មន្ត្រី​​ជាន់​ខ្ពស់​​ក្រសួង​បរិស្ថាន​​អះអាង​​ថា​ បទ​ល្មើស​​ទន្ទ្រាន​​យក​​ដី​​ព្រៃ​​ខុស​ច្បាប់​​បន្ត​​កើត​មាន​​

ទិដ្ឋភាពនៅទីតាំងព្រៃ​ជម្រក​សត្វ​សង្ឃ​រុក្ខវ័ន ដែលត្រូវបានអះអាងថាទន្ទ្រានពីទាហាន និងពលរដ្ឋនៅតំបន់នោះដែលមានទីតាំងនៅស្រុកចំនួនបី នៃខេត្តឧត្ដរមានជ័យ។ រូបភាព៖ ផ្ដល់ឲ្យ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន អះអាង​ថា បទល្មើស​ទន្ទ្រាន​យក​ដី​ព្រៃ​តំបន់​ការពារ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​មានការ​កើនឡើង ខណៈ​បទល្មើស​កាប់និង​ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អភិរក្ស ត្រូវ​បាន​លុបបំបាត់។

ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ២០២០ នៅ​ទី​ស្តី​ការក្រ​សួង​នៅ​ថ្ងៃអង្គារ​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា បច្ចុប្បន្ន សកម្មភាព​កាប់និង​ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​ការពារ ពុំ​មាន​ទៀត​ឡើយ ប៉ុន្តែក្រសួងបរិស្ថានបាន​រក​ឃើញថា បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​មានការ​កើនឡើង ដោយសារ​តម្លៃ​ដី​កើន​ខ្ពស់និង​តម្រូវ​ការដី​សម្រាប់​ធ្វើការ​អភិវឌ្ឍ​​ផ្សេង​ៗមានការ​កើនឡើង​ដែរ។

លោក នេត្រ ភក្ត្រា ឱ្យដឹង​ថា ក្រសួងបរិស្ថាន​កំពុង​ដំណើរការ​ដោះស្រាយ​ជម្លោះដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន ដើម្បី​ឈាន​ទៅ​រក​ការកំណត់​ព្រំនិង​ដាក់​វិធានការ​ការពារ។

លោក នេត្រ ភក្ត្រា ថ្លែង​ថា៖ «នេះ​ជា​វិធានការ​មួយដែល​យើង​យល់ថា មានប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ ពីព្រោះ​បច្ចុប្បន្ន​នេះ អ្វី​ដែល​យើង​ជួប​បញ្ហា​ប្រឈម​ស្ថានភាព​បទល្មើស ក្រៅពី​ការ​លួច​កាប់និង​ដឹកឈើ​ខុសច្បាប់​ដែល​មាន​ខ្នាត​ទ្រង់ទ្រាយ​តូច ប៉ុន្តែយើង​ឃើញ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​មានការ​កើនឡើង ដោយសារ​តម្លៃ​ដី​មានការ​កើនឡើង តម្រូវការ​ដី​សម្រាប់​ការអភិវឌ្ឍធ្វើ​កសិកម្ម និង​កសិ​ឧស្សាហកម្ម និង​ធ្វើ​អ្វី​ផ្សេង​ៗ មានការ​កើនឡើង»។

លោក នេត្រ ភក្ត្រា បន្ថែម​ថា យោង​តាម​របាយការណ៍​នៅ​ឆ្នាំ១៩៦៤ គម្រប​ព្រៃឈើ​នៅ​កម្ពុជា​មាន​ទំហំ​ដល់ទៅ៧៣ភាគរយ​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​ទាំងមូល ប៉ុន្តែគម្រប​ព្រៃឈើ​បាន​ថយ​មក​នៅ​ត្រឹម៤៦,៨៦ភាគរយ​នៅ​ត្រឹម​ឆ្នាំ២០១៨កន្លងមក​នេះ ដែល​ស្មើនឹង​ប្រមាណ៨លាន៥សែន​ហិ​កតា​នៅ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ដែល​បាន​បាត់បង់ បាន​ក្លាយទៅជា​ដីចម្ការនិង​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ។

ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​តេជគុណ ប៊ុ​ន សា​លួត មាន​សង្ឃដីកា​ថា ដើម្បី​ការពារ​ដី​ព្រៃ​សហគមន៍និង​តំបន់ការពារធម្មជាតិ​បាន​យូរអង្វែងនិង​មាន​ប្រសិទ្ធភាព លុះត្រាតែ​មានការ​កំណត់​ព្រំ​ច្បាស់លាស់ ហើយ​បានការ​ចូលរួម​ការពារ​ពិតប្រាកដ​ពី​អាជ្ញាធរ​មូលដ្ឋាននិង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត។

ព្រះ​តេជគុណ ប៊ុ​ន សា​លួត មាន​សង្ឃដីកា​ឱ្យដឹង​ថា កន្លងទៅ ដី​ព្រៃ​សហគមន៍​ដែល​ព្រះអង្គ​កំពុង​ការពារ ក៏​រង​ការទន្ទ្រាន​ចូលកាន់​កាប់​ពី​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ព្រះអង្គ​បាន​កាយដី​កំណត់​ព្រំ​ច្បាស់លាស់ ហើយ​មានការ​ចូល​រួមការពារពី​អា​ជ្ញាធរ​ពាក់ព័ន្ធ និង​ផ្សព្វផ្សាយ​ឱ្យប្រជាពលរដ្ឋ​បាន​យល់ដឹង​ពីសា​រៈ​ប្រយោជន៍​ព្រៃឈើ ទើប​កាត់បន្ថយ​ទំនាស់និង​គ្មាន​ការរុករាន​ដី​ព្រៃ​បន្ត​ទៀត។

ព្រះ​តេជគុណ ប៊ុ​ន សា​លួត មាន​សង្ឃដីកា​ថា៖ «ដើម្បីកុំឱ្យមាន​បញ្ហា កុំ​ឱ្យទំនាស់​កើតឡើង​បាន គឺ​មានតែ​មួយ​វិធី​តែមួយ​គាត់ គឺ​យើង​កំណត់និង​កាយ​ព្រំ។ មានតែ​កាយ​ព្រំ​មួយ​គត់​ដែល​យើង​កាត់បន្ថយ​ទំនាស់​បាន​ច្រើន​បំផុត ហើយ​ព្រៃឈើ​នេះ​អាច​គ្រប់គ្រង​បាន»។

ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ២០២០នៅ​ព្រឹកមិញ​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ប្រាប់ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ខិតខំ​ការពារនិង​អភិរក្ស​ធនធាន​ធម្មជាតិ​ដោយ​ពន្លឿន​ការងារ​បោះបង្គោល​ព្រំ ចុះបញ្ជី​ដី​រដ្ឋ​នៅ​តំបន់ការពារធម្មជាតិ​ទាំងអស់ ដើម្បី​ធានា​ពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ឱ្យ​មានប្រសិទ្ធភាព។

លោក សាយ សំ​អាល់ ថ្លែង​ថា៖ «ត្រូវ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អគ្គ​អប់រំ ដើម្បី​តាមដាន​សិក្សា​ស្រាវជ្រាវ​ចំពោះ​កា​រប្រែប្រួ​លគ​ម្រ​បព្រៃឈើ​របស់​យើង ​តាមរយៈ​ផ្កាយរណប​ដែល​បាន​ធ្វើ ដើម្បី​យក​ជាគោល​កុំឱ្យ​អ្នកនេះ​ថា​អញ្ចេះ អ្នកនោះ​ថា​អញ្ចុះ។ ថាតើ​គម្របព្រៃ​របស់​កម្ពុជា​ក្នុង​ក្របខណ្ឌ​តំបន់​អភិរក្ស​មាន​ប៉ុន្មាន​? ក្រៅ​តំបន់​អភិរក្ស​មាន​ប៉ុន្មាន​? កំណត់​ឱ្យបាន​ច្បាស់លាស់ យើង​ត្រូវ​ចូលរួម​ឱ្យសកម្ម»។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ផៃ ប៊ុ​នជឿន មានប្រសាសន៍​ថា តំបន់ការពារធម្មជាតិ​បច្ចុប្បន្ន បាន​កើន​ដល់៦៥កន្លែង គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ៧,២លាន​ហិ​កតា ឬស្មើនឹង៤១ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ