កម្មករ​​ក្រុមហ៊ុន​​ស៊ីន​ទ្រី​​ចូល​​ធ្វើ​ការ​​វិញ​​នៅ​​ល្ងាច​​នេះ​ ក្រោយ​​ធ្វើ​កូដកម្ម​​ជិត​២​សប្តាហ៍​

ក្រុម​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ីន​ទ្រី ប្រមូលផ្ដុំ​គ្នា​ករណី​តវ៉ា​រឿង​ប្រាក់ឈ្នួល នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ក្រុម​កម្មករ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី សម្រេច​ចូល​ធ្វើការ​វិញ​នៅ​ល្ងាច​នេះ បន្ទាប់ពី​ក្រុមហ៊ុន​សន្យា​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​តាម​ការ​ទាមទារ។

កម្មករ​ជាង២ពាន់​នាក់​របស់​ក្រុមហ៊ុន​ ស៊ីន​ទ្រី បាន​នាំគ្នា​តវ៉ា​មិន​ចូល​ធ្វើការ​តាំងពី​ថ្ងៃទី២ ខែតុលា មកដល់​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ទូរ​ទាត់​ប្រាក់​អត្ថ​ប្រយោជន៍៥ចំណុច រួមមាន ប្រាក់​អតីតភាព​ការងារ ប្រាក់​ជំងឺចិត្ត ប្រាក់​ជួស​ឱ្យ​ការ​ជូនដំណឹង​មុន ប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់ខែ​ចុងក្រោយ។

ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ក្រុមហ៊ុន​ ស៊ីន​ទ្រី លោក កៅ សុ​វ៉ាត ប្រាប់​វី​អូ​ឌី​ថា នៅ​ថ្ងៃពុធ​នេះ តំណាង​កម្មករ​បាន​ជួប​ចរចា​រក​ដំណោះស្រាយជាមួយ​តំណាង​ក្រុមហ៊ុននិង​តំណាង​អាជ្ញាធរ។

លោកអះអាង​ថា ការ​ជួប​ចរចា​គ្នា​លើក​នេះ ខាង​ភាគី​ក្រុមហ៊ុន​បាន​សន្យា​ទូរ​ទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​តាម​ការ​ទាមទារ​នៅ​ខែកុម្ភៈ ឆ្នាំ២០២១ ហើយ​ក្រុម​កម្មករ​ឯកភាពនិង​សម្រេច​ចូល​ធ្វើការងារ​វិញ​នៅ​ល្ងាច​នេះ។

លោក​បន្ថែម​ថា៖ «លក្ខខណ្ឌ​កម្មករ​សម្រេច​ចូល​ធ្វើការងារ​វិញ គឺ​ក្រុមហ៊ុន​បាន​ព្រមព្រៀងផ្តល់​ជូន​កម្មករ​តាម​ការ​ទាមទារ៥ចំណុច​ហ្នឹង ក្រុមហ៊ុន​សន្យា​ផ្តល់​ឱ្យ​កម្មករ​នៅ​សប្តាហ៍​ទី២ខែកុម្ភៈ ហើយ​កម្មករ​ក៏​ឯកភាព​ត្រូវគ្នា​ហើយ»។

កម្មករ​ផ្នែក​បើកបរ​រថយន្ត​ដឹក​សំរាម លោក សែង សន និយាយ​ថា លោក​ពេញចិត្ត​ចំពោះ​ដំណោះស្រាយ​នេះ ហើយ​លោក​នឹង​ចូល​ធ្វើការងារ​វិញ ប្រសិនបើ​ការសន្យា​ទូរ​ទាត់​អត្ថ​ប្រយោជន៍​មានការ​បញ្ជាក់​ច្បាស់លាស់និង​ដឹង​ឮ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

លោក​ថា៖ «ចំពោះ​ខ្ញុំ ប្រសិនជា​គេ​ទូរ​ទាត់​ឱ្យ៥ចំណុច​ហ្នឹង ហើយ​ច្បាស់លាស់​ថាបាន​ក្នុង​ខែ២ហ្នឹង គឺ​ខ្ញុំ​អូខេ​ហើយ តែ​សម្រាប់​បងប្អូន​យើង​គាត់​គិ​ចម៉េច​ជា​សិទ្ធិ​របស់​គាត់​ទេ»។

បើ​យោង​តាម​កំណត់ហេតុ ក្រោយ​ការ​ជួប​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​នៅ​ក្រុមហ៊ុន ​ស៊ីន​ទ្រី នៅ​ថ្ងៃទី១៤ ខែតុលា​នេះ បានឱ្យ​ដឹង​ថា ភាគី​ក្រុមហ៊ុនបាន​ឯកភាពនិង​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​កម្មករ​នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ហើយ​ដោះស្រាយ​ដោយ​បើកប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​ឱ្យ​ស្រប​ទៅតាមច្បាប់​ស្តី​ពី​ការងារ។

ក្នុង​កំណត់ហេតុ​នោះបញ្ជាក់​ថា ប្រាក់ដំណាច់និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗដែល​បាន​ពេល​បញ្ចប់​កិច្ចសន្យា​ការងារ​នោះ ​នឹង​បើក​ជូន​កម្មករ​យ៉ាង​យូរ​នៅ​សប្តាហ៍​ទី២ ខែកុម្ភៈ ​ឆ្នាំ២០២១ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នកធានា​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ទូរ​ទាត់​នោះ ដោយ​កាត់​យក​ពី​កញ្ចប់​ប្រាក់សំណង សម្រាប់​រំលត់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ ស៊ីន​ទ្រី។

កំណត់ហេតុ​ដដែលបន្ថែម​ទៀត​ថា ក្រុមហ៊ុន​មិន​កាត់​ប្រាក់ឈ្នួល​កម្មករ​អំឡុង​ពេល​ធ្វើកូដកម្ម ចាប់ពី​ថ្ងៃទី២ ដល់​ថ្ងៃទី៧ ខែតុលា​ទេ ប៉ុន្តែ​លើកលែង​ថ្ងៃអាទិត្យ គឺ​ក្រុមហ៊ុន​មិន​ទូរ​ទាត់​ឱ្យ​ឡើយ។ ដោយឡែក ការ​ធ្វើកូដកម្ម​ចាប់ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១៤ ខែតុលា​នេះ ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់ឈ្នួល​ជូន​ឡើយ ដោយសារ​កម្មករ​ធ្វើកូដកម្ម​ខុសច្បាប់។

ពាក់ព័ន្ធ​កម្មករ​ប្រមូល​សំរាម​ធ្វើកូដកម្ម​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក៏បាន​ចេញដីកា​បង្គាប់​ឱ្យ​ក្រុម​កម្មករ​ទាំងអស់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ ស៊ីន​ទ្រី បញ្ឈប់​ការ​ធ្វើកូដកម្មនិង​ត្រូវ​ចូល​បំពេញការងារ​វិញ ដោយ​ចាត់ទុកថា កម្មករ​ប្រមូល​សំរាម​ទាំងនោះ​ធ្វើកូដកម្ម​ខុស​នីតិវិធី​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ