សកម្ម​ជន​​ថា​ សហ​គមន៍​​ព្រៃ​ឈើ​​ចំនួន​២​នៅ​​ឧត្តរ​មានជ័យ​ បាន​​បាត់​បង់​​ក្រោយ​​ទាហាន​​បោះ​ទីតាំង​​នៅ​​តំបន់​​នោះ​

ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​តេជគុណ ប៊ុ​ន សា​លួត ថ្លែងក្នុង​សន្និ​សីទ​ថ្នាក់​ជាតិ​មួយស្តី​ពី «អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ» នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​ព្រះសង្ឃ​មួយ​អង្គ​ដែល​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា សហគមន៍​ព្រៃឈើ​ចំនួន​ពីរស្ថិត​ក្នុង​ឃុំ​បេង ស្រុក​បន្ទាយអំពិល បច្ចុប្បន្ន​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​ហើយ ក្រោយពី​ក្រុមទាហាន​បាន​ទៅ​បោះទីតាំង​នៅ​តំបន់​នោះ។

ក្នុង​សន្និ​សីទ​ថ្នាក់​ជាតិ​មួយស្តី​ពី «អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ​ម្សិលមិញ ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​តេជគុណ ប៊ុ​ន សា​លួត មាន​សង្ឃដីកា​ថា ក្នុង​ខេត្ត​ឧត្តរមានជ័យ មាន​សហគមន៍​ព្រៃឈើ​ចំនួន១៤ ប៉ុន្តែ​បច្ចុប្បន្ន​មាន​សហគមន៍​ពីរ គឺ​សហគមន៍​ព្រៃឈើ​អណ្តូង​បរ និង​សហគមន៍​ព្រៃឈើ​អណ្តូង​បេង បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយសារ​ការ​កាប់​បំផ្លាញនិង​រុករាន​ដី​ព្រៃ​ពីសំណាក់​ក្រុមទាហាន។

ព្រះអង្គមាន​សង្ឃដីកា​បន្ត​ថា កន្លងមក ព្រះអង្គនិង​ប្រជា​សហគមន៍បាន​ចុះទៅ​ល្បាត​ព្រៃ​សហគមន៍​ទាំងពីរ​នេះ ប៉ុន្តែ​ត្រូវ​បាន​ហាមឃាត់និង​រង​ការ​គំរាមកំហែងពីសំណាក់​ក្រុមទាហាន​ដែល​បាន​បោះទីតាំង​នៅ​តំបន់​នោះ។

ព្រះតេជគុណ ប៊ុ​ន សា​លួត មាន​សង្ឃដីកា​ថា៖ «រហូតដល់​អស់​ព្រៃឈើ អាត្មា​នៅតែ​សង្ឃឹមថា ដី​នោះ​មិន​បាត់​ដូច​ឈើ អាត្មា​នឹង​ព្យាយាម​និយាយ​រឿង​នេះ។ ប្រសិនបើ​អាត្មា​បាន​ជួប​សម្តេច ហ៊ុន សែន អាត្មា​នឹង​និយាយ​រឿង​មួយ​ប្រាប់​សម្តេច ពាក់ព័ន្ធ​កន្លែង​ដែល​ទាហាន​ធ្វើ​លើ​ដី​សហគមន៍។ អាត្មា​នឹង​សំណូមពរ​ទៅ​សម្តេចឱ្យធ្វើ​អនុប្រយោគ​កាត់​ដី​ឱ្យ​ទាហាន​គ្រប់គ្រង​ឱ្យ​ច្បាស់ និង​កាត់​ឱ្យ​សហគមន៍​គ្រប់គ្រង​ឱ្យ​ច្បាស់»។

ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ លោក សា ថ្លៃ ឱ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​អណ្តូង​បរ មានផ្ទៃ​ដី​ជាង៦ពាន់​ហិ​កតា និង​សហគមន៍​ព្រៃឈើ​អណ្តូង​បេង មានផ្ទៃ​ដី​ជាង១៨០០ហិ​កតា ដោយ​សហគមន៍​ទាំងពីរ​នេះត្រូវ​បាន​ចងក្រង​បង្កើត​ជា​តំបន់​ការពារ​តាំងពី​ឆ្នាំ២០០៤។

លោក​បន្ត​ថា បច្ចុប្បន្ន ក្នុង​សហគមន៍​ទាំងពីរ​នោះពុំ​មាន​ព្រៃឈើ​ទៀត​ទេ គឺ​មានតែ​ដំ​ណាំ​ផ្សេង​ៗរបស់​ក្រុមទាហាន និង​ពលរដ្ឋ​មួយចំនួន។

លោក​បាន​គូសបញ្ជាក់​ថា៖ «សហគមន៍​ទាំងពីរ ឥលូវ​វា​អស់ទាំង​ស្រុង​ហើយ​ព្រៃឈើ​នោះ។ វា​មានតែ​ដំណាំ​ដំឡូង​មី​[របស់]ទាហាន​ទេ ប៉ុន្តែ​ខាង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ គេ​មិនទាន់​លុបចោល​សហគមន៍​នោះ​ពី​បញ្ជី​ទេ។ ក្រសួង​គេ​នៅ​ដាក់​ស្ថិត​ក្រោម​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​នៅឡើយ»។

នាយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ លោក អ៊ឹម សៅរិ​ទ្ធ ទទួលស្គាល់​ថា សហគមន៍​ព្រៃឈើ​ទាំងពីរ​នោះ ពិតជា​បាន​បាត់បង់​មែន។ លោក​ថា តំបន់​នោះត្រូវ​បាន​រដ្ឋាភិបាល​បោះទីតាំង​មូលដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ដែល​រដ្ឋបាល​ព្រៃឈើនិង​ប្រជា​សហគមន៍មិន​អាច​ចូល​ទៅ​ល្បាត​បាន​ឡើយ។

លោក​បន្ថែម​ថា៖ «សហគមន៍​នោះ កន្លងមក ត្រូវ​បាន​បោះទីតាំង​សម្រាប់​ដាក់​កងទ័ព​ការពារ​ព្រំដែន។ អ៊ីចឹង​តំបន់​ដែល​មាន​កងទ័ព យើង​មិន​អាច​ចេញចូល​បានទេ»។

វី​អូ​ឌី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ក្រុមទាហាន​ទាំងនោះ​បានទេនៅ​ថ្ងៃពុធ​នេះ។

បើ​តាម​ព្រះ​តេជគុណ ប៊ុ​ន សា​លួត និង​តំណាង​សហគមន៍ក្នុង​ខេត្ត​ឧត្តរ​មានជ័យ មាន​សហគមន៍​ព្រៃឈើ​ចំនួន១៤ ក្នុង​នោះ​មាន​សហគមន៍​ព្រៃឈើ​«សង្ឃ​រុក្ខ​វ័ន្ត​»មួយ​ប៉ុណ្ណោះ ដែល​នៅសល់​ព្រៃឈើនិង​សត្វព្រៃ​ច្រើនជាង​គេ។

កាលពី​ខែឧសភាឆ្នាំមុន ក្រសួងបរិស្ថានបាន​ចេញ​សេចក្តី​ជូនដំណឹង​មួយប្រាប់​ទៅ​ពលរដ្ឋ​កុំឱ្យ​ចូល​ទន្រ្ទាន​យក​ដី​ព្រៃ​សហគមន៍និង​ដី​ក្នុង​តំបន់ការពារធម្មជាតិ មកធ្វើជា​កម្មសិទ្ធិដោយ​យកលេស​ថា ខ្វះ​ដី​អាស្រ័យផលនិង​បង្កបង្កើនផល​តទៅទៀត។

ក្រសួងក៏បាន​ទាមទារ​ទៅ​ពលរដ្ឋ​មួយចំនួន​ដែល​បាន​ទន្រ្ទាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ពេល​កន្លងមក ត្រូវ​ប្រគល់​ដី​នោះ​ឱ្យ​ក្រសួង​វិញ​ដោយស្ម័គ្រចិត្តនិង​ឥត​លក្ខខណ្ឌ ហើយ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​មិនព្រម​ឱ្យ​រដ្ឋ​វិញ​ផង​ដែរ។

ក្នុង​សេចក្តី​ជូនដំណឹង​ដដែល​នេះ ក្រសួងបរិស្ថានបាន​បញ្ជា​ទៅ​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ដែល​ប្រចាំការ​តាម​តំបន់​ការពារ​នី​មួយ​ៗ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​លិខិត​បទដ្ឋាន​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ អំពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ហើយ​ត្រូវ​ចុះ​ទប់ស្កាត់និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​ឱ្យ​ខាន​តែ​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ