សុទ្ធារ៉ា ដែលកាន់កាប់ដីនោះ ជាក់ស្តែង។

អនុក្រឹត្យមួយទៀត ចុះថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០២០ដដែល ក៏បានសម្រេច​កាត់ដីទំហំជិត ១០ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រគល់​ឱ្យទៅ​ ឧកញ៉ា ឡាវ កាង អតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ, ឧកញ្ញា តាន់ តាត់ ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ និង​ឧកញ៉ា តេង ហឿង ជាអ្នកគ្រប់គ្រង​ទូទៅរបស់​ក្រុមហ៊ុនដឹកជញ្ជូន​ តេ​ង​ ឡាយ គ្រុប និង​ជា​អនុប្រធាន​គម្រោងរបស់​បុរី​ អ័រគីដេវីឡា។

យោង​តាម​អនុក្រឹត្យ​​ដាច់ដោយឡែក​មួយផ្សេងទៀត ចុះថ្ងៃទី២៨ ខែកក្ក​ដា ឆ្នាំ២០២០ ក៏បានសម្រេច​​​កាត់ដីទំហំជាង ៤ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ​២០០២ នៅភូមិគគីរ​ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់​ឱ្យទៅឧកញ៉ា តុង ហុក​សេង និងលោក ណៃ យ៉ឺន ដែលកាន់កាប់ជាក់ស្តែង។

​អនុក្រឹត្យមួយទៀត ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់ដីទំហំជាង ៥២ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ​២០០២ នៅភូមិ៣​ សង្កាត់​​លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រគល់​ឱ្យទៅ លោក សោ លី និងឈ្មោះ លាង ទ្រី ដែលកាន់កាប់ដី​ជាក់ស្តែង។

ទាក់ទងនឹងការកាត់ដី​ប្រគល់​ឱ្យទៅ លោក សោ លី និងឈ្មោះ លាង ទ្រី ដែលកាន់កាប់ជាក់ស្តែងនេះ លោក ប្រាក់ ពុទ្ធា​ មេប៉ុស្តិ៍សង្កាត់លេខ១ ក្រុងព្រះសីហនុ បានថ្លែងនៅថ្ងៃទី២៤ខែវិច្ឆិកានេះ​ថា លោក សោ លី គឺជាអ្នកជំនួញ​ដីធ្លីម្នាក​់ ហើយលោក​ពិតជាមានដីស្ថិតនៅគម្រប​​​ព្រៃឈើរបស់ក្រសួងបរិស្ថាន នៅតំបន់ក្បាលឆាយមែន។

តែយ៉ាងណា លោកមិនជឿថា រាជរដ្ឋាភិបាល កាត់ដីឱ្យ​លោក សោ លី នោះទេ ដោយសារ​តែតំបន់ក្បាល​ឆាយនេះ តំបន់​រក្សាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ​ប្រើប្រាស់។

លោកបានបញ្ជាក់ថា៖ «គេមិនឱ្យ​ទេ ពីព្រោះវាចូលទៅក្នុងគម្របព្រៃឈើ​របស់[ក្រសួង]បរិស្ថាន ហើយ​ដីចង់​អស់ក្បាលឆាយហើយហ្នឹង ៥២ហិកតាមិនមែនតិចទេ បើគេឃ្វៀលដីក្បាលឆាយ​អស់ តើប្រជាជនមានទឹកឯណាផឹក? ​ខ្ញុំមិនទាន់ជឿថាគេកាត់ឱ្យ​នោះទេ គេដាក់ពាក្យស្នើសុំគ្រប់គ្នា ហើយវាគ្មានកន្លែងឯណាកាត់​ឃ្វៀលដីរដ្ឋឱ្យ​នោះទេ ៥២ហិកតា ដីក្បាលឆាយអស់ហើយ»។

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ស្រុកព្រៃនប់ លោក ឃួន គឹមស៊ីន បានថ្លែងថា រដ្ឋាភិបាល​ ពិតជាបានសម្រេច​កាត់ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅខេត្តព្រះសីហនុ ឱ្យ​មន្ត្រីជាន់ខ្ពស់ និង​ឧកញ៉ាមួយចំនួនមែន។

លោកបានបញ្ជាក់ថា៖ «ខ្ញុំធ្វើតាមអនុក្រឹត្យ ហើយអនុក្រឹត្យ​ធ្វើម៉េច​ខ្ញុំ​ធ្វើចឹង យើង​អត់​មានរំលោភ​​អី​លើហ្នឹងកើត។ លោក (កើត សុទ្ធារ៉ា) បានដាក់ពាក្យសុំចុះបញ្ជី។ អនុក្រឹត្យចេញ ច្រើនណាស់ ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ ខ្ញុំអត់សូវដឹងដែរ ពេលគេហៅទៅវាស់ ខ្ញុំទៅវាស់ដោយ សារយើងជំនាញតែប៉ុណ្ណឹង»។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបដិសេធអត្ថាធិប្បាយពាក់ព័ន្ធនឹងការកាត់ដីនៃតំបន់ដែនគម្របព្រៃឈើ​២០០២នេះ កាលពីថ្ងៃម្សិលមិញ។

ថ្មីនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់ដីទំហំជាង ស្ថិតក្នុងដែនគម្របព្រៃ​ឈើ ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់​ឱ្យទៅកូនស្រីពីរនាក់របស់​លោក និង​មន្ត្រីមួយចំនួន​ផងដែរ។

តែយ៉ាងណា ប្រធាន​​អង្គភាព​អ្នកនាំពាក្យ​រាជ​​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា ការកាត់ឆ្វៀល​​ដីនេះ ដោយសារ​​ពួកគាត់បានកាន់​កាប់ និង​អាស្រ័យផលជាក់ស្តែង នៅទីតាំងដីនោះ ជា​​​យូរ​ឆ្នាំ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ