អាជ្ញាធរ​​ថា​ ទឹក​ស្ទឹង​​ព្រែក​ត្នោត​​ស្រក​​ចុះ​​ខ្លាំង​ តែ​​ទឹក​​លិច​​ផ្ទះ​​ពលរដ្ឋ​​នៅ​​ខណ្ឌ​ដង្កោ​​ស្រក​យឺត​​

លំនៅឋានពលរដ្ឋនៅខណ្ឌដង្កោ ក្រុងភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អាជ្ញាធរ​ខណ្ឌដង្កោ បាន​អះអាង​នៅ​ថ្ងៃនេះ​ថា ទឹកស្ទឹង​ព្រែកត្នោតបាន​ស្រក​ចុះ​ខ្លាំង ប៉ុន្តែកម្រិត​ទឹកភ្លៀង​ដែល​បាន​ហូរ​ជន់​លិច​ផ្ទះសម្បែង​ពលរដ្ឋ​នៅក្នុង​ខណ្ឌ​មួយ​នេះ បាន​ថមថយ​ក្នុង​កម្រិ​តយឺត​ៗ។

អភិបាលរង​ខណ្ឌដង្កោ លោក ជ គឹ​មស៊ ប្រាប់​ថា ទឹកស្ទឹង​ព្រែកត្នោត​ស្រក​ខ្លាំង ហើយ​ប្រជាពល​រដ្ឋ​មួយ​ចំ​នួន​នចូល​ទៅ​រស់នៅ​ក្នុង​លំនៅឋាន​ពួក​គាត់​វិញ​ហើយ ប៉ុន្តែលោក​ថា សង្កាត់​ខ្លះ​ក្នុង​ខណ្ឌ​នេះនៅតែ​បន្ត​រង​ការ​លិចលង់​ខ្លាំង​នៅឡើយ។

លោក ជ គឹ​មស៊ ប្រាប់​វី​អូ​ឌី​ថា៖ «ទឹកស្រក​ខ្លាំង​មែនទែន ស្រក​ទឹកស្ទឹង​ខ្លាំង តែ​ទឹកដែល​ចូល​ទៅ​លិច​ផ្ទះ ស្រក​យឺត។ ទឹក​វា​ចូល​ទៅ​លិច​ផ្ទះ ចូល​បាន តែ​ចេញ​មកវិញ ​ស្រក​យឺត។ ស្ទឹង​ស្រក​មែន តែ​ទឹកភ្លៀង​ច្រាល​មក​ភាគ​ខាងលើ ហូរ​មក​ពី​ភាគ​ខាងលិច​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​កំបូល ធ្លាក់​មក​សង្កាត់​ព្រៃស សង្កាត់​ពងទឹក សង្កាត់​ព្រៃវែង ​[ខណ្ឌដង្កោ​] លិច​ខ្លាំង​មែនទែន ទឹក​ល្ហល្ហាច​ដូច​បឹង​អ៊ីចឹង»។

បើ​តាម​លោក ជ គឹ​មស៊ កំណាត់ផ្លូវ​លេខ២១៧ ចន្លោះ​ពី​ព្រែកជ្រៃ​ទៅ​រង្វង់​មូល​កួរស្រូវ មិនទាន់​អាច​ដំណើរការ​បាន​នៅឡើយ​ទេ ដោយ​ទឹក​កំពុង​ជន់​លិច។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​ថា គិត​មកដល់​ថ្ងៃចន្ទ​ ទី១៩ ខែតុលា​នេះ មាន​ពលរដ្ឋ​ប្រមាណ៣០០គ្រួសារ កំពុង​រស់នៅ​ក្នុង​ទីតាំង​ដែល​រៀបចំឡើង​ដោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ។

លោក ឃួង ស្រេង ប្រាប់​ថា៖ «ទីតាំង​ទី១ ព្រែកជ្រៃ ​ប្រហែល៦៥គ្រួសារ និង​ទីតាំង​ទី២ ពិភព​ថ្មី​កួរស្រូវ២ ប្រហែល​ជាង២០០គ្រួសារ​ សរុប​ប្រហែល​ជាង៣០០គ្រួសារ​ហ្នឹង​! ខ្ញុំ​ហ៊ាន​ថា យើង​គ្រប់គ្រង​បាន​ល្អ​ណាស់​ ទាំង​ពេទ្យ ទាំង​បន្ទប់ទឹក កន្លែងដេក​ពួន​អីហ្នឹង»។

បើ​តាម​លោក ឃួង ស្រេង ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០០០គ្រួសារ​ក្នុង​ខណ្ឌដង្កោ ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ​ជាង៣ពាន់​គ្រួសារ ត្រូវ​បាន​ជម្លៀស​មកកាន់​កន្លែង​មាន​សុវត្ថិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ