អាមេរិក​​គំរាម​កាត់​​ផ្តាច់​​ទំនាក់​ទំនង​​ជាមួយ​​ចិន​​ដោយ​សារ​​វិបត្តិ​​កូ​វីដ​១៩​​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីងពីង ក្នុងជំនួបមួយនៅទីក្រុង Osaka ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។ (Kevin Lamarque / Reuters)

ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ ព្រមាន​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ទាំងស្រុង ជុំវិញ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​ឆ្លង​រាតត្បាត​ពាសពេញ​សហរដ្ឋអាមេរិក និង​ពិភពលោក ដោយ​លោក​ចាត់ទុក​នេះ​ជា​កំហុស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក ដូ​ណាល់ ត្រាំ លើកឡើង​ក្នុង​កិ​ច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​ថ្ងៃម្សិលមិញ​ថា ចិន​បាន​ប្រព្រឹត្ត​កំហុស​ដែល​នាំ​ឱ្យ​មេរោគ​រីកសាយ​ភាយ​ទៅ​បំផ្លាញ​សេដ្ឋកិច្ច និង​សុខុ​មាល​ភាព​ពលរដ្ឋ​អាមេរិក និង​មនុស្សជាតិ​នៅ​ជុំវិញ​ពិភពលោក ហើយ​ថា អាមេរិក​អាច​ចាត់វិធានការ​ជាច្រើន ដើម្បី​ឱ្យ​ចិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​នេះ។

លោក ត្រាំ ប្រាប់​ទូរទស្សន៍ Fox Business ថា លោក​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​ថា ​អាមេរិក​អាច​ធ្វើ​អ្វី​ៗជាច្រើន ដូចជា ​អាច​កាត់​ផ្តាច់​ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​ប្រទេស​ចិន ហើយ​ថា ធ្វើបែប​នេះ​ អាមេរិក​នឹង​សន្សំ​លុយ​ពី​ការ​នាំ​ទំនិញ​មក​ពី​ចិន​បាន ៥០០ពាន់​លាន​ដុល្លារ។

តាម​ប្រភព​ដដែល លោក ត្រាំ បន្ថែម​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​នៅដើម​ឆ្នាំ២០២០ ប៉ុន្តែ វត្តមាន​របស់​មេរោគ​បាន​បំផ្លាញ​ដំណើរការ​នេះ ហើយ​លោក​លែង​ចង់​ជជែក​ជាមួយ​ភាគី​ចិន​ទៀត​ទេ។

នៅ​ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ មាន​ជាង ៥៥០ពាន់​លាន​ដុល្លារ ក្នុង​នោះ អាមេរិក​នាំ​ទំនិញ​ទៅ​ចិន ​មាន​ជាង ១០៦ពាន់​លាន​ដុល្លារ ឯចិន​នាំមក​អាមេរិក​វិញ​ មាន ៤៥២ពាន់​លាន​ដុល្លារ។ តួលេខ​នេះ បាន​ថយ​ចុះពី ៦៥៩ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០១៨។ 

ទាក់ទង​នឹង​ឱនភាព​ពាណិជ្ជកម្ម​នេះ លោក ត្រាំ តែង​ចាត់​វា​ជា​ការខាតបង់​របស់​អាមេរិក​ទៅលើ​ចិន ហើយ​ប្រកាស​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ចាប់តាំងពី​ឆ្នាំ២០១៨មក តាមរយៈ​ការ​ដាក់​សម្ពាធ​លើ​ពន្ធ​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន ហើយ​ចិន​ក៏​ចាត់វិធានការ​តបត​វិញ​ជាបន្តបន្ទាប់ ហើយ​ក្រោយមក ប្រទេស​ទាំងពីរ​បាន​ព្យាយាម​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយគ្នា។

ការព្រមាន​នេះ​ដែរ ធ្វើឡើង​ក្រោយ​អាមេរិក និង​ប្រទេស​លោកខាងលិច​ទាមទារ​ចិន​បើកផ្លូវ​ឱ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ឯករាជ្យ​ចុះ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ជំងឺរាតត្បាត​កូ​វីដ១៩ នៅ​ទីក្រុង​វូហាន ប៉ុន្តែ​ ត្រូវ​បាន​ចិន​បដិសេធ ដោយ​ឱ្យ​សហគមន៍​អន្តរជាតិ​រង់ចាំ​ដល់​ជំងឺ​នេះ​ផុតរលត់​ឥទ្ធិពល​សិន។ 

នាយករង​មជ្ឈមណ្ឌល​សិក្សា​ពី​អាមេរិក​នៃ​សាកល​វិទ្យា​ល័យ Fudan ប្រទេស​ចិន លោក Xin Qiang ប្រាប់​កាសែត​រដ្ឋ​ចិន GlobalTimes ថា ការព្រមាន​របស់លោក ត្រាំ គឺ​ធ្វើឡើង​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​អាមេរិក​ក្នុង​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា​ខាងមុខ។ 

លោក Xin បន្ថែម​ថា បើ​អាមេរិក​ហ៊ាន​ធ្វើ​ដូច្នេះ ចិន​នឹង​ប្រើ​កម្លាំង​វា​យស​ង្គ្រប់​យក​កោះ​តៃវ៉ាន់ ដើម្បី​កាន់កាប់​ដែន​កោះ​នេះ ដោយ​មិន​រអា​ឡើយ ព្រោះ​ក្រុង​ប៉េកាំង​ទុក​តៃវ៉ាន់​ជា​ដែនដី​ឯករាជ្យ​មួយ​រហូត​មក ក៏ដោយ​សារ​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក។

កាល​ពី​ម្សិល​ម្សិ​ញនេះ​ដែរ រដ្ឋលេខាធិការ​អាមេរិក លោក Mike Pompeo បាន​អំពាវនាវ​ឱ្យ​ចិន ឈប់​លួច​ទិន្នន័យ​ស្រាវជ្រាវ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ១៩របស់​អាមេរិក ហើយ​ឈប់​បំបិទមាត់​ក្រុម​អ្នក​វិទ្យាសាស្រ្ត អ្នកកាសែត ពលរដ្ឋ និង​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​ទៀត​ទៅ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ FBI របស់​អាមេរិក ចេញ​សេចក្តី​ព្រមាន​ពី​សកម្មភាព​ចារ​កម្ម​អ៊ី​នធឺ​ណិ​តរបស់​ចិន នៅ​ថ្ងៃទី១៣ ខែឧសភា មក​លើ​ការស្រាវជ្រាវ​របស់​អាមេរិក​លើ​ប្រភព​ដើម​របស់​មេរោគ​ដ៏​ចម្រូង​ចម្រាស។ 

ក្នុង​សេចក្តី​ថ្លែង​ការណ៍​លើ​គេហទំព័រ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋ Georgia នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍ លោក Mike លើកឡើង​ថា ការ​លាក់បាំង​ការពិត​របស់​ចិន បាន​បង្ក​ឱ្យ​វិបត្តិ​សុខភាព​សកល​កាន់តែ​អាក្រក់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​ថា ​រដ្ឋាភិបាល​ចិន​ទៅវិញ​ទេ ដែល​គួរ​បារម្ភ​ពី​ការ​លួច​យក​ទិន្នន័យ​ពី​អាមេរិក ខណៈ​ខ្លួន​ឈានមុខ​គេ​លើ​ការស្រាវជ្រាវ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មីនេះ។ 

ក្នុង​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​នៅ​ថ្ងៃនេះ លោក Zhao បន្ថែម​ថា៖ «អាមេរិក​គួរតែ​ផ្តោត​លើ​ការសង្គ្រោះ​ជីវិត​មនុស្ស និង​សហការ​ជាមួយ​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង ជាជាង​គួរ​បង្វែរ​ការចាប់អារម្មណ៍ និង​គេច​ចេញពី​ការទទួលខុសត្រូវ ហើយ​ទម្លាក់កំហុស​លើ​អ្នកដទៃ​ឥត​ឈប់ឈរ​នោះ​ទេ។»

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​បាន​ចេញ​បេសកកម្ម​នៅ​តាម​ដែន​សមុទ្រ​ផ្សេង​ៗ ដើម្បី​ដាក់​សម្ពាធ​យោធា​លើ​ចិន ខណៈ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំងពីរ​កាន់តែ​កើនឡើង ជុំវិញ​វិបត្តិ​ជំងឺរាតត្បាត​សកល។

អាមេរិក​បាន​ក្លាយជា​ប្រទេស​រងគ្រោះ​ពី​ជំងឺ​កូ​វីដ១៩ ដែល​ចាប់​ផ្ទុះ​ការ​ចម្លង​លើកដំបូង​បង្អស់​នៅ​ចុងឆ្នាំ២០១៩ ចេញពី​ក្រុង​វូហាន ប្រទេស​ចិន ដោយ​គិត​ត្រឹម​ថ្ងៃសុក្រ​នេះ មេរោគ​នេះ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​ជាង ៨ម៉ឺន​នាក់ និង​ជាង ១លាន​នាក់​ទៀត​កំពុង​ផ្ទុកជំងឺ។ 

អ្នកជំនាញ​មួយចំនួន​បាន​ក្រើន​រំឭក​ថា ភាព​តានតឹង​នេះ គឺជា​សញ្ញាណ​ចាប់ផ្តើម​នៃ​សង្គ្រាម​ត្រជាក់​ថ្មី ដែល​អាច​បង្ក​ការ​ផ្ទុះ​សង្គ្រាម​អាវុធ​គ្រប់ពេល ប្រសិនបើ​គ្រប់គ្នា​គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ប្រញាប់​រក​ដំណោះស្រាយ​ដោយសន្តិវិធី​ឱ្យ​បាន​ឆាប់រហ័ស​ទេ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ