មន្ត្រី​​ថា​ ទឹក​ជន់​​លិច​​ខ្លាំង​​នៅ​​ខេត្ត​២​ដោយ​សារ​​ទឹក​ហូរ​​មក​​ពី​​ថៃ​​និង​​ឡាវ​ ខណៈ​​តំបន់​​ផ្សេង​ទៀត​​ស្រក​​ខ្លះ​​ហើយ​

ស្ថានភាពទឹកជំនន់​ក្រោយពីទឹកហូរ​មក​ពី​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ធ្វើ​ឱ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង​និង​ហូរ​បុក​លើ​កំណាត់ផ្លូវ​ក្បែរ​រង្វង់​មូល​ប៉ោយប៉ែត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

​ក្រុម​មន្ត្រីបានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ជំនន់​ទឹកភ្លៀង​នៅ​តាម​បណ្តា​រាជធានី​-ខេត្ត​មួយចំនួន​បាន​ស្រ​កបណ្តើរ​ៗហើយ ប៉ុន្តែ​ទឹក​នៅ​បន្ត​ជន់​លិច​ខ្លាំង​នៅ​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយមានជ័យនិង​ស្ទឹងត្រែង ដោយសារ​ទឹកហូរមក​ពី​ប្រទេស​ថៃនិង​ឡាវ។

អ្នកនាំពាក្យ​ក្រសួងធនធានទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍​ថា ទឹកជំនន់​ដែល​ធ្លាក់​ពី​ប្រទេស​ថៃ​ដែល​កំពុង​ជន់​លិច​ខ្លាំង​នៅ​ក្រុង​ប៉ោយប៉ែត និង​បន្ត​ធ្លាក់​ទៅ​ជន់​លិច​នៅ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ។

អ្នកនាំពាក្យ​រូប​នេះបន្ត​ថា ចំណែក​ប្រទេស​ឡាវក៏បាន​បើក​ទំនប់​មួយ​ផង​ដែរ ដែល​បណ្តាល​ឱ្យ​ទឹកជន់​លិច​នៅ​តំបន់​សងខាង​នៃ​ដងទន្លេ​ស្រែ​ពក ក្នុង​ខេត្ត​ស្ទឹងត្រែងផង​ដែរ។ ប៉ុន្តែ​លោក​ថា សម្រាប់​រាជធានី​-ខេត្ត​ដែល​ធ្លាប់​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ បាន​ស្រក​ចុះ​ខ្លះ​ហើយ។

លោក​បន្ថែម​ថា៖ «ខេ​ត្ត​ផ្សេង​ៗទៀត​មិន​អី​ទេ បាន​ធូរស្រាល​ច្រើន​ហើយ។ សូម្បីតែ​ភ្នំពេញ​ក៏​ទឹកស្រក​ជាង១ម៉ែត្រ​ហើយ»។

អភិបាលក្រុង​ប៉ោយប៉ែត លោក គៀត ហ៊ុល ប្រាប់​វី​អូ​ឌី​ថា ស្ថានភាព​ទឹកជំនន់​ធ្លាក់​ពី​ប្រទេស​ថៃ បាន​កំពុង​បង្ក​ឱ្យ​មានការ​ជន់​លិច​ខ្លាំង​នៅក្នុង​ក្រុង​ប៉ោយប៉ែតនិង​តំបន់​មួយចំនួន​ទៀត។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ជួយ​ជម្លៀស​ពលរដ្ឋ​ចេញពី​ភូមិ​ដែល​កំពុង​លិចទឹក​ទៅ​ទីទួល​សុវត្ថិភាព។

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រូវបានផ្លាស់មកពីទីទួលសុវត្ថិភាព ក្រោយពីទឹកហូរ​មក​ពី​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ធ្វើ​ឱ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង​និង​ហូរ​បុក​លើ​កំណាត់ផ្លូវ​ក្បែរ​រង្វង់​មូល​ប៉ោយប៉ែត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

លោក គៀត ហ៊ុល បញ្ជាក់​ថា កម្ពស់​ទឹកបាន​ហក់​ឡើង​ខ្ពស់​រហូត​ចង់​លិច​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ និង​ប៉ែក​ខាងត្បូង​ក្រុង​ប៉ោយប៉ែត​ស្ទើរ​លិច​ទាំងស្រុង។

លោក​បន្ថែម​ថា៖ «យើង​មិនទាន់​បញ្ជាក់ឬគ្រប់គ្រង​ចំនួន​ប្រជាពលរដ្ឋ​ដែល​ជួយសង្គ្រោះ​បាន​នៅឡើយ​ទេ។ ឥលូវ​កងទ័ព​និង​កម្លាំង​គ្រប់​ប្រភេទ​កំពុង​ដុតដៃដុតជើង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព»។

មន្ត្រី​លេខាធិការ​ដ្ឋាន​គ្រោះមហន្តរាយ​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ លោក ឈុន ប៊ុ​នថា អះអាង​ថា ទឹកដែល​កំពុង​ជន់​លិច​នៅ​ខេត្ត​នេះ ​មួយ​ផ្នែកជា​ជំនន់​ទឹកភ្លៀង និង​មួយផ្នែកទៀត​ហូរ​ធ្លាក់​ចេញពី​ទំនប់​មួយ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ហើយ​ហូរ​ចូល​មក​ប្រទេស​កម្ពុជាតាម​ច្រក​ប៉ោយប៉ែត ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​-ថៃ រង​ការ​ជន់​លិច។

អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដោយ​ទឹកជំនន់ ក្រោយ​ទឹកជំនន់​ហូរ​មក​ពី​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ធ្វើ​ឱ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង​និង​ហូរ​បុក​លើ​កំណាត់ផ្លូវ​ក្បែរ​រង្វង់​មូល​ប៉ោយប៉ែត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

លោក​បន្ត​ថា មុន​ទឹកធ្លាក់​ចូល​ដល់​កម្ពុជា គឺ​អាជ្ញាធរ​ថៃ​បាន​ជូនដំណឹង​មុន​ចំនួន៣ថ្ងៃ ហើយ​អាជ្ញាធរ​ខ្មែរ​បាន​ជូនដំណឹង​បន្ត​ទៅ​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​អ្នកភូមិ​មិនព្រម​ឡើង​មក​ទីទួល​សុវត្ថិភាព ដោយសារ​មើលឃើញ​ទឹកធ្លាក់​មក​តាម​ប្រឡាយ​នៅ​តិច​នៅឡើយ។

លោក​បន្ថែម​ថា៖ «អាជ្ញាធរ​យើង​នៅតែ​ព្រួយបារម្ភ ពីព្រោះ​កម្ពស់​ទឹក​នៅតែ​បន្ត​ឡើង ហើយ​វា​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព​ប្រជាជននិង​ការខូចខាត​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ»។

បើ​តាមលោក ឈុន ប៊ុ​នថា ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គ្រោះ​ទឹកជំនន់​បាន​សម្លាប់​ប្រជាជន​នៅ​ខេត្ត​បន្ទាយ​មាន​ចំ​នួន១៥នាក់ ក្នុង​នោះ​បាត់ខ្លួន​ម្នាក់។

ចំណែកអភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​ថា ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥ ០០០គ្រួសារក្នុង​ខណ្ឌដង្កោ ក្នុង​នោះ ពលរដ្ឋ​ប្រមាណ​ជាង៣ពាន់​គ្រួសារ ត្រូវ​បាន​ជម្លៀស​មកកាន់​កន្លែង​មាន​សុវត្ថិភាព។

អភិបាលរង​ខណ្ឌដង្កោ លោក ជ គឹ​មស៊ ប្រាប់​ថា ទឹកស្ទឹង​ព្រែកត្នោត​ស្រក​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​មួយចំនួនចូល​ទៅ​រស់នៅ​ក្នុង​លំនៅឋាន​ពួក​គាត់​វិញ​ហើយ ប៉ុន្តែ​លោក​ថា សង្កាត់​ខ្លះ​ក្នុង​ខណ្ឌ​នេះ នៅតែ​បន្ត​រង​ការ​លិចលង់​ខ្លាំង​នៅឡើយ។

លោក ជ គឹ​មស៊ ប្រាប់​វី​អូ​ឌី​ថា៖ «ទឹកស្រក​ខ្លាំង​មែនទែន ស្រក​ទឹកស្ទឹង​ខ្លាំង តែ​ទឹកដែល​ចូល​ទៅ​លិច​ផ្ទះ ស្រក​យឺត។ ទឹក​វា​ចូល​ទៅ​លិច​ផ្ទះ ចូល​បាន តែ​ចេញ​មកវិញ ស្រក​យឺត។ ស្ទឹង​ស្រក​មែន តែ​ទឹកភ្លៀង​ច្រាល​មក​ភាគ​ខាងលើ ហូរ​មក​ពី​ភាគ​ខាងលិច​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​កំបូល ធ្លាក់​មក​សង្កាត់​ព្រៃស សង្កាត់​ពងទឹក សង្កាត់​ព្រៃវែង [ខណ្ឌដង្កោ​] លិច​ខ្លាំង​មែនទែន ទឹក​ល្ហល្ហាច​ដូច​បឹង​អ៊ីចឹង»។

បើ​តាម​លោក ជ គឹ​មស៊ កំណាត់ផ្លូវ​លេខ២១៧ ចន្លោះ​ពី​ព្រែកជ្រៃ​ទៅ​រង្វង់​មូល​កួរស្រូវ មិនទាន់​អាច​ដំណើរការ​បាន​នៅឡើយ​ទេ ដោយ​ទឹក​កំពុង​ជន់​លិច។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ព្រឹក​ថ្ងៃទី១៩ ខែតុលា ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់១៩រាជធានី​-ខេត្ត និង​ប៉ះពាល់​ប្រជាជន៧៨ ០៥៦គ្រួសារ ស្មើ​ប្រមាណ​ជាង៣១ម៉ឺន​នាក់។

របាយការណ៍​ដដែលបញ្ជាក់​ថា ប្រជាជន៩ ៣៤៩គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​នៅ​ទូទាំង​ប្រទេសមាន​មនុស្ស​ស្លាប់​កើនឡើង​ដល់២៥នាក់ ផ្ទះ​ជាង៧ម៉ឺន៣ពាន់​ខ្នង បាន​រង​ផល​ប៉ះពាល់ និង​ខូចខាត៥៦ខ្នង។ ក្រៅពីនោះ សាលារៀន​ប្រមាណ៥៦៨កន្លែង ស្រូវ​ប្រមាណ​ជាង២១ម៉ឺន​ហិ​កតា និង​ដំណាំរួមផ្សំ​ជិត៨ម៉ឺន​ហិ​កតា ក៏​ត្រូវ​បាន​ទឹកជន់​លិច​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ