ម្ចាស់​​កសិដ្ឋាន​​ចិញ្ចឹម​​មាន់​​នៅ​​ព្រែក​​តា​ច្រែង​ខេត្ត​បាត់ដំបង​ មិន​បាន​​ឆ្លង​​ផ្តាសាយ​​បក្សី​​ឡើយ​

រូបឯកសារ៖ កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង

​មន្ត្រី​សុខាភិបាលឱ្យ​ដឹង​ថា ​លទ្ធផល​តេ​ស្ត​សំណាក​របស់​ម្ចាស់​កសិដ្ឋាន​និង​កម្មករ​ម្នាក់​ដែល​ចិញ្ចឹមសត្វ​មាន់​ទា​មាន​ផ្ទុក​ជំងឺ​ផ្តាសាយ​បក្សី (H5N1​) នៅ​ខេត្តបាត់ដំបង បង្ហាញថា​អវិជ្ជមាន។ 

កាលពី​អំឡុង​ថ្ងៃទី៥ ដល់​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ មាន​ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី (H5N1​) ទៅលើ​សត្វ​មាន់ ទាកាប៉ា និង​ក្ងាន​ ជាង១ ៤០០ក្បាល នៅក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​លក្ខណៈ​គ្រួសារ​មួយ​កន្លែងក្នុង​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយ​ហេតុការណ៍​នេះ មន្ត្រី​សុខាភិបាលបាន​យក​សំណាក​ម្ចាស់​កសិដ្ឋាននិង​អ្នក​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ធ្វើតេស្ត​រក​វីរុស​ផ្តាសាយ​បក្សី​នេះ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​នៃ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ មានប្រសាសន៍​ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ​តេឡេក្រាមនៅ​ថ្ងៃសុក្រ​នេះ​ថា លទ្ធផល​សំណាក​របស់​ម្ចាស់​កសិដ្ឋាននិង​អ្នក​ពាក់ព័ន្ធ​នោះ គឺ​អវិជ្ជមាន​ទាំងអស់ ដែល​មានន័យថា មិន​មាន​ករណី​ឆ្លង​វីរុស​ផ្តាសាយ​បក្សី (H5N1​) ពី​សត្វ​ទៅ​មនុស្ស​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «លទ្ធផល ​[អ្នក​ដែល​បាន​ធ្វើតេស្ត​] អវិជ្ជមាន​ទាំងអស់»។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង លោក អ៊ុ​ក វិទ្យា មានប្រសាសន៍​ថា ក្រោយ​ហេតុការណ៍​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ភូមិ​ព្រែក​តា​ច្រែង​ មន្ត្រី​សុខាភិបាលបាន​យក​សំណាក​មនុស្ស២នាក់ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​មាន់​ ដើម្បី​ធ្វើតេស្ត​រក​វីរុស H5N1 ដោយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់។

លោក​ថា៖ «យក​តែ២នាក់ដែល​ប៉ះពាល់​ផ្ទាល់​នៅកន្លែង​ចិញ្ចឹម​ហ្នឹង ព្រោះ​អត់មាន​អ្នកណា​នៅ​ក្បែរ​ហ្នឹងទេ»។ 

ចំណែកប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ខេត្តបាត់ដំបង លោក ឈឹម វជិរា មានប្រសាសន៍​ថា ជំងឺ​ផ្តាសាយ​បក្សី លើ​សត្វ​មាន់ ទា និង​ក្ងាន នៅ​ភូមិ​ព្រែក​តា​ច្រែង​នេះ ពុំ​មានការ​ឆ្លង​រីក​រាលដាល​ទៅ​ភូមិ​ដទៃ​ទេ ខណៈ​មន្ត្រី​ជំនាញនិង​អាជ្ញាធរ​ដែនដី បាន​និង​កំពុង​ទប់ស្កាត់និង​អនុវត្ត​វិធាន​ការសុវត្ថិភាព។

លោក​ថា៖ «តំបន់​កន្លែង​គាត់​ចិញ្ចឹម​ គឺ​ចម្ការ ហើយ​ចម្ការ​គាត់​នៅ​ដាច់ដោយឡែក [នៅ​ឆ្ងាយ​ពី​ភូមិ​] អត់មាន​ឆ្លង​ទេ ព្រោះ​របង​បិទ​ជិត»។

លោក​បន្ថែម​ថា៖ «យើង​នៅតែ​ឱ្យ​មន្ដ្រី​របស់​យើងបន្ដ​តាមដានមើល​តំបន់​ក្នុងរង្វង់១០គីឡូម៉ែត្រនៅ​ជុំវិញ​ហ្នឹង ​រយៈពេល​មួយ​ខែ ប្រសិនបើ​អត់មាន​បញ្ហា​អី​ទេ អាហ្នឹង​យើង​នឹង​រំសាយ​តំបន់​ហ្នឹងជា​តំបន់​ដែល​ស្អាត​វិញ ​[តំបន់​ដែល​លែង​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​]»។

កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​ដាក់​ភូមិ​ព្រែក​តា​ច្រែង ជា​តំបន់​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការទិញលក់ និង​ការ​ដឹកជញ្ជូន​សត្វ​បក្សី​គ្រប់​ប្រភេទ​ចេញ​ចូលក្នុង​រង្វង់៣គីឡូម៉ែត្រ និង​ត្រូវ​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជាប្រចាំ​ក្នុងរង្វង់​កាំ​ប្រវែង១០គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះទៅតាម​វិធាន​បសុពេទ្យ។

បើ​តាម​ក្រសួងសុខាភិបាល ជំងឺ​ផ្តាសាយ​បក្សី​បាន​កើតឡើង​ដំបូង​បំផុត​លើ​សត្វ​បក្សី​នៅ​កម្ពុជា នៅ​ឆ្នាំ២០០៣ និង​កើត​លើ​មនុស្ស​នៅដើម​ឆ្នាំ២០០៤។ ពីឆ្នាំ២០០៤ ដល់​ឆ្នាំ២០១៥ ក្រសួង​រក​ឃើញ​ជំងឺ​ផ្តាសាយ​បក្សី​ឆ្លង​ទៅ​មនុស្សចំនួន៥៦ករណី ក្នុង​នោះ ៣៧ករណី បាន​ស្លាប់។

ក្រសួង​បន្ត​ថា ចាប់ពី​ឆ្នាំ២០១៥ រហូតមកដល់​ឆ្នាំ២០២០ ក្រសួង​ពុំ​បាន​រក​ឃើញ​ជំងឺ​ផ្តាសាយ​បក្សី​នេះ​ឆ្លង​មក​មនុស្ស​ទៀត​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ