កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ពោធិ៍សាត់​​បិទ​ផ្លូវ​​ជាតិ​​លេខ​៥​ជិត​​កន្លះ​ម៉ោង​​ដើម្បី​​ទាមទារ​​ដំណោះ​ស្រាយ​

កម្មករ-កម្មការិនីបម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ តៃ​អ៊ី​ហ្ស៊ី អ៊ី​នធឺ​ណា​សិន​ណល ខូ.អិល.ធី.ឌី ​(TAI EASY INTERNATIONAL CO​.,LTD​) ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​នាំគ្នា​តវ៉ា​បិទ​កំណាត់ផ្លូវ​ជាតិ៥ ប្រមាណ​ជា៣០នាទី ក្រោយ​គ្មាន​ដំណោះស្រាយ​រឿង​វិវាទ​ការងារ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

​កម្មករ-កម្មការិនីបម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ តៃ​អ៊ី​ហ្ស៊ី អ៊ី​នធឺ​ណា​សិន​ណល ខូ.អិល.ធី.ឌី ​(TAI EASY INTERNATIONAL CO​.,LTD​) ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅ​ថ្ងៃអង្គារ​នេះ បាន​នាំគ្នា​តវ៉ា​បិទ​កំណាត់ផ្លូវ​ជាតិ៥ ប្រមាណ​ជា៣០នាទី ក្រោយ​គ្មាន​ដំណោះស្រាយ​រឿង​វិវាទ​ការងារ។

កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ តៃ​អ៊ី​ហ្ស៊ី អ្នកស្រី កៅ សុខភាព បាន​ប្រាប់​វី​អូ​ឌី​ថា ​ការណ៍​ដែល​កម្មករ​-កម្មការិនី​រាប់ពាន់​នាក់តវ៉ា​បិទ​កំណាត់ផ្លូវ​ជាតិ​លេខ៥នេះ ដោយសារតែ​ពួក​គាត់​ពុំ​ទទួល​បាន​ដំណោះស្រាយ​វិវាទ​ការងារក្នុង​ពេល​តវ៉ា​ក្នុង​រោងចក្រ។

កម្មការិនី​រូប​នេះបន្ត​ថា កម្មករ​បាន​ចាប់ផ្តើម​ផ្ទុះ​ការ​តវ៉ា​នៅក្នុង​រោងចក្រ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ ដោយ​ទាមទារ​ឱ្យ​ថៅកែ​ទូរ​ទាត់​ប្រាក់ដំណាច់​ឆ្នាំសម្រាប់​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ និង​ប្រាក់​អតីតភាព​ការងារ ដែល​ថៅកែ​រោងចក្រ​មួយ​នេះ​មិនទាន់​បាន​បើក​ជូន​កម្មករ​នៅឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «ខាង​រោងចក្រ​បាន​និយាយគំរាម​កម្មករ​ថា តែ​យើង​ហ៊ាន​តវ៉ានិង​រាយការណ៍ ឬផុស​បញ្ហា​ហ្នឹង​ចេញ​តាម​ហ្វេសប៊ុក ដឹង​តែ​គេ​ដក​យើង​ចេញ​ហើយ។ រោងចក្រ​ហ្នឹង​តវ៉ា​ច្រើន​ដឹង​ហើយ ប៉ុន្តែ​ដែល​ល្បី​តាម​បណ្តាញ​សង្គម​ទេ ដោយ​តែ​គេ​គំរាម​ដកចេញ។ និយាយទៅ​រោងចក្រ​នេះ ​មួយ​រយៈ​ចុងក្រោយ​មាន​បញ្ហា​ច្រើនណាស់ អត្ថ​ប្រយោជន៍​ផ្សេង​ៗរបស់​កម្មករ​ដែល​មាន​ពីមុន​មក ឥលូវ​កាត់​អស់ហើយ លែង​មាន​ទៀត កៀប​សង្កត់​កម្មករ​ណាស់ រោងចក្រ​គ្មាន​សហជីព​ទេ»។

កម្មករ​ម្នាក់ទៀត លោក តុង សុខ​ជា បម្រើការ​ងារ​នៅ​រោងចក្រ តៃ​អ៊ី​ហ្ស៊ី ៥ឆ្នាំ​មក​ហើយ បាន​ប្រាប់​វី​អូ​ឌី​ថា ក្រោយ​បិទ​កំណាត់ផ្លូវ​ជាតិ​លេខ៥ ប្រហែល​កន្លះម៉ោង នៅ​ម៉ោង​ជិត២រសៀល​នេះ អភិបាលខេត្ត​ពោធិ៍សាត់​ លោក ម៉ៅ ធនិ​ន្ទ បាន​ចុះទៅ​សម្របសម្រួល​ដោះ​ស្រាយ​ភ្លាម​ៗជូន​កម្មករ។ 

កម្មករ​រូប​នេះបន្ត​ថា ក្នុង​កា​រស​ម្របសម្រួល​ដោះស្រាយ​នោះ អភិបាលខេត្តបាន​សន្យា​ជំរុញ​ទៅ​ថៅកែ​ឱ្យ​បើកប្រាក់​អតីតភាព​ការងារនិង​ប្រាក់​ដំណាច់​ឆ្នាំ​ជូន​កម្មករ នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ទើប​កម្មករ​បាន​បើកផ្លូវ​ឱ្យ​អ្នកដំណើរ​ធ្វើ​ចរាចរណ៍​វិញ។

លោក​បន្ថែម​ថា៖ «ឥលូវ​កម្មករ​បើកផ្លូវ​វិញ​ហើយ ដោយសារ​អភិបាលខេត្ត​ពោធិ៍សាត់​ចុះ​មក​ដោះស្រាយ​ ដោយ​សន្យា​ឱ្យ​ថៅកែ​ដោះស្រាយនៅ​ថ្ងៃទី១៥ខាងមុខនេះ»។

បើ​តាមកម្ម​ករ​រូប​នេះ ក្នុង​រោងចក្រ​ តៃ​អ៊ី​ហ្ស៊ី មានកម្ម​ករ​បម្រើការ​ងារ​ជាង១ម៉ឺន​នាក់។

ក្រុម​កម្មករ​បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​ថៅកែ​រោងចក្រនៅតែ​មិន​បើកលុយ​ឱ្យ​កម្មករ​ដូច​ការសន្យា​ទេ​នោះ ក្រុម​កម្មករ​អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ជាថ្មី​ទៀត។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីប្រធាន​ស្តីទី​មន្ទីរ​ការងារ​ខេត្តពោធិ៍សាត់ លោក កុល ប៊ុ​នធឿន បានទេ ជុំវិញ​ករណីនេះ។

ប៉ុន្តែអភិបាលខេត្ត​ពោធិ៍សាត់ លោក​ ម៉ៅ ធនិ​ន្ទ ប្រាប់​វី​អូ​ឌី​យ៉ាង​ខ្លី​ថា ករណី​កម្មករ​តវ៉ា​នេះ​ជា​រឿង​តូច ដែល​លោក​បាន​សម្របសម្រួល​ដោះស្រាយ​ចប់ហើយ។

លោក​ថា៖ «ខ្ញុំ​បាន​ទៅ​ដោះស្រាយ​ចប់ហើយ សុទ្ធតែ​កូនក្មួយ គាត់​យល់ព្រម​ជាមួយ​យើង​ហើយ»។

កាលពី​ឆ្នាំ២០១៩ កម្មករ​រាប់ពាន់​នាក់ដែល​បម្រើការ​ងារនៅ​រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្សី នេះ បាន​ផ្ទុះ​ការ​ការ​តវ៉ា​បិទ​កំណាត់ផ្លូវ​ជាតិ​លេខ៥ ម្តង​រួចហើយ ដែល​ពេលនោះ កម្មករ​បាន​ទាមទារ​លក្ខខណ្ឌ​៤ចំណុច រួមមាន ​ប្រាក់ដំណាច់​ឆ្នាំ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗមួយចំនួន​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ