ពលរដ្ឋ​​ខេត្ត​​កំពង់​ឆ្នាំង​២​នាក់​​ត្រូវ​​តុលាការ​​ចោទ​ប្រកាន់​​ក្រោយ​​សមត្ថ​កិច្ច​​ខេត្ត​ពោធិ៍សាត់​​ចាប់​ខ្លួន​​

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខេត្តចុះសម្របសម្រួលទប់ស្កាត់ការជួបជុំគ្នាតវ៉ាពីសំណាក់ពលរដ្ឋ ករណីសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួនប្រជាពលរដ្ឋឈ្មោះ ពុំ ចិត្រា រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លី នៅឃុំអន្សារចំបក់ ស្រុកក្រគរ។ (អាជ្ញាធរខេត្តពោធិ៍សាត់)

មន្ត្រី​តុលាការខេត្ត​ពោធិ៍សាត់ អះអាង​ថា ពលរដ្ឋ២នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ជម្លោះដីធ្លី​នៅ​ស្រុក​ក្រគរ ត្រូវ​បាន​​តុលាការចោទ​ប្រកាន់​​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

លោក សឹង សា​រិត ហៅ តេវ អាយុ៦០ឆ្នាំ ​រស់នៅ​ភូមិ​សន្លង់ និង​លោក ពឹម ចិ​ត្រា រស់នៅ​ភូមិ​ក្បាលដំរី ដែល​ភូមិ​ទាំងពីរ​ស្ថិតនៅ​ក្នុង​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ជាបន្តបន្ទាប់​កាលពី​ថ្ងៃអង្គារនិង​ថ្ងៃពុធ​ក្នុង​សប្ដាហ៍​នេះ។

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តពោធិ៍សាត់ លោក កូយ កាន់​យ៉ា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ពលរដ្ឋ​ទាំង២នាក់​នេះត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ ដោយ​ថា បាន​កៀរគរ​អ្នកភូមិ​ផ្សេងទៀត​ឱ្យ​រំលោភ​យក​ដី​របស់​រដ្ឋ។

លោក កូយ កាន់​យ៉ា ប្រាប់​ថា៖ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និយាយទៅ​គាត់​កៀរគរ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ប្រព្រឹត្ត​បទល្មើស ទៅ​យក​ដី»។

អភិបាលរងខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ ដែល​ទទួលបន្ទុក​ដីធ្លី ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​ថា សមត្ថកិច្ច​ចាប់​ពលរដ្ឋ​ទាំង២នាក់​នោះ ហើយ​កំពុង​ត្រៀម​ចាប់ខ្លួន​ពលរដ្ឋ​ផ្សេងទៀត បន្ទាប់ពី​ពួក​គេ​បាន​ចូល​ទៅ​រុករាន​ដី​ព្រៃ​ច្រើនលើស​លុប​ពេក​ក្នុង​ខេត្តពោធិ៍សាត់ និង​បាន​ដឹកនាំ​ពលរដ្ឋ​ត្រៀម​តវ៉ា​បិទផ្លូវ​ជាតិ​លេខ៥ថែមទៀត។

អភិបាលរងខេត្ត​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​ខេត្តពោធិ៍សាត់​រឹបអូស​យក​ដី​ពលរដ្ឋ​កំពង់ឆ្នាំង​ចំពោះតែ​ពលរដ្ឋ​ណា​រុញ​ដី​ថ្មីនិង​ច្រើន​ហិ​កតា ហើយ​មិនបាន​រស់នៅ​អចិន្ត្រៃយ៍​ប៉ុណ្ណោះ។

លោក ចេង ឡៃ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ដក​ដី​ពី​ពលរដ្ឋ​កំពង់ឆ្នាំងនិង​ដី​ក្រុមហ៊ុន​ ភា​ពី​ម៉ិច ទំហំ​ជាង៥ពាន់​ហិ​កតា ដើម្បី​ទុក​បែងចែក​ដី​សង្គមកិច្ច​ទៅ​ឱ្យ​ពលរដ្ឋ​ខេត្តពោធិ៍សាត់​នៅ​ឃុំ​អន្សាចំបក់​ ជាង៣ពាន់​គ្រួសារ ទៅតាម សជណ របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​កាលពី​ឆ្នាំ២០១០​។

អ្នកភូមិ​ម្នាក់ទៀត​អាយុ៤៩ឆ្នាំ បានឱ្យ​ដឹង​ថា លោក​មិន​ហ៊ាន​ចូល​ធ្វើ​កសិកម្ម​លើ​ដីធ្លីនិង​រស់នៅ​លើ​តំបន់​ដែល​អាជ្ញាធរ​ខេត្តពោធិ៍សាត់​ចាត់ទុកជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៀត​នោះ​ឡើយ បន្ទាប់ពី​លោក​ដឹង​ថា ឈ្មោះ​លោក​ក៏​ស្ថិតនៅ​ក្រោម​ការ​តាម​ចាប់ខ្លួន​ពី​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ផង​ដែរ​នោះ។

បុរស​ជា​អ្នកភូមិ​រូប​នេះ ដែល​បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញេ្ចញ​ឈ្មោះ​ដោយ​បារម្ភ​ខ្លាច​ការ​ចាប់ខ្លួន​រូបលោក​នោះ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋនិង​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឈប់​ធ្វើទុក្ខ​បុកម្នេញ​លើ​ពួក​គេ​បន្ត​ទៀត។

អ្នកភូមិ​លាក់​អត្តសញ្ញាណ​និយាយ​ថា៖ «ស្នើ​ទៅ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ព្រោះ​តំ​បន់​ខ្ញុំ​កាន់កាប់​យូរណាស់​ហើយ ហើយ​[សមត្ថកិច្ច​]តាម​ចាប់​ខ្ញុំ ហើយ​ខ្ញុំ​អត់​អាច​ទៅ​និយាយ​ជាមួយ​គាត់​[សមត្ថកិច្ច​]កើត គ្រាន់តែ​គេ​ឃើញ​ ចាប់​[ខ្លួនខ្ញុំ​]បាត់​ហើយ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​កាលពីដើម​ខែកក្កដា​នេះ ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​កាត់​ឆ្វៀល​ដី​រដ្ឋ​ជូន​ពលរដ្ឋដែល​បាន​រស់នៅនិង​អាស្រ័យផល​លើ​ដី​នោះ​អស់​រយៈពេល​យូរឆ្នាំមកហើយ ដោយ​លោក​កុំឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភ័យខ្លាច អត់ឃ្លាន និង​ធ្វើ​ចំណាកស្រុក។

នៅពេល​សួរ​ពី​ការអនុវត្ត​តាម​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ អភិបាលរងខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ អះអាង​ថា អាជ្ញាធរ​ខេត្ត​នេះ​កំពុងតែ​អនុវត្ត​តាម​ហើយ​នៅក្នុង​ករណីនេះ ហើយ​លោក​ថា អាជ្ញាធរ​ខេត្ត​នេះបាន​ចាត់វិធានការ​ទៅលើ​បុគ្គល​មួយចំនួនដែល​​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ។

លោក ចេង ឡៃ ប្រាប់​ថា៖ «មិនថាអ្នក​កំពង់ឆ្នាំង មិនថា​អ្នកស្រុក​ណា​ទេ ឱ្យ​តែ​រស់នៅ​អាស្រ័យផល​លើ​ដី​ពិតប្រាកដ មានផ្ទះ មាន​សម្បែង កាត់​ជូន​តាម​គោលនយោបាយ​ដែល​យើង​ធ្លាប់ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ខេត្តពោធិ៍សាត់ […] យើង​អនុវត្ត​តាម​គោលនយោបាយ​រដ្ឋាភិបាល​ហើយ តែ​មាន​ពលរដ្ឋ​ខ្លះ​ទន្រ្ទាន​យក​ថ្មី​ទៅ»។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត ដែល​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស មានប្រសាសន៍​ថា សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ប្រកបដោយ​តម្លាភាព យុត្តិធម៌ ជាជាង​ចាប់​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​នានា​កើតឡើង​នៅ​ថ្ងៃខាងមុខ។

លោក អំ សំអាត ប្រាប់​ថា៖ «កាលណា​ដែល​យើង​មិនបាន​គិត​អំពី​ឫសគល់​នៃ​បញ្ហា​ក្នុង​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ទេ ហើយ​យើង​អាច​ប្រើប្រាស់​តាម​ប្រព័ន្ធ​ផ្លូវច្បាប់ឬក៏​តុលាការ រឿង​ហ្នឹង​វា​មិន​ចប់​ទេ ហើយ​វា​អាច​នឹង​រីក​រាលដាល​បន្ត​ទៀត ​ដូចជា​ករណី​កន្លងមក​ដែល​យើង​ធ្លាប់​ឃើញ​អ៊ីចឹង វា​មិនមែន​ជា​បញ្ហា​ដំណោះស្រាយ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ