អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​៖​ ការ​​លើក​ស្ទួយ​​សិទ្ធិ​មនុស្ស​​តាម​មធ្យោ​បាយ​​សន្តិ​វិធី​ មិន​មែន​​ជា​​បទ​ល្មើស​​ទេ​

អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ (លីកាដូ)

​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី Mary Lawlor បាន​លើកឡើង​ថា ការ​លើកស្ទួយនិង​ការពារ​សិទ្ធិមនុស្ស​តាមមធ្យោបាយ​សន្តិវិធី មិនមែន​ជា​បទល្មើស​នោះ​ទេ។

អ្នកស្រី Mary Lawlor ដែល​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស បាន​លើកឡើង​បែបនេះ​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​អ្នកស្រី ដែល​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ទៅលើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ច្រើន​នាក់​នៅក្នុង​រយៈពេល​បី​បួន​ខែ​ចុងក្រោយ​នេះ។

អ្នកស្រី Mary Lawlor ថ្លែង​ក្នុង​សេចក្ដីថ្លែង​ការណ៍​នោះ​ថា៖ «ខ្ញុំ​បាន​ពិនិត្យ​ឡើងវិញ​នូវ​វីដេអូ​ដែល​អាច​រកបាន​ជា​សាធារណៈ ដែល​កម្លាំង​សន្តិសុខ​បាន​ប្រើប្រាស់​កម្លាំង​ហួសប្រមាណ ដើម្បី​ហាមឃាត់​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ភាគច្រើន​ជា​ស្ត្រី មិន​ឱ្យ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ជួបជុំ​ដោយសន្តិវិធី»។

អ្នកស្រី Lawlor បន្ថែម​ថា៖ «ការ​លើកស្ទួយនិង​ការ​ការពារ​សិទ្ធិមនុស្ស​តាមរយៈ​មធ្យោបាយ​សន្តិវិធី មិនមែន​ជា​បទល្មើស​នោះ​ទេ»

បើ​តាម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូប​នេះ អ្នកការពារ​សិទ្ធិមនុស្ស​យ៉ាងហោចណាស់១២រូប​ហើយ ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង ចាប់ខ្លួន និង​ដាក់​ឃុំ​នៅក្នុង​រយៈពេល៣ខែ​ចុងក្រោយ​នេះ។

អតីតប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ និង​ជា​អតីត​សមាជិក​ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា​កន្លងមក​នេះ ​ជុំវិញ​ការ​ថ្លែង​របស់​លោក​ថា ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាត់បង់​ដីស្រែ​ចម្ការ​របស់​ពួក​គេ​ដោយសារ​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-វៀតណាម​នៅក្នុង​ខេត្ត​នេះ។

អ្នកស្រី Lawlor ថ្លែង​បន្ត​ថា៖ «អ្នកការពារ​សិទ្ធិមនុស្ស​មិន​គួរ​ត្រូវ​បាន​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សេចក្ដីក្លាហាន​របស់​ពួក​គេ ដើម្បី​ការពារ​សិទ្ធិ​អ្នកដទៃ​ឡើយ»។

អ្នកស្រី Lawlor បន្ថែម​ថា៖ «ខ្ញុំ​កាន់តែ​មាន​កង្វល់​ចំពោះ​លំ​នាំ​ដដែល​ៗនៃ​ការ​ឃុំខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​បាន​ធ្វើការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ឃុំខ្លួន ឬការរំលោភ​បំពាន​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ដូចគ្នា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ