អ្នក​ជំនាញ​​ព្រមាន​​ពី​​សង្គ្រាម​​ត្រជាក់​​កើត​ឡើង​​ជា​ថ្មី​​រវាង​​អាមេរិក​ និង​​ចិន​ ដោយ​សារ​​មេរោគ​​កូ​វីដ​១៩​​

ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីងពីង។ (វេបសាយបរទេស)

អតីត​ជំនាញការ​ពាណិជ្ជកម្ម​របស់លោក ដូ​ណាល់ ត្រាំ លើកឡើង​ថា ភាព​តានតឹង​រវាង​អាមេរិក និង​ចិន លើ​បញ្ហា​វិបត្តិ​ជំងឺឆ្លង​កូ​វីដ១៩ កំពុង​រុញ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ក្លាយទៅជា​សង្គ្រាម​ត្រជាក់​ថ្មី​មួយ ហើយ​វា​នឹង​កាន់តែ​អាក្រក់​នៅពេល​ខាងមុខ។

ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ បាន​បន្ត​ស្តី​បន្ទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ចំពោះ​ជំងឺរាតត្បាត​សកល​ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាង ៧ម៉ឺន​នាក់ និង​ឆ្លង​ដល់​មនុស្ស​ជាង ១លាន ២សែន​នាក់ ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អាណត្តិ​ថ្មី​នឹង​ចូល​មកដល់​នៅ​ខែវិច្ឆិកា។ 

អតីត​ជំនួយការ​លើ​កិច្ចការ​ចរចា​ពាណិជ្ជកម្ម​នៅ​សេតវិមាន លោក Clete Willems មើលឃើញ​ថា ស្ថានភាព​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង២ ដែល​កំពុងតែ​ជួប​បញ្ហា​កាន់តែ​ខ្លាំង​ឡើង​ៗនេះ គឺជា​សញ្ញាណ​នៃ​ការ​ចាប់ផ្តើម​សង្គ្រាម​ត្រជាក់​ថ្មី​មួយ។

តាម​ប្រភព​ពី​កាសែត Express របស់​អង់គ្លេស​នៅ​ថ្ងៃម្សិលមិញ លោក Willems ព្រមាន​ថា ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នៅចំពោះមុខ​វិបត្តិ​ជំងឺរាតត្បាត​សកល រវាង​រដ្ឋបាល​លោក ត្រាំ និង​រដ្ឋបាល​បក្ស​កុម្មុយ​នី​ស្តចិន​នេះ នឹង​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ថែមទៀត​នៅ​រយៈពេល​ប៉ុន្មាន​ខែ និង​ប៉ុន្មាន​ឆ្នាំទៅ​មុខ។

តាម​ប្រភព​ដដែល លោក​ប្រាប់​ទូរទស្សន៍ CNBC បន្ថែម​ថា ការចោទប្រកាន់​ថា ​ចិន​បាន​ធ្វើ​ឱ្យ​រីកសាយ​ភាយ​មេរោគ​ទៅ​អាមេរិក និង​អឺរ៉ុប គឺជា​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ត្រជាក់​ថ្មី ដែល​លោក​ថា​“បើ​យើង​មិន​ប្រុង​ប្រយ័ត្ន រឿងរ៉ាវ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ៗ”

រដ្ឋលេខាធិការ​អាមេរិក លោក Mike Pompeo បាន​ថ្លែង​នៅ​ថ្ងៃអាទិត្យ​ថា អាមេរិក​មាន​ភស្តុតាង​សំខាន់​មួយចំនួន បង្ហាញថា មេរោគ​ចេញពី​មន្ទីរ​ពិសោធ​របស់​ចិន តែ​យ៉ាងណា ​លោក​មិនបាន​ជំទាស់​ការ​សន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ដែល​ថា មេរោគ​មិនមែន​បង្កើត​ឡើង​ដោយ​មនុស្ស។

នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃម្សិលមិញ លោក ដូណាល់ ត្រាំ ក៏បាន​ស្តី​បន្ទោស​ចិន​ដែល​បាន​បណ្តោយ​ឱ្យ​ពលរដ្ឋ​ខ្លួន​នាំ​យក​មេរោគ​ទៅ​ចម្លង​នៅ​អឺរ៉ុប ពិសេស​អ៊ីតាលី ដែល​នាំ​ឱ្យ​អ៊ីតាលី​រង​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់។

ក្នុង​កិ​ច្ច​សម្ភាសន៍​នោះ លោក ត្រាំ មិនបាន​បកស្រាយ​ចំពោះ​ការ​អះអាង​របស់​លោ​កថ្មី​ៗនេះពី​ភស្តុតាង​បញ្ជាក់​ថា ​មេរោគ​ពិតជា​ចេញពី​មន្ទីរ​ពិសោធ​វូហាននោះ​ទេ ប៉ុន្តែ លោក​ថា៖

«នៅពេល​វេលា​សមរម្យ​មួយ យើង​នឹង​ពន្យល់។ យើង​នឹង​ផ្តល់​ឱ្យ​របាយការណ៍​រឹងមាំ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ ហើយ​ខ្ញុំ​គិតថា វា​នឹង​ត្រូវ​ក្លាយជា​ការ​សន្និដ្ឋាន​យ៉ាង​ច្បាស់លាស់​មួយ»។

កាលពី​ថ្ងៃទី១៩ ខែមេសា លោក ដូ​ណាល់ ត្រាំ បាន​ព្រមាន​ថា ចិន​នឹង​ប្រឈម​ផល​វិ​បា​កផ្សេង​ៗចំពោះមុខ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ប្រសិនបើ​អាមេរិករក​ឃើញថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពិតជា​បាន​ប្រព្រឹត្ត​កំហុស​ណាមួយ​ដែល​បណ្តាល​ឱ្យ​មានការ​រីកសាយ​ភាយ​មេរោគ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang លើកឡើង​ថា ការចោទប្រកាន់​កន្លងមក ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ក្រោម​ហេតុផល​នយោបាយ ហើយ​ថា មន្ទីរ​ពិសោធ​វូហាន​គ្មាន​សមត្ថភាព​បង្កើត​មេរោគ ឬបាន​ប្រព្រឹត្ត​កំហុស​នាំ​ឱ្យ​មេរោគ​សាយភាយ​ចេញក្រៅ​នោះ​ទេ ដោយ​បញ្ជាក់​ថា​ «មន្ទីរ​ពិសោធ​អនុវត្តវិធីការ​ពារ​ជីវ​សុវត្ថិភាព​យ៉ាង​តឹង​រ៉ឹង»

នៅក្នុង​សន្និសីទ​កាសែត​កាលពី​ចុងខែ​មេសា លោក Geng ថ្លែង​ថា៖ «យើង​ជំរុញ​ឱ្យ​អ្នកនយោបាយ​អាមេរិក​ ឈប់​រុញ​បញ្ហា​មក​ដាក់​ប្រទេស​ចិន ហើយ​បង្វែរ​ការ​យកចិត្ត​ទុកដាក់​លើ​សហ​គម​ន៍អន្តរជាតិ​វិញ។ ពួក​គេ​គួរតែ​ផ្តោត​លើ​ការទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ក្នុង​ប្រទេសកំណើត»។

សង្គ្រាម​ត្រជាក់​ជា​ការ​ដណ្តើម​ឥទ្ធិពល​គ្នា​រវាង​មនោគមវិជ្ជា​នយោបាយ​លោកសេរី ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និងក្រុម​កុម្មុយនីស្ត ដឹកនាំ​ដោយ​សហភាពសូវៀត ចាប់ពី​ឆ្នាំ១៩៤៧ ដល់១៩៩១ ដែល​ធ្វើ​ឱ្យពិភពលោក​បែងចែក​ជា​ពីរ​ក្រុម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ