កូដកម្ម​​របស់​​ក្រុម​​កម្មករ​​ប្រមូល​​សំរាម​​នៅ​​រាជ​ធានី​​ភ្នំពេញ​​ឈាន​​ទៅ​ដល់​​ការ​ព្រមាន​​មេ​ដឹក​នាំ​​សហជីព​​មួយ​​រូប​

កម្មករ​និយោជិតធ្វើការ​ផ្នែក​សម្អាត​ប្រមូល​សំរាម​ប្រចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​និង​កំពុង​បន្ត​ទាម​ទាមទារ​នូវ​អត្ថ​ប្រយោជន៍ សំណង​បញ្ចប់​កិច្ចសន្យា​និង​បញ្ឈប់​ពី​ការងារ ថ្ងៃ​ចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ (សង់ត្រាល់)

​មេដឹកនាំ​សហជីព​មួយ​រូប​បាន​រង​ការព្រមាន​ពី​រដ្ឋាភិបាល បន្ទាប់ពី​ក្រុម​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បន្ត​ធ្វើកូដកម្ម​រយៈពេល​ជិត​មួយ​សប្ដាហ៍​កន្លងមក​នេះ ដែល​បណ្ដាលឱ្យសំរាម​រាប់​ម៉ឺន​តោន​កកស្ទះ​គរ​នៅ​តាម​គេហដ្ឋាននិង​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​កម្មករ​ជិត២ពាន់​នាក់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី បាន​ផ្ទុះ​ការ​តវ៉ា​តាំងពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន​ហូត​មក​ដល់​ថ្ងៃ​ព្រ​ហស​្បតិ៍នេះ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ទូទាត់​អត្ថ​ប្រយោជន៍​៥​ចំណុច​​មាន​ប្រាក់​អតីតភាព​ការងារ ប្រាក់​ជំងឺចិត្ត ប្រាក់​ជួស​ឱ្យការ​ជូនដំណឹង​មុន ប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់ខែ​ខុង​ក្រោយ បន្ទាប់ពី​ការគ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ កំពុង​ឈាន​ទៅ​រក​ការបែងចែក​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ថ្មី​ចំនួន២ទៀត។

ក្នុង​លិខិត​ព្រមាន​ចេញ​នៅ​ថ្ងៃនេះ ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចោទ​ថា ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល បាន​ដឹកនាំ​កម្មករ​ប្រមូល​សំរាម​ធ្វើកូដកម្ម​ខុសច្បាប់ ធ្វើសកម្មភាព​ផ្ទុយពី​លក្ខន្តិកៈ​របស់​សហជីព និង​ដឹកនាំ​កម្មករ​ធ្វើស​កម្ម​ភាព​ខុ​សច្បាប់​ផ្សេង​ៗទៀត។

ក្រសួងការងារ បាន​ព្រមាន​រំ​លោ​យសហ​ជីព​នេះ​ចោលនិង​ចាត់​វិ​ធាន​ផ្សេង​ៗទៀត​តាមច្បាប់ ប្រសិនបើ​លោក ទូច កុសល ពុំ​មានការ​កែប្រែនិង​ផ្គើន​ចំពោះ​ការព្រមាន​នេះ។

ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ មេដឹកនាំ​សហជីព​រូប​នេះ បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការព្រមាន​ពី​ក្រសួងការងារ ហើយ​ចាត់ទុក​ការចោទប្រកាន់​លើ​រូបលោក​ថា «គ្មាន​មូលដ្ឋាន ឬការស្រាវជ្រាវ និង​ភស្តុតាង​ច្បាស់លាស់»

លោក ទូច កុសល ប្រាប់​ថា៖ «ខ្ញុំ​ចង់​ប្រាប់​ទៅ​ក្រសួងការងារ​ផង​ដែរ​ថា មុននឹង​ចេញ​លិខិត​អី គួរតែ​ស្រាវជ្រាវ​ឱ្យគ្រប់ជ្រុងជ្រោយ និ​ងរ​កភស្តុតាង​ឱ្យច្បាស់លាស់​មុន​ចោទ​ខ្ញុំ ហើយ​ដល់ពេល​អត់មាន​អី​ផង មក​ចោទ​ខ្ញុំ​ស្មាន​ៗព្រាវ​ៗអ៊ីចឹង គឺ​ខ្ញុំ​ពិបាក​ទទួលយក​ណាស់។ បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ អត់​ខឹង​ទេ»។

អគ្គលេខាធិការ​នៃ​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី លោក ម៉ី ផាន ប្រាប់​វី​អូ​ឌី​ថា ក្រុម​កម្មករ​សម្រេច​បន្ត​ការ​តវ៉ា​នៅ​ថ្ងៃនេះ​ទៀត គឺ​ដោយសារ​ពួក​គេ​ចង់​ឱ្យថៅកែ​ទូទាត់​អត្ថ​ប្រយោជន៍​ទាំងអស់​ជូន​កម្មករ មុន​ការបែងចែក​ពួក​គេ​ទៅ​បម្រើការ​ងារ​នៅ​ក្រុម​ថ្មី។

លោក​បន្ត​ថា ក្រុម​កម្មករ​បារម្ភ​ខ្លាច​បាត់បង់​អត្ថ​ប្រយោជន៍ ក្រោយពេល​ពួក​គេ​ត្រូវ​បាន​បែងចែក​ទៅ​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​ថ្មី។

លោក ម៉ី ផាន ប្រាប់​ថា៖ «អ្វី​ដែល​ពួក​គាត់​ទទួល​បាន​សព្វថ្ងៃ​ហ្នឹង [ប្រាក់ខែ​] ពួក​គាត់​ប្រឹង​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​ ហាលថ្ងៃ​ហាលភ្លៀង គាត់​មានការ​លំបាក ហើយ​ប្រាក់ខែ​តិចតួច។ អ៊ីចឹង បើ​ខាង​សាលាក្រុង​រើស​កម្មករ​ជំនួស​គាត់ ហើយ​គេ​លែង​ទទួល​គាត់ គាត់​ថា គាត់​នឹង​ទៅ​រក​ការងារ​ថ្មី​ធ្វើ​ទៀត ប៉ុន្តែគាត់​សុំ​ឱ្យ​ទូទាត់​អត្ថ​ប្រយោជន៍​តាមច្បាប់​ការងារ​ជូន​ពួក​គាត់»។

អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​ទៅ​ក្រុម​កម្មករ​កាលពី​ម្សិលមិញ​ថា រាជធានី​ភ្នំពេញ​បាន​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន៣ សម្រាប់​ធ្វើសកម្មភាព​ប្រមូល​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​ខាងមុខ និង​ត្រូវ​បែងចែក​កម្លាំង​កម្មករ​ឱ្យទៅ​បម្រើការ​ងារ​តាម​ក្រុមហ៊ុន​នី​មួយ​ៗនោះ។

អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ អះអាង​ថា ពេល​ដែល​កម្មករ​បែងចែក​ទៅ​បម្រើការ​ងារ​តាម​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​នោះ អត្ថ​ប្រយោជន៍​របស់​ពួក​គេ​រក្សា​នៅ​ដដែល។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាន់​លិខិត​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ពី​ការធានា​នូវ​អត្ថ​ប្រយោជន៍​របស់​អ្នក​ប្រមូល​សំរាម​ដែល​នឹង​មិន​បាត់បង់​នៅពេល​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ នៅ​ឯយានដ្ឋាន​ដឹកទំនិញ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ក្នុង​ខណ្ឌដូនពេញ នា​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

លោក ឃួង ស្រេង ប្រាប់​ថា៖ «សូម​បញ្ជាក់​ខ្លី​ជូន​បងប្អូន​ថា អត្ថ​ប្រយោជន៍​ទាំងឡាយ​ទាំងពួង​របស់​បងប្អូន ត្រូវ​រក្សាទុកនិង​ផ្តល់​ជូន​បងប្អូន​ទៅតាម​ផ្លូវច្បាប់ដែល​បាន​កំណត់​ដោយ​ក្រសួងការងារ»។

កាលពី​ថ្ងៃទី២២ ខែតុលា​ឆ្នាំមុន លោក ហ៊ុន សែន បាន​ប្រកាស​ដកសិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ផ្ទេរ​មក​ឱ្យសាលា​រាជធានី​ភ្នំពេញ​គ្រប់គ្រង​ជា​បណ្ដោះអាសន្ន ដោយ​អះអាង​ថា ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ពី​ការ​សម្អាត​ទីក្រុង។ លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋ​ត្រូវ​គ្រប់គ្រង​ទាំង​សម្ភារនិង​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ