កម្ពុជា​​ច្រាន​ចោល​​ការ​​លើក​ឡើង​​របស់​​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ដែល​​ថា​ មាន​ការ​​ឃុំ​ខ្លួន​​ជា​​ប្រព័ន្ធ​​លើ​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​​

ក្រុមអ្នកដាក់ញត្តិតវ៉ាមួយក្រុម បាននាំគ្នាមកដាក់ញត្តិនៅស្នាក់ការអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីឆ្នាំ២០១៧។ (ហេង វិចិត្រ)

កម្ពុជា​ចាត់ទុក​ការដែល​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UN​) អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់នូវការ​ឃុំខ្លួន​ជា​ប្រព័ន្ធ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស ក្នុងរយៈពេល៣ខែ​ចុងក្រោយ​នេះ ថា​ជា​ការ​លើកឡើង​បែប​លម្អៀងនិង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

ប្រតិកម្ម​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយពី​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Mary Lawlor កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែង​កា​ណ៍ពីទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស មក​ថា គាត់​មាន​កង្វល់​ចំពោះ​របាយការណ៍​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ថា មាន​អ្នក​ការ​ពារ​សិ​ទិ្ធ​មនុស្សយ៉ាងហោចណាស់ចំនួន​២១នាក់ បាន​ទទួលរង​នូវ​ការ​គំរាមកំហែង ការ​ចាប់ខ្លួន និង​ការ​ឃុំខ្លួន​ដោយ​បំពាន ក្នុងរយៈពេល​បី​ខែ​កន្លងមក​នេះ។

លោកស្រី​បន្ត​ថា កម្លាំង​សន្តិសុខ​របស់​កម្ពុជាបាន​ប្រើប្រាស់​កម្លាំង​ហួសប្រមាណ ដើម្បី​ហាមឃាត់​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ភាគច្រើន​ជា​ស្ត្រី មិន​ឱ្យ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ជួប​ប្រជុំ​ដោយសន្តិវិធី។ លោកស្រី​គូសបញ្ជាក់​ថា ការ​លើកស្ទួយនិង​ការ​ការពារ​សិទ្ធិមនុស្ស តាមរយៈ​មធ្យោបាយ​សន្តិវិធី មិនមែន​ជា​បទល្មើស​ទេ ហើយ​ថា ​លំនាំ​នេះ​ត្រូវតែ​បញ្ចប់។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់ UN រូប​នេះ បាន​ជំរុញ​អាជ្ញាធរ​កម្ពុជាបញ្ឈប់​នូវ​វិធីសាស្ត្រ​ដ៏​គ្រោះថ្នាក់​នេះទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស និង​ជួយ​សម្រួល​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិនិង​ការ​ជួប​ប្រជុំ ដើម្បី​ជា​ប្រយោជន៍​ដល់​សមាជិក​គ្រប់រូប​នៃ​សង្គម​នៅ​ប្រទេស​កម្ពុជា។

លោកស្រី Lawlor បាន​គូសបញ្ជាក់​ថា៖ «អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់នូវ​ការ​ឃុំខ្លួន​ជា​ប្រព័ន្ធ​និង​ការ​ផ្តន្ទា​ទោស​ព្រហ្មទណ្ឌ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស ព្រមទាំង​ការប្រើ​ប្រាស់​កម្លាំង​ហួសប្រមាណ​ប្រឆាំង​នឹង​ពួក​គេ»។

ភ្លាម​ៗនេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទី​ក្រុង​ហ្ស៊ឺ​ណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ដោយ​បង្ហាញ​ពី​ការ​ខកចិត្ត​ចំពោះ​ការ​លើកឡើង​របស់​លោកស្រី Lawlor នេះ។ 

តំណាង​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី Lawlor មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ទទួល​បាន​ជាមួយ​ប្រភព​រដ្ឋាភិបាល​ទេ និង​មាន​ភាព​លម្អៀង​ធ្វើ​ឱ្យ​មានការ​ខូចខាត។

ភាគី​កម្ពុជាបាន​អះអាង​ទៀត​ថា ស្ថាន​បេសកកម្ម​កម្ពុជាបាន​បំភ្លឺ​នូវ​ហេតុការណ៍​ពិត​នៃ​សភាពការណ៍​អស់ទាំង​នោះជូន​ដល់​នីតិ​វិ​ធី​ពិសេស​ជាច្រើនលើក និង​បាន​ឆ្លើយតប​យ៉ាង​លម្អិត​ទៅ​នឹង​ការសាកសួរ​ជា​លាយលក្ខណ៍​អក្សរ​ផង​ដែរ។

តំណាង​រដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ថា៖ «ការ​ប្រមូល​ផ្តុំ​ដោយសន្តិវិធី​ដែល​សហការ​ជាមួយ​អាជ្ញាធរ និង​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សន្តិសុខ​និង​សុវត្ថិភាព គឺជា​ការអនុវត្ត​សេរីភាពដែល​ស្របតាម​រដ្ឋធម្មនុញ្ញនិង​ស្របតាម​ច្បាប់។ ផ្ទុយទៅវិញ ​ការ​ប្រមូល​ផ្តុំ​ក្នុង​គោលបំណង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ គឺជា​បទល្មើស ដែល​មាន​ចែង​ក្នុង​មាត្រា៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន ក៏បាន​ច្រានចោល​ដូចគ្នា​នេះ​ដែរ ចំពោះ​ការ​លើកឡើង​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស UN រូប​នេះ ដោយ​លោក​ថា មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់ជ្រុងជ្រោយ ​ក្នុង​ការ​សន្និដ្ឋាននិង​វាយតម្លៃ​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ។

អ្នកនាំពាក្យ​រូប​នេះសរសេរ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «រដ្ឋាភិបាល​និង​សមត្ថកិច្ចមិនបាន​ធ្វើទុក្ខ​បុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នោះ​ទេ គឺ​មានតែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ»។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា កម្ពុជាជារ​ដ្ឋ​ភាគី​របស់​អង្គការសហប្រជាជាតិ មាន​កាតព្វកិច្ចគោរព​សិទ្ធិមនុស្សតប​តាម​បទដ្ឋាន​អន្តរជាតិ និង​ជា​ប្រទេស​​ហត្ថលេខី​ផ្តល់​សច្ចាប័នលើក​ត្តិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ​និង​សិទ្ធិ​នយោបាយ​ផង​ដែរ។

ករណីនេះ លោក​ថា កម្ពុជាគួរ​ពិនិត្យនិង​ពិចារណា​ឡើងវិញ ក្នុង​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស ខណៈ​ការ​ចាប់ខ្លួន​អ្នក​ប្រមូល​ផ្តុំនិង​អ្នក​តវ៉ា​ដោយសន្តិវិធី​កន្លងមក ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការបំពាន​ទៅលើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក ​អំ សំអាត បាន​ថ្លែង​ថា៖ «ក្នុងនាម​រដ្ឋ​ជា​ភាគី យើង ​[កម្ពុជា​] គួរតែ​ពិនិត្យមើល​ឡើងវិញ​ដែរ ពីព្រោះ​ការអនុវត្ត​ច្បាប់ ប្រសិនបើ​ការអនុវត្ត​ច្បាប់​ខ្លះ វា​អាច​នឹង​បំពាន​ទៅលើ​បទដ្ឋាន​អន្តរជាតិ​ស្តី​ពី​សិទ្ធិមនុស្សឬក៏​ប៉ះពាល់​ ដែល​មិន​ស្រប​ទៅតាម​​រដ្ឋធម្មនុញ្ញ អាជ្ញាធរនិង​រដ្ឋាភិបាលគួរតែ​ពិចារណា​កែសម្រួល​ឡើងវិញ​ផង​ដែរ»។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះមានប្រសាសន៍​ទៀត​ថា កម្ពុជា​អាច​នឹង​បន្ត​ខាតបង់​ច្រើនជាង​នេះ ប្រសិនបើ​មិន​មានការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ។ 

អ្នកវិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត សេង សារី មានប្រសាសន៍​ថា ការ​ព្រួយបារម្ភ​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជា​តិ ទំនងជា​មិន​មាន​ឥទ្ធិពល​ដល់​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ទេ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​គួរតែ​វិល​ចូល​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​រក្សា​អត្ថ​ប្រយោជន៍ជាតិ។

លោក​ថា៖ «ជា​គំនិត​របស់ខ្ញុំ វា​ដល់ពេល​វេលា​មួយ​ដែល​កម្ពុជា​ត្រូវ​ធ្វើ​តម្លាភាព​នៃ​ការគ្រប់គ្រង​របស់​ខ្លួន ជាពិសេស​ធ្វើ​តុល្យភាព​នៃ​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ ដោយសារតែ​ស្ថានការណ៍​នយោបាយ​នៅ​ក្រៅប្រទេស​ក៏​មានការ​ប្រែប្រួល ជាពិសេស​យើង​ឃើញថា​ ឥទ្ធិពល​នៃ​ការបោះឆ្នោត​នៅ​អាមេរិក​នេះ ប្រសិនបើ​ករណី[គណបក្ស]​ប្រជាធិបតេយ្យ​ឈ្នះ​ហ្នឹង​ ប្រាកដជា​មានផល​ប៉ះពាល់​នយោបាយ​ទាំង​នៅក្នុង​តំបន់ ក៏ដូចជា​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា»។

ទោះ​យ៉ាងណា តំណាង​រដ្ឋាភិបាល​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្តេជ្ញា​ចិត្តបន្ត​ធានា​អនុវត្ត​សិទ្ធិ​និង​សេរីភាព​ទាំងអស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញនិង​នៅក្នុង​ក្រម​ខណ្ឌ​នីតិរដ្ឋ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​ពលរដ្ឋ​ទាំងអស់​ដែល​គោរពច្បាប់ មិនមែន​សម្រាប់​តែ​ក្រុម​ជាក់លាក់​ណាមួយ​នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ