កម្មករ​ប្រហែល​១​ពាន់​នាក់​នៅ​ខណ្ឌ​មាន​ជ័យ​ តវ៉ា​ទាមទារ​បើក​ប្រាក់​អតីត​ភាព​ការងារ​

កម្មករ-កម្មការិនីប្រហែល១ពាន់នាក់ បម្រើការងារ​នៅរោងចក្រ យីង​ហ៊ី ខេមបូឌា ហ្គាមេន ខូលអិលធីឌី (YING FE Cambodia GARMENT Co.,LTD) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូល​ផ្តុំគ្នាតវ៉ាមុខរោងចក្រ ដើម្បីទាមទារទៅថៅកែឱ្យបើកប្រាក់រំឭកអតីតភាពការ​ងារ​ជូន​ពួកគេ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ផ្ដល់ឱ្យដោយលោក ម៉ា ចិត្រា)

កម្មករ-កម្មការិនីប្រហែល១ពាន់នាក់ បម្រើការងារ​នៅរោងចក្រ យីង​ហ៊ី ខេមបូឌា ហ្គាមេន ខូលអិលធីឌី (YING FE Cambodia GARMENT Co.,LTD) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូល​ផ្តុំគ្នាតវ៉ាមុខរោងចក្រ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារទៅថៅកែឱ្យបើកប្រាក់រំឭកអតីតភាពការ​ងារ​ជូន​ពួកគេ។

កម្មការិនីផ្នែកដេរ បម្រើការងារនៅរោងចក្រ យីងហ៊ី រយៈពេល៣ឆ្នាំ អ្នកស្រី ជិន រតនា ប្រាប់វីអូឌីនៅកន្លែងប្រមូលផ្តុំ​ថា ពួកគេដែលជាកម្មករប្រមាណ១ពាន់នាក់​តវ៉ានៅថ្ងៃនេះដោយសារថៅកែនៅជំពាក់ប្រាក់រំឭកអតីតភាពការងារឆ្នាំ២០២០ និងបានសុំពន្យារ​ពេល១ឆ្នាំទៀត ដោយសន្យាបើកជូនកម្មករនៅឆ្នាំ២០២២ ប៉ុន្តែក្រុមកម្មករមិនព្រម ទើបផ្ទុះការតវ៉ាតែម្តង។

កម្មការិនីរូបនេះអះអាងថា ចាប់តាំងពីកម្ពុជា​មានករណីឆ្លងរាលដាលជំងឺកូវីដ១៩មក រោងចក្រនេះធ្លាប់បាន​ព្យួរការងារកម្មករម្តងកាលពីអំឡុងខែមេសា ឆ្នាំ២០២០ ក្រោយមកក៏បានដំណើរអាជីវកម្មរហូតមកដល់​បច្ចុប្បន្ននេះ។

អ្នកស្រីបន្ថែមថា៖ «បើថៅកែនៅតែមិនបើកលុយអតីតភាពការងារហ្នឹងឱ្យពួកខ្ញុំទេ ពួកខ្ញុំនៅតែបន្តការតវ៉ាទៀត ពីព្រោះអ្វីដែលពួកខ្ញុំ​តវ៉ានេះ វាអត់មានអីច្រើនចំណុចទេ។ តវ៉ាចង់បានតែប្រាក់អតីតភាពហ្នឹងទេ ចង់ឱ្យគាត់បើកឱ្យកម្មករទៀងពេលមកវិញ ព្រោះកាលឆ្នាំ២០២០ គាត់ធ្លាប់សន្យាជាមួយពួកខ្ញុំថា បើកឱ្យកម្មករនៅដើមឆ្នាំ២០២១នេះ​ ឱ្យគ្រប់ទាំងអស់»

លោក គង់ ចាន់វី អះអាងជាតំណាងកម្មករ បាននិយាយថា ក្រុមកម្មករទទូចឱ្យថៅកែទូរ​ទាត់ប្រាក់រំឭក​អតីតភាពការងារឱ្យ​ពួកគេនៅដើមឆ្នាំនេះតាមការសន្យា ដោយសារតែ​កម្មករស្ត្រីមានផ្ទៃពោះមួយ​ចំនួនត្រូវការ​ប្រាក់​សម្រាប់ចាយវាយពេលសម្រាកមាតុភាព ខណៈកម្មករខ្លះទៀតបារម្ភខ្លាចមិនទទួលបានប្រាក់នេះពេលពួកគេលាឈប់ពីការងារ។

លោកបន្ថែមថា៖ «ក្រុមកម្មករគាត់អត់ព្រម ដោយសារតែមានកម្មករមួយចំនួន គាត់ត្រូវដាក់ពាក្យលាឈប់ពីការងារ អ្នកពោះធំ [មានផ្ទៃពោះ] ត្រូវការលុយពេលគាត់សម្រាកមាតុភាព អ្នកខ្លះគាត់ឈឺត្រូវការលុយបន្ទាន់ អ៊ីចឹងគាត់ត្រូវការលុយហ្នឹង ដើម្បីដោះស្រាយបន្ទាន់ […] បើសិនរោងចក្រមានផលលំបាក អត់មានការងារធ្វើ អាហ្នឹងកម្មករយល់តាមហ្នឹង ប្រាក់អតីតភាព គេពន្យារបាន ប៉ុន្តែសម្រាប់រោងចក្រខ្ញុំនេះ​ ដំណើរការ មាន​ការងារ​ធ្វើរហូត»

ប្រធានរដ្ឋបាលរោងចក្រ យីងហ៊ី លោក លី ឌី មានប្រសាសន៍ថា មូលហេតុដែល​ថៅកែមិនអាចទូរ​ទាត់ប្រាក់អតីតភាពការងារជូនកម្មករជាកញ្ចប់បាន ដោយសាររោងចក្រអនុវត្តទៅតាមច្បាប់និងសេចក្តីប្រកាសរបស់​រដ្ឋាភិបាល ដែលពន្យារពេល​បើកប្រាក់នេះដល់ឆ្នាំ២០២២។

ប៉ុន្តែយ៉ាងណា លោកថា ដើម្បីជួយសម្របសម្រួលដល់កម្មករ ម្ចាស់រោងចក្របានសម្រេចបើកប្រាក់អតីតភាពការងារចំនួន១៥ថ្ងៃ ទៅដល់កម្មករនៅក្នុងខែកក្កដា ឆ្នាំ២០២១។

លោកបន្ថែមថា៖ «ខាងក្រុមហ៊ុនបានខិតខំព្យាយាមសម្រេចលើសពីផ្លូវច្បាប់ ដើម្បីឱ្យបងប្អូនកម្មករទាំងអស់គាត់ចូលធ្វើការងារវិញនៅម៉ោង១គត់នៅក្នុងថ្ងៃរសៀលនេះដែរ ប៉ុន្តែជាអកុសល បងប្អូនកម្មករកម្មការិនី ពួកគាត់មិនឯកភាពចូលធ្វើការងារវិញឡើយ»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅរសៀលនេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្តី​​ពី ​វិធានការ​បន្ថែម​ជុំ​ទី​៧ ​ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗនៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​ការ​ស្ដារ​ឡើងវិញក្រោយ​វិបត្តិ​​​ជំងឺ​កូវីដ១៩​នោះ រដ្ឋាភិបាលបានសម្រេច​​បន្តអនុញ្ញាតឱ្យ​រោងចក្រ សហគ្រាស និងអាជីវកម្មគ្រប់វិស័យ ពន្យារពេលទូរ​ទាត់ប្រាក់រំឭកអតីតភាពការងារ​មុនឆ្នាំ២០១៩ អតីតភាពការងារសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ទៅធ្វើនៅឆ្នាំ២០២២វិញ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការបន្តពន្យារពេលបើកប្រាក់អតីតភាពជូនកម្មករនេះ នឹងធ្វើឱ្យកម្មករខាតបង់ផលប្រយោជន៍។ លោកថា តាមផ្លូវច្បាប់ កម្មករត្រូវទទួលបាន​ការទូរទាត់ប្រាក់​​នេះ ប៉ុន្តែ​ត្រូវបានរាំងស្ទះដោយសារតែ​សេចក្តីជូនដំណឹងរបស់ក្រសួង ក្រោមហេតុផលវិបត្តិកូវីដ១៩។

លោកបន្ថែមថា៖ «កម្មករខូចប្រយោជន៍ច្រើនណាស់ បើគាត់ត្រូវមានកំហុសធ្ងន់ត្រូវគេបញ្ឈប់ ក៏គេអត់ឱ្យដែរ ហើយការពន្យារយូរបែបហ្នឹង ជួនកាលគាត់ឈប់ពីកន្លែងហ្នឹងទៅកន្លែងផ្សេងទៀត គាត់ត្រូវបាត់ផលប្រយោជន៍ហ្នឹងហើយ ម្នាក់៤ទៅ៥រយដុល្លារ ម្នាក់ទៅ១ពាន់ទៅ២ពាន់ដុល្លារ គឺគាត់បាត់លុយហើយ។ ច្បាប់បានអនុញ្ញាតឱ្យបើកហើយ តែការលើកពេលរបស់ក្រសួង វាគ្រាន់តែវិធានការសម្រួលដល់និយោជកទេ ប៉ុន្តែសម្រួលរហូតធ្វើឱ្យ​កម្មករមិនទទួលបានផលប្រយោជន៍ហ្នឹង ក៏មិនល្អដែរ»

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីរាប់ពាន់នាក់ បម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ តៃ​អ៊ី​ហ្ស៊ី អ៊ី​នធឺ​ណា​សិន​ណល ខូ.អិល.ធី.ឌី ​(TAI EASY INTERNATIONAL CO​.,LTD​) ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក៏បានតវ៉ាបិទផ្លូវជាតិលេខ៥ ប្រមាណ៣០នាទីដែរ ដើម្បីទាមទារឱ្យ​ថៅកែ​បើក​ប្រាក់អតីតភាពការងារនិងប្រាក់ដំណាច់ឆ្នាំជូនពួកគាត់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ